ក្រុង​ឡុង​ដ៍​: ខ្សែការពារ​ស្លាប Marcos Alonso របស់​ក្រុម​តោ​ខៀវ Chelsea នឹង​លែង​ធ្វើការ​លុតជង្គង់​ម្ខាង នៅមុន​ការ​​ប្រកួត​របស់​ក្របខ័ណ្ឌ Premier League ទៀតហើយ ខណៈដែល​គេ​មានការ​ជឿជាក់ថា រូបភាព​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​ពណ៌​សម្បុរ កំពុង​បាត់​​បង់កម្លាំង​បន្តិច​ហើយ​។​


​កីឡាករ​ទាំងអស់ បានធ្វើការ​លុតជង្គង់​ម្ខាង នៅមុន​ការប្រកួត នៅ Premier League ចាប់​តាំងពី​ខែមិថុនា ឆ្នាំ​ ២០២០ មក ក្នុង​គោលបំណង ពង្រឹង​សាមគ្គី​ភាព​ជាមួយនឹង​ចលនា «Black Lives Matter» (​ជីវិត​ជន​ស្បែក​​ខ្មៅ​មានតម្លៃ​)​។​


​ខ្សែប្រយុទ្ធ ២ រូប គឺ Wilfried Zaha របស់​ក្រុម Crystal Palace និង Ivan Toney ​របស់​ក្រុម​ Brentford បានសម្រេច​ចិត្ត មិន​ចូលរួម​ក្នុង​ទិដ្ឋភាព​លុតជង្គង់ នៅ​ឆ្នាំនេះ ដោយ​លើក​ហេតុផល​ថា គួរតែ​ធ្វើ​អ្វី​បន្ថែម​លើសពីនេះ ដើម្បី​លុបបំបាត់​ការរើសអើង​នោះ​។​


​ឥឡូវនេះ កីឡាករ Alonso បានធ្វើ​តាម​ដែរ ហើយនឹង​ជំនួស​មកវិញ​ដោយ​ការចង្អុល​ស្លាក ដែលមាន​អក្សរ «No Room for Racism» (​គ្មាន​កន្លែង​សម្រាប់​ឱ្យមាន​ការរើសអើង​) នៅលើ​អាវ​របស់ខ្លួនពេល​កីឡាករ​ដទៃនាំគ្នា​លុតជង្គង់​។​


«​ខ្ញុំ​ប្រឆាំង​ទាំងស្រុង ចំពោះ​ការរើសអើង​ជាតិ​សាសន៍ ហើយ​ខ្ញុំ​ប្រឆាំងនឹង​ការរើសអើង​គ្រប់​រូបភាព​ទាំងអស់​។ ខ្ញុំ​គ្រាន់តែ​ចង់​ត្រឹមតែ​ចង្អុល​ស្លាក​នៅលើ​អាវដែល​សរសេរថា ទេ ចំពោះ​ការ​​រើសអើង​ជាតិ​សាសន៍​ពណ៌​សម្បុរ ដូចដែល​អ្នកកីឡា​ផ្សេងទៀត និង​កីឡាករ​បាល់ទាត់​មួយចំនួន ក្នុងប្រទេស​ដទៃបានធ្វើ​»​។ កីឡាករ Alonso បាន​និយាយ​។


​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ រូបនេះ បាន​បន្តទៀតថា​៖ «​ខ្ញុំ​ចង់​ធ្វើ​វិធី​បែបនេះ​ជាង ហើយ​ពិតណាស់ ខ្ញុំ​ចង់​និយាយ​ឱ្យបាន​ច្បាស់​ថា ខ្ញុំ​ប្រឆាំងនឹង​ការ​រើស​អើ​ង​គ្រប់​រូបភាព ហើយ​ខ្ញុំ​គោរព​គ្រប់គ្នា​»​។​

​ដោយ​ត្រូវបាន​សួរថា តើ​ការ​សម្រេចចិត្ត​របស់ខ្លួន គឺជា​ការ​សម្រេច​ខាង​នយោបាយ​ឬ​អត់​? កីឡាករ Alonso បាន​តប​ថា​៖ «​ខ្ញុំ​មិនដឹង​! ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើតាម​វិធី​នេះ​ជាង​។ វា​ជា​វិធី​របស់ខ្ញុំ ក្នុងការ​ធ្វើបែបនេះ ដែល​ខ្ញុំ​គិតថា វា​ជា​វិធី​មួយ​ផ្សេងទៀត​»​។​

«​ហើយ​ប្រហែល​មកពី​ខ្ញុំ​គិតថា វា​កំពុង​បាត់បង់​កម្លាំង​បន្តិច​ហើយ ដូច្នេះខ្ញុំ​គ្រាន់តែ​ចង់​ធ្វើ​វិធី​នេះ ហើយ​គ្រាន់តែ​ចង់បង្ហាញ​ឱ្យឃើញ​ពី​ការគាំទ្រ​យ៉ាង​ពេញ​-​ទំហឹង​របស់ខ្ញុំ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ការរើសអើង​ជាតិ​សាសន៍​»​។ Alonso ដែល​ធ្វើការ​លុតជង្គង់​ពេញ​ ១ ​រដូវ​កាល​កន្លងទៅបន្ថែម​៕ AFP/VN