ក្រុងមីឡាន៖​ ក្រុម AC Milan បាន​ធ្វើ​ការ​វិល​ត្រឡប់​ ដែល​ខ្លួន​រង់​ចាំ​យ៉ាង​យូរ មក​កាន់​ការ​​ប្រកួត​ប្រជែង​ក្នុង​​ក្របខ័ណ្ឌ UEFA Champions League(UCL) វិញ​ហើយ នៅ​សប្ដាហ៍​នេះ ខណៈ​​ហ្គេម​ដំបូង​អាច​ថា ជា​ហ្គេម​ ១ ​​ដ៏​ធំ​បំផុត ព្រោះ​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ក្រុម ​Liverpool នៅ​ថ្ងៃ​ពុធ​ ដែល​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ក្ដី​ស្រមៃ​ពី​ការ​​ទទួល​​បាន​ភាព​ជោគជ័យ​នៅ​អឺរ៉ុប​ជា​ថ្មី​ម្ដង​ទៀត​។​


វា​នឹង​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ជើងឯក​អឺរ៉ុប ២ ដែល​បូក​បញ្ចូល​គ្នា មាន​ចំនួន ១៣ ​ដង​ សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Anfield នេះ តែ​​ក្រុម​យក្ស​អង់គ្លេស Liverpool បាន​ក្លាយ​ជា​ក្រុម​ ១ ក្នុង​ចំណោម​ក្រុម​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​នៅ​ទ្វីប​អឺរ៉ុប ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp ដែល​ការ​ឈ្នះ​ពាន UCL ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ឆ្នាំ​ ២០១៩​​​​។


ក្រុម​លំដាប់​កំពូល​ទៅ​ពី​អ៊ីតាលី Milan ដែល​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ជា​លើក​ដំបូង គិត​តាំង​ពី​ឆ្នាំ​ ២០១៣ កំពុង ស្ថិត​ក្នុង​អារម្មណ៍​ពេញ​ដោយ​ទំនុក​ចិត្ត​ ក្រោយ​ការ​ចាប់​ផ្ដើម​ដ៏​លឿន​របស់​ក្រប​ខ័ណ្ឌ Serie A រដូវកាល​ថ្មី ដែល​ពួក​គេ​យក​បាន ៩ ពិន្ទុ​ពេញ​យ៉ាង​ឥត​ខ្ចោះ​ពី​ការ​ប្រកួត​បើក​ឆាក​ ៣ ​លើក​ដំបូង​របស់​ខ្លួន​។


លោក Stefano Pioli ដែល​មិន​ធ្លាប់​​ឈ្នះ​ពាន​រង្វាន់​ធំ ក្នុង​នាម​ជា​គ្រូបង្វឹក​ កំពុង​មាន​ក្រុម​រីក​ចម្រើន​ ១​ ក្នុង​ដៃ​របស់​គាត់ ដោយ​ការ​អភិវឌ្ឍ​ដ៏​ល្អ​ប្រសើរ​នេះ ចាប់​ផ្ដើម​មាន​បណ្ដើរៗ​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​គាត់​ក្នុង​ឆ្នាំ​ ២០១៩​​ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ជ័យជម្នះ ២-០ លើ​ក្រុម ​Lazio ក្នុង​កីឡដ្ឋាន San Siro កាន់​តែ​បង្ហាញ​ថា ពួក​គេ​ពិត​ជា​មិន​អាច​ត្រូវ​បាន​មើល​រំលង​មែន​។


ដោយ​ត្រូវ​បាន​សួរ​ថា តើ​ក្រុម​របស់​គាត់​កំពុង​មាន​ក្ដី​ស្រមៃ​​ធំ​នៅ​អឺរ៉ុប​មែន​ទេ? លោក Pioli បាន​ឆ្លើយ​តប​ថា​៖ «​យើង​គួរ​តែ​ដេក​សុបិន​ តែ​ពេល​យប់​បាន​ហើយ នៅ​ពេល​ថ្ងៃ​ យើង​ត្រូវ​ធ្វើ​ការ​កាន់​តែ​ធ្ងន់ ដើម្បី​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​នោះ​សម្រេច​បាន»​។​


៨ ​ឆ្នាំ​ចុង​ក្រោយ ជា​រយៈពេល​ដ៏​សោះ​​កក្រោះ​ សម្រាប់​ក្រុម​ជើងឯក​អឺរ៉ុប ៧ ​សម័យ Milan ដែល​មិន​ធ្លាប់​បាន​ឈ្នះ​ជើងឯក Serie A ១ ទសវត្សរ៍​ហើយ ហើយ​ការ​បាន​ក្លាយ​ជា​ក្រុម​ទី១ របស់​អឺរ៉ុប​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​ ២០០៧ ដែល​ពេល​នោះ​ពួក​គេ​យក​ឈ្នះ​​ Liverpool ពី​ការ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្រុង​អាថែន​។​

នោះ​ជាការ​ជួប​គ្នា​ចុង​ក្រោយ​រវាង​​ក្រុម​ទាំង​ ២ ហើយ​វា​កើត​ឡើង​​ ២ ឆ្នាំ​ បន្ទាប់​ពី​ Liverpool បាន​ក្រឡាប់​ស្ថានការណ៍​ ១ ដែល​អាច​ចាត់​ទុក​ថា ជា​បរាជ័យ​ដ៏​ជូរ​ចត់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម Milan ដោយ​ការ​តាម​ស្មើ​ ​ពី​ការ​នាំ​មុខ ៣ ​គ្រាប់ ​នៅ​វគ្គ​ទី​១ មុន​នឹង​យក​ឈ្នះ​ក្នុង​វគ្គ​ប៉េណាល់​ទី​កាត់​ក្ដី​៕ AFP/VN