ច្បាប់​ស្ដីពី​ការប្រកួតប្រជែង​ស្វែងរក​គូស្នេហ៍

Content image - Phnom Penh Post
ទិដ្ឋភាព​នៃ​កិច្ចប្រជុំ​អនុម័ត​ច្បាប់​របស់​សមាជិក​រដ្ឋសភា​កាលពី​ថ្ងៃទី​ ៩ កញ្ញា ឆ្នាំនេះ​។ រូបថត រដ្ឋសភាជាតិ

អ្នក​ដែល​ចូលចិត្ត​ក្តីក្តាំ អាច​មាន​ភាពរីករាយ​ណាស់ ព្រោះ​​ថា ប្រសិនបើ​ច្បាប់​ដែល​មាន​ពីមុន​ស្តីពី​អំពើ​នៃ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់ មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ដែល​ទើប​ទទួល​បាន​ការអនុម័ត​ថ្មីៗ​កន្លង​ទៅ​នេះ​ត្រូវតែ​អាច​ដោះស្រាយ​បញ្ហា​បាន​។

តើ​នោះ​ជា​បញ្ហា​អ្វី​ទៅ​? ​ជាគោលការណ៍ ច្បាប់​ថ្មី​នេះ​ចង់​តម្រង់ទិស​ធ្វើយ៉ាងណា​ឱ្យ​តួអង្គ​សេដ្ឋកិច្ច​ទាំងអស់​គោរព​តាម​វិធាន​ និង​ព្យាយាម​ខិតខំ​រក​ចំណូល​តាម​មធ្យោបាយ​ដែល​ប្រពៃ​បំផុត​។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ចុះ​មាន​អ្វី​ខុស​ទៅ បើ​គ្រាន់តែ​ចង់​កើប​យក​ចំណែក​ទីផ្សារ​ធំ​បំផុត​នោះ​?

តើ​ខុស​ត្រង់ណា​ទៅ​បើ​គ្រាន់តែ​ចង់​វាយបំបាក់​ឱ្យ​គូប្រកួត​ប្រជែង​​បាត់​មុខ​ពី​ទីផ្សារ​? ​គោលដៅ​នៃ​ការរកស៊ី​គឺ​មិន​ដោយសារ​ចង់បាន​ចំណេញ​ទេ​ឬអ្វី​? ​មុន​​នឹង​ចង់​សាក​ឆ្លើយ​ទៅនឹង​សំណួរ​ទាំងនេះ គួរ​ចងចាំ​ឃ្លា​​មួយ​ថា “​អ្នក​ដែល​ធ្វើ​ប៊័រ បិតស្រា ឬ​ធ្វើ​នំបុ័ង ដើម្បី​ឱ្យ​យើង​​អាច​ទទួលទាន​បាយ​ពេល​​ល្ងាច​បាន មិនមែន​មានចិត្ត​សប្បុរស​ធ្វើ​របស់​ទាំងនោះ​ឱ្យ​យើង​ទេ គឺ​សុទ្ធតែ​ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​។ ​

ឃ្លា​មួយ​នេះ​ របស់​លោក Adam Smith ពិតជា​ត្រឹមត្រូវ​ និង​ពិបាក​ជំទាស់​ណាស់​។ អ្វីដែល​គាត់​ធ្លាប់​ហៅថា​ដៃ​បំបាំង​ខ្លួន​ ឬ​ដៃ​អរូបី សព្វថ្ងៃ​យើង​ឱ្យ​ឈ្មោះថា​ទីផ្សារ​។ ឯ​សហគ្រិន​ផងទាំងពួង តែងតែ​ឆ្លងកាត់​នូវ​ឧបសគ្គ និង​កំហុស​ជាច្រើន​លើក​ច្រើនសា ទម្រាំ​អាច​ដឹងថា គួរ​ដាក់​តម្លៃ​ប៉ុន្មាន​ដល់​ទំនិញ​ ឬ​សេវា​របស់ខ្លួន​។ ការព្យាយាម​រក​តម្លៃ​សមស្រប​នេះ​ក្លាយជា​ទង្វើ​ជាប្រចាំ​ដែល​សឹងតែ​ពេលខ្លះ​អាច​ធ្វើឱ្យ​ទីផ្សារ​ក្រឡាប់ចាក់​ក៏​ថា​បាន​។ ​និយាយ​​ឱ្យចំ​ទីផ្សារ​រេរា​ទៅ​តាម​អំពើ​នៃ​ការប្រកួតប្រជែង​នេះឯង​។

ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ថ្មី​​នេះ​បាន​អនុលោម​តាម​គន្លង​បទពិសោធ​របស់​អន្តរជាតិ​ដោយ​ហាមឃាត់​ចំពោះ​អំពើ​ចម្បង​ ៤ ​ប្រភេទ គឺ​ការព្រមព្រៀង​ខ្សែ​ដេក ការព្រមព្រៀង​ខ្សែ​ឈរ សកម្មភាព​បំពាន​ដោយ​ប្រើ​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ និង​ការរួមបញ្ចូល​គ្នា​នូវ​ធុរកិច្ច​ដែល​មាន​អានុភាព​រឹតត្បិត​ដល់​ការប្រកួតប្រជែង​គួរឱ្យ​កត់សម្គាល់​។

អត្ថបទ​ខ្លី​មួយ​នេះ​មិនអាច​ពន្យល់​ពី​រាល់​ទង្វើ​ទាំងអស់​នេះ​​បានទេ ប៉ុន្តែ​សូម​ជឿ​ចុះ​ថា បើ​គ្មាន​ទង្វើ​ណាមួយ​បែបនេះ​ទេ​​នោះ​ផលប្រយោជន៍​របស់​អ្នក​​ប្រើប្រាស់​ពិតជា​អាច​ត្រូវការពារ​បាន​យ៉ាង​ល្អ​ ព្រោះ​ថា​ការធ្វើ​​ទំនាក់ទំនង​ធុរកិច្ច​ដោយ​ស្មើភាព និង​ស្មោះត្រង់​ គឺជា​អ្វីដែល​យើង​គ្រប់គ្នា​ចង់បាន​។ យ៉ាង​ហោចណាស់​ក៏​នេះ​ជា​អ្វីដែល​ច្បាប់​នេះ​ចង់​បានដែរ​។ ​តែ​ដោយ​​ហេតុថា ច្បាប់​នេះ​ជា​ច្បាប់​ខ្លី​ (​មានតែ​ ៤១ ​មាត្រា​) ​គឺ​មាន​ចែង​តែ​ពី​គោលការណ៍​ចម្បងៗ​​តែប៉ុណ្ណោះ​ដោយ​ទុកឱ្យ​គណ:កម្មាធិការ​ប្រកួតប្រជែង​កម្ពុជា​​ជា​អ្នក​ចែង​លម្អិត​នូវ​វិធាន​ផ្សេងៗ​​នាពេល​ក្រោយ​។

តាម​បទពិសោធ​ដែល​យើង​បានដឹង​ពី​ប្រទេស​ដទៃ​ដែល​បាន​ដើរ​មុន​យើង​ជាច្រើន​ទសវត្យរ៍​មកហើយ​នោះ ការដាក់ចេញ​នូវ​វិធាន​លម្អិត​នានា​បែប​​នេះ​អាច​ត្រូវការ​រយៈពេល​ជាច្រើន​ឆ្នាំ​ទម្រាំ​យើង​អាច​ផ្តើម​យល់​ពី​អត្ថន័យ​ស៊ីជម្រៅ​ក៏ដូចជា​ឥទ្ធិពល​ពិតប្រាកដ​របស់​ច្បាប់​នេះ​។

អាច​ត្រូវ​ប្រើពេល​យូរ​យ៉ាងនេះ​ផង​? មិន​ខុស​ទេ! ​បើ​អ្នក​មិន​ជឿ​ទេ អ្នក​អាច​ឈប់​អាន​អត្ថបទ​នេះ​ត្រឹមនេះ ហើយ​ត្រឡប់​ទៅធ្វើ​អ្វីដែល​អ្នក​កំពុង​ធ្វើ​មុន​​នេះ​បាន​។ ប៉ុន្តែ​មុននឹង​ចាកចេញ​​ទៅ អ្នក​ប្រហែលជា​ចង់ដឹង​រឿង​មួយ​សិន​។ ​រឿង​នោះ​គឺថា តាមពិត​​ទៅ​ការប្រកួតប្រជែង​មិនមែន​ដឹង​តែ​ពី​អាក្រក់​ឯណា​? ​វា​ជួយ​ជំរុញ​ឱ្យ​មាន​ការគិត​ប្រកប​ដោយ​​ការច្នៃប្រឌិត ការខិតខំ​រក​អ្វី​​ដែល​ថ្មី​ជានិច្ច​ដើម្បីឱ្យ​ធុរកិច្ច​របស់​​ខ្លួន​មាន​ប្រសិទ្ធភាព​ជាង​មុន​។ យើង​គ្រប់គ្នា​ពិតជា​មិន​ជំទាស់​លើ​រឿង​ទាំងនេះ​ទេ​។ ​ការប្រកួតប្រជែង​តាម​សមត្ថភាព​ថ្លៃថ្លា​ពិត​អាច​ធ្វើឱ្យ​តម្លៃ​ថយចុះ​មកដល់​កម្រិត​ទាប​បំផុត​ផង​ក៏​ថា​បាន​។ ​នេះ​ជា​រឿង​ល្អ​សម្រាប់​អតិថិជន​។

ដោយឡែក​រឿង​អាក្រក់​អាច​កើតមានឡើង​ពេល​ដែល​ក្រុមហ៊ុន​ធំៗ​ធ្វើការ​ព្រមព្រៀង​ (​ដោយ​សម្ងាត់​) ​ថា​មិន​ប្រកួតប្រជែង​ជាមួយគ្នា​ (​ការស៊ុមគ្រលុំ​គ្នា​) ​ឬ​ពេល​ដែល​គេ​ព្យាយាម​តាម​គ្រប់​មធ្យោបាយ​ ដើម្បី​ធ្វើឱ្យ​គូប្រកួត​ប្រជែង​បាត់​មុខ​ពី​ទីផ្សារ​ (​ការលុបបំបាត់​) ​ឬ​ពេលដែល​ក្រុមហ៊ុន​ធំៗ​បាន​ព្រមព្រៀង​រួមបញ្ចូល​គ្នា​តែម្តង​ (​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​) ​ដើម្បី​ក្លាយជា​តួអង្គ​បណ្តុំសេដ្ឋកិច្ច​តែមួយ​ ដែល​អាច​ក្លាយជា​អ្នក​​គ្រប់គ្រង​លើ​ទីផ្សារ​ណាមួយ​ជាក់លាក់​តែម្នាក់ឯង​។

ជា​ការពិត​ច្បាប់​របស់​យើង​មានចែង​ពី​ករណី​លើកលែង​មួយចំនួន​ដែរ ប៉ុន្តែ​យើង​នឹង​ចាប់ផ្តើម​យល់​បន្តិច​ម្តងៗ​ថា​តើ​ទង្វើ​ណា​ត្រូវបាន​អនុញ្ញាត ហើយ​ទង្វើ​ណា​ត្រូវបាន​ហាមឃាត់​នាពេល​ដែល​ច្បាប់​នេះ​ត្រូវបាន​យកមក​បកស្រាយ​តាមរយៈ​សេចក្តី​សម្រេច​របស់​តុលាការ​ និង​តាមរយៈ​បទប្បញ្ញត្តិ​ និង​វិធាន​នានា​របស់​គណ:កម្មាធិការ​នាពេល​អនាគត​។

ទោះជា​យ៉ាងណា​ក៏ដោយ ដោយសារ​ច្បាប់​នេះ មាន​ប្រើ​វាក្យស័ព្ទ​ខាង​ជំនាញ​សេដ្ឋកិច្ច​ច្រើន​ផង​នោះ យើង​មុខតែ​ត្រូវ​រង់​ចាំមើល​លទ្ធផល​ពី​ក្តីក្តាំ​ជាច្រើន​នៅ​តុលាការ​ជាមុនសិន​ ដើម្បី​មក​ពន្យល់ថា តើ​ពិតជា​​មាន​ស្ថានភាព​ទីផ្សារ​ជាក់លាក់​មួយ​មែន​ឬទេ​ឬថា​តើ​ចុង​ចម្លើយ​ (​បុគ្គល​ដែល​ធ្វើការ​ប្រកួត​ប្រជែង​មិនល្អ​) ​ពិតជា​មានអំណាច​ក្នុង​ទីផ្សារ​ដែល​កំពុង​បង្ក​ចលាចល​នោះ​មែនឬ​អត់ ជាដើម​។

ជាក់ស្តែង ជាបឋម ច្បាប់​បាន​ផ្តល់នូវ​និយមន័យ​មួយ​ចំនួន​ដូចជា​ថា ការប្រកួត​ប្រជែង សំដៅ​ដល់​សកម្មភាព​​របស់​បុគ្គល​ធ្វើ​ធុរកិច្ច​នៅក្នុង​ទីផ្សារ​ដើម្បី​ដណ្តើម​យក​អតិថិជន​ឱ្យបាន​ច្រើន​ក្នុង​ការប្រើប្រាស់​នូវ​ទំនិញ​​ ឬ​សេវា​របស់ខ្លួន​ទទួលបាន​នូវ​ចំណែក​ទីផ្សារ​ច្រើន និង​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​។ គូប្រកួត​ប្រជែង សំដៅ​ដល់​បុគ្គល​ដែល​កំពុង​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ណាមួយ ឬ​បុគ្គល​ដទៃទៀត​ដែលមាន​សក្តានុពល​អាច​នឹងចូលរួម​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។

ដោយឡែក​ពាក្យ​ថា​ ទីផ្សារ​សំដៅ​ដល់​ទីផ្សារ​ទំនិញ​ ឬ​សេវា​ដែល​កំពុង​ប្រកួតប្រជែង​។ ប្រសិន​បើ​អ្នកមាន​អារម្មណ៍​ថា​ នៅ​វិលវល់​មិនទាន់​យល់​ជ្រាប​ច្បាស់​ពី​អត្ថន័យ​ទាំងនេះ​នៅឡើយ​ទេ អ្នក​ផ្សេងទៀត​ក៏មាន​អារម្មណ៍​មិន​ខុសពី​អ្នក​ដែរ​។ តាមពិត​ពាក្យ​ជាច្រើន​ដែល​បាន​ប្រើ​ក្នុង​និយមន័យ​ខាងលើ​ទាមទារ​ឱ្យ​​មាន​ការពន្យល់​ (​និយមន័យ​!) ​ដាច់ដោយឡែក​រៀងៗ​ខ្លួន​បន្ថែមទៀត​។

តួយ៉ាង​ពាក្យ​ថា ចំណែក​ទីផ្សារ​ឧត្តមភាព​លើ​ទីផ្សារ​​ច្រើន ទីផ្សារ​ណាមួយ​សុទ្ធតែជា​ពាក្យ​គន្លឹះ​ដែល​យើង​អាច​នឹង​ចាប់ផ្តើម​យល់​អំពី​អត្ថន័យ​ពិតប្រាកដ​របស់​វា​នាពេល​អនាគត បន្ទាប់ពី​ច្បាប់​នេះ​ទទួលបាន​ការអនុវត្ត​ជាច្រើន​ឆ្នាំ​ តាមរយៈ​ការចេញ​វិធាន​នានា​ក៏ដូចជា​ការបកស្រាយ​ពី​តុលាការ​ក្នុងពេល​មានរឿង​ក្តី​ជាដើម​។

ចុងក្រោយ​បំផុត មុន​ពេលដែល​អ្នកចេញ​ទៅ​សូម​គូស​ចំណាំ​ថា ក្នុង​ទ្រឹស្តី​ផលិតផល​ ២ ​ដែល​អាច​ចាត់ទុកថា កំពុង​​ប្រកួតប្រជែង​ជាមួយ​គ្នា​តាមផ្លូវ​ច្បាប់​បាន​ទាល់តែ​ផលិតផល​ទាំង​ ២ ​នោះ​ជា​ផលិតផល​ដែល​អាច​ប្រើ​ផ្លាស់ប្តូរ​គ្នា​បាន​ពោល​​គឺ​ប្រសិនបើ​អតិថិជន​ចាត់ទុក​​ថា វា​ជា​ប្រភេទ​ផលិតផល​ដែល​អាច​ជំនួស​គ្នា​បាន​។

ក្នុងន័យនេះ ស្បែក​ជើងល្អ​របស់​ម៉ាក​ហ្វេរ៉ាហ្កាម៉ូ អាច​ប្រើ​ជំនួស​ឱ្យ​ស្បែកជើង​ម៉ាក​ហ្គុជី​បាន គឺថា វា​ស្ថិតក្នុង​ទីផ្សារ​ស្បែកជើង​តែមួយ​។ ប៉ុន្តែ​បើ​យើង​បន្ត​សញ្ជឹងគិត​បន្តិចទៀត យើង​អាច​ពន្លា​តទៅ​គិតដល់​ទីផ្សារ​រណប​បាន​ដល់​ទៅ​ ៣ ​បន្ថែមទៀត​ សម្រាប់​ស្បែកជើង​នារី​ស្បែកជើង​បុរស​ស្បែកជើង​ក្មេង​។

ហេតុនេះ គ្រាន់តែ​ការកំណត់​ថា តើ​មាន​ទីផ្សារ​ណាមួយ​ ឬ​មិនមាន​នោះ​វា​ជា​រឿង​លំបាក​មួយ​បាត់ទៅហើយ​ក្នុង ខណ:​ដែល​អ្វីៗ​ដែល​រូបអ្នក​ និង​ខ្ញុំ​ដឹង​ពេលនេះ​មុខតែ​នឹង​វិវត្ត​ផ្លាស់ប្តូរ​ជានិច្ច​តាម​គន្លង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ថ្មីៗ​ដែល​នឹង​លេច​ឡើងជា​បន្តបន្ទាប់​។

អ្វីដែល​នឹងមិន​ប្តូរផ្លាស់​នោះ​គឺថា ច្បាប់​នេះ​នឹង​ក្លាយជា​កម្មវត្ថុ​នៃ​រឿង​ក្តីក្តាំ​ជាច្រើន​ចៀស​មិន​រួច​។ ​ដូចនេះ ​ដើម្បី​ឱ្យ​ច្បាប់​នេះ​អាច​ដោះស្រាយ​បញ្ហា​បាន​​អ្នក​ត្រូវអនុវត្ត​ឱ្យ​បាន​ញឹកញាប់​ទោះជា​ស្រឡាញ់​ ឬ​មិន​ស្រឡាញ់​​ច្បាប់​នេះ​ក្តី​៕

Dr. Virak Prum, LLB, LLM, PhD (2006 Nagoya University) ​បង្រៀនច្បាប់​នៅ CamEd Business School​។ គំនិត​ក្នុង​អត្ថបទ​នេះ ជា​របស់​តែ​អ្នកនិពន្ធ​ប៉ុណ្ណោះ​។

ព័ត៌មានថ្មីៗ