ក្រុង​មីឡាន​៖ ក្រុម Inter Milan បាន​បង្ហាញ​ឱ្យ​ឃើញ ​កាន់​តែ​ច្បាស់​នូវ​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​ការ​ពារ​ពាន​ក្របខ័ណ្ឌ Serie A ក្រោយ​ពី​អាច​វាយ​បក​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Fiorentina ៣-១ ហើយ​ឡើង​ទៅ​ឈរ​កំពូល​តារាង កាល​ពី​ថ្ងៃ​អង្គារ។


ក្រុម​ Inter របស់​លោក Simone Inzaghi បាន​តាម​ពីក្រោយ​ក្រុម Fiorentina នៅ​វគ្គ​ទី ១ ដោយសារ​គ្រាប់​បាល់​របស់កីឡាករ Riccardo Sottil តែ​ទី​បំផុត អាច​ដណ្ដើមបាន ៣ ពិន្ទុ ពី​​ការ​​ប្រកួត​​នេះ ជាមួយ​នឹង​គ្រាប់​បាល់​ជា​បន្ត​បន្ទាប់ ​​នៅ​វគ្គ​ទី ២ របស់​កីឡាករ Matteo Darmian, EdinDzeko និង Ivan Perisic​។

ក្រុម​ការ​ពារ​ជើង​ឯក Inter នៅ​មិន​ទាន់​ចាញ់​ទេ សម្រាប់​ការប្រកួត ៥លើក​ដំបូង​របស់​ខ្លួន ហើយ​កំពុង​ឈរ​នៅ​លេខ ១ បណ្ដោះ​អាសន្ន ដោយ​មាន ១៣​ពិន្ទុ ពោល​គឺ​នាំ​មុខ​ក្រុម​លេខ ២ Napoli ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ក្រុម Sampdoria នៅ​ថ្ងៃ​ព្រសហ្បតិ៍ ជាមួយ​នឹង​ក្ដី​រំពឹង​ ក្នុង​ការ​រក្សា​នូវ​ការ​ចាប់​ផ្ដើមល្អ​ឥត​ខ្ជោះ ដោយការ​ឈ្នះ ១០០ភាគ​រយ​ នា​ដើម​រដូវកាល​ថ្មី​នេះ​។​


«​ជ័យ​ជម្នះ​ថ្ងៃ​នេះ គឺ​ជា​ជ័យ​ជម្នះ​របស់​​ក្រុមដ៏​ល្អ​យ៉ាង​ពិត​ប្រាកដ ១​​ ព្រោះពួក​យើង​​ពិត​ជា​ក្រុម​ល្អ​ណាស់​មួយ​។ ពួក​យើង​ពិត​ជា​រាង​លំបាក​នៅ​វគ្គ​ទី ១ ហើយ​ជា​សំណាង​ល្អ ដែល​​គ្រាន់​តែ​ត្រូវ​បាន​នាំ​មុខ ១-០ នៅ​វគ្គ​ទី ១​»​។ នេះ​ជា​សម្ដី​របស់​ខ្សែ​ប្រយុទ្ធ Dzeko ដែល​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ DAZN បន្ទាប់​ពី​បាន​ស៊ុត​គ្រាប់​ទី ៤ ឱ្យ​ក្រុម​ Inter ចាប់​តាំង​ពី​ផ្ទេរ​ពី​ក្រុម​Roma នៅ​រដូវក្ដៅ​នេះ​។​​


កីឡាករ​សញ្ជាតិប៊ូស្នី Dzeko វ័យ ៣៥ ​ឆ្នាំ បាន​បន្ថែម​ថា​៖ «​នៅ​វគ្គ​ទី ២ ពួក​យើង​មាន​លក្ខណៈ​រឹង​ជាង​មុន ហើយ​ការស៊ុត​បញ្ចូល​ទី ២ គ្រាប់របស់​យើង បាន​ផ្លាស់​ប្ដូរ​ការ​ប្រកួត​ទាំង​ស្រុង​»​។


ជាមួយ​គ្នា​នេះ​ដែរ ក្រុម Fiorentina របស់​លោក Vincenzo Italiano ដែលកំពុង​ឈរ​នៅ​លេខ ៦ ដោយ​មាន ៩ ពិន្ទុ​ស្មើ​ក្រុម Roma នោះ បាន​​បញ្ចប់​ហ្គេម​នេះ ​ជាមួយនឹង​ការ​បាត់​បង់​សមាជិក​ម្នាក់​ ក្រោយ​កីឡាករ Nicolas Gonzalez ត្រូវបាន​បណ្ដេញ​ចេញ ជាមួយ​នឹង​ពេល​វេលា​នៅ​សល់ ១១ នាទី បន្ទាប់​ពី​ទទួល​បាន​កាត​លឿង ២ ដង ក្នុង​រយៈ​ពេល​តែ ១ ភ្លែត ដោយសារ​តែ​មាន​ការ​ប្រកែក​តវ៉ា​ជាមួយ​អាជ្ញា​កណ្ដាល​។

លោក Italiano បាន​ថ្លែង​ទៅកាន់ DAZN ថា​៖ «​ខ្ញុំ​យល់​ថា ពួក​យើង​ត្រូវ​ក្រឡេក​មើល​​​ចំពោះ​លទ្ធផល​នេះ ក្នុង​ផ្លូវ​វិជ្ជមាន ព្រោះ​ក្នុង​រយៈ​ពេល ៦០​ នាទី យើង​គឺ​ជាក្រុម​ល្អ​ដូច​ក្រុម​ជើង​ឯក​លីគ​កំពូល​របស់​អ៊ីតាលី​អ៊ីចឹង​ ហើយ​ពួក​យើង​មាន​ឱកាស​គ្រប់​គ្រាន់​ល្មម ក្នុងការ​អាច​នាំ​មុខ ២ គ្រាប់​»​។

«​តែ​នៅ​ពេល​អ្នក​មិន​អាចឆក់​ឱកាស​​​យកប្រៀប​បាន អ៊ីចឹងតើពួក​គេ ដែល​​​មាន​ទាំង​​កម្លាំង គុណ​ភាព​ និង​ភាព​រឹង​មាំ​ដ៏​លើស​លុប​នោះ នឹង​​​មិន​ធ្វើ​ការ​វាយ​បក​ត្រឡប់​មក​អ្នក​វិញទេ ឬអី​?​»​។ នេះជា​ការ​បន្ថែម​របស់​លោក Italiano​៕ AFP/VN