ភ្នំពេញ៖ ការ​​ប្រកួត​ថ្នាក់​ខេត្ត​ ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​ ២០២១ ដែល​បាន​ផ្អាក​ការ​ប្រកួត ដោយសារការ​រីក​រាល​​នៃ​​ជំងឺ​កូវីដ ​១៩ តាំង​ពី​ដើម​​ខែ​មេសា មក​នោះ ត្រូវ​បាន​គណៈកម្មការ​ប្រកួត​បាល់​ទាត់​កម្ពុជា (CNCC) នឹង​ភាគី​ពាក់ព័ន្ធ ឯក​ភាព​គ្នាឱ្យ​​ចាប់​ដំណើរ​ការ​ប្រកួតឡើង​​វិញ នៅ​ដើម​ខែ​សីហា ខាង​មុខ​នេះ ដើម្បី​ឈាន​ទៅរក​ក្រុម​ឈ្នះ​តំណែង​ជើង​ឯក ទៅតាម​ការកំណត់។


យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​ការ​ប្រកួត​ឡើង​វិញ​នេះ គឺ​មាន​តែ​ក្រុមចំនួន ​១០ ​ប៉ុណ្ណោះ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​​បន្ត ក្នុង​នោះ​មាន​ក្រុម​សៀមរាបអេហ្វស៊ី កោះកុងអេហ្វស៊ី ភ្នំពេញ​ហ្គាឡាក់ស៊ី ខេត្ត​កំពង់ឆ្នាំង ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ ខេត្ត​កណ្ដាល ខេត្ត​កំពត និងក្រុម​ខេត្ត​ត្បូងឃ្មុំ។


ចំណែក​ក្រុមចំនួន​ ១១​ ទៀត រួម​មាន​ក្រុម​ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ ខេត្ត​កំពង់ចាម ខេត្តស្វាយរៀង សូហ្វីយ៉ាប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកែប ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ធំ ខេត្តរតនគិរី និងខេត្ត​ព្រះវិហារ បាន​សម្រេច​ចិត្ត​បង់​ចោល​ការ​ប្រកួតនេះ​តែ​ម្តង ដោយ​សារ​ស្ថាន​ភាព​ការ​រីករាលជំងឺ​កូវីដ ​នៅ​តាម​តំបន់​របស់ក្រុមទាំង​នោះ នៅតែ​ជា​ហានិភ័យ​ខ្ពស់ មិនអាច​​រៀបចំ​ការ​ប្រកួត​បាន។


ជុំ​វិញ​បញ្ហា​នេះ លោក រុន វិទូ ជា​គណៈ​កម្មការ​ប្រកួត​នេះ ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «សម្រាប់​គម្រោង​ដាក់​ឱ្យ​មានការ​ប្រកួត​ឡើង​វិញ ​នៃ​ពាន​រង្វាន់​សម្តេច​នេះ ខាងគណៈកម្មការ​របស់ CNCC ​បាន​ធ្វើការ​សាកសួរ​ទៅ​កាន់ក្រុមទាំង ​២១ ដែល​បាន​ចូល​រួម​ប្រកួត​ជម្រុះតាមពូល​ទាំង​ ៦ ប៉ុន្តែ​យើង​ទទួលបាន​មក​វិញ គឺ​មាន​តែ​​ក្រុមចំនួន ​១០ ​ទេ ដែល​សុំ​ឱ្យ​មានការ​ប្រកួតបន្ត ចំណែក​ក្រុមចំនួន ​១១ ​ទៀត បាន​សម្រេច​មិនចូល​រួមការ​ប្រកួត​ឡើយ ដោយសារ​តែ​មាន​បញ្ហា​លើ​វិបត្តិជំងឺ​កូវីដ​១៩»។


លោក រុន វិទូ ពេលពន្យល់​ពី​លក្ខខណ្ឌ និង​រូប​មន្ត​នៃ​ការ​ប្រកួត​ថ្មី ទៅ​ដល់​តំណាង​ក្រុមទាំង​១០ ដែល​បាន​ចូល​រួមប្រជុំ តាម​អនឡាញ កាលពី​ថ្ងៃពុធ។ រូប​ថត CNCC


លោក រុន វិទូ បាន​បន្ថែម​ថា៖ ​«ជាមួយការ​ដក​ខ្លួន​របស់ក្រុមទាំង ១១ នោះ ​យើង​ក៏បាន​ឯក​ភាព កែ​ប្រែ​លក្ខខណ្ឌ និង​រូប​មន្ត​នៃ​ការ​ប្រកួត ដោយ​យើង​កំណត់​យក​ក្រុម​លេខ​១ នៅ​តាម​ពូល​នីមួយៗ ឡើង​ទៅវគ្គ​ ៨ ​ក្រុម ​ដោយស្វ័យ​ប្រវត្តិ​តែ​ម្តង ចំណែក​ពូល​ខ្លះ ដែល​នៅ​សល់តែ​មួយ​ក្រុម​នោះ ក៏​យើងសម្រេច​យក​ក្រុម​នោះ ឡើង​ទៅវគ្គ​បន្ត​ផងដែរ រីឯ​ក្រុម​លេខ ​២ នៅតាមពូល​នីមួយៗ ត្រូវ​​ប្រកួត​ខ្វែង ដើម្បី​យក​ក្រុម​ឈ្នះ ចំនួន ​២ ​ក្រុម ទៅ​បំពេញ​បន្ថែម នៅ​ក្នុង​វគ្គ ​១/៤ ​ផ្តាច់​ព្រ័ត្រ»។

​​តាម​រយៈ​​ការ​បោះបង់​​របស់​ក្រុម​ចំនួន​ ​១១ ​ខាង​លើនេះ គឺ​បាន​ធ្វើ​ឱ្យ​ពូល​ ក នៅ​សល់​តែ​​ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី និង​ក្រុម​ខេត្តកំពង់ឆ្នាំង រីឯ​ពូល​ ខ នៅ​សល់​ក្រុម​ខេត្តបន្ទាយមាន​ជ័យ និង​ខេត្ត​បាត់ដំបង ខណៈ​ពូល គ សល់​​ក្រុម​សៀម​រាបអេហ្វស៊ី និងក្រុមខេត្ត​ឧត្តរមាន​ជ័យ ហើយ​ពូល ង សល់​ក្រុម​កោះកុងអេហ្វស៊ី និង​ក្រុម​ខេត្តកំពត ប៉ុន្តែ​ពូល​ ឃ និង​ពូល ច នៅ​សល់​ ១​ ក្រុម​ដូចគ្នា គឺ​ក្រុម​ខេត្តកណ្តាល និងក្រុម​​ខេត្តត្បូងឃ្មុំ។

ហេតុនេះ​ក្រុម​ខេត្ត​កណ្តាល មកពីពូល ឃ និងក្រុម​ខេត្ត​ត្បូង​ឃ្មុំ មក​ពី​ពូល​ ច ត្រូវ​ឡើងទៅ​ឈរ​ចាំ​នៅវគ្គ​ ៨ ​ក្រុម ​ដោយ​ស្វ័យ​ប្រវត្តិ ចំណែក​ក្រុម​កោះកុងអេហ្វស៊ី និង​ក្រុម​ខេត្តបន្ទាយមានជ័យ ក៏​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​ដែរ ក្នុងនាមជា​ក្រុម​លេខ​១ ប្រចាំ​ពូល​ ខ និងពូល ង ចំណែក​ក្រុម​ខេត្តបាត់ដំបង និង​ខេត្តកំពត ដែល​ទទួល​បាន​លេខ ​២ នៅ​ក្នុង​ពូលទាំង ២​ នេះ ត្រូវ​រង់​ចាំ​ការ​ប្រកួតចុង​ក្រោយ​រវាង​ក្រុម​ទាំង ​៤ ដែល​ឈរ​នៅ​ពូល ក និង​ពូល គ។

សម្រាប់​ការ​ប្រកួតដណ្តើម​យក​លេខ​ ១ និងលេខ ​២ រវាង​ក្រុមទាំង ​៤ ឈរ​នៅ​ពូល ក និង​ពូល គ នេះ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​៣ ខែសីហា ខាងមុខ​នេះ ដោយ​ក្រុម​ឈ្នះ​ បាន​លេខ​ ១ នឹង​ឡើង​ទៅ​វគ្គ​៨​ក្រុម ចំណែក​ក្រុម​ចាញ់ បាន​លេខ​២ ត្រូវ​ប្រកួតខ្វែង​ជាមួយ​ក្រុម​​លេខ ​២ ខេត្តបាត់ដំបង និង​ខេត្តកំពត ហើយក្រុម​ឈ្នះ ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ ៨ ​ក្រុម ​ជាមួយ​ក្រុម​ ដែលកំពុង​ឈរ​ចាំ៕