Flatiron by Meridian ជាគម្រោងអភិវឌ្ឍន៍ដែលទទួលបានពានរង្វាន់ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងទទួលបានបណ្ណអនុញ្ញាតគ្រប់គ្រងជាបណ្តោះអាសន្ននាពេលឆាប់ៗខាងមុខនេះ។ ដោយទទួលបានការបំផុសគំនិតពីអគារ Flatiron នៅក្នុងទីក្រុងញូវយ៉ក អគារដែលមានរចនាសម្ព័ន្ធប្រកបដោយភាពទាក់ទាញមួយនេះបានក្លាយជាចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងបណ្តុំនៃអគារខ្ពស់ៗក្នុងទីក្រុងភ្នំពេញ និងជាអគារនិមិត្តរូបមួយនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុង។ មានកម្ពស់ ៤១ ជាន់ អគារអភិវឌ្ឍន៍ពហុមុខងារនេះ នឹងមានរួមបញ្ចូលទាំងការិយាល័យ និងអាផាតមិនអូតែល (Apart’ Hotel) ដែលនឹងត្រូវគ្រប់គ្រងក្រោមម៉ាកយីហោល្បីមួយឈ្មោះថា Citadines ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន The Ascott Limited ដែលជាបុត្រសម្ព័ន្ធផ្តាច់មុខនៃក្រុមហ៊ុន CapitaLand Limited ជាក្រុមហ៊ុនឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅលើសេវាកម្មលំនៅឋានស្នាក់នៅបែបស្តង់ដាអន្តរជាតិ។
មានទីតាំងនៅក្នុងមជ្ឈមណ្ឌលនៃទីក្រុងភ្នំពេញ អគារ Flatiron by Meridian ស្ថិតនៅក្បែរផ្លូវសហព័ន្ធរុស្ស៊ី ដែលជាទីតាំងល្អបំផុតនៃរាជធានីរបស់ប្រទេសកម្ពុជា។ វាមិនត្រឹមតែផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញប៉ុណ្ណោះទេ ថែមទាំងងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតដូចជា ផ្សារធំថ្មី និងទៅកាន់ផ្សារទំនើបអ៊ីអនផងដែរ។ Flatiron by Meridian នឹងក្លាយទៅជាលំនៅកក់ក្តៅសម្រាប់អ្នកស្នាក់នៅ ដោយមានទីធ្លាកម្សាន្តលម្ហែ និងក្លិបដែលបំពាក់សម្ភារ បរិក្ខារទំនើបៗ រួមមាន អាងហែលទឹក ក្លឹបហាត់ប្រាណ និងបន្ទប់យូហ្កាថែមទៀតផង។ ទីធ្លាប្រើប្រាស់រួមមួយនេះនឹងបម្រើជូនដល់សមាជិកដែលមានចំនួនកំណត់ និងផ្តល់អាទិភាពដល់អ្នកធ្វើការនៅក្នុងការិយាល័យនៃអគារនេះផងដែរ។
ចំពោះលោកអ្នកដែលចង់មានជម្រើសមុខម្ហូបដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវបានបំពេញជូននៅអគារ Flatiron by Meridian ផងដែរ ព្រោះថាក្រុមហ៊ុន Thalias Hospitality Group នឹងក្លាយជាអ្នកផ្គត់ផ្គង់ និងផ្តល់នូវបទពិសោធនៃការទទួលទានអាហារសម្បូរបែបដល់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងគម្រោងអភិវឌ្ឍន៍មួយនេះ។
ម្ហូបអាហារ និងភេសជ្ជៈដែលនឹងផ្តល់ជូននៅ Flatiron by Meridian សន្យាថា នឹងផ្តល់ឱ្យអតិថិជននូវជម្រើសម្ហូបអាហារ និងសេវាកម្មដ៏ល្អដាច់គេ។ យីហោល្បីៗមួយចំនួនដែលស្ថិតនៅក្រោមក្រុមហ៊ុននេះនឹងត្រូវបានដាក់នៅ Flatiron by Meridian ដែលមានដូចជា ភោជនីយដ្ឋានខេម៉ា (Khéma) ដែលគេពេញនិយមចូលចិត្តគ្រប់ពេល និងល្បីល្បាញដោយសារការផ្តល់ជូនសេវាកម្ម ប្រកបដោយបដិសណ្ឋារកិច្ចខ្ពស់ និងហាងខេម៉ាហ្គោ (Khéma Go) ដែលនឹងបម្រើ នំបែបអឺរ៉ុប និងភេសជ្ជៈជាច្រើនមុខ។
ក្រុមហ៊ុននេះក៏បានបង្កើតនូវគំនិតភោជនីយដ្ឋានថ្មីមួយទៀតគឺ ភោជនីយដ្ឋាននិងបារ ឈ្មោះថា ស៊ាណា (Siena Restaurant Wine & Bar) ដែលគ្រោងនឹងចាប់ផ្តើមដំបូងនៅក្នុងគម្រោងអភិវឌ្ឍន៍នេះ នៅចំកណ្តាលទីក្រុងភ្នំពេញ។
អាហារបែបថ្មីៗទាំងនេះប្រាកដជាក្លាយជាជម្រើសកំពូលសម្រាប់អ្នកទទួលទានអាហារពេលល្ងាច ដែលកំពុងស្វែងរកអាហារប្រកបដោយគុណភាព នៅក្នុងបរិយាកាសបែបទំនើប និងលម្ហែអារម្មណ៍។ ការផ្តល់ ជូនរបស់ Thalias Hospitality Group មិនត្រូវបានកំណត់ត្រឹមតែចំពោះអតិថិជនដែលមកទទួលទាននៅទីតាំងរបស់ខ្លួននៅ Flatiron by Meridian តែប៉ុណ្ណោះទេ។ សម្រាប់អតិថិជនដែលកំពុងស្នាក់នៅអាផាតមិនអូតែល ដែលប្រតិបត្តិការក្រោម យីហោ Citadines Apart’ hotel ក៏នឹងរីករាយជាមួយអាហារដែលផ្តល់ដោយក្រុមហ៊ុននេះក្នុងទម្រង់ជាអាហារពេលព្រឹក និងសេវាកម្មបម្រើអាហារពេលល្ងាច (Room Service Dinning) ថែមទៀតផង។
គម្រោងអភិវឌ្ឍន៍ប្រណីតមួយនេះ ក៏នឹងទទួលស្វាគមន៍សាលា Shrewsbury មកជាអតិថិជនជួលរយៈពេលវែងរបស់ខ្លួន និងក៏ជាវត្តមានដំបូងរបស់សាលាល្បីល្បាញមួយនេះ ចូលមកក្នុងវិស័យអប់រំនៃប្រទេសកម្ពុជា។ សាលានេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៥៥២ ដោយស្តេច អេដវឺដទី ៦ ហើយសាលានេះគឺជាសាលាដ៏ល្អបំផុតមួយក្នុងចំណោមសាលាល្អជាងគេទាំង ៩ នៅក្នុងប្រទេសអង់គ្លេស ក៏ជាថ្នាលបណ្តុះបណ្តាលសិស្សានុសិស្ស រួមទាំងបុគ្គលល្បីល្បាញជាច្រើនទៀត រួមមាន Charles Darwin នៅក្នុងប្រវត្តិសាស្ត្រជាង ៥ សតវត្សរ៍របស់ខ្លួន។
សាលា Shrewsbury ដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជានឹងមានសេវាកម្មថែទាំកុមារ និងជាសាលាមត្តេយ្យផងដែរ។ សាលានេះមានគោលបំណងផ្តល់នូវចំណេះដឹងភាសាអង់គ្លេសដល់សិស្សានុសិស្ស ថែទាំពួកគេ ដើម្បីឆ្ពោះទៅការអភិវឌ្ឍឥតឈប់ឈរ និងផ្តល់នូវឱកាសលេចធ្លោដល់ពួកគេទាំងក្នុង និងក្រៅថ្នាក់រៀន។
ដើម្បីអនុវត្តនូវអរិយធម៌ទូទៅ និងគុណតម្លៃស្នូលរបស់សាលា ការអភិវឌ្ឍគម្រោងមេសម្រាប់ការអប់រំនឹងត្រូវបានរៀបចំឡើង។ កម្មវិធីសិក្សាភាសាអង់គ្លេសរយៈពេល ១៥ ឆ្នាំនេះនឹងរួមបញ្ចូលគ្នានូវយុទ្ធសាស្ត្រនៃក្រមសីលធម៌ និងគុណតម្លៃស្នូលរបស់សាលា Shrewsbury Cambodia ជាមួយនឹងបច្ចេកទេសគរុកោសល្យដែលបានបញ្ជាក់ជូន ដូច្នេះការអប់រំប្រកបដោយប្រសិទ្ធភាពអាចត្រូវបានផ្តល់ជូននៅដំណាក់កាលផ្សេងៗគ្នានៃការអភិវឌ្ឍរបស់កុមារ៕