ថ្ងៃ ៧ ខែមករា ឆ្នាំ ២០២២ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៤៣ ឆ្នាំនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរ-ក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏មានទៅតាមនោះដែរ។ អត្ថន័យនៃថ្ងៃ ៧ មករាហាក់ត្រូវបានកំណត់ដោយផ្អែកលើទស្សនៈ និងគោលជំហរនយោបាយជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។
សម្រាប់ខ្ញុំ “ថ្ងៃ ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្គ្រាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ ។ ថ្ងៃ ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧ មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន។
អ្នកដែលកើតមុនឆ្នាំ ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ ខ្ញុំបានកើតមុនរបបខ្មែរក្រហម ហើយក្លាយជាកុមារនៅក្នុងរបបខ្មែរក្រហម ក្រោយមកជាកុមារ និងជាយុវជននៅក្នុងសម័យក្រោយរំដោះ ៧ មករា ដូច្នេះ ខ្ញុំគឺជាសាក្សីម្នាក់ដែលបានឃើញការរីកចម្រើន និងការអភិវឌ្ឍប្រទេសកម្ពុជា។
បើយើងពិបាកក្នុងការប្រៀបធៀបអំពីការរីកចម្រើនរបស់ប្រទេសជាតិទាំងមូលសូមប្រៀបធៀបតែក្នុងរង្វង់គ្រួសារយើងនីមួយៗទៅក៏យើងអាចដឹងបានដែរថា តើពីឆ្នាំ ១៩៧៩ មកដល់ឥឡូវមានការប្រែប្រួលផ្លាស់ប្តូរអ្វីខ្លះក្នុងសង្គមគ្រួសារបស់ខ្លួន?
អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិក្នុងការរស់រានមានជីវិតក៏គ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេគឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណា ក៏យើងមិនស្គាល់ដែរ។
យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើងដែរ។ សព្វថ្ងៃនេះយើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាងរាប់តាំងពីសិទ្ធិគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។ ការអប់រំយើងមានតាំងពីកម្រិតកុមារតូច ថ្នាក់បឋមរហូតដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។
ទាំងអស់នេះគឺជាអ្វីដែលយើងបានឃើញអំពីការប្រែប្រួលនៃសិទ្ធិផ្នែកស្មារតី។
រីឯផ្នែករូបវន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះ រួមមានស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើមគឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ពីមុននៅពេលដែលយើងចង់ធ្វើដំណើរពីខេត្ត ១ ទៅខេត្ត ១ ពីតំបន់ ១ ទៅតំបន់ ១ នៅទូទាំងប្រទេស ឬសូម្បីតែការធ្វើដំណើរពីផ្ទះទៅសាលារៀន តើយើងត្រូវចំណាយពេលប៉ុន្មាន? ឥឡូវនេះការធ្វើដំណើរទៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសគឺសុទ្ធតែអាចវិលល្ងាចបាន។ ស្ពាន ផ្លូវ ថ្នល់សាលារៀនមន្ទីរពេទ្យ វត្តអារាម សំណង់អគារនានា គឺជាភ័ស្តុតាងដែលមិនអាចបដិសេធនូវសមិទ្ធផលក្រោយ ៧ មករា ១៩៧៩។
និយាយពីរាជធានីភ្នំពេញវិញ តើនៅសម័យកាលណា ដែលយើងអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវរីកធំ មានសំណង់អគារស្កឹមស្កៃច្រើនស្អេកស្កះមហាវិថី រុក្ខវិថី និងផ្លូវតូចធំខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀត យើងមើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ចយើង។ យើងរក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ៧ ភាគរយពិត ២ ទសវត្សរ៍មកហើយ,ប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ ដែលពីមុនយើងធ្លាប់បានក្រោម ១០០ ដុល្លារប៉ុណ្ណោះក្នុង ១ ឆ្នាំ តែឥឡូវនេះកើនដល់ទៅជិត ២ ០០០ ដុល្លារ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់ក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និង សេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករាដែលជាទេវតារំដោះជាតិ និងប្រជាជន, អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ,ត្រូវចងចាំពីទស្សនវិជ្ជាឯកភាពផ្សះផ្សា និងបង្រួបបង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារិកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងទៅមុខទៀត។ ទន្ទឹមនឹងនោះដែរ អ្នកស្នងមរតក ៧ មករា ត្រូវតែបន្តរក្សានូវសមិទ្ធផល ៧ មករា ឱ្យបាន និងដាក់ចេញនូវទស្សនវិស័យថ្មី យុទ្ធសាស្ត្រថ្មី និងចក្ខុវិស័យថ្មីឱ្យស្របតាមការវិវឌ្ឍនៃចរន្តសកលភាវូបនីយកម្ម ដើម្បីបង្កើតមរតក និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់អ្នកជំនាន់ក្រោយ,គេមិនត្រូវស្កប់ស្កល់តែនឹងសមិទ្ធផល ៧ មករាបច្ចុប្បន្ន ហើយសូត្រមេសូត្ររត់មាត់ ៧ មករា រហូតទេ បើពុំនោះទេ គេនឹងក្លាយជាអ្នកនយោបាយស៊ីកេរ លក់កេរ/កេរ្តិ៍៕
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា