នៅ​ថ្ងៃ​នេះ​កាល​ពី ​៣០​ ឆ្នាំ​មុន កាសែត ​​ភ្នំពេញ​ ប៉ុស្តិ៍​ ត្រូវ​បាន​បង្កើត​ឡើង។​ ៣​ ទស​វត្សរ៍​ក្រោយ​មក កាសែត​​មួយ​នេះ​នៅ​តែ​បន្ត​ផ្តល់​ជូន​ព័ត៌មាន​ប្រ​កប​ដោយ​គុណ​ភាព​ និង​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ដល់​ការកសាង​សង្គម​ជាតិ និង​ជួយ​ពង្រឹង​វិជ្ជា​ជីវៈនៅ​ក្នុង​វិ​ស័យ​មួយ​នេះ។

ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា កា​សែត​ ភ្នំពេញ ប៉ុស្តិ៍ បាន​ខិត​ខំ​ប្រឹង​ប្រែង​តស៊ូ ​អត់​ធ្មត់ និង​ក្រាញននៀល ក្នុង​ការ​រាយការណ៍​ព័ត៌​មាន​នៅ​គ្រប់​កាលៈទេសៈ មិន​ថា​អំឡុង​ពេល​សង្រ្គាមស៊ី​វិល​ក្នុង​ទស​វត្សរ៍​ឆ្នាំ​ ១៩៩០​ ពេល​មាន​វិបត្តិ​ហិ​រញ្ញ​វត្ថុ​អាស៊ី​ក្នុង​ឆ្នាំ​ ២០០៨​ អំឡុង​ពេល​ជំងឺ​រាតត្បាត​ក្នុង​រយៈ​ពេល ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​នោះ​ឡើយ។


វា​គឺ​ជា​សក្ខី​ភាព​មួយ​បង្ហាញ​អំពី​គុណ​តម្លៃ និង​គោល​ការណ៍​ស្នូល​របស់​យើង ដើម្បី​ធ្វើ​ឱ្យ​ប្រា​កដ​ថា​ការ​ផ្សព្វ​ផ្សាយ​ពី​ប្រ​ទេស​ជាតិ​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង ​ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ​ដូ​ច្នេះ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​អាច​និ​យាយ​បាន​ដោយ​មោទ​នភាព​ថា យើង​នៅ​ទី​នេះ​ដើម្បី​រាយ​ការណ៍ និង​ចង​ក្រង​ឯក​សារ​អំពី​សម័យ​កាល និង​ការវិវឌ្ឍ​របស់​ប្រ​ទេស​កម្ពុជា។ ​ពួកយើង​រាយការណ៍​ព័ត៌មាន​ដោយ​មិន​មាន​ការ​ភ័យខ្លាច ឬ​លម្អៀង​ឡើយ។


យើង​បាន​ធ្វើ​ឱ្យ​ប្រាកដ​ថា រាល់​ព័ត៌មាន​ដែល​យើង​លើក​យក​មក​បង្ហាញ ​គឺ​ជា​ព័ត៌​មាន​ពិត​ប្រាកដ​ច្បាស់លាស់ និ​ង​គួរ​ជា​ទី​ទុក​ចិត្ត ​ដោយ​មិន​ប្រើ​ភាព​រវើ​រវាយ​នៃ​អារម្មណ៍។ រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​មិត្ត​អ្នក​អាន ដែល​ពឹងផ្អែក​លើ​ព័ត៌​មានច្បាស់​លាស់ និង​មិន​លម្អៀង​​របស់​​យើង។


របាយ​ការ​ណ៍​របស់​យើង​បាន​គ្រប​ដណ្តប់​លើ​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ជា​ច្រើន​នៅ​កម្ពុជា ក្នុង​នោះ​មាន​ដូច​ជា​គោល​នយោ​បាយ​សំខាន់ៗ ការ​សម្រេច​ចិត្ត និង​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋា​ភិបាល​ក៏​ដូច​ជា​ធុរ​កិច្ច ផល​ប្រ​យោ​ជន៍​សា​ធារ​ណៈ បរិ​ស្ថាន សុខ​ភាព​សាធា​រណៈ​សមិទ្ធ​ផល​ជាតិ​ សោក​នាដ​កម្ម រហូត​ដល់​ព័ត៌​មាន​កីឡា និង​ព័ត៌មាន​កម្សាន្ត​ជា​ច្រើន​ទៀត។


ផ្លាស់​ប្តូរ​ទៅតាម​ពេលវេលា


ខណៈ​សេដ្ឋកិច្ច​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ ១៩, ភាគច្រើន​នៃ​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏បាន​ផ្លាស់​ប្តូរ​ទៅតាម​ពេលវេលា​ផង​ដែរ។ គេ​មិន​ត្រឹមតែ​អាច​អាន​ព័ត៌មាន​លើ​ក្រដាស​កាសែត បោះពុម្ព​ប៉ុណ្ណោះទេ ប៉ុន្តែ​គេ​ក៏អាច​អាន​បាន​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ផង​ដែរ ដោយសារតែ​សម្ទុះ​នៃ​កំណើន​ប្រព័ន្ធ​បច្ចេកវិទ្យា​ហើយ​គេ​អាច​អាន​ព័ត៌មាន​បាន​ដោយ​ឥតគិតថ្លៃ និង​ទាន់​ហេតុការណ៍។ ទោះជាយ៉ាងណា​ក៏ដោយ​ដូច​អ្វីៗផ្សេងទៀត​ដែរ ការ​ផ្លាស់​ប្តូរ​នឹង​មកដល់។

ភ្នំពេញ​ ប៉ុស្តិ៍ បាន​បន្ត​វិវឌ្ឍ​ទៅតាម​សម័យកាល ហើយ​បាន​ស្វែងរក​គ្រប់​វិធីសាស្ត្រ និង​មធ្យោបាយ​ថ្មីៗ ដើម្បី​ផ្តល់​ជូន​នូវ​ព័ត៌មាន​ឱ្យ​កាន់តែ​ទូលំទូលាយ មិនថា​តាមរយៈ​ប្រព័ន្ធ​ឌីជីថល បណ្តាញ​ផ្សព្វផ្សាយ​សង្គម ឬតាម​តូប​លក់​កាសែត​នោះ​ទេ។

យើង​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន និង​បន្ត​ខិតខំ​ទាក់ទាញ​មិត្ត​អ្នកអាន​របស់​យើង​ជាមួយនឹង​អត្ថបទ​ដែល​ពោរពេញ​ដោយ​ការ​បំផុសគំនិត និង​ការយល់​ដឹង​ស៊ីជម្រៅ​រាប់​ចាប់តាំងពី​វិស័យ​សាធារណៈ​ឯកជន អង្គទូត អង្គការ​ក្រៅ​រដ្ឋាភិបាល ផ្នែក​សិក្សាអប់រំ ដើម្បី​ជា​វេទិកា​ចែករំលែក​ទស្សនៈ​របស់​ពួក​គេ និង​ធ្វើជា​កញ្ចក់ឆ្លុះ​នៃ​សង្គម​ជាដើម។

និយាយ​ដោយ​ស្មោះត្រង់​ទៅ រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នេះ យើង​បាន​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន មិន​ត្រឹមតែ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ប្រជាជន​ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ដូចគ្នា​ដែរ។ ប៉ុន្តែ​យើង​បាន​បន្ត​បេសកកម្ម​របស់​យើង​ដោយ​ប្រឈមមុខនឹង​រាល់​បញ្ហា​លំបាក​នានា​ក្នុង​ការ​នាំ​យកព័ត៌មាន​មក​ជូន​អ្នកអាន​ឱ្យ​បាន​ទាន់ពេល​វេលា​និង​គ្រប់ជ្រុងជ្រោយ យើង​បាន​ផ្តោត​លើ​ការ​នាំ​យក​ព័ត៌មាន​ទៅកាន់​ប្រជាជន និង​រាយការណ៍​ពី​ព្រឹត្តិ​ការណ៍​នានា ដើម្បី​តាម​ឱ្យ​ទាន់​ពី​ដំណើរការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន ដែល​ប្រឈមមុខនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩។

នេះ​បាន​បង្ហាញ​ពី​ភាពរឹងមាំ​របស់​យើង ដែល​នៅតែ​ដំណើរការ​អស់​រយៈពេល៣ទសវត្សរ៍​មកនេះ ហើយ​សង្ឃឹមថា យើង​នឹង​នៅ​បន្តដំណើរ​វែងឆ្ងាយ​ទៅមុខ​ទៀត។

ច្បាស់លាស់, ស៊ីជម្រៅ និង​ឯករាជ្យ

ខណៈ​ធ្វើដំណើរ​ឆ្ពោះទៅ​មុខ យើង​បាន​សម្រប​ខ្លួន ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​ប្រកួតប្រជែង និង​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចុប្បន្ន ដើម្បី​ធានា​ថា អ្នកអាន​របស់​យើង ទទួល​បាន​នូវ​របាយការណ៍ និង​ព័ត៌មាន​ពិត និង​គួរ​ឱ្យ​ទុកចិត្ត។

ការ​ផ្តល់​ព័ត៌មាន​ត្រូវ​បាន​ពង្រីក​ទៅកាន់​វេទិកា​ឌីជីថល ដើម្បី​តាម​ឱ្យ​ទាន់​ការ​វិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន ខណៈ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យើង ដូចជា Facebook, Twitter, LinkedIn, Instagram និង Telegram ផ្តល់​ឱ្យ​អ្នកអាន​ជាប្រចាំ​អំពី​ព័ត៌មាន​ទាន់​ហេតុការណ៍​ដ៏​សម្បូរ​បែប​ទាន់​ហេតុការណ៍​បច្ចុប្បន្ន ក៏ដូចជា​ពិភព​ព័ត៌មាន​អាជីវកម្ម។

បច្ចុប្បន្ន​យើង​មាន​អ្នកមើល​និង​គាំទ្រ​ជាង៩លាន​នាក់​នៅ​លើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុង​នោះ​ជាង៧លាន​នាក់​នៅ​លើfacebook ដែល​ធ្វើ​ឱ្យ​យើង​ក្លាយជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ក្នុងចំណោម​កាសែត​បោះពុម្ព​ផ្សាយ​ជា​ខេមរភាសា និង​ភាសាអង់គ្លេស ដែល​មាន​គេ​មើល​ច្រើន​បំផុត​នៅក្នុង​វេទិកា​ឌីជីថល​កម្ពុជា។

ដោយ​មើលឃើញ​ពី​ចំនួន​ដ៏​ច្រើន​នេះ យើង​សង្ឃឹមថា នឹង​បន្ត​វិវឌ្ឍ ដើម្បី​បម្រើ​មិត្ត​អ្នកអាន​របស់​យើង និង​រក្សា​ឈ្មោះ​ជា«កាសែត​របស់​ប្រជាជន»ឱ្យ​បាន​យូរអង្វែង ដូចដែល​យើង​មានកាល​ពីអ​តី​តកាល។

ដូច្នេះ​យើង​សន្យា​នឹង​បន្ត​បំពេញ​កាតព្វកិច្ច​របស់​យើង​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ដើម្បី​នាំ​យក​ព័ត៌មាន​ច្បាស់លាស់ ស៊ីជម្រៅ និង​ឯករាជ្យ ជូន​ប្រទេសជាតិ តាម​បាវចនា​របស់​យើង។

ថ្លែងអំណរគុណ និង​ដឹងគុណ​

ផ្លូវ​ខាងមុខ​គឺ​មិន​ប្រាកដប្រជា​នោះ​ទេ។ ពេលវេលា​កំពុង​ផ្លាស់​ប្តូរ ហើយ​យើង​ក៏​ត្រូវតែ​ផ្លាស់​ប្តូរ​ទៅតាម​នោះ​ដែរ ប៉ុន្តែ​រឿង​មួយ​ដែល​ស្ថិតស្ថេរជានិច្ច គឺ​អ្នកអាន​របស់​យើង។ ដូច្នេះ​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​អ្នកអាន​ដែល​តែងតែ​នៅជា​មួយ​យើង និង​ធ្វើ​ឱ្យ​យើង​មាន​អាយុកាល​រហូតដល់ ៣០ ឆ្នាំនេះ។

យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ និង​បុគ្គលិក​កាសែត ​ភ្នំពេញ ​ប៉ុ​ស្ដិ៍​ ទាំងអស់​សូម​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងព័ត៌មាន ដែល​បាន​សម្រួល​ដល់​យើងខ្ញុំ​ដើម្បី​ប្រតិបត្តិ​ការ​ផ្សព្វផ្សាយ​ប្រកបដោយ​សុវត្ថិភាព វិជ្ជាជីវៈ និង​ឯករាជ្យ។

ទន្ទឹម​នឹង​នេះ យើង​ក៏​សូម​អរគុណ​ចំពោះ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ដៃគូ​អាជីវកម្ម​របស់​យើងទាំងអស់ ចំពោះ​ការ​គាំទ្រ ការ​សហការ និង​ទំនុកចិត្ត​មក​លើ​ផលិតផល​របស់​យើង។

ជាចុងក្រោយ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​បុគ្គលិក ទាំង​បុគ្គលិក​ពីអ​តី​តកាល និង​បច្ចុប្បន្ន​គ្រប់​ផ្នែក​ទាំងអស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​បំពេញភារកិច្ច​នា​ពេល​កន្លងមក​ក៏ដូចជា​ស្វែងរក​ព័ត៌មាន​សម្បូរ​បែប ដើម្បី​ធ្វើ​ឱ្យ​កាសែត​របស់​យើង​មាន​អាយុកាល​ជាច្រើន​ឆ្នាំ​មកនេះ។ កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ នឹង​មិន​អាច​សម្រេច​បាន​នូវ​អ្វី​ដូច​យើង​មាន​ពេល​បច្ចុប្បន្ន​នេះ​ទេ ប្រសិនបើ​គ្មាន​ការចូលរួម​ពី​អ្នក​ទាំងអស់គ្នា។

ដូច្នេះ នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នៃ​ការ​ប្រារព្ធ​ខួប​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ យើងខ្ញុំ​ពិតជា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​ធ្វើ​ឱ្យ​យើង​ធ្វើដំណើរ​មកដល់ពេលនេះ។ ទោះបី​អនាគត​មិន​ច្បាស់លាស់​ក្តី​ក៏​យើង​នៅតែ​សង្ឃឹមថា អ្នក-ទាំងអស់គ្នា​នឹង​នៅតែ​បន្ត​នៅជា​មួយ​យើង ខណៈ​យើង​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​មុខ។

ខ្ញុំ​សូមជូនពរ​អ្នក​ទាំងអស់គ្នា​សូម​ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច!

សូម​អបអរសាទរ​ខួប​គម្រប់ ៣០ ឆ្នាំ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍!