ភ្នំ​ពេញៈ ជា​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែកក្កដា ឆ្នាំ ១៩៩២ ដែល​មកទល់​ពេលនេះ ភ្នំពេញ​ ប៉ុស្តិ៍ មាន​អាយុ ៣០ ឆ្នាំ​គត់ ដែល​មាន​ភាសាអង់គ្លេស និង​ភាសាខ្មែរ​បោះពុម្ព​តាម​ក្រោយ​ក្នុងអំឡុងឆ្ នាំ២០០៩ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាច្រើន​ស្គាល់។

ក្រៅពី​ផ្តល់​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ ភ្នំពេញ ​ប៉ុស្តិ៍​ ក៏​ជា​កន្លែង​បណ្តុះបណ្តាល​មួយ​ផង​ដែរ ដែល​បាន​កំពុងតែ​ផ្តល់​ឱកាស​ដល់​យុវជន សិស្ស​និស្សិត​ដែល​ចង់​ស្វែងយល់​ពី​ការងារ​សារព័ត៌មាន​នេះ ដើម្បី​អនុវត្ត​ការងារ​ផ្ទាល់ ក៏ដូចជា​រៀនសូត្រ​យក​បទ​ពិសោធ​ពី​អ្នកយកព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​អាជីព​ផង​ដែរ។


លោក រ៉ូ គឹម​ឡុង និស្សិត​នៃ​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ (DMC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ចំណាយពេល​វេលា​របស់​លោក​រយៈពេល ៦ ខែ នា​ឆ្នាំ ២០២១ កន្លងទៅ​នេះ មក​ធ្វើជា​អ្នក​ហាត់​ការ​នៅ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍។


លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​មាន​ចំណាប់​អារម្មណ៍​មក​ហាត់​ការ​នៅ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ដោយសារ​ស្ថាប័ន​នេះ​ជា​ស្ថាប័ន​កាសែត​ដ៏​មាន​វ័យ​ចំណាស់​មួយ​ដែល​មាន​បទ​ពិសោធ​រាប់​ទសវត្សរ៍ លើ​ការ​រាយការណ៍​ព្រឹត្តិ​ការណ៍​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ព័ត៌មាន​ជាច្រើន​ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវ: ដែល​មានការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ច្បាស់លាស់​ពី​ប្រភព​ពាក់ព័ន្ធ ហើយក៏​មាន​សារៈសំខាន់​ដល់​សង្គម​កម្ពុជា និង​អ្នកអាន​គ្រប់​វ័យ​ផង​ដែរ។


លោក ​គឹម​ឡុង ​ថ្លែង​​ថា៖ «​ម្យ៉ាង​វិញ​ទៀត​ ខ្ញុំ​គិត​ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ មាន​ស្ថាប័ន​សារ​ព័ត៌​មាន​តិច​ណាស់​ដែល​ផលិត​ និង​ចេញ​ផ្សាយ​អត្ថបទ​របស់​ខ្លួន​ត្រឹម​ត្រូវ​គ្រប់​ជ្រុង​ជ្រោយ​តាម​សីល​ធម៌​ក្រម​វិជ្ជាជីវៈ​ ហើយ​នេះ​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​ខ្ញុំ​មក​ហាត់​ការ​នៅ​ទី​នេះ ​ដោយ​សារ​តម្លៃ​នៃ​ការ​ងារ​របស់​អត្ថ​បទ​ចេញ​ផ្សាយ​របស់​ស្ថា​ប័ន​ភ្នំ​ពេញ​ប៉ុស្តិ៍​»​។​


​ក្នុង​រយៈ​ពេល​ ៦ ​​ខែ​ ដែល​លោក​បាន​ហាត់​ការ​នៅ​ផ្នែក​ព័ត៌​មាន​ជាតិ​ លោក​បាន​រៀន​សូត្រ​យ៉ាង​ច្រើន​អំពី​ដំណើរ​ការ​ក្នុង​ស្ថាប័ន​ស្តង់​ដា​មួយ​ក្នុង​ការ​ផលិត​អត្ថ​បទ​ព័ត៌​មាន​ប្រចាំ​ថ្ងៃ ​ក្រម​សី​ល​ធម៌​វិជ្ជា​ជីវៈ​អ្នក​សារព័ត៌​មាន​ ដំណើរ​នៃ​ការ​ផលិត​អត្ថ​បទ​ របៀប​សរ​សេរ​ និង​ទំនាក់​ទំនង​ប្រភព​ផង​ដែរ​។​ ​


លោក រ៉ូ គឹមឡុង អតីតអ្នកអ្នកហាត់ការសារព័ត៌មាននៅកាសែត ភ្នំពេញ ប៉ុស្តិ៍។ រូបថត សហការី

លោក​ រ៉ូ​ គឹម​ឡុង ​បាន​បញ្ជាក់​ថា៖​ «​ខ្ញុំ​ជឿ​ជាក់​ថា ​ការ​ងារ​នោះ​បាន​បំភ្លឺ​ឱ្យ​ខ្ញុំ​ស្គាល់​ថា ​អ្វី​ទៅ​ជា​ព័ត៌​មាន​ដែល​មាន​ស្តង់​ដា​ និង​ក្រម​វិជ្ជា​ជីវៈ​មាន​ទម្រង់​បែប​ណា​។ ​ការ​ធ្វើ​ការ​ងារ​នៅ​ទី​នោះ​គឺ​ជា​ឱកាស​មួយ​ដែល​ពង្រឹង​ជំនាញ​រឹង​ និង​ជំ​នាញ​ទន់​ក្នុង​ផ្នែក​សារព័ត៌​មាន​បន្ថែម​ពី​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន​កន្លង​មក​»​។​

ចំណែក​អ្នកថតរូប​វ័យក្មេង ១ រូប​ក្នុង​ប្រទេស​កម្ពុជា លោក​ សុវណ្ណ ភី​ឡុង បាន​ចូល​ប្រឡូក​ការងារ​ជា​អ្នកផ្គត់ផ្គង់​រូបភាព (stringer) ក្នុង​ស្ថាប័ន​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ចុងឆ្នាំ២០០៨ ដែល​លោក​គិតថា ពេលនោះ​គឺជា​ពេលវេលា​មួយ​ដែល​មានតម្លៃ​ខ្លាំង​មែនទែន ដោយសារ​អំឡុង​ពេលនោះ លោក​គ្រាន់តែ​ជា​អ្នក​ទើបតែ​រៀន​ថតរូប ស្គាល់​ពី​ការ​ថតរូប​ទូទៅ​បន្តិចបន្តួច ប៉ុន្តែ​លោក​មិនដែល​មាន​បទ​ពិសោធ ក្នុង​ការ​ថតរូប​ផ្នែក​សារព័ត៌មាន​ទាល់តែសោះ។

លោក សុវណ្ណ ភី​ឡុង ដែល​សព្វថ្ងៃ​ជា​អនុប្រធាន​សមាគម​រូបថត​ភ្នំពេញ បានឱ្យ​ដឹង​ថា លោក​បាន​ចូល​ប្រឡូក​អាជីព​ជា​អ្នកថតរូប​ផ្នែក​សារព័ត៌មាន

ជាមួយនឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​គឺជា​បទ​ពិសោធ​ថ្មី​ដែល​លោក​ធ្វើការ​ផង និង​រៀនសូត្រ​ផង ដែល​ខុសពី​អ្នក​ថត​រូប​ផ្សេងៗទៀត​ដែល​ពួក​គេ​មាន​បទ​ពិសោធ​លើ​ការងារ​នេះ​ហើយ។

លោក​បាន​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ការ​ចូល​មក​ក្នុង​ស្ថាប័ន​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​នេះ គឺ​ទទួល​បាន​បទ​ពិសោធ​ថ្មី​ផង និង​ធ្វើការងារ​ផង។ អ៊ីចឹង​វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​រៀនសូត្រ​បាន​ច្រើន​ពី​ស្ថាប័ន​មួយ​នេះ»។

ក្នុងរយៈពេល៣ឆ្នាំ ដែល​លោក​ភី​ឡុង បាន​ធ្វើការ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ធ្វើ​ឱ្យ​លោក​អាច​ស្វែងយល់​និង​ទទួល​បាន​បទ​ពិសោធ​ច្រើន ដែល​មិន​នឹកស្មាន តាំងពី​របៀប​ធ្វើការ ការ​ទំនាក់ទំនង​ជាមួយ​មិត្ត​រួមការ​ងារ ជាពិសេស​គឺ​បាន​រៀនសូត្រ​អភិវឌ្ឍ​ខ្លួនឯង​នៅក្នុង​ការប្រើ​ប្រាស់​ភាសា។

លោក សុវណ្ណ ភី​ឡុង បាន​ថ្លែង​ថា ស្ថាប័ន​ភ្នំពេញ​ប៉ុស្តិ៍​បាន​បញ្ជូន​លោក ទៅ​ធ្វើការ​ជាមួយនឹង​តា​រាហូ​លី​វូ​ដដ៏​ល្បី​គឺ​លោក Jacky Chan ឬឈិន ឡុង និង​អ្នក​ល្បីល្បាញ​មួយចំនួន​ទៀត នៅក្នុង​គម្រោង​ដែល​មានការ​សហការ​ជាមួយនឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅក្នុង​រាជធានី​ភ្នំពេញ។

អ្នកថតរូប​ដដែល​នេះ​បាន​សង្កត់ធ្ងន់​ថា៖«សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ធ្វើការ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពីឆ្នាំ២០០៩ ដល់២០១១។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ជួយ​ខ្ញុំ​ឱ្យ​មាន​គំ​និ​តថ្មីៗច្រើន ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មានឱកាស​ដើម្បី​បាន​ចូលរួម​នូវ​វគ្គ​បណ្តុះបណ្តាល​សិក្ខាសាលា​ជាមួយនឹង​អ្នកថតរូប​បរទេស និង​អ្ន​កផ្សេងៗមួយចំនួន​ទៀត»។

នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក អុិ​ត សូ​ធឿ​ត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ស្ថាប័ន​សារព័ត៌មាន​ដែល​លោក​បាន​ចូល​ប្រឡូក​ការងារ​មុនគេ គឺ​ស្ថាប័ន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​លោក​បាន​ចាប់ផ្តើម​ត្រឹម​ជា​អ្នក​ហាត់​ការ​ប៉ុណ្ណោះ និង​មាន​រយៈពេល២ខែ​ក្នុង​ពេល​វិស្សមកាល​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ឆ្នាំទី២នៅ​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍(DMC)ក្នុង​ឆ្នាំ ២០០៩-២០១០។

លោក​បាន​ប្រាប់​ថា៖ «ក្នុងអំឡុងពេល​នោះ ខ្ញុំ​បាន​រៀនសូត្រ​បាន​ច្រើន​ដោយ​ទទួល​បាន​បទ​ពិសោធ​ផ្ទាល់​នៅក្នុង​ការ​សរសេរ​ព័ត៌មាន ចុះ​យក​ព័ត៌មាន ជួប​ប្រភព​ព័ត៌មាន​ផ្ទាល់​ទាំង​មន្ត្រី​តូច-ធំ និង​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ។ ខ្ញុំ​ក៏បាន​បន្ត​ធ្វើការ​នៅ​កាសែត​នេះ​ទៀត​ក្នុងនាម​ជា​អ្នក​ហាត់​ការ​ពេញ​ម៉ោង (fellowship) រយៈពេល​ជិត១ឆ្នាំ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាច​បន្តជីវិត​ក្នុង​វិស័យ​សារព័ត៌មាន​បន្ថែម​ទៀត»។ លោក​បាន​បញ្ជាក់​ថា ទាំងនេះ​គឺជា​មូលដ្ឋាន​មួយ​ដែល​ធ្វើ​ឱ្យ​លោក​បន្តការងារ​ផ្នែក​វិស័យ​សារព័ត៌មាន​ជាបន្តបន្ទាប់​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ។

រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ចូល​បម្រើការ​ងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ពី​ខែវិច្ឆិកា ឆ្នាំ២០០៨ រហូតដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១១ ក្នុងឋានៈជា​អនុប្រធាន​ក្រុម​អ្នកយកព័ត៌មាន និង​បន្ទាប់មក​ជានា​យក​គ្រប់គ្រង​ការី​និពន្ធ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសាខ្មែរ មុននឹង​លោក​ចាប់​អាជីព​ថ្មី​ជាម​ន្ត្រី​នាំពាក្យ​នៅ​តុលាការ​ខ្មែរក្រហម​នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១១។

លោក នេត្រ ភក្ត្រា បាន​ប្រាប់​ថា៖ «កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាទី​ដែល​បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​ភាពរឹងមាំ​ក្នុង​អាជីព​សារព័ត៌មាន ផ្តល់​បទ​ពិសោធ​ការងារ និង​មានឱកាស​យក​ទ្រឹ​ស្តី​សិក្សា​នៅ​សាលា​ផ្នែក​សារព័ត៌មាន បទ​ពិសោធ​ពី​កម្មសិក្សា​នៅ​ប្រទេស​បារាំង​មក​អនុវត្ត​ទាំង​ជំនាញ​សរសេរ និង​ជំនាញ​គ្រប់គ្រង​ក្នុង​វិស័យ​សារព័ត៌មាន»។

ជា​អ្នក​ដែល​បាន​រួមចំណែក​ដ៏​ធំ​ក្នុង​ការបង្កើត​កូន​ដោយ​ផ្ទាល់ដៃ១រូប​គឺ«កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសាខ្មែរ»ក្នុង​ឆ្នាំ២០០៩ លោក នេត្រ ភក្ត្រា បាន​លើកឡើង​ថា រយៈពេល​ដែល​លោក​បាន​បំពេញការងារ នៅ​កាសែត​នេះ អ្វី​ដែល​លោក​មិនបាន​បំភ្លេច​បាន​គឺ​កាសែត​នេះ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​សំឡេង​កម្ពុជា​អំឡុង​ពេល​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​នៅ​តំបន់​ប្រាសាទព្រះវិហារ និង​ជា​មធ្យោបាយ​ផ្តល់​ព័ត៌មាន​ពិត​អំពី​កម្ពុជា​ទៅកាន់​សាធារណជន។ លោក​ថា៖ «អ្វី​ដែល​សប្បាយចិត្ត​ពេល​ថ្នាក់ដឹកនាំ ពិសេស​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ លើក​ពី​ឈ្មោះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​សុន្ទរកថា និង​ពេលខ្លះ​លើក​បង្ហាញ​រូបភាព​កាសែត​ជា​សាធារណៈ ដូចជា​ព័ត៌មាន​ទាក់ទង​នឹង​លោកតា រួមរឹត មិត្តភក្តិ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ជាដើម»។

សារព័ត៌មាន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ចូលរួម​គ្រប់គ្រង​សភាពការណ៍​ប្រទេសជាតិ ចូលរួម​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ជាតិ និង​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្តល់​ព័ត៌មាន​ពិត រហ័ស និង​ទុកចិត្ត​ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​៕

លោក Eli Lillis អតីត​អ្នក​ហាត់​ការ​ផ្នែក​ថតរូប​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ រយៈពេល ៧ខែ គឺ​ចាប់ពី​ចុងឆ្នាំ ២០១៦ ដល់​ពាក់កណ្តាល​ឆ្នាំ២០១៧។

លោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្មសិក្សា​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​គឺជា​មុខតំណែង​ដំបូង​របស់​លោក បន្ទាប់ពី​លោក​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ ដែល​ចំណេះដឹង​ដែល​លោក​ទទួល​បាន​ពី​ការងារ​នេះ​គឺ​ទូលំទូលាយ​សម្រាប់​លោក។

លោក Eli Lillis បញ្ជាក់​ថា៖ «ការ​រៀន​ពី​ការពិត​ប្រចាំថ្ងៃ​របស់​អ្នកសារព័ត៌មាន ទាំង​ល្អ និង​អាក្រក់ គឺជា​មេរៀន​ដ៏​ធំ​បំផុត។ អត្ថ​ប្រយោជន៍​ដ៏​ធំ​បំផុត​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការងារ​នៅ​ទីនោះ គឺ​ខ្ញុំ​ដឹងពី​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍ ហើយ​ធ្វើ​ឱ្យ​ការ​ថតរូប​ខ្ញុំ​មានការ​រីកចម្រើន​ផង​ដែរ»។

លោក Eli Lillis ថា លោក​នឹង​នៅតែ​នឹក​រឭក​នូវ​ការ​ដឹងគុណ​ជា​រៀង​រហូត​សម្រាប់​ពេលវេលា​របស់​លោក​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ ហើយ​លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា កាសែត​នេះ​នឹង​នៅតែ​មាន​វត្តមាន​យូរអង្វែង​តទៅមុខ​ទៀត​៕