អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ មាន​​​​ភោជនីយដ្ឋាន​ល្បីៗ​​តិចតួច ដូចជា ហង្សនាគ និង​ ហេង ឡាយ ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៦ អា ម្ដុំ​ព្រែកលៀប ​ហើយ​ចំពោះ​កន្លែង​ដើរ​លេង​ពេញ​និយម​ ​វា​ហាក់​ដូច​ជា​គ្មាន​អ្វី​លើស​ពី​សួន​មុខ​ព្រះបរមរាជវាំង តំបន់​មាត់​សមុទ្រ និង​ប្រាង្គ​ប្រាសាទ​អង្គរវត្ដ​ ​ខណៈ​​ទេសចរណ៍​ធម្មជាតិ​ គឺ​សូន្យ​។ ​

ទេសចរណ៍​សហគមន៍ ឬ​អេកូ​ទេសចរណ៍ ស្ថិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នៃ​ចម្ការ​មីន និង​ដែន​ដី​មួយ​ផ្នែក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ខ្មែរ​ក្រហម​ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​នឹក​នា​ដល់​ដំណើរ​​កម្សាន្ដ​បែប​​​ធម្មជាតិ​ឡើយ​។


ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទៀត របៀប​របប​នៃ​ការ​រស់នៅ​កាន់​តែ​មាន​ការ​អភិវឌ្ឍ កម្ពុជា​មើល​ឃើញ​ពី​កំណើន​នៃ​ចំនួន​ភោជនីយដ្ឋាន​ អាហារដ្ឋាន តូប​អាហារ​តាម​​ចិញ្ចើម​ផ្លូវ​ជាមួយ​មុខ​ម្ហូប​ដ៏​សម្បូរ​បែប​ ក៏​ដូចជា រមណីយដ្ឋាន រីសត​ តំបន់​អេកូ​ទេសចរណ៍​ រួមទាំង តន្ដ្រី ភាពយន្ដ និង​វិចិត្រ​សាល​សិល្បៈ បន្ដ​​រីក​ដុះដាល​ព្រោង​ព្រាត​។


រយៈពេល​ជិត ៣ ​ទសវត្សរ៍​មក​នេះ កាសែត​ ភ្នំពេញ​ ប៉ុស្ដិ៍ បាន​និង​កំពុង​តែ​​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ មិន​ត្រឹម​​តែ​ផ្ដល់​នូវ​ព័ត៌មាន​ផ្នែក​នយោបាយ សន្ដិសុខ​សង្គម និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​​​ណែនាំ​ទី​កន្លែង​កម្សាន្ដ​​​ថ្មី​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ព្រម​ទាំង​បាន​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​រសជាតិ​អាហារ​ ​ទម្រង់​​​​សិល្បៈ និង​បញ្ហា​​ផ្សេងៗ​ទៀត​ ដើម្បី​​លើក​ស្ទួយ​របៀប​របប​រស់នៅ​កាន់​តែ​ប្រសើរ​។


ប៉ុស្ដិ៍​ ទេសចរណ៍ រុករក​តំបន់​កម្សាន្ដ​​​ទូទាំង​រាជាណាចក្រ​


ចាប់​ពី​រមណីយដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ ជាយ​ក្រុង​ជិត​ៗ រហូត​ដល់​ឆ្ងាយៗ​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​នៃ​ខេត្ដ​រតនគិរី ក៏​ដូចជា តំបន់​អេកូធម្មជាតិ​​ទូទាំង​ប្រទេស​ រយៈពេល​ជិត​ ១០ ​ឆ្នាំ​នៃ​ការ​បង្កើត​ទំព័រ​ទេសចរណ៍​នៅ​ក្នុង​កាសែត ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​ណែនាំ​ទីតាំង​កម្សាន្ដ​រាប់​រយ​ដ៏​សម្បូរ​បែប​។


លោក David-Jaya Piot​ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​ប្រចាំ​នៅ​សៀមរាប​​និយាយ​ថា​៖ «​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដូចជា កាសែត​ ភ្នំពេញ​ ប៉ុស្ដិ៍ ពិត​ជា​មាន​សារៈសំខាន់​ចំពោះ​​វិស័យ​ទេសចរណ៍​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​មហាជន​បាន​ដឹង​ពី​ទីកន្លែង​ធ្វើ​ដំណើរ​​ប្រកប​ដោយ​សុវត្ថិភាព​ និង​រីករាយ​ ជាពិសេស​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​»។

តាំង​ពី​មុន​កូវីដ​ដល់​​​បច្ចុប្បន្ន​ ទេសចរណ៍​បែប​សហគមន៍​នៅ​តែ​មើល​ឃើញ​ពី​កំណើន​ភ្ញៀវ​ជា​ហូរហែ ​ដោយ​​ព្យាយាម​គេច​ឆ្ងាយ​ពី​តំបន់​មនុស្ស​ច្រើន ហើយ​មួយ​ផ្នែក​ក៏​អរគុណ​ដល់​ការ​​ផ្សព្វផ្សាយ​ផង​ដែរ។

​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ទីឋាន​យន្ដហោះ​ធ្លាក់​នៅ​លើ​កំពូល​ភ្នំ​ឱរ៉ាល់​​​។ ហុង មិនា

លោក ឈឺម ឈីម ប្រធាន​សហគមន៍​​តំបន់​ស្រែកិន​ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ​ ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៤ ​​និយាយ​ថា ​តាំង​ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​រមណីយដ្ឋាន​ទេសចរណ៍​វិញ មាន​ភ្ញៀវ​​ជា​ច្រើន​ ដែល​ក្នុង​មួយ​សប្ដាហ៍​ចន្លោះ​ពី ៣ ទៅ ៥ ​ក្រុម​ ទៅ​លេង​ទឹក​ធ្លាក់​ជើង​ភ្នំ និង​ទី​កន្លែង​ថ្មីៗ ទាក់ទង​កន្លែង​យន្ដហោះ​ធ្លាក់​ ដែល​ភ្ញៀវ​ភាគ​ច្រើន​ចង់​ដឹង​ចង់​ស្គាល់។ ពួក​​គាត់​សម្រាក​​​ពី ២ ទៅ ៣ ​យប់ ​នៅ​លើ​ខ្នង​ភ្នំ​ឱរ៉ាល់​។

លោក​​​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «ច្បាស់​​ណាស់! តាមរយៈ​ការ​ផ្សព្វផ្សាយ​ភ្ញៀវ​​បាន​​ដឹង​ច្រើន​អំពី​តំបន់​ទេសចរណ៍ ​ហើយ​យើង​ទទួល​ភ្ញៀវ​ថ្មីៗ​ជាច្រើន​នាក់​​»។

យុវជន​កូន​កាត់​ខ្មែរ​-បារាំង David​ ក៏​ជា​សហស្ថាបនិក Kulen Elephant Forest បាន​និយាយថា​៖ «ខ្ញុំ​​សូម​កោត​សរសើរ​​​កាសែត​​ ភ្នំពេញ ប៉ុស្ដិ៍ លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​សុក្រឹតភាព​។ អរគុណ​​ចំពោះ​ការ​ចំណាយ​ពេល​សរសេរ​​អត្ថបទ​មាន​តុល្យភាព និង​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​។ អបអរខួប​ ២៩ ​ឆ្នាំ​»។

ភោជនីយដ្ឋាន​បម្រើ​មុខ​ម្ហូប​ចម្រុះ​ជាតិ​សាសន៍​

ភោជនីយដ្ឋាន​ជា​ច្រើន​​ ដែល​បម្រើ​មុខ​ម្ហូប​ខ្មែរ រួម​ទាំង​ថៃ​ វៀតណាម ឥណ្ឌា ប៉ាគីស្ថាន តួកគី និង​អឺរ៉ុប ត្រូវ​បាន​ចុះ​ផ្សាយ​លើ​កាសែត​ ភ្នំពេញ ​ប៉ុស្ដិ៍ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស។

ដោយ​ទទួល​ស្គាល់​ពី​​ប្រសិទ្ធភាព​​នៃ​ការ​ផ្សព្វផ្សាយ​ ម្ចាស់​ហាង​ Burgershack ទីតាំង​នៅ​ក្នុង​សង្កាត់​បឹង​កេងកេង ១ ខណ្ឌ​បឹងកេងកង និង​នៅ​ខេត្ដ​កំពត បាន​កោត​សរសើរ​ចំពោះ​​ការ​ចុះផ្សាយ​របស់​កាសែត ​ភ្នំពេញ ​ប៉ុស្ដិ៍​ ប្រកប​ដោយ​វិជ្ជាជីវៈ​។

លោក Luke Macdonald និង​ភរិយា Holly Churchill បាន​និយាយ​ថា​៖ «​​យើង​ពេញ​ចិត្ត​ដែល ភ្នំពេញ ​ប៉ុស្ដិ៍ ​បោះពុម្ព​ទាំង​ជា​ភាសា​អង់គ្លេស ​និង​ខ្មែរ​ ដោយ​​មិត្តភក្តិ​ ​​គ្រួសារ​ និង​អតិថិជន​មាន​មោទនភាព​ដែល​យើង​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​ដ៏​ល្បី​នេះ​​។ យើង​អរគុណ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែល​បាន​គាំទ្រ​អាជីវកម្ម​ឯករាជ្យ​ក្នុង​ស្រុក​មួយ​នេះ​»។

​ប្ដីប្រពន្ធម្ចាស់​ភោជនីយដ្ឋាន Burger Shack។ហុង មិនា

Princella Anum Gill បាន​រើ​ផ្ទះ​ពី​ប៉ាគីស្ថាន​មក​កាន់​កម្ពុជា និង​បាន​បើក​ភោជនីយដ្ឋាន​ ដើម្បី​បម្រើ​មុខ​ម្ហូប​ប៉ាគីស្ថាន និង​ឥណ្ឌា​ ក្នុង​សង្កាត់​ទួលទំពូង Princella Flavors of Saffron ក្នុង​ឆ្នាំ​ ២០០០។

កញ្ញា Gill បាន​និយាយ​ថា​៖ «​យើង​ពិត​ជា​ពេញ​ចិត្ត​ទៅ​លើ​អត្ថបទ​ដែល​ ភ្នំពេញ ប៉ុស្តិ៍​ បាន​សរសេរ​អត្ថបទ​សម្រាប់​ភោជនីយដ្ឋាន​របស់​យើង​។ វា​ពិត​ជា​បទពិសោធ​ដ៏​ល្អ ​ហើយ​តាមរយៈ​​អត្ថបទ​នេះ​ យើង​ទទួល​បាន​នូវ​លទ្ធផល​វិជ្ជមាន​យ៉ាង​ច្រើន​។ យើង​ពិត​ជា​អរគុណ​ណាស់​ចំពោះ​កាសែត​​ ភ្នំពេញ​ ប៉ុស្តិ៍​»។

អំឡុង​ពេល​វិបត្ដិកូវីដ​នេះ ភោជនីយដ្ឋាន​ទាំង​ ២ ​នៅ​បន្ដ​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​ បើ​ទោះបី​ជា​ជួប​ការ​លំបាក​ដូច​បណ្ដា​ភោជនីយដ្ឋាន​ដទៃ​ទៀត​យ៉ាង​ណា​​ក៏​ដោយ​។

ម្ហូប​ឈុត​សាច់គោពិសេស​ពីភោជនីយដ្ឋានស៊ុបគោខ្មែរសៀមរាប។ រូបថត ​យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភ្នំពេញ ​ប៉ុស្ដិ៍​ បន្ដ​លើក​ស្ទួយ​វប្បធម៌​ និង​​សិល្បៈ​គ្រប់​ទម្រង់​

កញ្ញា ឡូរ៉េន អ៊ីអិដា ជា​នាយិកា​នៃ​អូផេន​ស្ទូឌីយោ​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ភ្នំពេញ​ ប៉ុស្តិ៍​ តែងតែ​បាន​ផ្តោត​សំខាន់​នូវ​​​រាល់​​​​ព្រឹត្តិការណ៍​សិល្បៈ​ និង​បង្ហាញ​ក្រុម​​វិចិត្រករ​មាន​ក្នុង​ប្រទេស​កម្ពុជា ​​​ ដែល​អាច​​​​​​ជួយ​គាំទ្រ​ដល់​ក្រុម​វិចិត្រករ និង​ភ្នាក់ងារ​វិចិត្រសាល​នានា មាន​ឱកាស​បង្ហើប​បង្ហាញ​​ពី​ជំនាញ​​​ចំណេះ​​ដឹង​ផ្នែក​​សិល្បៈ​នៅ​កម្ពុជា​ និង​ជួយ​ផ្សព្វផ្សាយ​​ពី​ស្នាដៃ​​ពួក​គេ​​​​ឱ្យ​សាធារណជន​​​យល់​​​ដឹង​។​

កញ្ញា​និយាយ​ថា​៖ «​​យើង​សង្ឃឹម​ថា ភ្នំពេញ​ ប៉ុស្តិ៍ នឹង​បន្ត​​កិច្ច​ការ​បែប​នេះ​ទៀត សម្រាប់​ជួយ​ផ្សព្វផ្សាយ​អំពី​​​​ព្រឹត្តិការណ៍​សិល្បៈ​​ផ្សេងៗ មិន​ថា​តែ​​​នៅ​ អូផេន​ស្ទូឌីយោ នោះ​ទេ គឺ​គ្រប់​បណ្តា​អង្គភាព​ផ្នែក​សិល្បៈ​​នានា​នៅ​​​​ប្រទេស​កម្ពុជា​»។​

យុវតីខ្មែរគ្រងឈុតសម័យបុរាណខ្មែរ​ និងលេងឧបករណ៍​រនាត​ បំណងថតរូបអនុស្សាវរីយ៍​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជា​អ្នក​តាមដាន​កាសែត​ ភ្នំពេញ ​ប៉ុស្ដិ៍​ ជា​ប្រចាំ​ម្នាក់ លោក ជា សុភាព ​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា បាន​ឱ្យ​ដឹង​ថា ភ្នំពេញ ប៉ុស្តិ៍​ មាន​សកម្ម​ផុសផុល​ខ្លាំង​​​ក្នុង​ការ​បង្ហើប​បង្ហាញ​ជូន​ដំណឹង និង​​​​ចែក​រំលែក​នូវ​ចំណេះដឹង​ផ្នែក​​​សិល្បៈ​ វប្បធម៌​ទៅ​ដល់​សាធារណជន​។

លោក​និយាយ​ថា​៖ «​​កាសែត​នេះ ក៏​មាន​វិជ្ជាជីវៈ​ខ្ពស់​ដែរ ​ក្នុង​ការ​ផ្តល់​នូវ​ទំនុក​ចិត្ត សុក្រឹតភាព និង​អព្យាក្រឹត​ភាព​​នៃ​ការ​ចែក​ជូន​​ព័ត៌មាន ​ដល់​អ្នក​អាន​​​លើ​ផ្នែក​​សិល្បៈ​ វប្បធម៌ និង​​ជា​បណ្តុំ​នៃ​ព័ត៌មាន​​ជា​ច្រើន​​ ដូចជា​ព្រឹត្តិការណ៍​រៀបចំ​​សិល្បៈ វប្បធម៌ ​មិន​ថា​ជា​​​ការ​ប្រារព្ធ​​​​​ក្នុង​មជ្ឈមណ្ឌល​បុប្ផាណា ឬ​នៅ​កន្លែង​ផ្សេងៗ​នោះ​ទេ»។

​​ក្រុមសៀកបង្ហាញសមត្ថភាព​ព្រួសភ្លើង​ក្នុងការសម្ដែង​នៅឆ្នាំ២០១៧។ រូប ហេង ជីវ័ន

លោក ប៉ោយ ឈុនលី​ ជា​សិល្បករ​ និង​គ្រូ​បង្រៀន​ជំនាញ​គំនូរជីវចល និង​វីដេអូ​ នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ បាន​បង្ហើប​​​ថា៖ «រាល់​ការ​​ចុះ​ផ្សាយ​របស់​កាសែត ភ្នំពេញ ប៉ុស្ដិ៍​ ​លើ​វិស័យ​សិល្បៈ​រហូត​មក​ គឺ​​ជួយ​​ជ្រោមជ្រែង​ និង​​​ជា​យុទ្ធសាស្រ្ត​​​ដ៏​ខ្លាំង​មួយ​ក្នុង​ការ​បំផុស និង​លើក​ទឹក​ចិត្ត​ដល់​សិល្បករ​ផ្ទាល់​ឱ្យ​​មាន​​កម្លាំង​ចិត្ត​​​​បន្ត​ការងារ​ខ្លួន»​។

លោក​បន្ដ​ថា៖ «​​សិល្បករ​​ទាំង​​អស់​ សូម​អរគុណ​ដល់​​ ភ្នំពេញ ប៉ុស្តិ៍ ដែល​តែងតែ​ជួយ​ផ្សព្វផ្សាយ​កន្លង​មក និង​សុំ​ឱ្យ​​កាសែត​​​នេះ​ នៅ​តែ​បន្ត​ចុះ​ផ្សាយ ​ដើម្បី​​ជួយ​ឱ្យ​វិស័យ​សិល្បៈ​ខ្មែរ​យើង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ត​ទៀត»៕ ​

ទិដ្ឋភាពពិព័រណ៍​ភ្នំពេញ​សិល្បៈ​នៅ​វិចិត្រសាល​ក្នុង Factory Phnom Penh​​។ ហ៊ាន រង្សី