សហរដ្ឋអាមេរិក គឺជា​ដៃគូ​យូរអង្វែង​របស់​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ នៅក្នុង​ការជំរុញ​ឱ្យមាន​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​។ កិច្ចសហការ​ជា​ដៃគូ​យូរអង្វែង​របស់​យើង​បាន​លេចចេញ​ច្បាស់​កាលពី​សប្តាហ៍​មុន នៅពេល​ដែល​សហរដ្ឋអាមេរិក និង​កម្ពុជា​បាន​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​២ ស្តីពី​កិច្ចសហការ​គ្នា​ក្នុង​ភាពជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ និង​សហរដ្ឋអាមេរិក ឬ MUSP ដែលជា​យន្តការ​ថ្នាក់​តំបន់​ដ៏សំខាន់ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​រួម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុន​លោក Anthony Blinken ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ពី​ជំនួយ​ចំនួន ៤,៣ ​ពាន់​លាន​ដុល្លារ ដែល​សហរដ្ឋអាមេរិក​បានផ្តល់​ដល់​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ចាប់តាំងពី​ឆ្នាំ​ ២០០៩ មក ដោយ​សម្រេចបាន​ជោគជ័យ​ច្រើន​នៅក្នុង​ការគ្រប់គ្រង​ទឹក និង​ធនធាន​ធម្មជាតិ​ដទៃទៀត សុខភាព​សាធារណៈ ការអប់រំ ការតភ្ជាប់​គ្នា​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀង​។


ការនេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​ទ្វេភាគី​របស់​យើង ចំពោះ​ប្រជាជន​កម្ពុជា ដែល​សហរដ្ឋអាមេរិក​បានផ្តល់​ថវិកា​ចំនួន​ជាង ៣ ​ពាន់​លាន​ដុល្លារ​ជា​ជំនួយ នៅក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងទៅ ដែល​បាន​បង្កលក្ខណៈ​ដល់​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។


ជំនួយ​គាំទ្រ​ទ្វេភាគី និង​ថ្នាក់​តំបន់​នេះ ស្តែងចេញ​ច្បាស់​ជាង​ពេលណាៗ​ទាំងអស់​នៅក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​មេរោគ​រាតត្បាត​ជា​សកល​នេះ​។ ជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់លោក​ប្រធានាធិបតី​អាមេរិក Biden ក្នុង​ការផ្តល់​វ៉ាក់សាំង​​កូវីដ​ចំនួន ៥០០ ​លានដូស ដល់​បណ្តា​ប្រទេស​នានា នៅលើ​ពិភពលោក​ដែល​នៅក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​សហរដ្ឋអាមេរិក​បានធ្វើ​អំណោយ​វ៉ាក់សាំង​ចំនួន​ជាង ៨ លាន​ដូស​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ ដោយ​ក្នុងនោះ​រួមមាន​វ៉ាក់សាំង Johnson & Johnson ដែល​ចាក់​តែម្តង​ចំនួន​ជាង ១ ​លានដូស​ត្រូវ​បាន​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា តាមរយៈ​យន្តការ​កូវ៉ាក់​ (COVAX) ​បន្ថែម​លើ​ថវិកា​ចំនួន ៤ ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​សន្យា​ផ្តល់ឱ្យ​យន្តការ​នេះ ដែល​បានផ្តល់​វ៉ាក់សាំង​ប្រភេទ​ AstraZeneca ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុងពេល​កន្លងមក​។


យើង​មាន​មោទនភាព​ដោយ​មើលឃើញ​ថា វ៉ាក់សាំង​ទាំងនេះ​ត្រូវបាន​យក​ទៅ​ចាក់​ជូន​មនុស្ស​នៅក្នុង​សហគមន៍​ជនបទ​ដែល​ពិបាក​ទៅដល់ និង​អ្នក​ជាប់​ពន្ធនាគារ ហើយ​និង​ជន​ចំណាកស្រុក​ដែលមាន​ភាព​ងាយ​រងគ្រោះ​។


សហរដ្ឋអាមេរិក​ថែមទាំង​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១៥ លាន​ដុល្លារ​ ជា​ជំនួយ​បន្ថែម និង​ការគាំទ្រ​ចាំបាច់​ផ្នែក​បច្ចេកទេស តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID មជ្ឈមណ្ឌល​កម្ចាត់​ជំងឺ​សហរដ្ឋអាមេរិក CDC និង​វិទ្យាស្ថាន​សុខភាព​ជាតិ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការដោះស្រាយ​ចំពោះ​ផលវិបាក​មកលើ​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ​ពី​ជំងឺ​រាតត្បាត​នេះ​។ នៅក្នុង​សកលលោក សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែល​ធ្វើ​អំណោយ​វ៉ាក់សាំង​កូវីដ ១៩​​ ច្រើនជាងគេ​បំផុត​។


គោលដៅ​តែមួយ​របស់​យើង​គឺ​សង្គ្រោះ​ជីវិត​មនុស្ស និង​មុខរបរ​ចិញ្ចឹមជីវិត​។ ដូច្នេះ សហរដ្ឋ​អាមេរិក​មិន​លក់ ហើយ​ក៏​មិន​ដាក់​លក្ខខណ្ឌ​ផ្នែក​សេដ្ឋកិច្ច ឬ​នយោបាយ​លើ​អំណោយ​វ៉ាក់សាំង​ទាំង​នោះទេ​។

ពិតមែនតែ​ការប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​រាតត្បាត​មាន​សារៈសំខាន់​បំផុត​ក្តី តែ​សហរដ្ឋ​អាមេរិក និង​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ក៏​កំពុង​ធ្វើការ​ជាមួយ​គ្នា​ផងដែរ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ប្រព័ន្ធ​បរិស្ថាន​អេកូឡូស៊ី​ដ៏មាន​សារៈសំខាន់​នៅ​តំបន់​នេះ​ពី​ការគំរាមកំហែង​នៃ​បម្រែបម្រួល​អាកាសធាតុ​។

ជា​ផ្នែក​មួយ​នៃ​ការខិតខំ​នេះ យើង​កំពុង​ខិតខំ​ឈានទៅ​សម្រេច​គោលដៅ​រួម​របស់​យើង​ក្នុង​ការបន្ថយ​ឱ្យដល់​កម្រិត​សូន្យ នូវ​ការបញ្ចេញ​ឧស្ម័ន​ពុល នៅត្រឹម​ឆ្នាំ​ ២០៥០​។ សហរដ្ឋអាមេរិក​ថែមទាំង​ជួយ​ដល់​កម្មវិធី​នានា ដូចជា​គំនិត​ផ្តួចផ្តើម​ស្តីពី​ទិន្នន័យ​ទឹកទន្លេ​មេគង្គ ដែល​ផ្តល់​ទិន្នន័យ​ទាន់ពេល និង​ច្បាស់លាស់ ស្តីពី​លំហូរ​នៃ​ទឹកទន្លេ​មេគង្គ​ដល់​សាធារណជន​។

ជាមួយ​នឹង​ដៃគូ ដែលមាន​ទស្សនៈ​ដូចគ្នា​ដូចជា​គណៈកម្មការ​ទន្លេមេគង្គ សហរដ្ឋអាមេរិក​ចែករំលែក​បច្ចេកវិទ្យា​ថ្មីៗ​ដល់​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ ដើម្បី​លើកកម្ពស់​ការព្យាករ​ស្តីពី​ទឹកជំនន់ និង​ភាពរាំងស្ងួត​។

កំណើន​សេដ្ឋកិច្ច និង​ការតភ្ជាប់​គ្នា​នៃ​ថាមពល ហើយ​និង​លទ្ធភាព​ងាយស្រួល​ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​នៅក្នុង​តំបន់​ទន្លេមេគង្គ ដើម្បី​ធ្វើការ​ស្តារឡើងវិញ​ពី​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​នៃ​មេរោគ​រាតត្បាត​ទៅលើ​សហគមន៍ និង​ជីវភាព​រស់នៅ​។

តាមរយៈ​គំនិត​ផ្តួចផ្តើម​ថ្មី​រវាង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ យើង​កំពុង​រួមគ្នា​រៀបចំ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​មាន​និរន្តរភាព ជាពិសេស​គម្រោង​ផ្នែក​ថាមពល​ស្អាត​។

តាមរយៈ MUSP យើង​កំពុងតែ​ផ្តល់​អាទិភាព​ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​គ្រឿងញៀន សត្វព្រៃ ឈើ និង​ការជួញដូរ​មនុស្ស​។ សហរដ្ឋ​អាមេរិក និង​ដៃគូ​នៅ​តំបន់​ទន្លេ​មេគង្គ​មាន​ចក្ខុវិស័យ​រួម​ក្នុង​ការពង្រឹង​ធនធាន​មនុស្ស​របស់​តំបន់​នេះ ពិសេស​ការចូលរួម​របស់​យុវជន និង​ការផ្តល់​លទ្ធភាព​និង​អំណាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​។

ដើម្បី​សម្រេច​បំណង​នេះ កម្មវិធី​ផ្លាស់ប្តូរ​ផ្នែក​ការសិក្សា​អប់រំ និង​វប្បធម៌ ដូចជា​គម្រោង​គំនិត​ផ្តួចផ្តើម​ភាព​ជា​អ្នកដឹកនាំ​យុវជន​វ័យក្មេង​នៅ​អាស៊ីអាគ្នេយ៍ (YSEALI) ដែលមាន​សមាជិក​ចំនួន ១៥០ ០០០ ​នាក់ នៅក្នុង​បណ្តាញ​របស់ខ្លួន​នៅ​ទូទាំង​តំបន់​ទន្លេមេគង្គ និង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ជំរុញ​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ពង្រឹង​ទំនាក់ទំនង​ស៊ីជម្រៅ​របស់​យើង​រវាង​ប្រជាជន និង​ប្រជាជន​។ ប្រជាជន​អាមេរិក​ចំនួន​ជាង ៣,៥ ​លាន​នាក់​ដែល​រួមមាន​ប្រជាជន​អាមេរិក​មាន​ដើមកំណើត​ខ្មែរ​ចំនួន ៣០០ ០០០ នាក់​ផង​មាន​ដើមកំណើត​ចេញពី​តំបន់​ទន្លេមេគង្គ​។

ចំណង​ទាក់ទង​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ​មាន​ភាពរឹងមាំ ហើយ​កំពុង​រីកចម្រើន​។ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​បំផុត សម្រាប់​តំបន់​នេះ​ដែល​ក្នុងនោះ មាន​ប្រទេស​កម្ពុជា​ផងដែរ​។

ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​ជិត ៧ ​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០ ដែល​ត្រូវ​ជាជាង ១ ភាគ​ ៣ នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទាំងអស់ ហើយ​ទ្រទ្រង់​ការងារ​សម្រាប់​មនុស្ស​រាប់លាន​នាក់​។ ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ទាំងមូល​មាន​ជាង ១១៥ ​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២០​។

ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ចំនួន​ជាង​ ១ ០០០ រកស៊ី​នៅ​តំបន់​ទន្លេមេគង្គ ដោយ​នាំមក​នូវ​ការវិនិយោគ​ដែលមាន​គុណភាព​ខ្ពស់​ហើយ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សហគ្រិនភាព​។

សហរដ្ឋអាមេរិក មាន​ការប្តេជ្ញាចិត្ត​ចំពោះ​តំបន់​ទន្លេ​មេគង្គ​ដែល​ផ្នែក​សំខាន់​ចាំបាច់​មួយ​របស់​អាស៊ាន​។

យើង​ស្វាគមន៍​ការខិតខំ​របស់​ប្រទេស​វៀតណាម ក្នុង​ការលើកកម្ពស់​មុខមាត់​នៃ​តំបន់​ទន្លេមេគង្គ​ក្នុងពេល​ដែល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ ២០២០​។ យើង​រីករាយ​នឹង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​ដូចគ្នានេះ នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​ ២០២២​។

អ្វីដែល​កើតឡើង​នៅ​តំបន់​ទន្លេមេគង្គ​គឺជា​រឿង​សម្រាប់​អាស៊ាន និង​សម្រាប់​ដៃគូ​អាស៊ាន ដែល​រួមមាន​សហរដ្ឋអាមេរិក​ផងដែរ​។

កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ និង​សហរដ្ឋអាមេរិក​គឺជា​ភ័ស្តុតាង​វិជ្ជមាន​នៃ​ទស្សនៈ​រួម​របស់​យើង ថា យើង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​នៅពេលនេះ​បាន តែ​តាមរយៈ​ការធ្វើការ​ជាមួយ​គ្នា​តែប៉ុណ្ណោះ​។

ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​អាច​រំពឹង​លើ​សហរដ្ឋអាមេរិក​បាន​ថា ជា​ដៃគូ​រឹងមាំ និង​អាច​ទុកចិត្តបាន សម្រាប់​ពេលនេះ និង​សម្រាប់​រយៈពេល​យូរអង្វែង​ទៅមុខ​៕

លោក W. Patrick Murphy (​ដាប់ប៊លយូ ភែទ្រីក ម៉ឺហ្វី​) ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា