ក្រុងឡុងដ៍៖ កីឡាករ Anthony Joshua និយាយថា ការប្រកួតប្រដាល់ទម្ងន់ធ្ងន់ដ៏គួរឱ្យចង់មើល ទល់នឹងមិត្តរួមជាតិអង់គ្លេស Tyson Fury នឹងកើតឡើងឆាប់ៗ នៅចក្រភពអង់គ្លេស មុនពេលរូបគេ សម្រេចចិត្តព្យួរហ្កង់ប្រដាល់របស់ខ្លួន ខណៈបច្ចុប្បន្នអ្នកប្រដាល់ឆ្នើមទាំង ២ នេះ កំពុងគ្រងខ្សែក្រវាត់គ្រប់ស្ថាប័នទាំងអស់ របស់កីឡាប្រដាល់ ក្នុងប្រភេទទម្ងន់ធ្ងន់នេះ។
ការនិយាយដល់ការប្រកួតដ៏អស្ចារ្យ រវាងអត្តពលិករួមជាតិ ដែលកើតមានជាច្រើនខែមកហើយនោះ ទំនងជាជិតបញ្ចប់ជាមួយនឹងការមានកិច្ចព្រមព្រៀងមួយ កាលពីដើមឆ្នាំនេះ ស្រាប់តែអាជ្ញាកណ្ដាលរបស់អាមេរិក បញ្ជាឱ្យ Fury ត្រូវប្រកួតជាមួយ Deontay Wilder ជាលើកទី៣។
ដូច្នេះ អ្នកប្រដាល់ Fury វ័យ ៣៣ ឆ្នាំ ដែលនៅមុននេះ ស្មើ និងបន្ទាប់មកឈ្នះ Wilder ដោយវាយឱ្យសន្លប់ នោះ កំពុងត្រៀមខ្លួនឡើងសង្វៀន ដើម្បីការពារខ្សែក្រវាត់ដើមដំបូងរបស់ខ្លួន ក្នុងស្ថាប័ន WBC ទល់នឹងអ្នកប្រដាល់អាមេរិក នៅឡាសវេហ្គាស នាខែក្រោយ។
ចំណែក Joshua ត្រូវប្រឈមជាមួយអ្នកប្រដាល់អ៊ុយក្រែន Oleksandr Usyk ដែលនឹងប្រកួត ដើម្បីដណ្ដើមខ្សែក្រវាត់ស្ថាប័ន WBO នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាទីក្រុងឡុងដ៍ ដោយអ្នកទស្សនាប្រមាណជា ៦០ ០០០ នាក់ ត្រូវបានរំពឹងថា នឹងមានវត្តមាន នៅក្នុងកីឡដ្ឋាន Tottenham Hotspur ដែលជាផ្ទះរបស់ក្លិបបាល់ទាត់ នៅក្របខ័ណ្ឌ Premier League។
យ៉ាងណាក្ដី Joshua ដែលជាម្ចាស់ខ្សែក្រវាត់ របស់ស្ថាប័ន WBA និង IBF ផងដែរនោះ បាននិយាយថា រូបគេ នឹងប្រឹងប្រែងឱ្យការប្រកួតជាមួយ Fury កើតមានឱ្យទាល់តែបាន។
«វានឹងកើតឡើង។ ខ្ញុំដឹងពីអ្វី ដែលមនុស្សគ្រប់គ្នា កំពុងនាំគ្នានិយាយពីភាពប៉ិនប្រសប់របស់វិស័យប្រដាល់ តែខ្ញុំនឹងធ្វើការសន្យា មុនពេលបញ្ចប់អាជីពរបស់ខ្ញុំថា ខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមសមត្ថភាពរបស់ខ្ញុំ ដើម្បីបានប្រកួតជាមួយ Tyson Fury»។ នេះជាសម្ដីរបស់ Joshua ដែលបានប្រាប់ទៅ Daily Mail។
អ្នកប្រដាល់វ័យ ៣១ ឆ្នាំ បានបន្តថា៖ «យើងបានឃើញរឿងបែបនេះ ជាមួយនឹងការប្រកួតរបស់ Floyd Mayweather និង Manny Pacquiao (អត់បានប្រកួតក្នុងពេលដែលពួកគេកំពុងខ្លាំងដូចគ្នា) រួចហើយ តែនោះ គឺជាការប្រកួតរបស់ស៊ុបភើស្តារ ២រូប»។
«ខ្ញុំ និង Fury គឺជាអ្នកធ្វើដំណើរលើផ្លូវ ជាអ្នកប្រយុទ្ធ ២ រូប ជាអ្នកប្រដាល់ ២ រូប ដែលចេញមកពីប្រព័ន្ធស្ម័គចិត្ត (អ្នកប្រដាល់មិនអាជីព) នៅចក្រភពអង់គ្លេស ហើយបានគ្រងជើងឯកពិភពលោក យ៉ាងឆាប់រហ័សបំផុត។ យើងនឹងធ្វើឱ្យវាកើតឡើងឱ្យបាន នៅចក្រភពអង់គ្លេសនេះ»។ Joshua បានបន្ថែម។
សម្រាប់ Joshua ធ្លាប់ចាញ់តែម្ដងគត់ ក្នុងចំណោមការឡើងសង្វៀន ២៥ លើករបស់ខ្លួន ដោយឈ្នះ ២៤ លើក ក្នុងនោះវាយដៃគូឱ្យសន្លប់ ឬបោះបង់ការប្រកួត ២២ ដង ខណៈដែល Fury មិនទាន់ស្គាល់ពាក្យថា «បរាជ័យ» នៅឡើយទេ ពីការប្រកួត ៣១ ដងរបស់ខ្លួន ក្នុងនោះក្រៅពីស្មើ ១ លើក គឺឈ្នះទាំងអស់ ហើយការដាល់ឱ្យគូប្រកួតសន្លប់ មានចំនួន ២២ ដង៕ AFP/VN