ភ្នំពេញ៖ បញ្ហាកូវីដ ១៩ ​ដែល​ផ្ទុះ​ឆ្លង​រាល​ដាល​ខ្លាំង ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន​នេះ បាន​ឆ្លង​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់​ ខណៈ​ក្នុង​ចំណោម​កីឡាករ​ គណៈ​កម្មការ​រៀបចំ ​ព្រម​ទាំង​ក្រុម​គ្រួសារ​ ក៏​មាន​ឆ្លង​មួយ​ចំនួន​ហើយដែរ​ ហើយ​តាម​​ប្រភព​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ក្លិប​ប្រដាល់ ​មាន​កីឡាករ​មួយ​ចំនួន និង​មន្ត្រី​ចៅ​ក្រម​អាជ្ញា​កណ្តាល​ បាន​ឆ្លង និង​​ត្រូវ​បាន​គេរាយការណ៍​មក​ថា មាន​អ្នក​ឆ្លង​ចំនួន ​១២ ​នាក់ហើយ។


ជាមួយ​គ្នា​នេះ កីឡាករ ម៉ន ​សាម៉េត ​របស់​ក្លិប​ប្រដាល់​ព្រែកឯង​កីឡា កាល​ពី​ថ្ងៃសុក្រ កន្លង​មកនេះ បាន​ទៅ​ថ្លឹង​ទម្ងន់ ដើម្បី​ត្រៀម​ឡើង​ប្រកួត​ នៅ​សង្វៀន​បាយ័ន តែ​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​មាន​ផ្ទុក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ហើយក៏​ត្រូវ​បាន​ស្វែករក​បន្ត ​ឃើញ​មាន​ប្រពន្ធ ​កូន និង​ឪពុក​ក្មេក មាន​​ផ្ទុក​ដូច​គ្នា។


​ម៉ន សាម៉េត បានប្រាប់តាមទូរស័ព្ទថា៖ «ពី​ដំបូង ខ្ញុំ​បាន​ទៅ​ថ្លឹង​ទម្ងន់ ​កាលពី​ថ្ងៃ​សុក្រ នៅ​សង្វៀន​បាយ័ន ដើម្បី​ត្រៀម​ឡើង​ប្រកួត ​ហើយ​ពេទ្យ​បាន​ពិនិត្យ​កូវីដ ១៩ ឃើញ​ខ្ញុំ​មាន​ផ្ទុក​ហើយ​មិន​អស់​ចិត្ត បាន​បញ្ជូន​មក​ធ្វើតេស្ត​ម្តង​ទៀត នៅ​បាក់ទូក​រាជធានីភ្នំពេញ​ តែឃើញ​វិជ្ជ​មាន​កូវីដ​ដដែល»។


ម៉ន សាម៉េត បាន​បន្ត​ថា ពេល​​មក​ដល់​ផ្ទះ ​បាន​ពិនិត្យ​ឃើញ​មាន​ប្រពន្ធ ​កូន ​និង​ឪពុក​ក្មេក ​មាន​វិជ្ជមាន​កូវីដ ១៩ ទាំង​អស់​គ្នា ​ហើយ​ឥឡូវ កំពុង​មក​សម្រាក ​​នៅ​កន្លែង​ម៉ូឌែន ២ សង្កាត់​ចាក់​អង្រែ​ក្រោម​ រាជធានីភ្នំពេញ ដើម្បី​ព្យាបាល​ពី​គ្រូ​ពេទ្យ។


សាម៉េត ​បញ្ជាក់​ថា៖ «ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ទេ​ ព្រោះ​សូម្បី​ឆ្លង​មិន​ដឹង​ថា មក​ពី​ខាង​ណា​ខ្លះ​ទេ​ ហេតុ​នេះ​សូម​បង​ប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា​។ ពី​មុន​បង​ប្រុស​ខ្ញុំ​ឆ្លង គឺ​មាន​សប្បុរស​ជន​ជា​ច្រើន ​ជួយ​ខាង​ជីវភាព ​បាន​ប្រសើរ​ តែ​​លើក​នេះ ​មិន​ហ៊ាន​រំខាន​បង​ប្អូន​ទៀត​ទេ»។


ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ មាន​ថ្លែង​​ថា៖ «សហ​ព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ និង​ភាគី​ពាក់​ព័ន្ធ ​មាន​ខាង ស្ថានីយ៍​ទូរទស្សន៍ គឺ​​មាន​កម្ម​វិធី​ពិនិត្យ​ការពារ និង​ស្វែង​រក​មើល​មេរោគ​កូវីដ ១៩ មុន​នឹង​ប្រកួត ដើម្បី​ថែ​រក្សា​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ ​៣​កុំ ៣​ការពា»។

លោក តែម ម៉ឺន បាន​បន្ថែម ថា៖​« ទោះ​បីជាយ៉ាង​ណា គិត​មក​ដល់​ពេលនេះ សហព័ន្ធ​យើង​មាន​អត្តពលិក និង​គណៈ​​កម្មការ​អ្នក​ឆ្លងកូវីដ ១៩ មាន​ចំនួន ១២ នាក់​ហើយ»។ តែ​ទោះបីជា​យ៉ាងណា យើង​ក៏​​បាន​ពិនិត្យ​ព្យាបាល​ តាម​ការ​ណែនាំ​របស់​រាជរដ្ឋា​ភិបាល​ជានិច្ច ប៉ុន្តែ​ លោក តែម ម៉ឺន ថា ចំពោះ​ព័ត៌មាន​ពិស្តា​ សុំ​សួរ​ទៅ​ខាង​ពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់វិញ ព្រោះ​​គាត់​គ្រប់ គ្រង​ផ្ទាល់​ច្បាស់​ជាង។

យ៉ាងណា​ក៏​ដោយ លោក ជឹម ផល្លា គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់​គុន​ខ្មែរ ​មិន​អាច​ទាក់​ទង​​បាន​​ទេ ខណៈ​ដែល​ទូរ​ស័ព្ទ​របស់​លោក ​គ្មាន​អ្នក​ទទួល ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​សហព័ន្ធកីឡា​​ប្រដាល់​គុន​ខ្មែរ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា លោក​គ្រូ ជឹម ផល្លា ក៏ឆ្លងជំងឺ​​កូវីដ ​១៩ ដែរ តែមិនដឹងថា បានជា ឬនៅទេ?៕