“​ខ្ញុំ​ពិតជា​រំភើប​រីករាយ​ណាស់​ដែល​បាន​ត្រឡប់​ទៅ​សាលារៀន​វិញ​។ ​ខ្ញុំ​នឹក​មិត្តភក្តិ និង​គ្រូ​របស់ខ្ញុំ ហើយ​នឹក​កន្លែង​ស្ងាត់​ដែល​ខ្ញុំ​ធ្លាប់​អាន​សៀវភៅ​នៅ​សាលា​។ ​នេះ​គឺជា​ពាក្យសម្ដី​របស់​​កុមារី ជា ដានីន អាយុ ១១ ​ឆ្នាំ​ ដែលជា​សិស្ស​ម្នាក់​ក្នុងចំណោម​​សិស្សានុសិស្ស​កម្ពុជា​រាប់លាន​នាក់​ដែល​បាន​សម្តែង​ការអបអរសាទរ​កាលពី​សប្តាហ៍មុន​ នៅពេល​ដែល​បានឮ​សេចក្តី​​ប្រកាស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​អំពី​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នៅ​ខែ​នេះ​។

យូនីសេហ្វ និង​អង្គការ​សុខភាព​ពិភពលោក​ក៏​សូម​ស្វាគមន៍​​ចំពោះ​សេចក្តី​ប្រកាស​នេះ​​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ផ្អែកលើ​ជោគជ័យ​ដ៏គួរ​ឱ្យ​ស្ញប់ស្ញែង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​​សម្រេចបាន​ក្នុង​យុទ្ធនាការ​​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ រួម​ជាមួយ​នឹង​ការអនុវត្ត​វិធានការ​សុខភាព​សាធារណៈ និង​សង្គម​ដើម្បី​ទប់ស្កាត់​ការចម្លង និង​កាត់បន្ថយ​បន្ទុក​សង្គម​។


ការសិក្សា និង​ជីវិត​ទូទៅ​របស់​កុមារ​កម្ពុជា​ត្រូវបាន​បង្អាក់ ​ឬ​បញ្ឈប់​ដោយ​ជំងឺ​រាតត្បាត ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​អាច​ចូល​សិក្សា​ទ្បើង​វិញ​ដោយ​ក្តី​រីករាយ និង​ឈាន​ឆ្ពោះទៅ​អនាគត​ខាងមុខ​បាន​វិញ​ហើយ​។ ទោះជា​យ៉ាងនេះ​ក្តី ប្រការនេះ​មិនមែន​ជា​បុព្វហេតុ​សម្រាប់​តែ​កុមារ និង​មាតាបិតា​អបអរសាទរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ជោគជ័យ​ដែល​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ត្រូវ​រួមគ្នា​គាំទ្រ​។ ​ការអភិវឌ្ឍ​​ជាច្រើន​ក្នុង​រយៈពេល ៣ ​ទសវត្សរ៍​ចុងក្រោយ​នេះ គឺ​ត្រូវបាន​ជំរុញ​ដោយ​សមិទ្ធផល​របស់​​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកសាង និង​កែលម្អ​ប្រព័ន្ធ​អប់រំ​។


ថ្វីដ្បិតតែ​ជំងឺ​រាតត្បាត​បាន​រារាំង​ដល់​ការរីកចម្រើន​នេះ​ក៏ពិតមែន ប៉ុន្តែ​ការស្តារ និង​អភិវឌ្ឍន៍​​ឥឡូវនេះ​អាច​ដំណើរការ​ទៅមុខ​​ជាធម្មតា​វិញ​ដោយ​ពេញលេញ នៅពេល​ថ្នាក់រៀន​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​។


ចាប់តាំងពី​មាន​សេចក្តី​ប្រកាស​ឱ្យ​បើក​សាលារៀន​វិញ​រួចមក​យើង​ទទួលបាន​សារ និង​មតិ​ជាច្រើន​ពី​ឪពុកម្តាយ​។ ​ឪពុកម្តាយ​ភាគច្រើន​ពិតជា​មាន​ក្តីរីករាយ​ចំពោះ​ព័ត៌មាន​នេះ ប៉ុន្តែ​ក៏មាន​ពួកគាត់​ខ្លះ​នៅតែ​ព្រួយបារម្ភ​ដដែល​។ វិបត្តិ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​នៅ​មិនទាន់​ចប់​នៅឡើយ​​ទេ ហើយ​ការលេចឡើង និង​ការរីករាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី​គឺជា​កង្វល់​ពិតប្រាកដ​។


ប៉ុន្តែ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ការបើក​សាលារៀន​ឡើងវិញ​ប្រកប​ដោយ​សុវត្ថិភាព​គឺ​ពិតជា​អាចធ្វើ​ទៅ​បាន​ ៨០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ដែលមាន​អាយុ​លើសពី​ ១២ ​ឆ្នាំ ឥឡូវនេះ​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ហើយ​ភាគរយ​នៃ​ចំនួន​គ្រូបង្រៀន​ដែល​បាន​ចាក់​រួច ក៏មាន​អត្រា​ខ្ពស់ជាង​នេះ​ផងដែរ​។


យើង​ដឹងថា មនុស្ស​ខ្លះ​នៅតែ​អាច​ឆ្លង​មេរោគ​នេះ​បើទោះជា​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​រួច​ក៏ដោយ ប៉ុន្តែ​ពួកគេ​ទំនង​ជា​មិន​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​នោះទេ​។ ​ប្រការនេះ ក៏​ជា​ការពិត​​ដូចគ្នា​សម្រាប់​កុមារ និង​មនុស្សពេញវ័យ​ផងដែរ​។

វា​មិនមាន​ស្ថានភាព​ណា​ដែល​គ្មាន​ហានិភ័យ​សោះ​នោះ​​ទេ ប៉ុន្តែ​ហានិភ័យ​ទាំងនោះ​ឥឡូវនេះ​ពិតជា​អាច​គ្រប់គ្រង​បាន​។ ​យើង​បានឃើញ​រួចមកហើយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​សាលារៀន​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​ ២០២០ ​ដោយ​គ្មាន​ករណី​ឆ្លង​ណាមួយ​ឡើយ​។

សំខាន់​ជាងនេះ​ទៅ​ទៀត​យើង​បានឃើញ​ករណី​ដូចគ្នានេះ​នៅក្នុង​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ចាប់ផ្តើម​បើក​សាលារៀន​ឡើងវិញ​។

ភ័ស្តុតាង​បានបង្ហាញ​ថា សាលារៀន​មិនមែន​ជា​កត្តា​ចម្បង​ជំរុញ​ឱ្យ​មាន​ការចម្លង​នៅក្នុង​សហគមន៍​ជុំវិញ​នោះទេ​។ ការបើក​សាលា​ទ្បើង​វិញ មិនមែន​ជា​សកម្មភាព​នាំទៅរក​ហានិភ័យ​នោះទេ​។

ទាំងនេះ​គឺជា​មូលហេតុ​ដែល​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​បាន​ព្រមព្រៀង​អនុម័ត​យក​វិធីសាស្ត្រ​ជា​ជំហានៗ និង​ដោយ​រួមបញ្ចូល​គ្នា​ ដើម្បី​បើក​សាលារៀន​ឡើងវិញ​។ ​សាលារៀន​នៅក្នុង​តំបន់​ដែលមាន​អត្រា​ឆ្លង​ទាប​អាច​ត្រូវបាន​បើក​​ដំណើរការ​មុនគេ ដោយមាន​ការកំណត់​ទំហំ​ថ្នាក់រៀន និង​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​វិធានការ​អនាម័យ និង​សុវត្ថិភាព​ដែល​កន្លងមក​បានបង្ហាញ​ពី​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបង្ការ​ការចម្លង​មេរោគ​។

លើសពីនេះ​ទៅ​ទៀត ឪពុក​ម្តាយ និង​សហគមន៍​អាច​ដើរ​​តួនាទី​យ៉ាងសកម្ម​ក្នុង​ការរក្សា​ហានិភ័យ​ឱ្យ​នៅក្នុង​កម្រិត​ទាប​។ ប្រការនេះ​មានន័យថា​យើង​ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣ការពារ និង​៣កុំ និង​វិធានការ​សុខភាព​សាធារណៈ​ផ្សេងទៀត​ដូចដែល​បាន​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល ប៉ុន្តែ​រួមទាំង​ចូលរួម​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​សាលារៀន​ដែល​រាជរដ្ឋាភិបាល​បានរៀបចំ​ចាត់ចែង​សម្រាប់​ជា​យុទ្ធសាស្ត្រ​ក្នុង​ការបើក​សាលារៀន​ឡើងវិញ​ផងដែរ​។

គណៈកម្មការ​ទាំងនេះ​នឹង​ធានា​ឱ្យ​សាលារៀន​នីមួយៗ​ត្រូវអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​ធ្វើឱ្យ​បរិយាកាស​សាលា​រៀនមាន​សុវត្ថិភាព​រួមទាំង​ការសម្លាប់​មេរោគ​ជាប្រចាំ និង​ការធ្វើឱ្យមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ព្រមទាំង​ធានា​លើ​ការផ្គត់ផ្គង់​សម្ភារ​​អនាម័យ​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​គ្រូបង្រៀន និង​សិស្សានុសិស្ស​។

យូនីសេហ្វ និង​អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្តល់​ដំបូន្មាន​​បច្ចេកទេស និង​ធានា​ចំពោះ​លទ្ធភាព​លើ​ការផ្គត់ផ្គង់​សម្ភារ​ចាំបាច់​ក៏ដូចជា​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ ដើម្បី​រក្សា​សាលារៀន​ឱ្យមាន​សុវត្ថិភាព​។ ជាមួយ​នឹង​ចំណេះដឹង​ទាំងអស់​ដែល​យើង​​មាន​អំពី​មេរោគ​នេះ​យើង​ដឹង​ពី​របៀប​បើក​សាលារៀន​ឡើងវិញ​ដោយ​មិនបង្កើត​ហានិភ័យ​ធ្ងន់ធ្ងរ​ណាមួយ​ដល់​គ្រូបង្រៀន​សិស្សានុសិស្ស និង​សហគមន៍​ក៏ដូចជា អាច​ត្រៀមខ្លួន​សម្រាប់​ការឆ្លើយតប​ទៅតាម​តម្រូវការ​ជាក់ស្តែង​។

ហានិភ័យ​ដែល​ធំ​នោះ គឺ​ការទុក​ឱ្យ​កុមារ​នៅក្រៅ​សាលារៀន​ក្នុង​រយៈពេល​យូរ​ជាង​នេះ​។

យើង​ដឹងថា ការបិទ​សាលារៀន​យូរអង្វែង ពិតជា​មាន​ផលប៉ះពាល់​យ៉ាង​ធំធេង​មិន​ត្រឹមតែ​ទៅលើ​ការសិក្សា​រៀនសូត្រ​ និង​សក្តានុពល​អនាគត​របស់​កុមារ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​របស់​ពួកគេ​ទៀតផង​។ ​ជា​ការពិតហើយ ការរៀនសូត្រ​ពី​ចម្ងាយ​បាន​ជួយ​ធានា​ដល់​ការបន្ត​ការអប់រំ​របស់​កុមារ​ក្នុង​អំឡុងពេល​បិទ​សាលា ប៉ុន្តែ​ភ័ស្តុតាង​បង្ហាញថា កុមារ​ដែល​ជួប​ការលំបាក​រួចទៅហើយ​ទំនងជា​មិន​ទទួលបាន​អត្ថប្រយោជន៍​ជាពិសេស​ចំពោះ​អ្នក​ដែល​គ្មាន​លទ្ធភាព​រៀន​តាម​​អនឡាញ និង​គ្មាន​ឪពុកម្តាយ​ដែល​អាចមាន​លទ្ធភាព​ជួយ​ជ្រោមជ្រែង​ពួកគេ​បាន​។

ជា​ការពិត​នៅក្នុង​ចំណោម​កុមារ​ចំនួន​ ១,៦ ​ពាន់​លាន​នាក់​ដែល​រង​ផលប៉ះពាល់​ពី​ការបិទ​សាលា​នៅ​ទូទាំង​ពិភពលោក មាន​កុមារ​ចំនួន​ ១ ​ភាគ​ ៣ ឬ ៤៦៣ ​លាន​នាក់​មិនមាន​លទ្ធភាព​រៀន​ពី​ចម្ងាយ​រួមទាំង​កុមារ​ជាច្រើន​នៅ​កម្ពុជា​ផងដែរ​។

ភ័ស្តុតាង​ក៏​បង្ហាញ​ផងដែរ​ថា​ទោះបីជា​ការរៀន​ពី​ចម្ងាយ​ដំណើរការ​បាន​ល្អ​ប្រសើរ​ក៏ដោយ​ក៏​វា​មិនអាច​ផ្តល់​លទ្ធផល​នៃ​ការរៀនសូត្រ​ដូច​រៀន​ផ្ទាល់​ក្នុង​ថ្នាក់​នោះដែរ​។ នៅពេល​ដែល​​សាលារៀន​បើក​ដំណើរការ​ឡើងវិញ គ្រូបង្រៀន​គួរ​ខិតខំ​ផ្តល់​ការគាំទ្រ​ផ្នែក​សិក្សា​បន្ថែម​ ដើម្បី​ជួយ​ឱ្យ​សិស្សានុសិស្ស​អាច​រៀន​បាន​ទាន់​មេរៀន​ដែល​បាន​ខកខាន​កន្លងមក ក៏ដូចជា​ផ្តល់​ការគាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​ដើម្បី​ស្តារ និង​ការពារ​សុខុមាលភាព​របស់​សិស្ស​។

ហានិភ័យ​ធំ​បំផុត​លើស​អ្វីៗ​​ទាំងអស់​គឺ​ប្រសិន​បើ​កុមារ​មិន​ត្រឡប់​ទៅ​សាលារៀន​វិញ​ឱ្យបាន​ឆាប់ៗ​ទេ នោះ​ពួកគេ​ប្រហែល​ជា​លែង​ទៅ​រៀន​ទៀតហើយ​។ ភ័ស្តុតាង​ដែល​បាន​ពី​ជុំវិញ​ពិភពលោក បង្ហាញថា​​ក្មេងៗ​ដែល​នៅក្រៅ​សាលា​កាន់តែ​យូរ​ទៅៗ​គឺ​មាន​ឱកាស​តិច​ណាស់​ដែល​ពួកគេ​ត្រឡប់​មក​ចូលរៀន​វិញ​។ ​

ពួកគេ​អាច​មាន​អារម្មណ៍​ថា រៀន​មិន​ទៅ​​មុខ ឬ​រៀន​មិនទាន់​គេ ឬក៏​ថា​ក្រុមគ្រួសារ​របស់​ពួកគេ​ប្រហែល​ជា​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ប្រាក់ចំណូល​បន្ថែម ដែល​ពួកគេ​រក​បាន​តាមរយៈ​ការធ្វើ​ការងារ​ផ្សេង​។ ​ជា​រៀងរាល់ថ្ងៃ​នៅពេល​ដែល​យើង​ពន្យារពេល​ក្នុង​ការបើក​សាលា​ទ្បើង​វិញ ឧបសគ្គ​ទាំងនេះ​ក៏​កើនឡើង​ជា​លំដាប់​ផងដែរ​។

ការអប់រំ​គឺ​ប្រៀបបាន​ដូចជា​ទ្វារ​ទៅរក​ឱកាស​ថ្មីៗ​សម្រាប់​កុមារ​។ ​ប្រសិនបើ​សាលារៀន​នៅ​បន្ត​បិទទ្វារ ឱកាស​នោះ​ក៏​នឹង​ត្រូវ​បិទ​សម្រាប់​កុមារ​ជាច្រើន​ផងដែរ​។ ​ជា​សំណាង​ល្អ​ដំណឹង​ក្នុង​ការបើក​សាលារៀន​ទ្បើង​វិញ​នេះ គឺ​មានន័យថា យើង​ទាំងអស់​គ្នា​អាច​ធ្វើការ​​រួមគ្នា ដើម្បី​ឱ្យ​សាលា​អាច​នៅ​បន្ត​ដំណើរការ​ទៅបាន​ដោយ​ធានាថា កុមារ​ត្រូវ​បានផ្តល់​ការគាំទ្រ និង​ការលើកទឹកចិត្ត​ទាំងអស់ ដែល​ពួកគេ​ត្រូវការ​ដើម្បី​ត្រឡប់​ទៅ​ថ្នាក់រៀន​វិញ និង​ឆ្ពោះ​ទៅរក​អនាគត​មួយ​​ដ៏ប្រសើរ​៕

ដោយៈ លោកស្រី​ ហ្វ័រូហ្គ ហ្វ័យូហ្សិថ តំណាង​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា

លោកស្រី​វេជ្ជបណ្ឌិត លី អៃទ្បែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា