ក្រុង​ប៉ារីស៖ ក្រុម​​ជម្រើស​ជាតិ​វេលស៍ នាំ​គ្នា​​អបអរ​យ៉ាង​រីករាយ​ដែល​បាន​ឆ្លង​ទៅ​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ នៅ​ក្នុង Euro 2020 ទោះ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​អ៊ីតាលី ១-០ អំឡុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល A​ នាទី​ក្រុង​រ៉ូម កាល​ពី​ថ្ងៃ​អាទិត្យ​ក៏​ដោយ​ ស្រប​ពេល​ក្រុម​ស្វ៊ីស​ត្រូវ​​រង់ចាំ​សិន​មុន​នឹង​ដឹង​​ថា តើ​ពួក​គេ​អាច​បាន​ឆ្លង​ទៅ​វគ្គ​បន្ត​ ឬ​អត់​?​


ខ្សែ​ប្រយុទ្ធ​ឆ្នើម Gareth Bale និង​មិត្ត​រួម​ក្រុម​វេលស៍​បាន​ប្រកួត​ចាញ់ ១-០ ដោយ​សារ​ក្រុម​​អ៊ីតាលី ដែល​បាន​បង្ហាញ​ទម្រង់​លេង​​ដ៏​គួរ​ឱ្យ​ទាក់ទាញ​នៅ​ឯ​កីឡដ្ឋាន​អូឡាំពិក​ ហើយ​​គ្រាប់​បាល់​តែ​ ១ គ្រាប់​​នោះ​ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​បម្រើ Matteo Pessina​។


ក្រុម​វេលស៍ ដែល​បាត់បង់​សមាជិក​ម្នាក់​ ដោយ​ខ្សែ​ការពារ Ethan Ampadu ទទួល​បាន​កាត​ក្រហម​នៅ​នាទីទី​៥៥ ​មិន​អាច​តាម​ស្មើ​បាន​ឡើយ តែ​លទ្ធផល​នេះ គ្រប់​គ្រាន់​​ឱ្យ​ពួក​គេ​ឈរ​នៅ​ចំណាត់​​​​ថ្នាក់​លេខ ២ ក្នុង​ពូល A ជាមួយ​នឹង​គ្រាប់​បាល់​ចំណេញ​លើស​ក្រុម​ស្វ៊ីស ដែល​យក​ឈ្នះ​ក្រុម​តួកគី ៣-១ ពី​ការ​ប្រកួត​នៅ​ឯ​ក្រុង​បាគូ​។​​


កីឡាករ Bale និយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ITV នៅ​ចក្រភព​អង់គ្លេស​ថា​៖ «​យើង​ចង់​ឈ្នះ​ជាពិសេស តែ​រឿង​សំខាន់ គឺ​ថា យើង​បញ្ចប់​នៅ​លេខ ២​។ ឥឡូវ​នេះ យើង​មាន​ពេល​សម្រាក​តិចតួច ដូច្នេះ យើង​អាច​ពង្រឹង​សមត្ថភាព​ទាំង​អស់​គ្នា​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​សាជាថ្មី​ម្ដង​ទៀត​»​។​


ក្រុម​វេលស៍ ដែល​ឡើង​ដល់​វគ្គ​ ៤ ​ក្រុម​ចុង​ក្រោយ​ នៅ​ Euro 2016 នឹង​ត្រូវ​លេង​ក្នុង​វគ្គ ១៦ ​ក្រុម នៅ​ឯ​ទី​ក្រុង​អាំស្តែរដាំ នៅហូឡង់ នា​ថ្ងៃ​សៅរ៍​នេះ ដោយ​ប្រឈម​ជាមួយ​ក្រុម​លេខ ២ ក្នុង​ពូល B​ ដែល​អាច​ជា​រុស្ស៊ី ដាណឺម៉ាក ឬ​ក៏​​ហ្វាំងឡង់​។​


សម្រាប់​ក្រុម​អ៊ីតាលី ​​​ឥឡូវ​នេះ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ ចាញ់​ចំនួន ៣០ ​ការ​ប្រកួត​ហើយ​ ហើយ​ជាពិសេស​នោះ ឈ្នះ​ ១១ ហ្គេម​បន្ត​បន្ទាប់​គ្នា ជាមួយ​នឹង​ការ​បិទ​មិន​ឱ្យ​គេ​ស៊ុត​បញ្ចូល​ទី​​​សូម្បី​តែ ១ គ្រាប់​។

«​ពួក​យើង​មិន​មាន​អារម្មណ៍​ថា មាន​សម្ពាធ​ណា​មួយ​ឡើយ​ ដោយ​ពួក​យើង​ត្រឹម​តែ​រីករាយ​ក្នុង​ការ​លេង និង​ធ្វើ​ការ​បង្ហាញ​ពី​ជាតិ​របស់​យើង​»​។ នេះ​ជា​សម្ដី​របស់​ខ្សែ​បម្រើ​ Marco Verratti ក្នុង​ក្រុម​អ៊ីតាលី​។

ជ័យជម្នះ​ចុង​ក្រោយ​​​នេះ នៅ​តែ​កើត​មាន ទោះបី​ជា​គ្រូបង្វឹក​លោក Roberto Mancini ធ្វើ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ជម្រើស​ដំបូង​ដល់​ទៅ ៨ រូប​ ហើយ​អ៊ីតាលី នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​មួយ បើ​មិន​អ៊ុយក្រែន ឬ​ក៏​អូទ្រីស នៅ​ក្រុង​ឡុងដ៍ ក្នុង​វគ្គ ១៦ ​ក្រុម​។​​

ចំណែក​ក្រុម​ស្វ៊ីស ត្រូវ​ប្រឈម​នឹង​​ការ​រង់ចាំ​ដ៏​អន្ទះអន្ទែង​ ដើម្បី​បាន​ដឹង​ថា តើ​ពួក​គេ​នឹង​បាន​ឆ្លង​ទៅ​ជុំ​បន្ទាប់​ ក្នុង​នាម​ជា​ក្រុម​លេខ ៣ ល្អ​បំផុត ឬ​អត់​? តែ​ពួក​គេ​កំពុង​មាន​ឱកាស​យ៉ាង​រឹងមាំ​ល្អ​ ក្រោយ​ Xherdan Shaqiri បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​មាន​ជ័យ​ជម្នះ​លើ​តួក​គី ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ម្នាក់​ឯង សម្រាប់​ការ​ប្រកួត​នៅ​ក្រុង​បាគូ​។​​​

ក្រុម​តួកគី​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​មិន​មាន​សូម្បី ១ ពិន្ទុ ហើយ​នឹង​ទទួល​យក​នូវ​ការ​ខក​ចិត្ត​ដ៏​ធំ​មួយ​ពី​ការ​ប្រកួត​ប្រជែង​ជើងឯក​អឺរ៉ុប​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ស្ថាប័ន​កំពុង​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​បដា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​ការ​រើសអើង​ភេទ​ទី៣ និង​ការ​ធ្វើ​សំឡេង​បែប​សត្វ​ស្វា អំឡុង​ការ​ប្រកួត​ ២ ​លើក នៅ​ឯ​កីឡដ្ឋាន​​ Puskas Arena នា​ក្រុង​ប៊ុយដាប៉ែស ដែល​ក្រុម​ហុងគ្រី​ចាញ់​ព័រទុយហ្គាល់ ៣-០ កាល​ពី​ថ្ងៃ​អង្គារ និង​ស្មើ​បារាំង​ ១-១ កាល​ពី​ថ្ងៃ​សៅរ៍​៕ AFP/VN ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​