ធន់ ​អៀន​ឡៃ​ រំពឹង​អាច​យក​ឈ្នះ ​លាភ​ រដ្ឋា ​ជាមួយ​​យុទ្ធ​សាស្ត្រ​ប្រ​កួតថ្មី​

Content image - Phnom Penh Post
ធន់ អៀនឡៃ ត្រូវ​វិល​មកជួប លាភ រដ្ឋា ជា​ថ្មី ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​ថ្ងៃ​អាទិត្យ​នេះ។ រូប​ថត សហការី​

ភ្នំពេញៈ អ្នក​ប្រយុទ្ធ​លំដាប់ខ្លាំង ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម ធន់ អៀនឡៃ និង លាភ រដ្ឋា ដែល​ធ្លាប់​ជា​ដៃ​គូ​ប្រកួត​យ៉ាងស្វិត​ស្វាញ នាពេល​កន្លងមក​នេះ គឺ​អ្នក​ទាំង ​២ ​នេះ នឹង​ត្រូវ​វិល​មក​ជួបគ្នា ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើមខ្សែ​ក្រវាត់ ដែល​មាន​ទឹក​ប្រាក់ ​១ ម៉ឺន​ដុល្លារ នៅ​លើ​សង្វៀន PNN នា​រសៀល​ថ្ងៃអាទិត្យ​​នេះ ដើម្បី​រក​អ្នក​ឈ្នះ ឡើង​ទៅ​ប្រកួត​វគ្គ ​៨ នាក់​ចុងក្រោយ ខណៈ​គិតមក​ដល់ពេល​នេះ រក​ឃើញ ​៤ នាក់ហើយ។

បើទោះបីជា ធន់ អៀនឡៃ ជា​កីឡាករ​មាន​ភាពស៊ូ​ខ្លាំង និង​វាយ​ចេញ​បាន​ល្អស្ទើរ​​គ្រប់​ក្បាច់ ប៉ុន្តែ​តាម​រយៈការ​ជួបគ្នា​ ២​ លើក​កន្លង​មក អៀន​ឡៃ បានចាញ់​​ក្រោមកណ្តាប់​ដៃ​របស់ លាភ រដ្ឋា ទាំង ​២ ​លើក។ យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ជួបគ្នា​លើកនេះ លោក ធន់ សុភា ​ជា​គ្រូ​បង្វឹក បាន​អះអាង​ថា ធន់ អៀនឡៃ នឹង​ប្រើ​យុទ្ធសាស្រ្ត​ប្រកួត​ថ្មី ដើម្បី​យក​ឈ្នះ​លើ លាភ រដ្ឋា បាន​វិញ។

លោក​ ធន់ សុភា​ ​បាន​ប្រាប់​ថា​៖ ​«អៀន​ឡៃ ​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ ​លាភ ​រដ្ឋា​ ចំនួន ​២​លើក​មក​ហើយ ​ប៉ុន្តែ​ការ​ប្រ​កួត​លើក​នេះ ​យើង​មាន​យុទ្ធ​សាស្ត្រ​ថ្មី ​ដើម្បី​យក​ឈ្នះ​ ក្នុង​ទំនុក​ចិត្ត ​៨០ ​ភាគ​រយ​។​ ​ខ្ញុំ​បាន​បង្វឹក​ ធន់ អៀនឡៃ ដោយ​ផ្ទាល់​ដៃ​ បំប៉ន​កម្លាំង​ថាមពល​ និង​បន្ថែម​ទ្វេ​ដង​នូវ​បច្ចេក​ទេស​ប្រ​កួត​ ​ព្រោះ​កន្លង​មក ​យើង​ធ្លាប់​ចាញ់​ លាភ ​រដ្ឋា អ៊ីចឹង​​យើង​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​​ប្រកួត»។

​គ្រូ​បង្វឹក​ លោក ​ធន់ ​សុភា បាន​បន្ថែម​ថា៖ ​«​បញ្ហា​ អៀន​ឡៃ ​ចាញ់​ លាភ រដ្ឋា កន្លង​មក​ ខ្ញុំ​សង្កេត​ឃើញថា ​វា​​ខ្វះ​ខាត​​នូវ​ចំណុច​ពីរ ​គឺ​ទី១ ​ចាញ់​ផ្នែក​កម្លាំង និង​​ទី​២ ​ចាញ់​ផ្នែក​កណ្តាប់​ដៃ​ដែល​ពួក​គេ​ទាំង​ពីរ ​សុទ្ធ​តែ​វាយ​លក្ខណៈ​សម្រុក​ដូច​គ្នា ​មិន​គិត​ពី​ស្នៀត​ការ​ពារ ​និង​បច្ចេក​ទេស​ដក​ថយ ​ឬ​គេច​នោះ​ឡើយ​ ចំណែក​ការ​ប្រ​កួត​លើក​នេះ ​ជា​វគ្គ​ជម្រុះ​ ហើយ​ក៏​​ដូច​ជា​ការ​ការ​ប្រកួត​សង​សឹក ​លើក​ទី ​៣ ផង​​ដែរ​»​។​

Content image - Phnom Penh Post
​ជំនួប​រវាង ធន់ អៀនឡៃ និង លាភ រដ្ឋា នៅ​លើ​សង្វៀន​ថោន នាពេល​កន្លងមក ដោយ លាភ រដ្ឋា ជា​អ្នក​ឈ្នះ។ រូប​ថត សហការី

ចំណែក​កីឡាករ​ លាភ​ រដ្ឋា​ បាន​និយាយ​ថា​៖ «​ការ​ប្រ​កួតលើក​​នេះ​ មិន​ស្រួល​ប៉ុន្មាន​ទេ!​ ទោះ​ជា ​​ធន់ ​អៀន​ឡៃ ជា​សិស្ស​ជំនាន់​ក្រោយ​មែន ​ប៉ុន្តែ​នៅ​ក្នុង​​ទម្ងន់ ​៥៧ ​នេះ​ គាត់​ចាញ់​តែ​ ម៉ន សាម៉េត ​ដូច​ខ្ញុំ​ដែរ ​រីឯ​​ជើង​ចាស់​មួយ​ចំនួន​ទៀត ​គាត់​​ឈ្នះ​សឹង​អស់​ហើយ​។​ ​ខ្ញុំ​ខំ​ហាត់​ និង​ត្រៀម​ប្រ​កួត​នេះ​បាន​ល្អ​ សង្ឃឹម​ឈ្នះ​តែ​ ៧០​ ភាគ​រយ​ទេ​ ​ព្រោះ​វា​អាស្រ័យ​លើ​ការ​ប្រ​កួត​ជាក់​ស្តែង​។ យ៉ាង​ណា​ក៏​​ ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ គ្មាន​បន្ធូរ​ដៃ​នោះ​ឡើយ​»។​

តាម​ការ​ស្រង់​ស្ថិតិ​ប្រ​កួត​ពី​លោក ​តាំង ​លីហួរ ​មន្ត្រី​សម្រប​សម្រួល​ព័ត៌មាន​ ប្រចាំ​នៅ​សង្វៀន PNN ​បាន​ឱ្យ​​ដឹង​ពី​ប្រ​វត្តិ​ប្រកួត​ជា​ផ្លូវ​ការ​របស់​​កីឡាករ​ទាំង​ពីរនេះ​ថា​ ​លាភ ​រដ្ឋា​ប្រ​កួត​បាន ​​៧៣ ​ដង ​ឈ្នះ​ ៥០ ​ចាញ់​ ១៧​ ​ស្មើ ​៦ ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ ​​៦ ​ដង​។ ចំណែក​ ធន់ ​អៀន​ឡៃ ​ប្រ​កួត​បាន ​​៦០ ​ដង ​ឈ្នះ​ ៤៨​ ​ចាញ់ ​៨​ និង​​ស្មើ ​៤ ​ដង ​ក្នុង​នោះ​ផ្តួល​ឱ្យ​​ដៃ​គូ​សន្លប់​បាន​ចំនួន​ ​១៣ ​​ដង។

ប្រភព​ពី​អ្នក​តាម​ដាន​ប្រ​ដាល់​ គេ​លាន់​មាត់​ថា ​ជំនួប​​វគ្គ​ជម្រុះ​​រវាង ធន់ អៀនឡៃ និង លាភ រដ្ឋា ជា​គូ​ល្អ​បំផុត​ ប៉ុន្តែ​​ពួក​គេ ហាក់​​ផ្តល់​ភាគ​រយ​ខ្ពស់​ទៅ​លើ​កីឡាករ​ លាភ ​រដ្ឋា​ ជា​អ្នក​ឈ្នះ​ បាន​ឡើង​ទៅ​វគ្គ​បន្ត​។ ​ទោះ​យ៉ាង​ណា​សម្រាប់​គូ​នេះ​ ចាញ់​ ឬ​ឈ្នះ ​មិន​មែន​ស្រួល​ទេ ​គឺ​តឹង​តែង​បំផុត ​និង​ជា​កីឡាករ​លំដាប់​កំពូល​ជួប​គ្នា​ដោយ​កម្រ​​៕​​

ព័ត៌មានថ្មីៗ