លោក Francis Fukuyama បាន​សរសេរ​ក្នុង​អត្ថបទ​ដ៏ល្បីល្បាញ​របស់គាត់​ក្រោម​ចំណងជើង​ថា “​ទីបញ្ចប់​នៃ​ប្រវត្តិសាស្ត្រ​” (The End of History) កាលពី​ឆ្នាំ​ ១៩៨៩ ដោយ​ផ្តោតលើ​របត់​នៃ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ នៅពេល ដែល​សហភាព​សូវៀត និង​លទ្ធិកុម្មុយនីស្ត​ជិត​ដួលរលំ ហើយ​លទ្ធិប្រជាធិបតេយ្យ​សេរី​ទទួល​បាន​ជោគជ័យ​ក្នុង​នាម​ជា​មនោគមន៍​វិជ្ជា​ដែល​គ្មាន​គូ​ប្រៀប​។

អ្នកជំរុញ​ទ្រឹស្តី​ប្រជាធិបតេយ្យ​ដូចជា​លោក Jake Donnelly មិន​រារែក​សោះឡើយ​ក្នុង​ការអះអាង​ថា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​គឺ​ត្រូវតែ​ដើរ​ទន្ទឹមគ្នា​។ យ៉ាងណាក្តី គាត់​ទទួលស្គាល់​ថា ប្រជាធិបតេយ្យ និង​ទីផ្សារសេរី​សុទ្ធសាធ​នោះ​គឺ​ផ្តោតលើ​ផលប្រយោជន៍​សាធារណៈ និង​ប្រយោជន៍​មតិ​ភាគច្រើន ហើយ​មិន​ផ្តោតលើ​សិទ្ធិ​ដោយឡែក ឬ​សមធម៌​សង្គម​នោះទេ​។ ដូច្នេះ​ហើយ​គាត់​បាន​លើក​ទស្សនៈ​ថា រដ្ឋ​សង្គមកិច្ច (welfare state) ពោលគឺ​រដ្ឋ​ដែល​ផ្តោត​ថវិកា​ធនធាន​ច្រើន​ទៅលើ​វិស័យ​សង្គមកិច្ច គឺជា​វិធីសាស្ត្រ​មួយ​ដ៏សំខាន់​ក្នុង​ការធានាថា ក្រុម​ភាគតិច ឬ​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយសារ​សេដ្ឋកិច្ច​ទីផ្សារ អាច​ទទួល​បាន​ការប៉ះប៉ូវ និង​ការគោរព​សិទ្ធិ​របស់​ពួកគេ​។


ជា​ការពិត ប្រទេស​ជាច្រើន​សុទ្ធតែ​ប្រាថ្នា​ចង់​អភិវឌ្ឍ​ក្លាយជា​រដ្ឋ​សង្គមកិច្ច ប៉ុន្តែ​រដ្ឋ​ភាគច្រើន​ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ ប្រទេស​ក្រោយ​អាណានិគម និង​ប្រទេស​ក្រោយ​សង្គ្រាម​មានលទ្ធភាព​តិចតួច​ណាស់​ក្នុង​ការផ្តល់​ការ​គាំពារ​ផ្នែក​សង្គមកិច្ច​។


នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ២០១០ លោក Francis Fukuyama បាន​យល់ស្រប​ជាមួយនឹង​លោក Larry Diamond ទាក់ទង​នឹង “​ការថយចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​” (democratic recession) ហើយ​បាន​ទទួលស្គាល់ថា សមត្ថភាព​របស់​រដ្ឋ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីៗ និង​ប្រទេស​ដែលមាន​ប្រជាធិបតេយ្យ​រួចហើយ មិន​បាន​ដើរទាន់​ល្បឿន​នៃ​ការទាមទារ​របស់​ប្រជាជន​ស្តីពី​គណនេយ្យភាព​ប្រជាធិបតេយ្យ​នោះឡើយ​។


ការផ្លាស់ប្តូរ​គួរឱ្យ​កត់សម្គាល់​នៅក្នុង​ទ្រឹស្តី​របស់គាត់​គឺ​នៅត្រង់​ការទទួលស្គាល់​ពី​សារៈសំខាន់​នៃ​សមត្ថភាព​របស់​ស្ថាប័នរដ្ឋ (state capacity) និង​ការកសាង​រដ្ឋ (state building) ទំនើប​នៅក្នុង​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​។


ការណ៍​ដែល​អាមេរិក​ដកខ្លួន​ពី​អាហ្វហ្គានីស្ថាន​ក៏បាន​បង្ហាញ​ពី​បរាជ័យ​ថ្មី​មួយទៀត​ទាក់ទង​នឹង​ការប៉ុនប៉ង​ដាក់​បន្តុប​របប​ប្រជាធិបតេយ្យ ដោយ​គ្មាន​ផែនការ​កសាង​រដ្ឋ​ច្បាស់លាស់ ដែល​ការណ៍​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន​ប្រដូច​ទៅនឹង​ការណ៍​ដែល​អាមេរិក​បាន​បោះបង់ចោល​កម្ពុជា (​របប លន់ នល់​) ហើយ​បណ្តោយឱ្យ​ធ្លាក់​ទៅក្នុង​ដៃ​ពេជ្ឈឃាត​ ប៉ុល ពត​។


បើ​គិត​តាម​ក្រសែភ្នែក​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​លោក Adrian Leftwich បានផ្តល់​នូវ​ទ្រឹស្តី​បែប​ប្រាកដប្រជា និង​ជាក់ស្តែង​ជាង ទាក់ទង​នឹង​ដំណើរការ​នៃ​ប្រជាធិបតេយ្យ​វូបនីយកម្ម និង​ការអភិវឌ្ឍ​។ គាត់​បាន​អះអាង​ថា​នយោបាយ​ប្រជាធិបតេយ្យ​គឺ​កម្រ​ជា​នយោបាយ​នៃ​ការផ្លាស់ប្តូរ​ជ្រុលនិយម​ណាស់ ហើយ​ជាទូទៅ​ច្រើន​តែ​ជា​នយោបាយ​ដែលមាន​លក្ខណៈ​សម្របសម្រួល និង​និយម​កណ្តាល​។

គាត់​ក៏បាន​លើក​ពី​សារៈសំខាន់​នៃ​សមត្ថភាព​នៃ​ស្ថាប័នរដ្ឋ​នៅក្នុង​ការផ្តល់​សេវាសាធារណៈ​ក្នុង​នាម​ជា​រដ្ឋ​សម័យ​ទំនើប ដែល​នេះ​គឺជា​ប្រការ​ចាំបាច់​ព្រោះថា នេះ​គឺជា​តួនាទី​ស្នូល​របស់​រដ្ឋ ដែលជា​កត្តា​ធានា​ភាពស្របច្បាប់​របស់ខ្លួន​ផង ហើយ​ក៏​ជា​ការធានា​និរន្តរភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​ផង​ នៅពេល​ដែល​ការទាមទារ​របស់​ប្រជាជន​កាន់តែ​មាន​ភាពសម្បូរបែប ហើយ​ពេលខ្លះ​មាន​លក្ខណៈ​បន្ទុចបង្អាក់​ចំពោះ​គោលនយោបាយ​មួយចំនួន​ថែមទៀត​។

ដោយសារ​តែ​នៅក្នុង​សង្គម​នីមួយៗ​តែងតែ​មាន​ប៉ូល​នៃ​ផលប្រយោជន៍​ច្រើន លទ្ធិ​ប្រជាធិបតេយ្យ​ពិបាក​នឹង​លូតលាស់​នៅក្នុង​សង្គម​ណា​ដែលមាន​ការបែកបាក់​ខ្លាំង ឬ​បែងចែក​ខ្លាំង​ដោយសារ​កម្រិត​ចំណូល វណ្ណៈ ជាតិ​សាសន៍ សាសនា​វប្បធម៌ ឬ​អត្តសញ្ញាណ​។

ដូច្នេះហើយ នយោបាយ​ប្រជាធិបតេយ្យ​មិនត្រូវ​ជំរុញ​នយោបាយ​ដែល​ទាមទារ​ការផ្លាស់ប្តូរ​ជ្រុលនិយម (radical change) នៅក្នុង​ការគ្រប់គ្រង ការប្រមូលផ្តុំ ការប្រើប្រាស់ និង​ការបែងចែក​ធនធាន​នោះឡើយ​។

ផ្ទុយទៅវិញ ការជំរុញ​នយោបាយ​ប្រជាធិបតេយ្យ​គឺ​ត្រូវ​ផ្អែក​ទៅលើ​ការព្រមព្រៀង​ទៅវិញ-ទៅមក ការអភិរក្ស​ផង និង​ការវិវឌ្ឍ​ផ្លាស់ប្តូរ​ជា​ជំហាន​។

អ្នកជំរុញ​ទ្រឹស្តី​ប្រជាធិបតេយ្យ​ភាគច្រើន​តែង​ប្រកាន់​គោលនយោបាយ​ដាក់​បន្តុប​ទាំង​ឆន្ទៈ និង​រចនាសម្ព័ន្ធ​សង្គម​។ ពួកគេ​មិនបាន​ខ្វល់​ពី​ផលប៉ះពាល់​ទៅលើ​សន្តិភាព និង​ស្ថិរភាព ដោយសារ​តែ​ការដួលរលំ​នៃ​សង្គម​មួយ​ក្រោយពេល​យក​ប្រទេស​នោះ​ទៅធ្វើ​ពិសោធន៍​មនោគមន៍​វិជ្ជា​នោះទេ​។

សន្តិភាព និង​ស្ថិរភាព​មិន​ត្រូវបាន​យកមក​ពិចារណា​ឡើយ​នៅក្នុង​ទ្រឹស្តី​របស់​ពួកគេ ឬក៏​ពិចារណា​ដែរ​តែមាន​តម្លៃ​ទាប​ជាង​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង បើ​ប្រទេស​មួយ​កើតសង្គ្រាម​ហើយ​គឺ​ពួកគេ​គ្មានអ្វី​ទាំងអស់ គ្មាន​លទ្ធិប្រជាធិបតេយ្យ គ្មាន​សិទ្ធិមនុស្ស គ្មាន​ការអភិវឌ្ឍ​។

សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ សន្តិភាព និង​ស្ថិរភាព​គឺជា​ប្រធានបទ និង​គោលដៅ​ដំបូង​បំផុត​ដើម្បី​ធានា​ឱ្យ​មាន​ការអភិវឌ្ឍ ប៉ុន្តែ​សម្រាប់​អ្នក​ប្រកាន់​ទ្រឹស្តី​ដាក់​បន្តុប​លទ្ធិប្រជាធិបតេយ្យ ពួកគេ​គិតថា ការមាន​សង្គ្រាម​តិចតួច​គឺជា​រឿង​ចៀស​មិន​ផុត​សំខាន់​ឱ្យ​តែមាន​បញ្ចូល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​។

អ្នកជំរុញ​ទ្រឹស្តី​ដាក់​បន្តុប​លទ្ធិប្រជាធិបតេយ្យ​មិនដែល​សួរ​ទេ​ថា តើ​អ្នកណា​គឺជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការបាត់បង់​សន្តិភាព​ហើយ​គេ​ក៏​មិនដែល​សួរ​ដែរ​ថា តើ​អ្នកណា​គឺជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការបញ្ចប់សង្គ្រាម ដែល​បង្កឡើង​ដោយសារ​ការដាក់​បន្តុប​លទ្ធិប្រជាធិបតេយ្យ​នោះ​។

នៅក្នុង​ទ្រឹស្តី​របស់​ពួកគេ ពួកគេ​មិនដែល​បង្ហាញ​ពី​ការចាប់​ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​យក​សង្គម​មួយ​ទៅធ្វើ​ការពិសោធ​មនោគមន៍វិជ្ជា​ប្រជាធិបតេយ្យ ហើយ​ធ្លាក់ចូល​សង្គ្រាមស៊ីវិល​នោះទេ​។ ពួកគេ​មិនដែល​ចាប់​កំហុស​ចំពោះ​ការបរាជ័យ​នៃ​ការដាក់​បន្តុប​ ឬ​ស្វែងរក​ការទទួល​ខុសត្រូវ​ផ្នែក​សតិសម្បជញ្ញៈ​នោះទេ​។ ពួកគេ​គិតថា ការដួលរលំ​នៃ​សង្គម​ ឬ​ប្រទេសមួយ ដោយសារ​តែ​ការជំរុញ​ប្រជាធិបតេយ្យ​វា​មិន​សំខាន់​ដូចជា​ការណ៍​ដែល​មិនបាន​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នោះទេ​។

ទ្រឹស្តី​របស់​ពួកគេ​មិនបាន​ពិចារណា​ចំពោះ​ការកើតឡើង​នៃ​អំពើហិង្សា ដោយសារ​តែ​ការផ្លាស់ប្តូរ​យ៉ាង​លឿន ឬក៏​ពិចារណា​ទៅលើ​សមត្ថភាព​សង្គម​មួយ​ថា​តើ​សង្គម​នោះ​មាន​ភាព​អត់អោន​ចំពោះ​ទស្សនៈ​ខុសគ្នា​ ឬ​នយោបាយ​ចម្រុះ​ពណ៌​ប៉ុនណា​។

ពួកគេ​មិនបាន​ពិចារណា​លើ​កម្រិត​អប់រំ និង​ការយល់ដឹង​ទូទៅ​របស់​ប្រជាជន​អំពី​លទ្ធិប្រជាធិបតេយ្យ ឬក៏​សមត្ថភាព​របស់​ប្រជាជន​ទូទៅ​នៅក្នុង​ការបែងចែក​រវាង​អ្វីដែល​ហៅថា សិទ្ធិ សេរីភាព ឬ​កាតព្វកិច្ច​ពលរដ្ឋ​នោះទេ​។

អ្នកជំរុញ​ទ្រឹស្តី​ដាក់​បន្តុប​លទ្ធិប្រជាធិបតេយ្យ តែងតែ​ឈរលើ​សម្មតិកម្ម​ថា ប្រជាជន​ទូទៅ​សុទ្ធតែ​ធ្វើការ​សម្រេចចិត្ត​ដោយ​សម​ហេតុផល មិន​អាត្មានិយម នៅក្នុង​ការជ្រើសរើស​គោលនយោបាយ​ណាមួយ​ដែលមាន​ប្រយោជន៍​ចំពោះ​ជាតិ​។ ប៉ុន្តែ​សម្មតិកម្ម​នេះ​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ ព្រោះថា​ជា​ធម្មជាតិ មនុស្ស​គឺ​មាន​ទំនោរ​អាត្មានិយម ហើយ​គោលនយោបាយ​ដែល​គ្មាន​ប្រជាប្រិយភាព អាច​រុញច្រាន​រដ្ឋាភិបាល​ឱ្យ​ធ្លាក់​ចេញពី​អំណាច​បាន​។

ដូច្នេះហើយ លទ្ធិប្រជាធិបតេយ្យ និង​អាណត្តិ​នៃ​ការបោះឆ្នោត ពេលខ្លះ​បាន​រារាំង​រដ្ឋាភិបាល​មិន​ឱ្យមាន​សេចក្តី​ក្លាហាន​នៅក្នុង​ការសម្រេចចិត្ត​ទៅលើ​គោលនយោបាយ​វិនិយោគ​សេដ្ឋកិច្ច សង្គម​ដែលមាន​ផលប្រយោជន៍​រយៈពេល​វែង​បាន ដោយសារ​តែ​ខ្លាច​ចាញ់ឆ្នោត សូម្បីតែ​នៅក្នុង​ប្រទេស​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ជឿនលឿន​ក៏ដោយ​។

ការទាមទារ​បែប​អាត្មានិយម​របស់​ម្ចាស់ឆ្នោត​ក៏​ជា​ឱកាស​សម្រាប់​ការជំរុញ​នយោបាយ​ប្រជាកលនិយម​ដែរ (populism)​។ នយោបាយ​ប្រជាកលនិយម​ត្រូវបាន​ប្រើប្រាស់​មិនមែន​តែ​លើ​នយោបាយ​ដែល​ប្រកាន់​ពូជសាសន៍ ផលប្រយោជន៍ និង​មនោគមន៍វិជ្ជា​ទេ តែ​ក៏​ត្រូវបាន​ប្រើប្រាស់​ផងដែរ​នៅពេល​ដែល​គណបក្សនយោបាយ​ឃោសនា​លើ​គោលនយោបាយ​ដែល​គ្មាន​មូលដ្ឋាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាក់លាក់ ប៉ុន្តែ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ម្ចាស់ឆ្នោត តួយ៉ាង​ដូចជា ការឧបត្ថម្ភ​សាច់ប្រាក់ ការកាត់បន្ថយ​ពន្ធ ការប្រើ​ផ្លូវ​ល្បឿន​លឿន​ដោយ​មិន​បង់ប្រាក់​។​ល​។

បញ្ហា​ការទូត បញ្ហា​ព្រំដែន ឬ​បញ្ហា​សន្តិសុខ​ជាតិ​ដែល​សុទ្ធតែជា​បញ្ហា​រសើប​ក៏​ងាយ​នឹង​ត្រូវបាន​គណបក្ស​នយោបាយ​យក​មក​ប្រើប្រាស់​ដើម្បី​កេងចំណេញ​ផលប្រយោជន៍​នយោបាយ​រយៈពេល​ខ្លី​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​រយៈពេល​វែង​នោះឡើយ​។

ជារួម ការជំរុញ​លទ្ធិប្រជាធិបតេយ្យ​ត្រូវតែមាន​លក្ខណៈ​សម្របសម្រួល ហើយ​មាន​ការវិវឌ្ឍ​ផ្លាស់ប្តូរ​ជា​ជំហានៗ ហើយ​ការជំរុញ​នោះ​ទៀតសោត​មិនត្រូវ​ប៉ះពាល់​ដល់​សន្តិភាព និង​ភាពសុខដុមរមនា​របស់​សង្គម​នោះឡើយ ព្រោះថា សន្តិភាព និង​ភាពសុខដុមរមនា គឺជា​សុបិន​ដ៏សែនឆ្ងាយ​នៅឡើយ​សម្រាប់​ប្រទេស​ជាច្រើន​ក្នុង​លោក​។

ការជំរុញ​លទ្ធិប្រជាធិបតេយ្យ​ក៏ត្រូវ​ពិចារណា​ឱ្យបាន​គ្រប់គ្រាន់​ទៅលើ​សមត្ថភាព​របស់​ស្ថាប័ន​រដ្ឋ​នៅក្នុង​ការផ្តល់​សេវា​សាធារណៈ កម្រិត​អប់រំ កម្រិតវប្បធម៌​របស់​ប្រជាពលរដ្ឋ​ទៅលើ​ភាពអត់ឱន​ក្នុង​ស្មារតី​ប្រជាធិបតេយ្យ និង​កម្រិត​សមត្ថភាព​របស់​ពលរដ្ឋ​ទូទៅ​នៅក្នុង​ការបែងចែក​នូវ​អ្វីដែល​ហៅថា សិទ្ធិ សេរីភាព និង​កាតព្វកិច្ច​ពលរដ្ឋ​៕

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)