ភ្នំពេញៈ ក្រុមណាហ្គាវើលដ៍ នឹងធ្វើការផ្លាស់ប្តូរនូវរបៀបលេងថ្មីមួយទៀត ដោយក្រុមនេះគ្រោងដាក់កីឡាករបរទេសឱ្យចូលលេងពេញជើង ក្នុងជម្រើស ១១នាក់ដំបូង ដើម្បីប្រជែងយក ៣ ពិន្ទុ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នាជំនួបដ៏ធំនាថ្ងៃពុធនេះ ចំណែកក្រុមគិរីវង់សុខសែនជ័យ អាចនឹងមានសម្ពាធ ក្រោមមហិច្ឆតាប្រមាញ់យក ៣ ពិន្ទុ ពីក្រុមភ្នំពេញក្រោន នៅថ្ងៃនេះដែរ។
តាមពិត ការដាក់កីឡាករបរទេសឱ្យចូលលេងពេញជើង គឺ ៤ នាក់ នៅលើទីលានវាមិនចម្លែកនោះទេ ព្រោះក្រុមផ្សេងៗទៀត ជាពិសេសក្រុមកំពុងប្រកួតប្រជែងនៅក្នុងតំបន់កំពូលតារាងទាំង ៨ (Top8) ក្នុងជើងទី២ នេះ គេបានអនុវត្តគោលការណ៍នេះ តាំងពីដើមរដូវកាលមក គឺខុសគេតែក្រុមណាហ្គាវើលដ៍ ដែលបានដាក់កីឡាករបរទេសឱ្យចូលលេងនៅលើទីលាន ជាពិសេសនៅក្នុងជម្រើស ១១ នាក់ដំបូង គឺច្រើនបំផុតត្រឹម ៣ នាក់ប៉ុណ្ណោះ។
តែទោះបីជាយ៉ាងណា ការស្វាគមន៍ក្រុមស្វាយរៀង ដែលពួកគេធ្លាប់ចាញ់ ៣-១ ក្នុងជើងទី១ នៅកីឡដ្ឋានស្តាតចាស់ នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ គ្រូបង្គោលលោក មាស ចាន់ណា បានបង្ហើបថា អាចនឹងដាក់កីឡាករបរទេស ៤ នាក់ពេញ នៅក្នុងជម្រើស ១១ នាក់ដំបូង ដើម្បីបំពេញនៅចន្លោះប្រហោង ខណៈកីឡាករសំខាន់ ៣ នាក់ មាន គួច សុកុម្ភៈ រៀម ស៊ឹង និង សំអឿន ពិដោរ សុទ្ធតែមិនអាចចូលរួមជួយក្រុមបានដូចគ្នានោះ។
លោក មាស ចាន់ណា បានប្រាប់ ពីថ្ងៃអង្គារថា៖ «ស្វាយរៀង ជាក្រុមល្អ តែសំខាន់យើងបាត់កីឡាករសំខាន់ ៣ នាក់ទៅទៀត ហេតុនេះយើងអាចនឹងដាក់កីឡាករបរទេស ៤នាក់ ឱ្យចូលលេងនៅក្នុងជម្រើស ១១ នាក់ដំបូង ដើម្បីកែប្រែហ្គេមមួយនេះ ហើយកីឡាករវ័យក្មេងរបស់យើង ដែលមានសមត្ថភាពល្អ ប៉ុន្មាននាក់ទៀត ក៏នឹងត្រូវដាក់ឱ្យចូលលេង ក្នុងជំនួបនេះផងដែរ»។
យ៉ាងណាក៏ដោយ លោក មាស ចាន់ណា បានមើលឃើញថា ក្រុមស្វាយរៀង នៅពេលនេះ កំពុងមានទម្រង់លេងកាន់តែល្អ ជាពិសេសតំបន់ប្រយុទ្ធ បន្ទាប់ពីក្រុមមានមូលដ្ឋាន នៅខេត្តស្វាយរៀង មួយនេះ បានដាក់ខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀតឱ្យចូលលេង គឺកីឡាករកាមេរូន Emmanuel Mbarga ដែលជាប្អូនបង្កើតរបស់ខ្សែប្រយុទ្ធ Privat ហើយ Emmanuel នេះហើយ ដែលជាអ្នករកបានគ្រាប់បាល់ជួយឱ្យ ស្វាយរៀង ឈ្នះភ្នំពេញក្រោន ១-០ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីរូបគេបានទទួលបាល់យ៉ាងស្អាតរបស់ Privat នៅនាទីទី៨៥។
លោក មាស ចាន់ណា បានបញ្ជាក់ថា៖ «នៅពេល ស្វាយរៀង បន្ថែមកីឡាករបរទេសម្នាក់ទៀត បានធ្វើឱ្យតំបន់ប្រយុទ្ធរបស់ក្រុមនេះ កាន់តែមុតស្រួច គឺសំខាន់កីឡាកររបស់គេលឿនតែម្តង ហើយកាលណា ក្រុមមួយ មានកីឡាករលឿនៗ បែបនេះ យើងមានការពិបាកលេង។ ទោះយ៉ាងណា ការប្រជែងយក ៣ ពិន្ទុលើកនេះ វាសំខាន់ណាស់ ដែលយើងត្រូវតែខំប្រឹង ហើយកីឡាករក៏គាត់មានឆន្ទៈខ្ពស់ ក្នុងការលេងដោយសារគាត់មើលឃើញថា ក្រុមរបស់យើងមានឱកាសក្នុងការប្រជែងយកពាន»។
តាមរយៈការប្រកួត ១៣ លើកដូចគ្នា ក្រុមស្វាយរៀង កំពុងឈរនៅលេខ ១ ទោះមាន ២៨ ពិន្ទុ ស្មើជាមួយក្រុមវិសាខា ភ្នំពេញក្រោន និងណាហ្គាវើលដ៍ ហេតុនេះក្រុមដែលទទួលបាន ៣ ពិន្ទុ ក្នុងជំនួបនេះនឹងមានឱកាសកាន់តែខ្ពស់ ក្នុងការឈានទៅរកការលើកពាន ខណៈក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ដែលត្រូវជួបក្រុមគិរីវង់ នៅល្ងាចម៉ោង ៦ ថ្ងៃពុធនេះដែរ ហាក់មានភាគរយច្រើន ក្នុងការឈ្នះ៣ពិន្ទុ ខណៈការជួបគ្នា នៅជើងទី១ ពួកគេបានឈ្នះ គិរីវង់ ២-១។
ជាមួយគ្នានេះ លោក Oleg គ្រូបង្វឹកក្រុមភ្នំពេញក្រោន ក៏បានជំរុញឱ្យកូនក្រុមលោកកែប្រែពីការទទួលសម្ពាធក្រោយចាញ់ក្រុមស្វាយរៀង ដើម្បីធ្វើជាកម្លាំងចិត្តឆ្ពោះទៅរកការឈ្នះផងដែរ។
លោកបញ្ជាក់ថា៖ «អ្វីដែលត្រូវការបន្តទៀតនោះ គឺយើងត្រូវតែធ្វើការឱ្យមានគុណភាព គ្រប់សកម្មភាពរបស់យើងទាំងអស់ មិនថា ទាំងការគ្រប់គ្រងបាល់ និងការការពារ។ យើងត្រូវតែក្រោកឈរឡើង បន្ទាប់ពីការចាញ់នេះ ហើយបន្តប្រយុទ្ធទៀត ដើម្បីពានរង្វាន់ យើងទទួលយកនៅសម្ពាធ ហើយយកវាមកធ្វើជាកម្លាំងចិត្ត ដើម្បីការឈ្នះនៅពេលអនាគត»៕