ភ្នំពេញ៖ កីឡាការិនី​ហែល​ទឹក​វ័យ​ក្មេង​របស់​កម្ពុជា ឃឿន ប៊ុន​ពេជ្រ​មរកត ​ដែល​កំពុង​ស្នាក់នៅ និង​ហ្វឹក​ហាត់ ក្នុង​​ប្រទេសជប៉ុន​ស្រាប់​នោះ ​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ព្យាយាម​បំបែក​ថិរវេលា​ចាស់​របស់​ខ្លួន​ឯង ក្នុង​​ការ​​ប្រកួតកីឡា​អូឡាំពិក ក្រុងតូក្យូ ឆ្នាំ​ ២០២០ ចុង​សប្តាហ៍នេះ ចំណែក​កីឡាករ​អត្តពលកម្ម ប៉ែន សុគង់ ក៏​បាន​ចូល​ហ្វឹក​ហាត់នៅ​កន្លែង​ពិសេស​រួច​រាល់​ហើយ​ដែរ សម្រាប់ត្រៀមការ​ប្រកួត​ដ៏​ធំ ជា​លើក​ដំបូង​​នេះ​ដូចគ្នា។


កីឡាការិនី​វ័យ​ ១៥​ ឆ្នាំ ឃឿន ប៊ុន​ពេជ្រ​មរកត ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ប្រទេស​ជប៉ុន ជាមួយប្រតិភូ​កីឡា​កម្ពុជា កាលពី​ថ្ងៃទី ២០ ខែកក្កដា នោះ ​បានបង្ហាញការ​រំភើប​ខ្លាំង នៅ​ពេលនាងបាន​ហ្វឹក​ហាត់ នៅ​ក្នុងអាង​ហែលទឹក​បែបស្តង់ដារ ជាពិសេស​បាន​ចូល​រួម​ដង្ហែ​ទង់​ជាតិ​កម្ពុជា នៅ​ក្នុងពិធីបើក​ការ​ប្រកួតកីឡាអូឡាំពិក ឆ្នាំ ​២០២០ កាល​ពី​យប់​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ​២០២១ ​នេះ។​


តាម​រយៈ CAMSOC ឃឿន ប៊ុន​ពេជ្រ​មរកត បាន​និយាយ​ថា៖ ​«ក្រោយ​ពីបាន​ចូល​រួម​ពិធិបើកការ​ប្រកួតកីឡា​អូឡាំពិក ទីក្រុងតូក្យូ នៅប្រទេស​ជប៉ុន ខ្ញុំ​ពិតជា​មាន​អារម្មណ៍រំភើប និង​សប្បាយ​រីក​រាយ ព្រោះ​ខ្ញុំ​មិនដឹងស្មាន​ថា បាន​ចូល​រួមប្រកួត នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​ទេ ហើយ​ក្នុង​រយៈ​ពេល​ស្នាក់នៅ​ប្រទេស​ជប៉ុន ចូល​មួយ​សប្តាហ៍​នេះ ខ្ញុំ​បាន​ធ្វើការ​ហ្វឹក​ហាត់ នៅ​អាង​ហែល​ទឹក បែបស្តង់ដារ ​ទៅ​លើ​បច្ចេក​ទេស និង​ល្បឿន​ជា​ដើម តាមកម្ម​វិធី​ដែល​លោកគ្រូ​បាន​ដាក់ឱ្យ»​។


បើទោះបីជា ឃឿន ប៊ុន​ពេជ្រ​មរកត មិនទាន់មាន​លទ្ធ​ភាព ក្នុងការ​ប្រកួត​ប្រជែង​យក​ចំណាត់​ថ្នាក់ល្អ ជាមួយកីឡាការិនីហែល​ទឹកផ្សេងៗ​ទៀត មក​ពី​ជុំវិញ​ពិភព​លោក ប៉ុន្តែ​ក្មេង​ស្រី​ម្នាក់​នេះ ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ព្យាយាម​ ដើម្បី​បំបែក​ថិរវេលា​ចាស់​ខ្លួន​ឯងឱ្យ​បាន ដើម្បី​សាងបាន​នូវ​កំណត់​ត្រា​ថ្មី សម្រាប់ការ​ទទួលបានឱកាស​ដ៏ពិសេស ចូល​រួម​ក្នុង​ការ​ប្រកួត​អូឡាំពិក នេះ។


កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត បាន​ថត​នៅ​ពីមុខ​អាង​ហែលទឹក ដែលជា​កន្លែង​ហ្វឹក​ហាត់របស់​នាង ក្នុង​ទីក្រុង​តូក្យូ។ រូប​ថត សហការី


កីឡាការិនី​របស់​កម្ពុជា​រូបនធេះ បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ហែល​សេរី ចម្ងាយ​ ៥០ ម៉ែត្រ នៅ​ថ្ងៃទី​ ៣០ ខែកក្កដា ហើយខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ខិតខំ​ប្រឹង​ប្រែង​ឱ្យអស់​ពី​លទ្ធ​ភាព ដើម្បីបំបែក​ថិរវេលា​ចាស់​របស់​ខ្លួន​ឯង។ ខ្ញុំ​សូមអរគុណ​ដល់​បងប្អូន អ៊ំ ពូ មីង ដែល​បាន​ជូនពរ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខិតខំ​ប្រឹង​ប្រែង​ ឱ្យអស់ពី​សមត្ថភាព នៅក្នុងការ​ប្រកួត​មួយនេះ»។

ជាមួយ​គ្នា​នេះ កីឡាករអត្តពលកម្ម ប៉ែន សុគង់ ដែល​ជា​អ្នក​​កាន់​ទង់ជាតិកម្ពុជា ពេល​ពិធី​បើក​ការ​ប្រកួតកីឡាអូឡាំពិក​នេះ ត្រូវ​បាន​លោក បូរ ពុធរាត្រី ជា​គ្រូ​បង្វឹក ​អះអាង​ថា អ្នក​រត់​ល្បឿន​តំណែង​ឱ្យ​កម្ពុជា​រូបនេះ ​បាន​ចូល​រួម​ហ្វឹក​ហាត់ នៅ​កន្លែងពិសេស ជា​មួយក្រុម​​អត្ត​ព​លិក​ចម្រុះ​ជាតិ​សាសន៍ គឺ​នៅពហុកីឡដ្ឋានអូឡាំពិក ឬ​ Olympic Stadium ​រួច​ហើយ។

តាម​រយៈ CAMSOC លោក បូរ ពុធរាត្រី បាន​ប្រាប់ កាលពី​ថ្ងៃអង្គារ​ថា៖ ​«ក្នុង​ការ​ហ្វឹក​ហាត់​​​ពិសេស​​នេះ គឺ​គណៈកម្មការ​រៀប​ចំ ​ការ​ប្រ​កួត​ផ្នែក​កី​ឡា​អត្តពលកម្ម បាន​អនុញ្ញាត​ឱ្យ​អត្តពលិក​​​ទាំង​​​អស់ ចូល​ហាត់​សម​ជា​មួយ​ឈ្នាន់ និងការបញ្ជាចេញដំណើរ នៅ Olympic Stadium ដែល​ជា​ទីលានប្រកួតផ្លូវការ ប៉ុន្តែ​ការហ្វឹកហាត់ពិសេស​នេះ​ មានតែ ១ ថ្ងៃ​នេះ​ប៉ុណ្ណោះ ខណៈផុតពីនេះទៅ កីឡាករ កីឡាការិនី ត្រូវ​ហ្វឹក​ហាត់​នៅ​ទី​លាន​កម្ដៅ​សាច់​ដុំវិញ រហូតដល់ថ្ងៃប្រកួតរៀងៗខ្លួន»។

កីឡាករ​ហែលទឹក ហែម ប៊ុច ​បាន​ថត​នៅ​ពី​ខាងមុខ​អាង​ហែល​ទឹក ជា​កន្លែង​ហ្វឹក​ហាត់​របស់​ខ្លួន ត្រៀម​ប្រកួត​កីឡា​អូឡាំពិក។ រូប​ថត សហការី

គួរ​បញ្ជាក់ថា កម្ពុជា បាន​បញ្ជូន​ក្រុមអត្តពលិក​ត្រឹម ​៣ នាក់​ប៉ុណ្ណោះ តាម​រយៈ​ការ​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ ដើម្បី​ចូល​រួម​ការ​ប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូ ​នេះ ក្រោមការ​ដឹកនាំ​របស់ លោក វ៉ាត់ ចំរើន រួម​ជាមួយ​ជំនួយការ និងគ្រូ​បង្វឹក​មួយចំនួន​ទៀត សរុប​មាន​គ្នា​ ៨ នាក់។

ចំពោះ​កម្ម​វិធី​ប្រកួត​របស់​អត្តពលិក​កម្ពុជា​ទាំង​ ៣ នាក់នេះ គឺ​កីឡាហែលទឹក ហែម ប៊ុច និង ឃឿន ប៊ុន​ពេជ្រ​មរកត ដែល​​ត្រូវ​ប្រ​កួត​​វិញ្ញា​សា​ហែលសេរី ៥០ ម៉ែត្រ ដូចគ្នា​នោះ នឹង​ត្រូវ​ប្រ​កួត នៅ​មជ្ឈ​មណ្ឌល​កី​ឡា​ហែល​ទឹក Tokyo Aquatics Centre នា​​​ម៉ោង ១៩:០០ ​ថ្ងៃទី​ ៣០ ខែ​កក្កដា (ត្រូវ​នឹង​ម៉ោង ៥​ ល្ងាច ​​នៅ​កម្ពុជា) ចំណែក​កីឡាករ ប៉ែន សុគង់ នឹង​ត្រូវ​ប្រ​កួត​រត់​ល្បឿន​ ចម្ងាយ ១០០ ម៉ែត្រ នៅ​ព​ហុ​កី​ឡ​ដ្ឋាន Olympic Stadium វេ​លា​ម៉ោង ១១:៣០​ នា​ថ្ងៃ​ទី ៣១ ខែ​កក្កដា​នេះ (ត្រូវ​នឹងព្រឹក​​ម៉ោង ៩:៣០ ​នៅ​កម្ពុជា)៕