ឥរិយាបថ​យុវជន ចំពោះ​ការងារ​ និង​សង្គម

Content image - Phnom Penh Post
ក្រុមនិស្សិត ទើប​ចេញពី​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​កន្លងមក​។ ហុង មិនា

យុវជន​គឺជា​ទំពាំង​ស្នង​ឫស្សី​ដ៏សំខាន់​សម្រាប់​អនាគត​ប្រទេសជាតិ ដូច្នេះ ឥរិយាបថ​របស់​យុវជន​ចំពោះ​ការងារ និង​សង្គម​មាន​សារៈសំខាន់​ ដើម្បី​តម្រង់​ទិស និង​អនាគត​របស់​យុវជន​ផង និង​របស់​សង្គមជាតិ​ផង​។ ដើម្បី​ក្លាយជា​សសរទ្រូង​ដ៏រឹងមាំ​សម្រាប់​ប្រទេសជាតិ យុវជន​គួរប្រកាន់​ឥរិយាបថ ២ យ៉ាង​ចំពោះ​សង្គម និង​ការងារ​។

ទី​ ១ កុំ​ភ្លេច​ដើមកំណើត​ជាតិ​ឯង និង​ត្រូវ​ចេះ​គោរព​ប្រណិប័តន៍​ចាស់ទុំ និង​គោរព​ស្ថាប័ន​។

នៅក្នុង​ច្បាប់​ល្បើក​ថ្មី (​ឆ្នាំ​ ១៩២២) ល្បះ​ទី ១០ អ្នក​ភិរម្យ​ក្រម​ង៉ុយ បាន សរសេរ ថា “​រៀន​បទ​រៀន​បាទ​កុំ​កោង​ហួសខ្នាត​កុំ​ភ្លាត់​ខុសផ្លូវ​កុំ​ភ្លើន​ភ្លេច​ម៉ែ​កុំ​ប្រែ​ហួស​ឪ ឃើញ​ចាស់​សក់ស្កូវ​កុំ​សូវ​មើលងាយ​។ នៅ​ល្បះ​ទី ៣៧ បាន​សរសេរ​ថា “​កុំ​ភ្លើន​ភ្លេច ខ្លួន ចេះ​សាសន៍​ចិន​យួន កុំ​ចោល​ខ្មែរ​យើង កុំ​ធ្វើ​ក្រអឺត កុំ​ពើត​កុំ​ពើង កុំ​ពាក់​ស្បែកជើង ចូលវត្ដ​លោកសង្ឃ​។

នេះ​គឺជា​គុណ​តម្លៃ​ខ្មែរ​ដែល មាន​ជាយូរយារ​ណាស់​មកហើយ​។ ជាតិ​ណា​ក៏ដោយ គេ​គោរព​គុណ​តម្លៃ និង​អត្តសញ្ញាណ​ជាតិ​របស់គេ​ណាស់​។ ថ្វីដ្បិត​តែ​គុណតម្លៃ​បរទេស​មួយ​ចំនួន​អាច​មាន​ចំណុច​ល្អ​ដែល​យើង​គួរ​ទទួលយក ប៉ុន្តែ​យើង​ក៏​មិនគួរ​យក​គុណតម្លៃ​បរទេស​ណាមួយ​មក​លុប​ចោល​គុណតម្លៃ និង​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន និង​វប្បធម៌​ដូនតា​យើង​ដែរ​។ មិនមែន​បាន​ទៅ​រៀន​ចេះដឹង​នៅ​បរទេស ស្រាប់តែ​ចាប់ផ្តើម​មើលងាយ​ឪពុកម្តាយ​ខ្លួនឯង​នោះទេ​។ នេះ​មិនមែន​ជា​គុណតម្លៃ​របស់​ខ្មែរ​នោះទេ​។

ការឱ្យ​តម្លៃ​គ្រួសារ និង​សង្គម​គឺមាន​នៅក្នុង​ឈាមជ័រ​ខ្មែរ​ជានិច្ច ហើយ​កុំភ្លេច​ថា មាន​បរទេស​នៅ​សង្គម​ជឿនលឿន​ជាច្រើន​ដែល​ច្រណែន​នឹង​ខ្មែរ​យើង​ដោយសារ​ថា ពេល​ពួកគេ​ចាស់​ទៅ ពួកគេ​លែងមាន​គ្រួសារ​នៅក្បែរ​ពួកគេ​ទៀតហើយ ត្រូវ​នៅ​កណ្តោចកណ្តែង រង់ចាំ​ថ្ងៃ​ស្លាប់ គ្មាន​កូនចៅ​ណា​មក​អើត ហើយក៏​គ្មាន​បងប្អូន​សាច់ញាតិ​ទាក់ទង​ជាប្រចាំ​ដូច​ខ្មែរ​យើង​ដែរ​។ ពួកគេ​បាត់បង់​អស់​ហើយ​នូវ​អ្វីដែល​ហៅថា គុណ​តម្លៃ​គ្រួសារ​។ នេះ​គឺ​មិនមែន​ជា​អ្វី​ដែល​មនុស្សជាតិ​គ្រប់រូប​ប្រាថ្នា​ចង់បាន ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​នៃ​ប្រជាជាតិ​មួយ​នោះឡើយ​។

ការគោរព​ចាស់ទុំ​ជា​គុណតម្លៃ​ដ៏សំខាន់​ក្នុង​សង្គម​ខ្មែរ ក៏ដូចជា​សង្គម​អាស៊ី​ទូទៅ​។

នៅ​ប្រទេស​ជប៉ុន​វិញ សង្គម​របស់គេ​មាន​ការរៀបចំ​ជា​ប្រព័ន្ធ​សង្គម​ដែល​គេ​ហៅថា​ “sempai-kohai” ឬ​បក​ថា “​រៀមច្បង និង​សិស្ស​ប្អូន​” ដែល​សិស្ស​ប្អូន​ត្រូវគោរព​រៀមច្បង ហើយ​រៀមច្បង​ត្រូវ​មើលថែ​ទំនុកបម្រុង​សិស្ស​ប្អូន​។ ឥរិយាបថ​នេះ គឺ​គេ​មាន​បណ្តុះ​តាំងពី​ថ្នាក់​តូចតាច ហើយ​ទោះបី​ជា​ធំ​ពេញវ័យ​បំពេញ​ការងារ​ក្នុង​សង្គម​រៀងៗ​ខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅតែ​គោរព​គុណតម្លៃ​នេះ​ជានិច្ច​។

ទាក់ទង​នឹង​ការគោរព​ស្ថាប័ន យើង​គួរ​រំឭក​ផងដែរ​ថា ទោះបី​ប្រទេស​បស្ចិមលោក​ដែល​អួតអាង​ថា​មាន​សេរីភាព​ហូរហៀរ​ក្តី ក៏​មិនមែន​ប្រជាជន​គេ​ចេះតែ​ដើរ​ចោទ ចង្អុល​មុខ​ស្ថាប័ន​តាមតែ​អំពើ​ចិត្ត​ដែរ​។ និយាយ​នេះ​មិនមែន​បានន័យថា វប្បធម៌​ខ្មែរ​យើង​ជា​វប្បធម៌​អភិរក្ស​បំបិទ​សិទ្ធិ​អ្វី​នោះទេ​។ ឧទាហរណ៍​ជាក់ស្តែង​នៅ​បស្ចិមប្រទេស​គ្មាន​នរណា​អាច​ទៅ​ចូល​ក្បែរ​វិមាន​ប្រធានាធិបតី​នោះទេ​ ព្រោះ​ថា គេ​សុទ្ធតែ​មាន​ការការពារ​ច្រើន​ស្រទាប់​ណាស់ ហើយ​ទោះបីជា​ប្រធានាធិបតី​ចប់​អាណត្តិ​ហើយ​ក៏ដោយ ក៏​នៅតែ​មាន​អភ័យឯកសិទ្ធិ​មាន​អង្គរក្ស​ការពារ មិន​អាចមាន​នរណា​មក​បំពារបំពាន​តាម​អំពើ​ចិត្ត​នោះទេ​។

នេះហើយ​គឺជា​ការគោរព​ស្ថាប័ន​។ សេរីភាព​ដែល​គ្មាន​ការគោរព​ចំពោះ​ស្ថាប័ន​គឺ​ស្មើនឹង​អនាធិបតេយ្យ ដែល​គ្មាន​សង្គម​នីតិរដ្ឋ​ណាមួយ​អាច​អត់អោន​ឱ្យ​បានឡើយ​។

ទី​ ២ ​យុវជន​ត្រូវខិតខំ​ប្រឹងប្រែង​វិនិយោគ និង​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​។

ឥទ្ធិពល និង​បញ្ហា​សង្គម​មាន​ច្រើន​ដែល​អាច​បង្វែរ​ចំណាប់អារម្មណ៍​យុវជន​ឱ្យ​ភ្លេច​កសាង​ខ្លួនឯង ជាពិសេស​ទាក់ទង​នឹង​សមត្ថភាព​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ដែល​អាច​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​ទីផ្សារការងារ​ និង​អាច​ផ្សាភ្ជាប់​ខ្លួន​ទៅនឹង​ការអភិវឌ្ឍ​សង្គម​តាមរយៈ​ការងារ​ដែល​យើង​កំពុង​ធ្វើ​នោះ​។

និយាយ​នេះ មិនមែន​បានន័យថា មិនឱ្យ​យុវជន​ខ្វល់ខ្វាយ​ពី​បញ្ហា​សង្គម​នោះទេ ប៉ុន្តែ​ដើម្បី​ទ្រទ្រង់​សង្គមជាតិ​បាន យើង​ត្រូវ​ចេះ​ទ្រទ្រង់​ខ្លួនឯង​សិន​។ បើ​គ្មាន​ការងារ​ធ្វើឱ្យ​ពិតប្រាកដ​ផង​ចិញ្ចឹម​ខ្លួនឯង​មិន​រស់​ផង យោង​តែ​អាត្មា​ខ្លួនឯង​មិន​រួច​ផង តើ​តាំងខ្លួន​ជា​អ្នក​សង្គ្រោះ​សង្គម​បាន​ដោយ​របៀប​ណា​?

យុវជន​ត្រូវ​រៀន​ធ្វើការងារ​សិន សង្កេត​សិន ស្តាប់​សិន ចាំ​និយាយ ហើយ​និយាយ​ដោយមាន​ហេតុផល និយាយ​ដោយមាន​ទម្ងន់ និយាយ​ដោយមាន​អំណះអំណាង និង​ទំនុកចិត្ត​។ ទំនុកចិត្ត​នោះ​គឺ​បានមកពី​បទពិសោធ​ការងារ​ផ្ទាល់ខ្លួន​លើ​វិស័យ​ជំនាញ​របស់ខ្លួន ដោយ​ទស្សនៈ និង​ពាក្យពេចន៍​របស់​ខ្លួន​ឯង​។ មិនមែន​រៀន​ខាង​ជាងភ្លើង ទៅ​រិះគន់​វិស្វកម្ម​ខាង​ធ្វើ​យន្តហោះ​ទេ​។ មិនមែន​ចម្លង​តាម​ពាក្យ​របស់គេ ហើយ​យកមក​និយាយ​ធ្វើ​ដូចជា​របស់​ខ្លួនឯង​នោះទេ​។

អ្នកនិពន្ធ​លោក Stephen Covey ដែល​សរសេរ​សៀវភៅ​ដ៏ល្បីល្បាញ​ក្រោម​ចំណងជើង​ថា “​ទម្លាប់​ ៧ ​យ៉ាង​របស់​បុគ្គល​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​” បាន​បែងចែក​អ្វីដែល​គាត់​ហៅថា “​រង្វង់​នៃ​ក្តីកង្វល់​” និង “​រង្វង់​នៃ​ឥទ្ធិពល​”​។

គាត់​ចង់​និយាយ​ថា មនុស្ស​យើង​មាន​សេចក្តី​កង្វល់​ច្រើន​ជំពូក ប៉ុន្តែ​សេចក្តី​កង្វល់​ភាគច្រើន​មិន​ស្ថិត​នៅ​ក្នុង​រង្វង់​ដែល​យើង​អាចមាន​ឥទ្ធិពល​ដោះស្រាយ​នោះទេ​។ ដូច្នេះ​ហើយ​បុគ្គល​ដែល​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​គឺ​តែងតែ​ខិតខំ​កសាង​មូលដ្ឋាន​នៃ​រង្វង់​ឥទ្ធិពល​របស់ខ្លួន​ជា​ជាង​ប្រមែប្រមូល​ក្តីកង្វល់​គ្រប់ជំពូក​មក​ទុក​ក្នុង​ខ្លួន ដោយ​គ្មាន​ដំណោះស្រាយ​អ្វី​។

យុវជន​ត្រូវ​ចេះ​បែងចែក​ឱ្យ​ច្បាស់​អំពី “​រង្វង់​នៃ​ក្តីកង្វល់​” ​និង​ខិតខំ​កសាង​សមត្ថភាព​របស់ខ្លួន​ឱ្យបាន​រឹងមាំ ហើយ​ត្រូវ​ចូលរួមចំណែក​ក្នុង​សង្គម​តាម​អ្វីដែល​យើង​បាន​រៀន​ចេះដឹង​នោះ ដោយ​ប្រើ​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ និង​ទេពកោសល្យ​ដែល​យើង​មាន​រៀងៗខ្លួន​។ នេះហើយ​ដែល​គេ​ហៅថា “​រង្វង់​នៃ​ឥទ្ធិពល​” ដែល​បុគ្គល​នីមួយៗ​អាច​ចូលរួម​ចំណែក​ដោយផ្ទាល់​ក្នុង​ការផ្តល់​ដំណោះស្រាយ​។

យុវជន​មិនត្រូវ​ប្រកាន់​ចរិត​ក្រអឺតក្រទម មិនត្រូវ​មើលងាយ​ចាស់ទុំ ទាំង​ដែល​ខ្លួនឯង​មិនដែល​បានធ្វើ​អ្វី​សោះ​។ មិន​ទាំង​ទាន់​មានគ្រួសារ ឬ​មាន​សមត្ថភាព​ទំនុកបម្រុង​គ្រួសារ​មួយ​ឱ្យបាន​រឹងមាំ​ផង​ទេ មិនដែល​ទាំង​មាន​បទពិសោធ​គ្រប់គ្រង​ក្រុម ឬ​ស្ថាប័ន​ផង​ទេ តែ​និយាយ​ឡើង​យក​មេឃ​ទ្រាប់​អង្គុយ មើលងាយ​ចាស់ទុំ មើលងាយ​ស្ថាប័ន​។

ដំណោះស្រាយ និង​ទ្រឹស្តី​ហៀរ​កែង ប៉ុន្តែ នៅក្នុង​កន្លែង​ការងារ​របស់​ខ្លួនឯង​ធ្វើការ​មិនដែល​ហើយ ហើយ​ធ្វើការ​មិនដែល​ត្រូវ​គ្នា​ជាមួយ​នរណា ទៅ​កន្លែងណា​ក៏​គេ​ចេះ​មិន​ដល់​ខ្លួន​។ នេះ​មិនមែនជា​គុណ​តម្លៃ​របស់​អ្នកដឹកនាំ​ជោគជ័យ​ណាមួយ​ឡើយ​។ គ្មាន​អ្នកដឹកនាំ​ជោគជ័យ​ណា​ដែល​អាច​ធ្វើ​ការងារ​តែ​ម្នាក់ឯង​ដោយ​គ្មាន​ស្ថាប័ន​គាំទ្រ​នោះទេ​។

ជួនកាល​ខ្លាំង​បានតែ​ជាមួយ​ខ្មែរ​គ្នាឯង​ទេ ដល់​ជួប​បរទេស​វិញ និយាយ​ញ៉បៗ គ្មាន​សមត្ថភាព និង​ចំណេះដឹង​អ្វី​ទៅ​និយាយ​តតាំង​នឹង​គេ​បាន​។ រក​សមត្ថភាព និង​បទពិសោធ​អ្វី​មក​សរសេរ​បំពេញ​ប្រវត្តិរូប​មិនបាន​ផង រក​ចេះ​អ្វី​ឱ្យ​ច្បាស់​ប្រាកដ​គ្មាន​ប៉ុន្តែ បែរជា​មើលងាយ​ចាស់ទុំ​ដែលមាន​អាយុ​ប្រហែល​ឪពុកម្តាយ​ខ្លួន​។ នេះ​មិនមែន​ជា​ឥរិយាបថ​ឧត្តុង្គឧត្តម​នៃ​យុវជន​ដែល​នឹង​ក្លាយជា​សសរទ្រូង​ប្រទេសជាតិ​នោះទេ​។

តើ​គេ​អាច​ទុកចិត្ត​បានទេ​ថា​យុវជន​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​សង្គម​បាន បើ​យុវជន​ម្នាក់​នោះ​ធ្វើ​ការងារ​សាលា និង​ប្រគល់ជូន​គ្រូ​មិនដែល​ទាន់​កាលកំណត់​ផង​នោះ​? តើ​គាត់​អាច​ដោះស្រាយ​បញ្ហា​សកល​ និង​បញ្ហា​សង្គម​បាន​ដោយរបៀប​ណា បើ​ការងារ​ប្រចាំថ្ងៃ​នៅ​នឹង​មុខ​របស់គាត់ គាត់​ធ្វើ​មិនបាន​ផង​នោះ​?

ការកសាង​សង្គម​គឺ​ចាប់ផ្តើម​ពី​ការកសាង​ខ្លួន​យើង កសាង​គ្រួសារ​យើង កសាង​ក្រុម និង​ស្ថាប័ន​របស់​យើង ពីព្រោះថា​បុគ្គល​គ្រប់រូប​គឺ​សុទ្ធតែជា​ធាតុ​ផ្សំ​នៃ​បណ្តុំ​សង្គម​។ បើ​ធាតុ​ផ្សំ​នីមួយៗ​របស់​សង្គម​មិន​រឹងមាំ សង្គម​នោះ​ក៏​មិន​រឹងមាំ​ដែរ​។ ការងារ​ធំ​គឺ​ចាប់ផ្តើម​ពី​ការងារ​តូច ការកសាង​សង្គម​គឺ​ចាប់ផ្តើម​ពី​ការកសាង​ខ្លួន​យើង​ម្នាក់ៗ​ហ្នឹងឯង​។ យើង​ត្រូវ​សួរ​ខ្លួនឯង​ជានិច្ច​ថា តើ​យើង​បាន​អភិវឌ្ឍ​ខ្លួន​យើង​បាន​រឹងមាំ​ប៉ុនណា​ហើយ​? យើង​បាន​ជួយ​អភិវឌ្ឍ​គ្រួសារ​យើង​បាន​ប៉ុនណា​ដែរ​? យើង​បាន​ជួយ​អភិវឌ្ឍ​ក្រុមការងារ និង​ស្ថាប័ន​ការងារ​របស់​យើង​បាន​ប៉ុនណា​ហើយ​?

នេះ​គឺជា​គតិ​មួយចំនួន​សម្រាប់​ឱ្យ​យុវជន​យើង​យកទៅ​ពិចារណា ក្នុង​ការអភិវឌ្ឍ​ខ្លួន និង​ជួយ​ជ្រោមជ្រែង ថែរក្សា​សង្គមជាតិ​ខ្មែរ ហើយ​ត្រូវ​ចងចាំ​ជានិច្ច​ថា គ្មាន​បរទេស​ណា​មក​ស្រលាញ់​ជាតិខ្មែរ ជាង​ខ្មែរ​នោះទេ ព្រោះ​គេ​មាន​ប្រទេស​ជាតិ​គេ​ដែល​គេ​ត្រូវ​ស្រលាញ់ និង​ថែរក្សា​ដែរ​៕

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

ព័ត៌មានថ្មីៗ