កំណើន​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ដែល​ផលិត​នៅ​ប្រទេស​ចិន នៅក្នុង​ប្រទេស​កម្ពុជា មាន​សម្ទុះ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាមួយនឹង​ការមកដល់​នៃ​ជនជាតិ​ចិន និង​ការវិនិយោគ​កាន់តែ​ច្រើន​ផងដែរ​។

ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​យីហោ Transsion នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ឧទាហរណ៍​ថ្មី​មួយ​នៃ​យីហោ​របស់​ប្រទេស​ចិន​ដ៏ពេញនិយម ដែល​នៅពេលនេះ កំពុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​ដូចជា Oppo និង Vivo លើ​ទីផ្សារ​ក្នុងស្រុក​។


បច្ចុប្បន្ន​យីហោ​របស់​ប្រទេស​ចិន កំពុងកាន់​កាប់​ចំណែក​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​នៅ​កម្ពុជា គឺ​លើសពី​ ៨០ ភាគរយ គិត​ត្រឹម​ខែសីហា​។


ទូរស័ព្ទ​ចល័ត​របស់​ប្រទេស​ចិន​មាន​លក្ខណៈ​ទំនើប​ និង​ទាន់សម័យ ដែល​ងាយស្រួល​ប្រើប្រាស់ អាច​ជឿ​ទុកចិត្តបាន និង​មានតម្លៃ​សមរម្យ គឺ​កំពុង​បន្ត​គ្របដណ្ដប់​លើ​ទីផ្សារ​មួយ​នេះ​។


កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍ មុនពេល​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ កាលពីដើមឆ្នាំ​ ២០២០ បាន​ជួយ​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា ដែល​បានរួម​ចំណែក​ដល់​កំណើន​ទីផ្សារ​ទូរស័ព្ទ​ចល័ត ដោយសារ​តែ​តម្រូវការ​កើនឡើង​។


យោងតាម​ធនាគារ​ពិភពលោក​បាន​ឱ្យដឹងថា ដោយសារ​ការប្រកួតប្រជែង​គ្នា​កាន់តែខ្លាំង​ឡើង ក្នុង​ចំណោម​ប្រតិបត្តិករ​ទូរគមនាគមន៍ កម្រិត​ពន្ធ​នាំចូល​ទិន្នន័យ​នៅ​កម្ពុជា មាន​កម្រិត​ទាប​ខ្លាំង បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត ដែល​បាន​លើកកម្ពស់​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ការប្រើប្រាស់​ទិន្នន័យ​យ៉ាង​ទូលំទូលាយ​។


ការចរាចរ​ទិន្នន័យ​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ក្នុង​ ១ ​ខែ គឺ ៦,៩ ជីហ្គាបៃ ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង​ចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។

ការកើនឡើង​នៃ​ចំនួន​ទូរស័ព្ទ​ចល័ត​ និង​តម្រូវការ​ទិន្នន័យ បានផ្តល់​នូវ​តម្រូវការ​កាន់តែ​ខ្ពស់ ចំពោះ​ប្រតិបត្តិករ​បណ្តាញ​ទិន្នន័យ​។ ក្រុមហ៊ុន Huawei ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ២១ ឆ្នាំ​មកនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ដំណើរការ​នេះ​។

ក្រុមហ៊ុន Huawei Cambodia បានឱ្យដឹងថា ការជួយ​ប្រជាជន​កម្ពុជា​ជាង​ ៨០ ​ភាគរយ​ឱ្យ​ប្រើប្រាស់​បណ្តាញ​ឌីជីថល ដែលមាន​ល្បឿន​លឿន និង​មានតម្លៃ​សមរម្យ គឺជា​ឥទ្ធិពល​ដ៏សំខាន់​បំផុត​ដែល​ក្រុមហ៊ុន Huawei បាន​នាំ​មកដល់​សង្គម​កម្ពុជា​។

ក្រៅពី​ទីផ្សារ​ទូរស័ព្ទ​ចល័ត ការទិញ​ទំនិញ​តាម​អនឡាញ ការទូទាត់​តាម​អេឡិចត្រូនិក និង​ការដឹកជញ្ជូន​ទំនិញ​រហ័ស​នៅក្នុង​ចំណោម​សេវា​ផ្សេងៗ​ទៀត បាន​ជួយ​លើកកម្ពស់​ជីវិត​ឌីជីថល​របស់​កម្ពុជា​។

យោងតាម​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ Similarweb កម្មវិធី​ទិញ​ទំនិញ​ឈានមុខ​គេ​ទាំង​ ៤ ​នៅ​កម្ពុជា ត្រូវបាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន គឺ​ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Wownow ក្រុមហ៊ុន Taobao និង​ក្រុមហ៊ុន Leda​។ សមត្ថភាព​ផលិតកម្ម​ផ្ទាល់​របស់​កម្ពុជា​មិន​ខ្លាំង​នោះទេ ហើយ​ផលិតផល​មួយចំនួនធំ​ត្រូវការ​នាំចូល​។ គេហទំព័រ​ជួញដូរ​ជាច្រើន ដូចជា Alibaba បាន​បើក​បណ្តាញ​សម្រាប់​អតិថិជន​នៅ​កម្ពុជា ដើម្បី​ទទួលបាន​ផលិតផល​របស់​ប្រទេស​ចិន ដែលមាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​សមរម្យ​៕

Economic Daily