ភ្នំពេញ៖ ​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​ជើង ​អេ ​អាំម៉ារីនភូថង ​និង​អ្នក​ប្រដល់​ជើង​ចាស់ មាន​សមត្ថ​ភាព​​ខ្លាំង វេង ​សុភ័ក្រ សុទ្ធ​តែ​បាន​បង្ហាញ​ការ​មិន​អស់​ចិត្ត សម្រាប់​ការ​ទទួល​បាន​លទ្ធផល​មិន​ដាច់​ស្រេច​ក្នុង​ការ​ប្រកួត​ម៉ាសហ្វៃ ១ ​ទឹក មាន​ ៩ នាទី នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ពួក​គេ​ចង់​ជួប​គ្នា​ជា​ថ្មី ដើម្បី​វ៉ៃ​ជម្រះ​ភាព​មន្ទិលនៃ​ការ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា នា​ជំនួប​ជា​លើក​​ដំបូង​នេះ។


តាមរយៈ​ការ​ប្រកួត​ចំនួន​ ៩ ​នាទី​ពេញ ​គ្មាន​សម្រាក​នោះ ​កីឡាករ ​អេ​ អាំម៉ារីនភូថង ​និង​ វេង ​សុភ័ក្រ បាន​​វាយ​សម្រុក​គ្នា​អស់​ពី​សមត្ថភាព​ ស្ថិត​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ គឺ​វាយ​លុក​ផង​ការពារ​ផង ​ខណៈ​ដែល​ជំនាញ​ពិសេស​មាន​បច្ចេកទេស​ល្អ​ម៉្យាង​ម្នាក់ ​គឺ​ស្នៀត​ជង្គង់​របស់ ​អាំម៉ារីន ​មាន​ប្រៀប​ទៅ​លើ​ វេង ​សុភ័ក្រ ​ចំណែក ​​សុភ័ក្រ ​បាន​វាយ​បក​មក​វិញ ​ដោយ​កណ្តាប់​ដៃ និង​កែង​ល្អ ​​​ផង​ដែរ​ តែ​អ្នក​ទាំង ២ ពាន​ត្រឹម​ស្មើ​គ្នា តាម​ច្បាប់​របស់​ម៉ាសហ្វៃ គឺ​គ្មាន​អ្នក​សន្លប់ ឬ​សុំ​ចុះចាញ់ ត្រូវ​ស្មើ​គ្នា។

អេ ​អាំម៉ារីនភូថង ដែល​ខំ​វាយ​លុក​ខ្លាំង ក្នុង​បំណង​ចង់​ផ្តួល វេង សុភ័ក្រ ឱ្យ​សន្លប់​នោះ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា​៖ «​បញ្ហា​លំបាក​ប្រកួត ​គឺ​ វេង សុភ័ក្រ ​គាត់​រឹង​ខ្លាំង​ កម្លាំង​ល្អ ​វាយ​មិន​ស្រុត​កម្លាំង​នោះ​ទេ​។ ​​ខ្ញុំ​បាន​​ព្យាយាម​សម្រុក​ចូល​កាន់​តែ​ខ្លាំង​ គឺ​ប្រឈម​ខ្លាំង​ទៅ​នឹង​កណ្តាប់​ដៃ​ និង​កែង ​ហើយ​ស្នៀត​ជង្គង់​របស់​គាត់​ក៏​ល្អ​ដែរ​ ពិសេស​គាត់​រឹង​តែ​ម្តង ​មិន​អាច​វាយ​ឱ្យ​​សន្លប់​បាន​ឡើយ»​។​


កូន​ប្រុស​របស់​លោក អេ ភូថង រូប​នេះ បាន​បន្ថែម​ថា៖​ «ការ​ប្រកួត​ ៩ នាទី ​តាម​ម៉ាស​ហ្វៃ​នេះ ​ខ្ញុំ​គិត​ថា ​លំបាក​រក​ឱ្យ​ឃើញ​ឈ្នះ​ចាញ់​ណាស់​ ហេតុ​នេះ​ ខ្ញុំ​ចង់​ជួប​ប្រកួត​ឡើង​វិញ ​ក្នុង​ប្រដាល់​គុន​ខ្មែរ ​៣ ​ទឹក​ ឬ​ ៥ ​ទឹក ​គឺ​មាន​លទ្ធផល​ឈ្នះ​ចាញ់​មិន​ខាន​។ ​​តែ​ទោះបី​ជា​យ៉ាងណា ​ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​ហាត់​ច្រើន​ណាស់​ ដើម្បី​ឱ្យ​​រឹង​មាំ ​ទើប​​ប្រកួត​ជាមួយ​គាត់​បាន​ ព្រោះ​កម្លាំង​គាត់​ខ្ញុំ​វាយ​មិន​ស្រុត​ទេ»​។​


ចំណែក វេង ​សុភ័ក្រ ក៏​បាន​សារភាព​ថា មាន​ការ​លំបាក​ក្នុង​ការ​ទប់ទល់ អេ អាំម៉ារីនភូថង ដូច​គ្នា។ «​ខ្ញុំ​លំបាក​ប្រកួត​ណាស់​ ​ព្រោះ​ អេ​ អាំម៉ារីន ​នេះ​ មាន​កម្ពស់​ខ្ពស់​​វាយ​មិន​ដល់​គោល​ដៅ​ គឺ​​គ្រាន់​តែ​គាត់ ​លើក​ជើង​ទល់ ​ដល់​ទ្រូង​​របស់​ខ្ញុំ​ទៅ​ហើយ​ ហើយ​​អ្វី​ដែល​ខ្ញុំ​អាច​ផ្តួល​គាត់​បាន​ មាន​តែ​វាយ​កែង​ដល់​គោល​ដៅ ​ទើប​មាន​សង្ឃឹម​»។​ ​សុភ័ក្រ បាន​​បន្ត​ថា៖​ «​ការ​ប្រកួត​នេះ ​វាយ​សម្រុក​អស់​ពី​សមត្ថភាព​ដូច​គ្នា ​ប៉ុន្តែ​នៅ​តែ​ញញើត​គ្នា​ដែរ។ ​យើង​មិន​ភ្លេច​ស្នៀត​ការពារ​នោះ​ឡើយ​ ​ព្រោះ​បើ​ប្រហែស​ ឬ​ភ្លាត់​ស្នៀត ​អាច​សន្លប់​បាន​ដូច​គ្នា»​។​


លោក​ ជួប ​វុត្ថា ​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោន​បាន​​និយាយ​ថា៖ ​«​អ្នក​ប្រដាល់​ឆ្នើម​ទាំង​ ២ ​នេះ​ នឹង​រក​កម្មវិធី​ដាក់​ឱ្យ​​ប្រកួត​សងសឹក​គ្នា​ក្នុង​រង្វង់​ខែ​តុលា ​ឆ្នាំ​ ២០២១​ ដើម្បី​សងសឹក​ ហើយ​មិន​ទាន់​ប្រាកដ​ថា​ ពួក​គេ​ចង់​ជួប​គ្នា​ក្នុង​កម្មវិធី​ប្រកួត​តាម​បែប​ប្រកួត​ម៉ាសហ្វៃ ​ឬ​គុន​ខ្មែរ​នោះ​ឡើយ។​ ពួក​គេ​កំពុង​ល្បី​ល្បាញ​ដូច​គ្នា ​អ៊ីចឹង​ពេល​វេលា​មិន​អាច​កំណត់​ពេល​ខ្លី ​ឬ​ឆាប់ៗ​ បាន​ទេ​ ព្រោះ​សុទ្ធ​តែ​ជាប់​កិច្ច​សន្យា​​ប្រកួត​​​ជាមួយ​សង្វៀន​ដទៃ​ផង​ដែរ»​៕​