ក្រុមហ៊ុន Ming Fai Group គឺជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ប្រើប្រាស់​ក្នុង​សណ្ឋាគារ និង​អាកាសចរណ៍​លំដាប់​ពិភពលោក កំពុង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា​រួមទាំង​ការនាំយក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​របស់ខ្លួន​ចូលទៅក្នុង​ទីផ្សារ​លក់រាយ​។

ដោយ​កោតសរសើរ​ប្រទេស​កម្ពុជា​ចំពោះ​ធនធានមនុស្ស និង​បរិយាកាស​អាជីវកម្ម​មាន​ស្ថិរភាព ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​សម្រាប់​សណ្ឋាគារ​មួយ​នេះ គ្រោង​នឹង​ពង្រីក​កម្លាំង​ពលកម្ម​ក្នុងស្រុក​ឱ្យ​បាន​រហូតដល់​ ៥ ០០០ ​នាក់ ពី​ចំនួន ២ ០០០ ​នាក់​បច្ចុប្បន្ន​នៅក្នុង​រោងចក្រ​ចំនួន​ ១៧ ​របស់ខ្លួន​នៅ​កម្ពុជា​។


បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨០ ក្រុមហ៊ុន​ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន​មួយ​នេះ​បាន​ធ្វើ​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា​ក្រោម ឈ្មោះ Ming Fai Enterprise (Cambodia) Co Ltd នៅ​ខែមករា ឆ្នាំ​ ២០១៨ បន្ទាប់ពី​បាន​ស្វែងយល់​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​បរិយាកាស​អាជីវកម្ម​របស់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​។


«​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​មាន​សក្តានុពល​ធំ ហើយ​នឹង​បន្ត​កើនឡើង​។ ប្រទេស កម្ពុជា​មាន​កម្លាំង​ពលកម្ម​វ័យក្មេង​ហើយ​យើង​ចង់ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ចូលរួម​ជាមួយ​យើង​ ពីព្រោះ​យើង​នៅទីនេះ​សម្រាប់​ការវិនិយោគ​រយៈពេល​វែង ខណៈ​ប្រទេស​ជាតិ​មាន​ការរីកចម្រើន​»​។


លោក ChingTsun-wah អនុប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ming Fai មានប្រសាសន៍ថា​៖ «​យើង​កំពុង​ពង្រីក​ផលិតកម្ម​របស់​យើង​នៅ​កម្ពុជា​ពី​ការផលិត​កាបូប​ប្រើ​ក្នុង​យន្តហោះ និង​ស្បែកជើងផ្ទាត់ (slipper) ចូលទៅក្នុង​ដំណាក់កាល​បន្ទាប់​នៃ​ខ្សែចង្វាក់​ផលិតកម្ម​របស់​យើង​សម្រាប់​វត្ថុ​រាវ និង​ដប​»​។


ពិពណ៌នា Ming Fai ថា​ជា​ «​ហាង Ikea នៃ​ឧស្សាហកម្ម​សណ្ឋាគារ​» ​ដោយ​មាន​ហាង​តាំង​បង្ហាញ​ «Total Solution Service Center» ​ទំហំ​ ១ ​ម៉ឺន​ម៉ែត្រការ៉េ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​។


ដោយ​ផ្តល់ជូន​នូវ​ផលិតផល​តាម​តម្រូវការ​ជាច្រើន​ប្រភេទ លោក Ching ​បាន​និយាយថា មាន​គម្រោង​កំពុង​ដំណើរការ ដើម្បី​បើកហាង​តាំង​បង្ហាញ​តិចជាង​ ១ នៅ​ទីក្រុង​ភ្នំពេញ​។

«​សណ្ឋាគារ​អាច​ចូលមក​មើល​ក្នុង​ហាង​ហើយ​រកមើល​អ្វីដែល​ពួកគេ​ចង់បាន ហើយ​ប្រសិនបើ​ពួកគេ​រក​មិនឃើញ​អ្វីដែល​ពួកគេ​ត្រូវការ យើង​អាចជួយ​សម្រួល​តាម​តម្រូវការ​របស់​ពួកគេ​»​។ «​យើង​មាន​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជាមួយ​សណ្ឋាគារ​ហើយ​យើង​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​របស់​យើង ដូច្នេះ​ពួកគេ​មិនចាំបាច់​ទៅ​​រក​អ្នកផ្គត់ផ្គង់ A, B, C និង D ទេ​»​។

ដោយបាន​ក្លាយជា​អ្នក​នាំមុខគេ​ក្នុង​ការផ្គត់ផ្គង់​សម្ភារ​ដល់​វិស័យ​សណ្ឋាគារ និង​អាកាសចរណ៍​អន្តរជាតិ លោក Ching លើកឡើងថា​ Ming Fai កំពុង​បន្ត​ពង្រីក​ខ្លួន​ចូល​ទៅក្នុង​ផ្នែក​ផលិតផល​ថែរក្សា​រាងកាយ និង​គ្រឿងសម្អាង​។

«​នៅពេលដែល Ming Fai ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​ ១៩៨០ យើង​បានចាប់ផ្តើម​ជាមួយនឹង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុង​សណ្ឋាគារ ដូចជា​របស់​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក​ដូចជា​សាប៊ូ​កក់សក់ និង​ជេល​ងូតទឹក​។ បន្ទាប់មក​យើង​បាន​ពង្រីក​ពី​ផលិតផល​រាវ​ទៅជា​ផលិត​អ្វី​គ្រប់យ៉ាង​ដែល​អ្នកឃើញ​នៅក្នុង​សណ្ឋាគារ​»​។

«​ឥឡូវ​យើង​មាន​ផលិតផល ២០០-៣០០ ​ប្រភេទ​នៅក្នុង​ជួរ​ផលិតផល​របស់​យើង ហើយ​យើង​កំពុង​ពង្រីក​បន្ថែម​ឧទាហរណ៍​ផលិតផល​ថែរក្សា​សម្ផស្ស​ផ្ទាល់ខ្លួន និង​គ្រឿងសម្អាង​»​។

លោក Ching បន្តថា Ming Fai ក៏មាន​បំណង​ធ្វើឱ្យ​ផលិតផល​គ្រឿងសម្អាង​ដែល​ផលិត​នៅ​កម្ពុជា​អាច​រក​ទិញ​បាន​ឆាប់ៗ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ហាង​នៅ​កម្ពុជា​ផងដែរ​។

«​ខណៈ​សម្ភារ​សម្រាប់​ប្រើប្រាស់​នៅក្នុង​សណ្ឋាគារ និង​អាកាសចរណ៍​នៅតែ​ជា​អាជីវកម្ម​ស្នូល​របស់​យើងៗ​ក៏​ចង់​ពង្រីក​បន្ថែម​ទៅក្នុង​វិស័យ​ផ្សេងទៀត​ដូច​ជាការ​លក់រាយ​។ នៅ​កម្ពុជា​យើង​កំពុង​សម្លឹង​ទៅ​អនាគត​ដ៏ខ្លី​ខាងមុខ ដើម្បី​អភិវឌ្ឍ​ទៅជា​ផលិតផល​លក់រាយ​នៅក្នុង​ទីផ្សារ​ធំៗ​ដូចជា​ផ្សារ​ទំនើប និង​តាម​ហាង​លក់ទំនិញ​ជាដើម​»​។

លោក Ching មានប្រសាសន៍ថា​៖ «​យើង​បាន​ចុះបញ្ជី​ម៉ាក​យីហោ និង​បាន​បញ្ជូន​ផលិតផល​ដើម្បី​ចុះបញ្ជី​រួចហើយ ហើយ​យើង​ជឿជាក់ថា​ជាមួយ​នឹង​ការផ្សព្វផ្សាយ​នៅលើ​ទីផ្សារ​ដ៏រឹងមាំ​ជាមួយ​ក្រុមហ៊ុន ក៏ដូចជា​គុណភាព​នៃ​ផលិតផល​របស់​យើង​នៅលើ​ទីផ្សារ នោះ​អ្នកប្រើប្រាស់​នឹង​ជ្រើសរើស​ផលិតផល​របស់​យើង​»៕