ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​មូលបត្រ​ត្រូវ​បាន​បង្កើត​ឡើង។ ដូចនេះ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព គណនេយ្យ​ភាព និង​សណ្តាប់​ធ្នាប់​ល្អ គណៈកម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក.) ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​ស្តី​ពី​ការបោះផ្សាយ និង​ជួញដូរ​មូលបត្រ​មហាជន ដែល​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែល មាន ឯកឧត្តមគតិបរិរក្សបណ្ឌិត គាត ឈន់, អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានសម្រាប់អាណត្តិដំបូង និងអាណត្តិបន្ទាប់មកទៀត មានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន។

តាមរយៈ​ច្បាប់​ស្តី​ពី​ការបោះផ្សាយ និង​ការ​ជួញដូរ​មូលបត្រ​មហាជន ន.ម.ក. ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ កក្កដា ឆ្នាំ២០០៨ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៩។


នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ គ.ម.ក. ត្រូវ​បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទៅជា និយតករ​មូលបត្រ​កម្ពុជា (ន.ម.ក.) ក្រោម​ច្បាប់​ស្តី​ពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដែល​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់ និង​មាន​ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន។


ន.ម.ក. បាន​ផ្តល់​ការអនុញ្ញាត​ដល់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ធ្វើជា​ប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រ ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផាត់ទាត់ និង​ទូទាត់​មូលបត្រ និង​ប្រតិបត្តិ​ករ​រក្សាទុក​មូលបត្រ។


នៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា។


គិត​ចាប់ពី​ពេល​បង្កើត​ឡើង​រហូត​មក​បច្ចុប្បន្ន​នេះ យើង​បានសម្រេច បាន​នូវ​សមិទ្ធផល​ជាច្រើន​រួមមាន៖


ក្របខ័ណ្ឌ​បទប្បញ្ញត្តិ៖ ន.ម.ក. បាន​រៀបចំ​នូវ​ច្បាប់​ចំនួន២ អនុក្រឹត្យ​ចំនួន៧ និង​បាន​អនុម័ត​ប្រកាស​ចំនួន ៧៦ និង​គោលការណ៍​ណែនាំ ក៏ដូចជា​ទម្រង់​លិខិតផ្លូវការ​ជាច្រើន​ទៀត។

ការ​ផ្តល់​អាជ្ញាប័ណ្ណ​/ការអនុញ្ញាត​/ការ​ទទួលស្គាល់​ដល់​តួអង្គ​សំ​ខាន់ៗនៅក្នុង​ទីផ្សារ៖ យើង​បាន​ផ្តល់​ការអនុញ្ញាត​/អាជ្ញាប័ណ្ណ​/ការ​ទទួលស្គាល់ ដល់​ក្រុមហ៊ុន​ដែល​ជា​តួអង្គ​សំ​ខាន់ៗនៅក្នុង​ទីផ្សារ​ដល់​ក្រុមហ៊ុន​ចំនួន១២៣ ដែល​ក្នុង​នោះ​រួមមាន​ក្រុមហ៊ុន​មូលបត្រ, ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ, ក្រុមហ៊ុន​ទីប្រឹក្សា​វិនិយោគ,ក្រុមហ៊ុន​ចែកចាយ​លក់​មូលបត្រ, ក្រុមហ៊ុន​ធ្វើអាជីវកម្ម​ឧបករណ៍ និ​ស្សន្ត, ក្រុមហ៊ុន​ធ្វើអាជីវកម្ម​គម្រោង​វិនិយោគ​រួម, ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល, ភ្នាក់ងារ​រក្សា​សុវត្ថិភាព​មូលបត្រ, ភ្នាក់ងារ​បញ្ជិកា​ចុះបញ្ជី​ផ្ទេរ​មូលបត្រ និង​ទូទាត់, ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ, ក្រុមហ៊ុន​ផ្តល់​សេវា​ផ្នែក​ច្បាប់, ក្រុមហ៊ុន​ផ្តល់​សេវា​សវនកម្ម និង​ក្រុមហ៊ុន​ផ្តល់​សេវា​វាយតម្លៃ។

ការ​ផ្តល់​ការអនុញ្ញាត​ដល់​ក្រុមហ៊ុន​បោះផ្សាយ៖ មកដល់​សព្វថ្ងៃ​នេះ យើង​មាន​ក្រុមហ៊ុន​ចំនួន៩ បាន​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ និង​ចុះបញ្ជី​នៅ​លើ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ដែល​ក្នុង​នោះ​ក្រុមហ៊ុន៧ បាន​និង​កំពុង​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​គោល ដែល​ជាទី​ផ្សារ​សម្រាប់​សហគ្រាស​ធុន​ធំ ដែល​មាន​ដើមទុន​ចាប់ពី 7.5លាន​ដុល្លារ​អាមេរិក និង ក្រុមហ៊ុន​ចំនួន ២ បាន​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​កំណើន​ដែល​ជាទី​ផ្សារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មាន​ដើមទុន​ចាប់ពី ៥០ម៉ឺន​ដុល្លារ​អាមេរិក និង​មាន​ក្រុមហ៊ុន​ចំនួន៧ បាន​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​ចំនួន ៩ ដែល​សរុប ក្រុមហ៊ុន​ទាំង១៦ នេះ បាន​ប្រមូល​សាច់ប្រាក់​ពីទី​ផ្សារ​ចំនួន 281.8លាន​ដុល្លារ​អាមេរិក។

លេខ​អត្តសញ្ញាណ​វិនិយោគិន និង​ទិន្នន័យ​ទីផ្សារ៖ ន.ម.ក. បាន​ផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​ចំនួន 31,640 ដែល​ក្នុង​នោះ​មាន​វិនិយោគិន​ស្ត្រី​ចំនួន ៣៤% និង​វិនិយោគិន​សញ្ជាតិ​ខ្មែរ​ចំនួន ៨៦%។ ចំនួន​វិនិយោគិន​មានការ​កើនឡើង​យ៉ាង​គំហុក​ក្នុង​ឆ្នាំ២០១៨ ដែល​ក្នុង​ឆ្នាំ២០១៨ យើង​បាន​ផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​ចំនួន 11,714។ គិត​ត្រឹម​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ យើង​មាន​មូល​ធននូ​បនី​យក​ម្ម​ទីផ្សារ ៧% ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ២០២០។

ការ​លើកកម្ពស់​ការយល់​ដឹង និង​ការ​កសាង​ទំនុកចិត្ត​ក្នុង​ទីផ្សារ៖ ន.ម.ក បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស ចំនួន ១៥០ និង​មាន​អ្នកចូលរួម​ប្រមាណ​ជា ២ម៉ឺន​នាក់។ ទន្ទឹម​នឹង​នេះ ន.ម.ក បាន​បង្កើត​នូវ Channel Telegram ដែល​មានឈ្មោះ​ថា និយតករ​មូលបត្រ​កម្ពុជា (ន.ម.ក.) ដើម្បី​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង និង​ព័ត៌មាន​ថ្មីៗពាក់ព័ន្ធ​នឹង​វិស័យ​មូលបត្រ និង Channel Telegram SERC Alert សម្រាប់​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង និង​ក្រើន​រំឭក​ដល់​វិនិយោគិន ក៏ដូចជា​សាធារណជន​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​នានា។

ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ៖ នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន យើង​មាន​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល ឬសញ្ញា​បណ្ណ ដែល​ក្នុង​នោះ​សម្រាប់​ស្ថានភាព​ទីផ្សារ​របស់​យើង​នា​ពេល​បច្ចុប្បន្ន គឺ​យើង​រួចរាល់​សម្រាប់​អនុញ្ញាត​ឱ្យ​មាន​សញ្ញា​បណ្ណ​បៃតង​នៅក្នុង​ទីផ្សារ​ផង​ដែរ ដោយមាន​ការ​ជួយ​គាំទ្រ​ពី ADB, ហើយ​នា​ពេល​ខាងមុខ យើង​នឹង​មាន​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​ទីផ្សារ​មូលបត្រ​អនាគត​ផង​ដែរ។

តាមរយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទ ស៊ី អេស អ៊ិ​ក ត្រេ​ដ (CSX Trade) នៅក្នុង​ថ្ងៃនេះ ដែល​អនុញ្ញាត​ឱ្យ​វិនិយោគិន​កាន់តែ​ងាយស្រួល​ក្នុង​ការ​ជួញដូរ​មូលបត្រ​តាម​ទូរស័ព្ទ ដែល​វិនិយោគិន​អាច​ទាញ​យក​កម្មវិធី ឬ App នេះ​តាម​ប្រព័ន្ធ IOS និង Addroid នោះ​ខ្ញុំ​ជឿជាក់​ថា សកម្មភាព​ជួញដូរ​ក្នុង​ទីផ្សារ​នេះ នឹង​មានការ​កើនឡើង។

ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​សាទរ ចំពោះ​ដំណើរ​វិវឌ្ឍន៍​សមិទ្ធផល​ជាច្រើន​ក្នុងរយៈពេល ១ទសវត្សរ៍​មកនេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ហ៊ាន សា​ហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ផ្សារ​មូលបត្រ​កម្ពុជា និង​ឯកឧត្តម ហុង សុ​ហួរ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ ផ.ម.ក។

ក្នុង​ឱកាស​គម្រប់​ខួប ១០ឆ្នាំ នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​នេះ សូម​ឱ្យ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ទទួល​បាន​នូវ​ក្រុមហ៊ុន​ចុះបញ្ជី​កាន់តែ​ច្រើន និង​សកម្មភាព​ជួញដូរ​ក្នុង​ទី​ផ្សា​កាន់តែ​សកម្ម ដើម្បី​ទទួល​បាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ខ្ពស់​តាម​ការ​រំពឹង​ទុក ក៏ដូចជា​ឈាន​ទៅ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន។

«ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​ត្រូវការ​នូវ​ការចូលរួម​ទាំងអស់គ្នា! ទាំងអស់គ្នា​ដើម្បី​វិស័យ​មូលបត្រ វិស័យ​មូលបត្រ​ដើម្បី​ទាំងអស់គ្នា!»៕