ការប្រកួត​ទម្រង់​ ៤​ ទល់នឹង​ ៤​ នឹងត្រូវ​ធ្វើឡើង ដើម្បី​កែប្រែ​ទម្លាប់​មិនល្អនៅក្នុង​កីឡាបាល់ទះ​

Content image - Phnom Penh Post
ការ​ប្រកួតបាល់​ទះ ទម្រង់​ ៦ នាក់ស្មើ ដែល​សហព័ន្ធ​ ធ្លាប់បាន​រៀបចំ​ឱ្យ​មាន កន្លងមក។ សហការី

ភ្នំពេញៈ ការប្រកួត​បាល់ទះ​ក្នុង​សាល ទម្រង់​ ៤ ​ទល់នឹង ​៤ (៤vs៤) នឹងត្រូវ​ដាក់ ឱ្យមាន​លេងជា​លើកដំបូងនៅក្នុង​ការប្រកួត​កីឡាបាល់ទះ Special Volleyball Challenge 2021 ក្រោម​គំនិត​ផ្តួចផ្តើម​របស់​គណ​:​កម្ម​ការប្រកួត​កីឡាបាល់ទះ Special Volleyball Challenge 2021 ហើយ​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​ធ្វើឡើង នៅ​កីឡដ្ឋាន​ព្រី​នស៍ ពីថ្ងៃ​ទី ២៤ ខែកញ្ញា រហូតដល់​ថ្ងៃទី​ ១៧ ខែ តុលា ឆ្នាំ​ ២០២១​។​

​តាមរយៈ​ការបង្កើតឱ្យមាន​ការប្រកួត​ពាន​រង្វាន់​បាល់ទះ​ជាមួយ​ទម្រង់​លេង ៤​ ទល់នឹង ​៤ ឬ​លេង​ម្ខាង ​៤ ​ស្មើ​នេះ ត្រូវបាន​ម​ន្ក្រី​បច្ចេក​ទេស​នៃ​ការប្រកួត​នេះ ផ្តល់​ការ​រំពឹងថា នឹង​អាច​កែប្រែ​ទម្លាប់​លេង​មិនល្អ (​ចាប់​បាល់បោះ​ជាប់ដៃ​) របស់​មហាជន ខណៈ​សមាស​ភាពដែល​បាន​ចុះឈ្មោះ​ចូលរួម ដូចជា​ក្រុម​ឥន្ទ្រី​ពិឃាដ​ឌូ​ក ក្រុម​យុន​ស្រែ​ស្រែ​,​ ក្រុម​អធិរាជ​ប្រអប់​រាជ ក្រុម​ធី​ម៉េង​ហួង ក្រុម​ដាវ​​ញី​ឈ្មោល និង​ក្រុម​ខ្លាំង​វិសាខា ជាដើម​នោះ គឺ​ភាគច្រើន​សុទ្ធ​តែមាន​ទម្លាប់​លើក​បាល់ (​ប៉ា​សេ​) ជាប់ដៃ រួច​បោះ​ឡើង​ទៅលើ ដែល​សកម្មភាព​ទាំងនេះ​បាន​ក្លាយជា​ទម្លាប់​មិនល្អ ដែល​ខុស​ទៅនឹង​ស្តង់ដា​បច្ចេកទេស​របស់បាល់ទះ​។​

​ចំណែក​លោក ទែន ឡ​ន នាយក​បច្ចេកទេស​នៃ​ការប្រកួត​នេះ បាន​និយាយថា​៖ «​យើង​សង្ឃឹមថា តាមរយៈ​ការប្រកួត​នេះ កីឡាករ នឹង​លេង​ត្រូវ​តាម​បច្ចេកទេស​កីឡាបាល់ទះ​ឡើងវិញ ព្រោះ​កន្លងមក មានការ​ចាប់​បោះ ដែល​ធ្វើឱ្យ​ខុស​ស្តង់ដា ក្នុង​ការលេង​ ៤​ ស្មើ​នេះ ដើម្បី​អភិវឌ្ឍ​បច្ចេកទេស​។ ជាមួយគ្នានេះ យើង​រំពឹងថា តួនាទី​កីឡាករ ដែល​លេង​ប្រយុទ្ធ គាត់​នឹង​បន្ថែម​ការងារ​មួយទៀត ជា​អ្នកទទួល​សេវា តែបើ​លេង ​៦​ ស្មើ ពេលខ្លះ គាត់​មិនទាន់​ជួបប្រទះ និង​លេង​ញឹកញាប់​នៅឡើយ​»​។​

​ជាមួយគ្នានេះ ពាន Special Volleyball Challenge 2021 ក៏ត្រូវ​បានធ្វើ​ឡើង ក្នុង​គោលបំណងផ្តល់ឱកាស​ឱ្យ​កីឡាករ​បាន​ប្រកួត​គ្នា ដកស្រង់​បច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព​ឱ្យបាន​កាន់តែ​ល្អ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិផងដែរ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេមនាពេល​ខាង​មុខ​នេះ​។​

​លោក អាំង សិរី​ពិសិដ្ឋ ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​នេះ បាន​លើកឡើងថា​៖ «​យើង​ទទួលបាន​ការអនុញ្ញាត​ពី​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រៀបចំ​ការប្រកួត​នេះ​ឡើង ក្នុង​គោលបំណង​ដកស្រង់​បច្ចេកទេស​ថ្មីៗ និង​ផ្ដល់ឱកាស​ឱ្យ​កីឡាករ​ខំ​ហ្វឹកហាត់​កន្លងមក បានបង្ហាញ​សមត្ថភាព​រៀងៗ​ខ្លួន​។ ម៉ាង​វិញទៀត យើង​ចង់​បំផុស​ការគាំទ្រ​ពី​មហាជន ព្រោះ​បើ​មានការ​ប្រកួត​ច្រើន គឺ​កាន់តែ​ល្អ​»​។​

​លោក​បាន​បន្តថា​៖ «​យើង​កំណត់​ជា​គោល​ការណ៍ និង​ស្តង់ដា​មួយ​ឱ្យ​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ស្របតាម​ការ​​វិ​វ​ឌ្ឍ នៃ​ច្បាប់​ប្រកួត​ពី​សហព័ន្ធ​អន្តរជាតិ​។ ជាមួយគ្នានេះ ការរៀបចំ​ការប្រកួត​នេះ ក៏​ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​កីឡាករ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​ក្រុម​នានា​ឱ្យមាន​លក្ខណៈ​រលូន​»​។​

​លោក​បន្ថែមថា​៖ «​ជាមួយគ្នានេះ យើង​ដឹង​ហើយ​ថា ជំងឺ​កូ​វីដ​ ១៩ ជា​បញ្ហាលំបាក ក្នុងការ​ប្រមូលផ្តុំ​ហ្វឹកហាត់ អ៊ីចឹង​ការប្រកួត​នេះ យើង​ត្រូវតែ​គោរព​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​យើងទាំងអស់គ្នា​បាន​ដុត​ដៃ​ដុតជើង ក្នុងការ​បង្ការ​ជំងឺ​មួយ​នេះ​៕

ព័ត៌មានថ្មីៗ