ភ្នំុំពេញ៖ អ្នក​ប្រដាល់​ឆ្នើម​ជួរ​មុខ ឡៅ​ ចន្ទ្រា​ ​របស់​​ក្លិបបញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​ ត្រូវ​បាន​គណៈ​កម្មការ​​រៀបចំ​ការ​ប្រកួត​​ប្រចាំ​សង្វៀន​ CNC ​ដាក់​ឱ្យ​ប្រ​កួត​ដណ្តើម​ប្រាក់​លាន ​ជា​មួយ​ជើង​ខ្លាំង ធឿន​ ធារ៉ា​ ​របស់​សមាគម​កីឡា​ប្រដាល់​ក្រ​សួង​កសិកម្ម ក្នុងទម្ងន់​ ៧១ ​គីឡូក្រាម នា​ល្ងាច​​​ថ្ងៃ​សៅរ៍នេះ ខណៈ​អ្នកទាំង​២នេះ សុទ្ធតែ​ទើប​ត្រូវ​បាន ថៃ រិទ្ធី វ៉ៃ​ឱ្យសន្លប់ធំ នៅ​ក្នុងទឹក​ទី​ ៣ ដូចគ្នា។


ជា​មួយ​នឹង​ប្រ​វត្តិ​ប្រ​កួត​ជាង ​១០០​ ដង ​​​ឡៅ ​ចន្ទ្រា​ ជា​ជើង​ខ្លាំង ដែល​ធ្លាប់​ឈ្នះ​បាន​​ខ្សែ​ក្រ​វាត់​​ចំនួន ​៣ ​ស្ថាប័ន​ គឺ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​​ នៅ​សង្វៀន​បាយ័ន​ ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ​ នៅ​សង្វៀន​ ​CNC​ និង​ខ្សែ​ក្រវាត់ ​ISI Palm​ នៅ​សង្វៀន​ PNN ខណៈ​កន្លង​មកនេះ ចន្ទ្រា ​សឹង​រក​គូ​ប្រ​កួត​ខ្មែរ​គ្នា​ឯង​មិន​បាន​។


​យ៉ាង​ណា​ក៏​ដោយ ​កាល​ ៣​ សប្កាហ៍​មុន ​ឡៅ​ ចន្ទ្រា​ បាន​ចាញ់​សន្លប់​ធំ​ ក្រោម​កណ្តាប់​ដៃ​​ ថៃ ​រិទ្ធី បន្ទាប់​មកបាន​មក​​ស្មើ​ពិន្ទុ​ជា​មួយ​ជើង​ថ្មី ​ឈឿង ​ល្វៃ​ ខណៈ​ជំនួប​កន្លងមក ​ឈឿង​ ល្វៃ​ ធ្លាប់​ចាញ់​ ចន្ទ្រា រាប់​ភ្លេច​។ ​លទ្ធផល​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ចន្ទ្រា​ មាន​កម្រិត​វិជ្ជា​គុន​ធ្លាក់​ចុះ​ជាង​មុន​ឆ្ងាយ​ណាស់​។​


ចំណែក​លោក​ ឡៅ​ ស៊ី​ណាត ​ជាគ្រូ​បង្វឹក​ជំនួយ​ និង​ជា​បង​បង្កើត​របស់ ឡៅ ចន្ទ្រា បាន​ទទួល​ស្គាល់ថា ប្អូន​របស់​ខ្លួន ពិតជា​មានវិជ្ជាគុន​ធ្លាក់​ចុះ​មែន។ ឡៅ ​ស៊ី​ណាត បាន​​និយាយ​ថា​៖ «​ពីរ​ប្រ​កួត​ចុង​ក្រោយ​នេះ ​ចន្ទ្រា ​វា​ធ្លាក់​ចុះ​ខ្លាំង​មែន ​និយាយ​​ទៅ​ខ្សោយ​កម្លាំង​។ ​ទោះ​បី​ខំ​ហាត់​បាន​ល្អ ​តែ​ឡើង​ប្រ​កួត ​ធ្វើ​មិន​បាន​ល្អ​ដូច​ចិត្ត»​។


អតីត​ជើងខ្លាំង ឡៅ ស៊ីណាត បាន​បន្ថែម​ថា៖​ «​នៅ​ក្នុង​ការ​ប្រ​កួត​ជាង ​១០០​ ដង ដោយ​​មាន​​ប្រ​វត្តិ​ចារ​ទុក​ ​គឺខ្ញុំ​​មិន​ដែល​ឃើញ​កីឡាករ​ខ្មែរ​ណា ​វ៉ៃ​ឱ្យ ​ឡៅ ចន្ទ្រា ​សន្លប់ដូចពេលជួប ថៃ រិទ្ធី ​នោះ​ទេ​។ ចំណែក​ការ​ជួប ​ធឿន​ ធារ៉ា​ លើក​នេះ ក៏​មិន​មែន​ស្រួល​ប្រ​កួត​នោះ​ដែរ ​គឺ​ខ្ញុំ​​មិន​ហ៊ាន​អះអាង​ពី​លទ្ធផល​ឈ្នះ​មុន​ទេ​ ​ព្រោះ​គេ​ជា​កីឡាករ​ល្អ​មួយ​រូប ​​ហេតុ​នេះ​​ខ្ញុំ​រំពឹង​ត្រឹម ​៦០ ​ភាគ​រយ​ប៉ុណ្ណោះ​»។


ចំណែក​កីឡាករ ​ធ្លាប់ប្រកួត​បាន​ ​១២០​ ដង ​ឈ្នះ​ ១០៥ ​​ចាញ់​ ១៣​ និង​​ស្មើ​ ២ ដង ​ឡៅ​ ចន្ទ្រា បាន​​និយាយ​ថា​៖ ​«ការ​ប្រកួត​នេះ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​ តែ​ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ នឹង​ចង់​ឈ្នះ ​ដើម្បី​​ស្តា​មុខ​មាត់​មក​វិញ​។ ​ខ្ញុំ​ហាត់​បាន​ល្អ ​ត្រៀម​ប្រ​កួត​នេះ​យក​ឈ្នះ ​តែ​មិន​​ហ៊ាន​ទាយ​មុន​ទេ​»។

​​តាម​ប្រ​វត្តិ​រវាង ​ឡៅ​ ចន្ទ្រា​ និង ​ធឿន ​ធារ៉ា ​ធ្លាប់​​ប្រ​កួត​គ្នា​ម្ដង ​កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០​ ដោយ​កាល​នោះ​ ​ឡៅ ​ចន្ទ្រា​ បាន​ឈ្នះ​ត្រឹម​តែ​ឈ្នះ​ពិន្ទុ​ទាំង​ប្រផិត​ប្រផើយ​បំផុត​។ ចំណែក​ការ​ជួបគ្នា​លើក​នេះ ​ធឿន ​ធារ៉ា បាន​​និយាយ​ខ្លី​ថា​៖ «​ខ្ញុំ​កំពុង​ហាត់​ត្រៀម​ប្រ​កួត​​នេះ​ឱ្យ​​បាន​ល្អ​។ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​៧០​ភាគ​រយ ​ប៉ុន្តែ​ចាំ​មើល​ជាក់​ស្តែង​ទៅ​»។​

តាម​ប្រ​វត្តិ​ ​ធឿន​ ធារ៉ា​ កន្លង​មក​ លំបាក​រក​ដៃ​គូ​ណាស់​ គឺ​មាន​តែ ​រឿង ​សោភ័ណ្ឌ​ និង ឡុង​ សុភី​ អាច​ទប់​ទល់​បាន​ ដោយគេ​​មាន​ជំនាញ​ជង្គង់​ល្អ​ និង​មាន​បទ​ពិសោធ​​ប្រ​កួត​នៅ​ប្រទេស​ថៃ​ញឹក​ញាប់ ​ហើយ​បញ្ហា​ធ្លាក់​ចុះ​មួយរយៈ​កន្លង​មក ​គឺដោយសារ​​មាន​ប្រពន្ធ ​និង​ជាប់​រវល់​មើល​ថែ​​ទាំ​កូន ​ដ្បិត​អី​​ប្រ​ពន្ធ​ធ្វើ​ការ​ជា​កម្ម​ការិនី​រោង​ចក្រ​ ខណៈកាល​ពីពេលថ្មីៗ​នេះ ធឿន ធារ៉ា ត្រូវបាន​ ថៃ រិទ្ធី វ៉ៃ​ឱ្យ​សន្លប់ ជាមួយការ​បែកពេញ​ផ្ទៃ​មុខ។

យ៉ាងណា​ក៏ដោយ ប្រ​ភព​ពី​មហា​ជន​និយម​តាម​ដាន​​ការ​ប្រកួត​របស់ ​ឡៅ ​ចន្ទ្រា​ និង​ ​ធឿន​ ធា​រ៉ា ​គឺ​ពួក​គាត់ភាគ​ច្រើន ​​មាន​ជំនឿ​ចិត្ត​ខ្លាំង​ទៅ​លើ​ ធឿន​ ធារ៉ា​ ថា ជា​អ្នក​មាន​ភាគ​រយ​ខ្ពស់​ជាង ​ក្នុង​ការ​ដណ្តើម​យក​ប្រាក់​លាន ​ពី​កម្ម​វិធី​ប្រ​ដាល់​គោ​ជល់​ នៅ​​លើ​សង្វៀន​ CNC នា​​ថ្ងៃ​សៅរ៍​នេះ៕​