អត្ថបទ​វិចារណកថា អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​សង្គម​ផ្តល់​ការគាំទ្រ​ពេញលេញ ដល់​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​ការពារ​ធនធានមនុស្ស​នាពេល​អនាគត​របស់​ប្រទេសជាតិ​ឱ្យមាន​សុខភាព​មាំមួន​។

ពិភពលោក​មិន​ធ្លាប់​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​វ៉ាក់សាំង​ដូច​ពេល​នេះឡើយ តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​នៅតែ​មើលស្រាល​ឧបករណ៍​ដ៏មាន​អានុភាព​បំផុត សម្រាប់​បង្កើន​ភាពស៊ាំ​ដល់​កុមារ​តូច នោះ​គឺ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។ នេះ​គឺ​ព្រោះតែ​មនុស្ស​ជាច្រើន​ចាត់ទុកថា ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺជា​ក្តីបារម្ភ​ផ្តាច់​មុខតែ​របស់​ស្ត្រី​ដែល​ទើប​មានកូន​ប៉ុណ្ណោះ​។


តាមពិត​វា​គឺជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​យើង​ទាំងអស់​គ្នា ប្រសិនបើ​យើង​ពិតជា​ខ្វល់ខ្វាយ​ពី​សុខភាព​កុមារ​តូច​ដែលជា​អ្នក​ស្នង​វេន​របស់​យើង​នាពេល​អនាគត​។ យើង​ត្រូវតែ​បង្ក​ភាពងាយស្រួល​ឱ្យ​ម្តាយ​គ្រប់រូប​ដែល​ទើប​សម្រាល​កូន​រួច អាច​បំបៅកូន​ដោយ​ទឹកដោះ​របស់ខ្លួន​។


ដោយ​ហេតុផល​នេះហើយ​ទើប​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ​ “​ការពារ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​៖ ការទទួល​ខុសត្រូវ​រួមគ្នា​របស់​យើង​ទាំងអស់​គ្នា​”​។


តាមពិត​ទឹកដោះ​ម្តាយ​គឺជា​វ៉ាក់សាំង​ដំបូង​សម្រាប់​ទារក​ដែល​ផ្តល់នូវ​ការការពារ​ដ៏សំខាន់​ទប់ទល់​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន និង​ជួយ​ឱ្យ​ទារក​អាច​បន្ត​ទទួល​បាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ និង​មាន​សុខភាព​មាំមួន​។


ការបង្ក​លក្ខណៈ​ឱ្យ​ការបំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាចធ្វើ​ទៅបាន​ស្ទើរតែ​ទូទាំង​សកលលោក​អាចជួយ​សង្គ្រោះ​ជីវិត​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ ជាង​ ៨២០ ០០០ នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​សកលលោក និង​អាច​បង្ការ​ការបាត់បង់​ជីវិត​បាន ២០០០០ ករណី​បន្ថែមទៀត​ពី​ជំងឺមហារីក​ដោះ ដែល​កើតមាន​លើ​ស្ត្រី​ជា​ម្តាយ​ជា​រៀងរាល់​ឆ្នាំ​។ ទាំងនេះ​គឺជា​អត្ថប្រយោជន៍​ផ្នែក​សុខភាព ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ផ្តល់​ការគាំទ្រ​។


ជា​ការពិត​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ទឹកដោះ​ម្តាយ​ជា​យូរ​មកហើយ និង​បានធ្វើ​ការងារ​ជាមួយ​ដៃគូ​នានា ដើម្បី​បង្កើន​ប្រេវ៉ាឡង់​នៃ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ រាប់​ទសវត្សរ៍​មកហើយ​ដែរ​។

តួលេខ​អាច​បង្ហាញ​ឱ្យ​យើង​ឃើញ​កាន់តែច្បាស់​៖ នៅក្នុង​ឆ្នាំ ២០០០ មាន​ទារក​ត្រឹមតែ ១១% ប៉ុណ្ណោះ ដែល​បៅ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ ប៉ុន្តែ​អត្រា​នេះ​កើន​ឡើងដល់ ៧៤% នៅក្នុង​ឆ្នាំ ២០១០​។ អ្វីដែល​ជា​ការបារម្ភ​នោះ គឺ​វឌ្ឍនភាព​នេះ​បាន​រំកិល​ថយក្រោយ​មក​នៅ ៦៥% វិញ បើតាម​ការអង្កេត​សុខភាព និង​ប្រជាសាស្ត្រ​កាលពី​ឆ្នាំ​ ២០១៤​។

ហេតុអ្វី​បានជា​វឌ្ឍនភាព​ដ៏សំខាន់​នេះ​ត្រូវ​ដើរ​ថយក្រោយ​ទៅវិញ​? មាន​បញ្ហា​ប្រឈម​ជាច្រើន ប៉ុន្តែ​យើង​សូម​លើក​បញ្ហា​ប្រឈម​តែ​ ៣ ​ប៉ុណ្ណោះ​។ បញ្ហា​ប្រឈម​ទាំងនេះ​មាន​កត្តា​មួយ​ដូចគ្នា នោះ​គឺ​វា​ទាមទារ​ឱ្យមាន​ការប្រើប្រាស់​កម្លាំង​សរុប​នៅក្នុង​សង្គម​ទើប​អាច​យកឈ្នះ​វា​បាន​។ បញ្ហា​ប្រឈម​ទី ​១ គឺជា​អ្វីដែល​ស្ត្រី​ជា​ម្តាយ​អាច​មើលឃើញ​យ៉ាងច្បាស់​ក្រឡែត ប៉ុន្តែ​អ្នកដទៃ​ទៀត​អាច​មើលមិន​ឃើញ​៖ ការបំបៅកូន​មិនមែនជា​រឿង​ដែល​ចេះតែ​ងាយស្រួល​នោះឡើយ​។ វា​អាចជា​រឿង​ដែល​ពិបាក និង​ធ្វើឱ្យ​ស្ត្រី​អស់កម្លាំង និង​នឿយណាយ សូម្បីតែ​ស្ត្រី​ដែល​បាន​ទទួល​ការគាំទ្រ​ពេញទំហឹង​ឱ្យ​អាច​បំបៅកូន​ដោយ​ទឹកដោះ​របស់ខ្លួន​ផ្ទាល់​ក៏ដោយ​។

ម្តាយ​អាច​មាន​ការភាន់ភាំង​នៅពេលដែល​ពួកគេ​ទទួល​បាន​ដំបូន្មាន​ផ្សេងៗ​គ្នា ពី​មិត្តភក្តិ គ្រួសារ មិត្ត​រួមការ​ងារ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពី​រយៈពេល​ដែល​ត្រូវ​បំបៅកូន ការប្រើប្រាស់ និង​អត្ថប្រយោជន៍​នៃ​ម្សៅ​ទឹកដោះគោ ពេលដែល​ត្រូវ​វិលត្រឡប់​ទៅធ្វើ​ការងារ​វិញ និង​អ្វីដែល​ត្រូវធ្វើ​ពេល​ត្រឡប់​ទៅធ្វើ​ការ​វិញ និង​ការ​មាន​សុវត្ថិភាព ឬ​គ្មាន​នៃ​ការបំបៅកូន​ក្នុងអំឡុងពេល​ដែលមាន​ជំងឺ​កូវីដ​ ១៩​។

ម្តាយ​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការបំបៅ​ដោះ​កូន មិន​ថា​ពួកគេ​នៅផ្ទះ នៅ​កន្លែងធ្វើការ ឬ​នៅក្នុង​សហគមន៍​នោះឡើយ នៅពេល​ដែល​គ្រប់គ្នា​ខិតខំ​ផ្សព្វផ្សាយ​សារ​គាំទ្រ​ឱ្យបាន​ដូចៗ​គ្នា និង​បង្កើន​បរិយាកាស​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​សម្រាប់​ពួកគេ​។ ទី​ ២ ចាំបាច់​ត្រូវ​មាន​ការតាក់តែង​ច្បាប់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ចំនួន ២៖ ការផ្សព្វផ្សាយ​ទីផ្សារ​យ៉ាងគំហុក​អំពី​ផលិតផល​ទឹកដោះគោ​ចិញ្ចឹម​ទារក និង​ការផ្តល់​កិច្ចការពារ​នៅ​កន្លែង​ធ្វើការ​សម្រាប់​ស្ត្រី​ដែល​មាន​គភ៌ ស្ត្រី​ដែល​កំពុង​សម្រាកលម្ហែ​មាតុភាព និង​ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន​។

បើទោះជា​មាន​ការដាក់​ឱ្យ​អនុវត្ត​នូវ​ច្បាប់​ជាតិ​ដ៏សំខាន់​មួយ​កាលពី​ឆ្នាំ​ ២០០៥ ដើម្បី​គ្រប់គ្រង​ការផ្សព្វផ្សាយ​លក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ ដូចជា​ម្សៅ​ទឹកដោះគោ​ចិញ្ចឹម​ទារក​ក៏ដោយ ការផ្សព្វផ្សាយ​បែប​បង្ខំ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​នៅមាន​កម្រិត​ទាប ជា​កត្តា​រួមចំណែក​ធ្វើឱ្យ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ ១ ​មុខ​គត់ ត្រូវ​ថយចុះ​។

កន្លងមក មាន​ដាក់ចេញ​នូវ​ស្តង់ដា​សម្រាប់​ការលម្ហែ​មាតុភាព និង​ការផ្តល់ប្រាក់​ប៉ះប៉ូវ​ក្នុង​វិស័យ​ឯកជន​ដែរ ប៉ុន្តែ​ស្តង់ដា​ជាតិ​ទាំងនេះ​មិនទាន់​ដល់​កម្រិត​ដែល​ត្រូវ​បានលើកឡើង​ក្នុង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​នោះឡើយ ហើយ​មិនមែន​សុទ្ធតែ​ត្រូវបាន​គេ​អនុវត្ត​ពេញលេញ​រហូត​នោះឡើយ​។ លើសពីនេះ​សិទ្ធិ​របស់​ម្តាយ​ដែល​កំពុង​បំបៅ​ដោះ​កូន​ក្នុង​ការវិល​ត្រឡប់មក​កន្លែង​ធ្វើការ​វិញ ក៏​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​។

យើង​ឯកភាព​ទាំងស្រុង​ជាមួយនឹង​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅពេល​ដែល​ឯកឧត្តម​ធ្វើការ​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ថា​ “​ក្រសួង​សូម​អំពាវនាវ​ឱ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ជំរុញ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​” មាន​ការងារ​ជាច្រើន​ទៀត​ដែល​ចាំបាច់​ត្រូវធ្វើ ដើម្បី​ពង្រឹង​ការការពារ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ហើយ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​តួនាទី​ត្រូវបំពេញ​។

ទី​ ៣ ការអូសបន្លាយ​ពេល​នៃ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​​កូវីដ​ ១៩ ធ្វើឱ្យ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​កាន់តែ​ពិបាក​សម្រាប់​ស្ត្រី​ដែល​ទើប​មានកូន​ជាពិសេស​ នៅពេល​ដែល​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ការចែករំលែក​សារ​ដែល​ពុំមាន​ភាពច្បាស់លាស់​។ ស្ត្រី​ជា​ម្តាយ​អាច​បារម្ភ​ខ្លាច​ចម្លងជំងឺ​នេះ​ទៅ​កូន​របស់​នាង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់​ ឬ​តាមរយៈ​ទឹកដោះ​ម្តាយ​។

នាង​អាចមាន​សំណួរ​ថា តើ​នាង​អាច​ចាក់​វ៉ាក់សាំង ក្នុង​អំឡុងពេល​ដែល​នាង​នៅ​កំពុង​បំបៅកូន​បាន​ដែរឬទេ​។ សូម្បីតែ​ស្ត្រី​ជា​ម្តាយ​ម្នាក់​ដែល​ចង់ឱ្យ​កូន​របស់ខ្លួន​ទទួល​បាន​អ្វីដែល​ល្អ​បំផុត​ក៏ដោយ ក៏​នាង​អាច​ត្រូវ​មិនដឹងថា តើ​ត្រូវ​ទៅរក​ចម្លើយ​ចំពោះ​សំណួរ​នេះ ដោយ​របៀប​ណា ឬ​នៅ​ទីកន្លែង​ណា [insert link: https://www.unicef.org/cambodia/stories/breastfeeding-safely-during-covid-19-pandemic] ។

ដូច្នេះ​តើ​យើង​អាច​ធ្វើ​ការងារ​រួមគ្នា​យ៉ាងដូចម្តេច ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ស្ត្រី​ជា​ម្តាយ និង​គ្រួសារ​? តើ​យើង​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ទាំង​ ៣ ខាងលើ​យ៉ាង​ដូចម្តេច​?

ទី​ ១ ជា​ការសំខាន់​ណាស់ ដែល​គ្រួសារ​មិត្តភក្តិ និយោជក ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រដ្ឋាភិបាល​ត្រូវ​ទទួលស្គាល់​ពី​តួនាទី​ដែល​ខ្លួន​មាន​ក្នុងការ​គាំទ្រ​ការបំបៅ​កូន​។ យើង​មិនមែន​ត្រឹមតែ​ជួយ​ដល់​ម្តាយ និង​កូនតូច​របស់​ពួកគេ​នោះទេ យើង​ក៏​កំពុង​កសាង​មនុស្ស​ជំនាន់​ក្រោយ កាន់តែ​ប្រសើរ និង​កាន់តែ​មាន​សុខភាព​មាំមួន​សម្រាប់​កម្ពុជា​ផងដែរ​។

រួមគ្នា​យើង​អាចជួយ​ឱ្យ​កុមារ​សម្រេច​សក្តានុពល​ពេញលេញ​របស់​ពួកគេ តាមរយៈ​ការទទួល​បាន​អាហារូបត្ថម្ភ​សមស្រប​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ដ៏សំខាន់​ក្នុង​វ័យ​ជា​កុមារ​តូច​របស់​ពួកគេ​។ ការទទួលយក​ចំណុច​នេះ​ថា​ជា​គោលដៅ​រួម គឺជា​ជំហាន​ទី​ ១ ​ហើយ​បន្ទាប់មក​គឺ​វា​អាស្រ័យ​ទៅលើ​យើង​ទាំងអស់​គ្នា ដែល​ត្រូវ​ផ្តល់ព័ត៌មាន​អំពី​ការបំបៅកូន ដើម្បី​ធានា​យ៉ាងណា​ឱ្យ​សារ​អប់រំ​ទាំងនេះ​មាន​ភាពច្បាស់លាស់​ និង​មាន​ភាពស៊ីចង្វាក់​គ្នា​។

ទី​ ២ ពាក់ព័ន្ធ​នឹង​ក្របខ័ណ្ឌ​ច្បាប់​វិញ ការទទួល​បាន​ព័ត៌មាន​ដែល​ត្រឹមត្រូវ ភាព​ងាយស្រួល​ទទួលបាន​ព័ត៌មាន​ដែល​សុក្រឹត និង​ច្រក​ផ្តល់ព័ត៌មាន​ដែលមាន​ភាពច្បាស់លាស់​ ដើម្បី​អាច​សួរ​ជា​សំណួរ និង​រាយការណ៍​ពី​ការបំពានច្បាប់​ក៏​ជា​កត្តា​ដ៏ចាំបាច់​បំផុត​ផងដែរ​។

ការផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​អំពី​អាជ្ញាធរ ដែល​ត្រូវ​ទាក់ទង​ទៅ​នៅពេល​ដែល​មានការ​ព្រួយបារម្ភ​អ្វីមួយ និង​របៀប​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ​អាចជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏អស្ចារ្យ ប៉ុន្តែ​អ្វីដែល​គេ​ត្រូវការ​ជា​ចាំបាច់​ផងដែរ​នោះ គឺ​ច្បាប់​ដែលមាន​ភាពរឹងមាំ និង​មន្ត្រី​ក្នុង​ចំនួន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ចំពោះ​បណ្តឹង និង​ការបារម្ភ​នានា​។

កន្លែង​ធ្វើការ​ក៏​បំពេញ​តួនាទី​សំខាន់​ផងដែរ​។ ចាំបាច់​ត្រូវ​ពង្រឹង​ស្តង់ដា​ជាតិ​ដែល​ត្រូវ​បានកំណត់​សម្រាប់​ការសម្រាកលម្ហែ​មាតុភាព និង​ការផ្តល់​សំណង​ប៉ះប៉ូវ​បន្ថែមទៀត ដើម្បី​ផ្តល់​ការសម្រាក​លម្ហែ​មាតុភាព​ដោយមាន​ការផ្តល់ប្រាក់​ឈ្នួល​ពេញលេញ​មាន​ចំនួន​ដល់​ ១៨ ​សប្តាហ៍​។

ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ​ស្តង់ដា​ទាំងនេះ​ឱ្យបាន​ច្បាស់លាស់​ដល់​និយោជក និង​និយោជិត និង​ត្រូវមាន​ការរៀបចំ​យុទ្ធនាការ​ផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​ធានា​ឱ្យ​មាន​ការផ្តល់​ការគាំទ្រ និង​ការគោរព​តាម​ស្តង់ដា​ទាំងនេះ​។ ការសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​វិស័យ​ឯកជន គឺជា​រឿង​ដែល​សំខាន់ និង​ចាំបាច់ ដើម្បី​ធានា​ឱ្យ​គោលនយោបាយ​នានា​ក្លាយ​ទៅជា​ការអនុវត្ត​ជាក់ស្តែង និង​ដើម្បី​បង្កើត​នូវ​ប្រព័ន្ធ ដែលមាន​តម្លាភាព និង​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ ​ដើម្បី​រាយការណ៍​អំពី​ការបំពាន​គោលការណ៍ ផ្សព្វផ្សាយ​ផលិតផល និង​ការបំពាន​នៅ​កន្លែង​ធ្វើការ​ដែល​នេះ​គឺជា​ការបញ្ជូន​សារ​យ៉ាងច្បាស់​លាស់​ថា ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺជា​រឿង​ដែល​ទទួល​បាន​ការការពារ​នៅក្នុង​ប្រទេស​កម្ពុជា​។

ទី​ ៣ បុគ្គលិក​សុខាភិបាល​ត្រូវការ​ធនធាន ដើម្បី​ផ្តល់​ការគាំទ្រ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីឱ្យ​ម្តាយ​អាច​បំបៅកូន​របស់ខ្លួន ជាពិសេស​ពួកគេ​ត្រូវការ​ព័ត៌មាន​ច្បាស់លាស់ ថា​តើ​ការ​បំបៅកូន​ទទួលរង​ផលប៉ះពាល់​ ឬ​មិន​ទទួលរង​ផលប៉ះពាល់​យ៉ាង​ដូចម្តេច​ខ្លះ​ ដោយសារ​ជំងឺ​កូវីដ​។

យូនីសេហ្វ និង​អង្គការ​សុខភាព​ពិភពលោក​កំពុង​សហការ​ជាមួយ​នឹង​ក្រសួង​សុខាភិបាល ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​ទូទៅ​។ បច្ចុប្បន្ននេះ​យើង​ដឹងថា ការ​បំបៅកូន​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ គឺជា​រឿង​ដែលមាន​សុវត្ថិភាព ម្តាយ​ដែល​បំបៅកូន​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​​កូវីដ​ ១៩ បាន ហើយ​សូម្បីតែ​ម្តាយ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក៏​អាច​បន្ត​បំបៅកូន​បានដែរ ដរាបណា​ពួកគេ​ពាក់​ម៉ាស់​ពេទ្យ លាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ល្អ និង​ធ្វើ​អនាម័យ​ផ្ទៃ​ខាងលើ​វត្ថុ​នានា​ឱ្យ​បានជា​ទៀងទាត់​។ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន ដែល​លើសពី​ហានិភ័យ ដែល​អាច​កើតមាន​ជំងឺ​នានា​ពាក់ព័ន្ធ​នឹង​មេរោគ​នេះ​។

ខណៈពេល​ដែល​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​កាន់តែ​កៀក​មកដល់ យើង​ទាំងអស់គ្នា​ចូលរួម​ក្នុង​ការអំពាវនាវ​ជា​សកល​ឱ្យ​គ្រួសារ បុគ្គលិក​សុខាភិបាល និយោជក និង​ការិយាល័យ​រដ្ឋាភិបាល​ទាំងអស់​អនុវត្ត​វិធានការ ដើម្បី​គាំទ្រ​ដល់​ម្តាយ​ដែល​កំពុង​បំបៅកូន និង​ទារក​របស់​ពួកគេ​។

កុមារ​ដែល​អាច​សម្រេច​សក្តានុពល​របស់​ពួកគេ​បាន​ពេញលេញ​ជួយ​ត្រួសត្រាយ​ផ្លូវ ដើម្បី​ឈានទៅ​កសាង​អនាគត ដែល​មនុស្ស​កាន់តែ​មាន​សុខភាព​មាំមួន សម្រាប់​ប្រទេសជាតិ​ទាំងមូល​៕

ហ្វ័រូហ្គ ហ្វយូហ្សិថ​ (Foroogh Foyouzat) តំណាង​យូនីសេហ្វ​ប្រចាំ​កម្ពុជា