ក្រុង​រ៉ូម៖ លោក Jose Mourinho បាន​ថ្លែង​ថា គាត់​កំពុង​តែ​​កុហក​ខ្លួន​ឯង ដែល​ព្យាយាម​មិន​​និយាយ​ពី​សារសំខាន់​នៃ​ហ្គេម​ទី ១០០០ របស់​លោក ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ក្រុម ក្រោយ​ពី​គាត់​​ដឹក​នាំ​ក្រុម AS Roma ឱ្យ​ដណ្ដើម​បាន​ជ័យជម្នះ​លើ​ក្រុម Sassuolo ជាមួយ​នឹង​គ្រាប់​បាល់​នៅ​ដង្ហើម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Serie A កាល​ពី​ថ្ងៃ​អាទិត្យ​។​​​​


គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ Stephan El Shaarawy ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​ ជួយ​ឱ្យ​ក្រុម Roma ឈ្នះ ២-១ ពី​ការ​ប្រកួត ដែល​ទាំង​ក្រុម​ម្ចាស់​ផ្ទះ និង​ក្រុម​ភ្ញៀវ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក រហូត​មាន​ការ​ស៊ុត​បុក​បង្គោល​ទី​ និងអ្នក​ចាំ​ទីជួយ​​សង្គ្រោះ​ជាច្រើន​លើក​ច្រើនសា​ដូច​គ្នា។​


វា​ជា​វិថី​ដ៏​គួរ​ឱ្យ​ចងចាំ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់ ដែល​​នៅ​មុន​នេះ គាយ់​និយាយ​សម្រាល​ថា វា​តែងតែ​ជា​ធម្មជាតិ​របស់​គាត់​ក្នុង​ការ​សម្លឹង​​មើល​ទៅ​ប្រកួត​បន្ទាប់ ជា​ជាង​អង្គុយ​គិត​តែ​ពី​ការ​ប្រកួត​កន្លង​ទៅ​ហើយ តែ​គាត់​បាន​ប្ដូរ​សំឡេង​របស់​គាត់​ ពេល​ចប់​ការ​ប្រកួត​ពេញ​តង់​។


លោក Mourinho បាន​ប្រាប់​ DAZN​ ថា៖​ «​ក្នុង​​សប្ដាហ៍​នេះ ខ្ញុំ​កំពុង​និយាយ​កុហក សូម្បី​តែ​ខ្ញុំ​ខ្លួន​ឯង ដោយ​និយាយ​ថា​ នេះ​មិន​​មែន ​ជា​ការ​ប្រកួត​ពិសេស​អ្វី​នោះ​ទេ​។ ខ្ញុំ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ខ្លួន​ឯង​ឱ្យ​យល់​ឃើញ​អ៊ីចឹង​។ ​​វា​ជា​ការ​ប្រកួត​ដ៏​ពិសេស ​មាន​ចំនួន​ពិសេស​សម្រាប់​ខ្ញុំ វា​គឺ​ជា​ហ្គេម​ទី១០០០ ​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ចងចាំ​វា​ក្នុង​ជីវិត ​ដែល​នៅ​សល់​។ ខ្ញុំ​មិន​ចង់​ចាញ់​ទេ​»​។


លោក​ Mourinho បាន​មក​ចូលរួម​ជាមួយ​​ក្រុម Roma ក្នុង​ខែ​ឧសភា ដែល​ជា​ក្លិប​ទី១០ នៃ​អាជីព​អ្នក​ចាត់​ការ​ក្រុម​រយៈពេល ២១​ ឆ្នាំ​របស់​គាត់​ ​ក្នុង​នោះ​ឃើញ​ថា គាត់​ឈ្នះ​ពាន​លីគ​អាជីព​ជាច្រើន ក្នុង​ ៤ ប្រទេស​ផ្សេង​គ្នា ហើយ​បាន​ដឹកនាំ​ក្លិប​ធំៗ​នៅ​អឺរ៉ុប​មួយ​ចំនួន ដូចជា Porto, Chelsea, Inter Milan, Real Madrid, Man United​ និង Tottenham Hotspur​ ខណៈ​ពេល​នេះ លោក​ជួយ​ក្រុម Roma ​ឈរ​ទី​កំពូល​នៃ​តារាង​ពិន្ទុ​របស់ Serie A ដោយ​ឈ្នះ​ទាំង​ ៣ ​ប្រកួត​៕ AFP/VN