ភ្នំពេញ៖ ​ក្រុម​ធំៗ ដែល​កំពុង​ឈរ​នៅ​​តំបន់​កំពូល​តារាង​ទាំង ៦ (Top6) រួម​មាន​វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ ​បឹងកេត និង​ភ្នំពេញក្រោន នឹង​ត្រូវ​​ធ្វើ​ការ​​​ប្រកួត​ប្រជែង​​​គ្នា​​ដោយ​ប្រយោល និង​ដោយ​ប្រឈម​ស្វែងរក​ជ័យជម្នះ​រៀងៗ​ខ្លួន​នៅ​ថ្ងៃ​សៅរ៍ និង​​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ដណ្តើម​យក​ទីតាំង​លេខ​ ១ នៃ​លីគ​កំពូល​កម្ពុជា ឆ្នាំ​ ២០២១ ​របស់​ក្រុម​អង្គរ​ថាយហ្គឺរ។


ក្រុម​អង្គរ​ថាយហ្គឺរ​នឹង​មិន​មាន​​អ្វី​ត្រូវ​តបត​នោះ​ទេ ក្រៅ​តែ​ពី​ការ​ត្រៀម​ធ្លាក់​ចេញ​ពី​ទីតាំង​កំពូល​នេះ ព្រោះ​ពួក​គេ​បាន​ប្រកួត​គ្រប់​​ ១០ ​លើក​រួច​ហើយ ហើយ​ការ​មាន​ត្រឹម ​២០ ​ពិន្ទុ បាន​បញ្ជាក់​ថា ​ទាំង​ក្រុម​វិសាខា​ ​ស្វាយរៀង ណាហ្គាវើលដ៍ ​បឹងកេត និង​ភ្នំពេញក្រោន សុទ្ធ​តែ​អាច​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ នេះ ឱ្យ​តែ​ក្រុមណា​មួយ​ដណ្តើម​បាន ​៣ ពិន្ទុ លើក​នេះ។


យ៉ាង​ណា​ក៏​ដោយ ​តាមរយៈ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​១១ ​នេះ ក្រុម​កំពុង​ឈរ​នៅ​លេខ​ ២ មាន​ ១៩ ពិន្ទុ វិសាខា មាន​ភាគ​រយ​ខ្ពស់​ជាង​គេ ក្នុង​ការ​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ ព្រោះ​នៅ​សប្តាហ៍​នេះ ពួក​គេ​ត្រូវ​ជួប​ក្រុម​ខ្ចី​បទពិសោធ ខេត្ត​ព្រៃវែង ដែល​ស្ថិត​នៅ​ក្រោម​ដំបូល​គ្រប់គ្រង​តែ​មួយ ព្រោះ​ដើម​ឡើយ ខេត្ត​ព្រៃវែង ជា​ក្រុម​យុវជន​ថ្នាល​របស់​​វិសាខា តែ​បាន​ផ្តាច់​ខ្លួន​ទៅ​លេង​ឱ្យ​ ខេត្ត​ព្រៃវែង កាល​ពី​ឆ្នាំ​ ២០២០ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ជើងឯក​លីគ​ ២។


យ៉ាង​ណា​ក៏​ដោយ ក្រុម​សិស្ស​ច្បង និង​សិស្ស​ប្អូន​ទាំង​ ២ ​នេះ ​មាន​ក្រុម​គ្រូ​បង្វឹក និង​ការងារ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​​កាល​​ជំនួប​លើក​ទី​១ នៅ​ក្នុងការ​ប្រកួត​វគ្គ​ ១/២ ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច ហ៊ុន សែន ​ឆ្នាំ​ ២០២០ ក្រុម​ទាំង​ ២ ​នេះ បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ណាស់ តែ​ចុង​ក្រោយ​ខេត្ត​ព្រៃវែង បាន​យំ​សោកស្តាយ ក្រោយ​ចាញ់ ក្រុម​វិសាខា ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទីកាត់​សេចក្តី។ តែ​ទោះ​យ៉ាង​ណា នៅ​​លីគ​កំពូល​ ដែល​អនុញ្ញាត​​ឱ្យ​ប្រើ​កីឡាករ​បរទេស​ ៤ នាក់ នៅ​លើ​ទីលាន​នោះ គឺ​ខេត្ត​ព្រៃវែង ហាក់​មាន​កម្រិតទាប​ជាង វិសាខា។


ផ្ទុយ​ពី​នេះ​ក្រុម​ស្វាយរៀង ដែល​កំពុង​ឈរ​នៅ​លេខ​ ៣ មាន​ ១៩ ​ពិន្ទុ​ដែរ​នោះ អាច​នឹង​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ដណ្តើម​​ ៣ ពិន្ទុ ព្រោះ​ពួក​គេ​ត្រូវ​ជួប​ក្រុម​ការពារ​តំណែង​ជើងឯក បឹងកេត ដែល​កំពុង​ឈរ​នៅ​លេខ​ ៥ មាន​ ១៨ ​ពិន្ទុ។ បឹងកេត បាន​ចាត់​ទុក​ជំនួប​នេះ​ថា ជា​ការ​ប្រកួត​ក្រៅ​ទឹក​ដី​ដ៏​សំខាន់​ ចំណែក​ក្រុម​ស្វាយរៀង ក៏​កំពុង​ផ្តោត​ខ្លាំង ដើម្បី​ស្វាគមន៍ បឹងកេត ដូចគ្នា។


ការ​ជួប​គ្នា​កាល​ពី​ឆ្នាំ ​២០២០ បឹងកេត បាន​ឈ្នះ​ក្រុម​ស្វាយរៀង ៤-២ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង និង​ស្មើ​គ្នា ១-១ នៅ​លើ​ទឹក​ដី​ខេត្ត​ស្វាយរៀង ក្នុង​ជើងទី​២ ហើយ​លទ្ធផល​នេះ បាន​ជួយ​ឱ្យ​បឹងកេត ឈាន​ទៅ​ឈ្នះ​តំណែង​ជើងឯក ជា​មួយ​កំណត់ត្រា​ដ៏​ល្អ​បំផុត គឺ​​ឈ្នះ​ ១២ និង​ស្មើ​ ៤ មាន​ ៤០ ពិន្ទុ លើស​ក្រុម​ជើងឯក​រង​ស្វាយរៀង ដែល​មាន​ ៣៨ ពិន្ទុ​ ដោយ​​ឈ្នះ​ ៩ ស្មើ​ ៥ និងចាញ់​ ២។

ស្រដៀង​គ្នា​នេះ ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​ភ្នំពេញក្រោន និង​ណាហ្គាវើលដ៍ ក៏​នឹង​​មាន​ភាព​ស្វិតស្វាញ​ខ្លាំង​ដូច​គ្នា។ បើ​ទោះបី​ជា​ពេល​នេះ​ ណាហ្គាវើលដ៍ មាន​ ១៩ ពិន្ទុ លើស​ ភ្នំពេញ​ក្រោន ​២ ពិន្ទុ ប៉ុន្តែ ណាហ្គា បាន​​ប្រកួត​ ៩ ​ដង​ហើយ ខណៈ​ភ្នំពេញ​ក្រោន ទើប​ប្រកួត​បាន​ ៧​ ដង​ទេ ហើយ​ក៏​មិន​ទាន់​ស្គាល់​ការ​ចាញ់​នោះ​ដែរ ខណៈការ​ជួប​គ្នា កាល​ឆ្នាំ​ ២០២០ ណាហ្គា បានស្មើ ១-១ មុន​ទៅ​ចាញ់ ក្រោន ១-០ ​ជើង​ទី​២។

តាមរយៈ​លទ្ធផល និង​ចំនួន​ប្រកួត​នេះ ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ក្រុម​ដែល​មាន​អាទិភាព​ខ្ពស់​ជាង​គេ​ក្នុង​ការ​ឈាន​ទៅ​គ្រប់គ្រង​ទីតាំង​លេខ​ ១ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ ហើយ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន លោក Oleg Starynskyi បាន​អះអាង​ថា បទពិសោធ​ថ្មីៗ ដែល​ទទួល​បាន​ពី​ការ​ស្មើ​​ក្រុម​វិសាខា ៣-៣ កាល​ពី​សប្តាហ៍​មុន នឹង​ធ្វើ​ឱ្យ​ក្រុម​របស់​​លោក​ កាន់​តែ​ខ្លាំង​ជាង​មុន៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-នគរបាលជាតិ v ទ័ព កីឡដ្ឋាន 7NG ៣:៣០

-អាស៊ីអឺរ៉ុប v សូលទីឡូអង្គរ កីឡដ្ឋាន AEU ៣:៣០

៤ ​ប្រកួត​នៅ​ថ្ងៃអាទិត្យ

-វិសាខា v ខេត្តព្រៃវែង កីឡដ្ឋានព្រីនស៍ ៣:៣០

-អគ្គិសនី​កម្ពុជា v គិរីវង់ កីឡដ្ឋាន EDC ៣:៣០

-ភ្នំពេញ​ក្រោន v ណាហ្គាវើលដ៍ កីឡដ្ឋាន RSN ៦:០០

-ស្វាយរៀង v បឹងកេត កីឡដ្ឋាន​ស្វាយរៀង ៦:០០