​កីឡា​ជាតិលើក​ទី​៣ ដាក់​កីឡា​ច្រើន​ប្រភេទ តែ​មិនទាន់​កំណត់ពេល​ច្បាស់​

Content image - Phnom Penh Post
ការ​បង្ហាញ​សមត្ថ​ភាព​របស់​ក្រុមកីឡា​តេក្វាន់ដូ ITF នៅ​ក្នុង​ពិធី​បិទ កីឡា​ជាតិ លើក​ទី២ កន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ ឬ National Games ដែល​រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​មានការ​ប្រកួត ​២​ ឆ្នាំ​ម្តង តាំង​​ពី​ឆ្នាំ​ ២០១៦ មក​នោះ ត្រូវបាន​ខកខាន នៅ​ឆ្នាំ​២០២០ ដោយ​បញ្ហា​កូ​វីដ​ ១៩ វាយលុក​រំខាន ប៉ុន្តែ​ថ្នាក់ដឹកនាំ​ជំនាញៗ​នៃ​ស្ថាប័ន​កីឡា បាន​បើក​ការប្រជុំ​ថ្មីៗ​នេះ ដោយ​គ្រោង​នឹង​រៀបចំ​ឡើងវិញ នៅក្នុង​ឆ្នាំ ​២០២២​។​

​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​បាន​បង្ហើប​ថា ការរៀបចំ​លើក​ទី​៣​នេះ គ្រោង​ដាក់​កីឡា​ច្រើនប្រភេទ ក្នុងនោះ​ក៏មាន​ក្រុមកីឡា​ជនពិការ​ផងដែរ ប៉ុន្តែ​នៅ​មិន​​ទាន់​កំណត់​ពេលវេលា​ច្បាស់​លាស់​នៅឡើយ​ទេ​ គឺ​រង់ចាំ​ការ​​សម្រេច​របស់​ប្រទេស​វៀតណាម ដែល​មិនទាន់​ឆ្លើយតប​ពី​ស៊ី​ហ្គេម​លើក​ទី​៣១ រៀបចំ​នៅ​ខែ​ណា ដើម្បី​កុំឱ្យ​ជាន់​កម្មវិធី​គ្នា​។​

​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាន​ប្រាប់ថា ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​ស្ថាប័ន​ជំនាញ និង​ថ្នាក់ដឹកនាំ​ថ្មីៗ​រួចមក យើង​បាន​ជូនដំណឹង​ពី​ការត្រៀមខ្លួន ដើម្បីឱ្យ​គ្រូបង្វឹក តាម​សហព័ន្ធ​ជាតិ ព្រមទាំង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​-​ខេត្ត ទាំង​អស់ត្រូវ​រៀបចំ​ផែនការ​ហ្វឹក​ហាត់​ជា​បណ្តើរៗ​ទៅ តាម​ភាព​ចាំបាច់ និង​ជាក់ស្តែង ដើម្បី​ពង្រឹងកម្លាំង និង​សមត្ថភាព​អត្ត​ព​លិ​ក​សម្រាប់​ឆ្ពោះទៅ​រៀបចំ ការប្រកួត​កីឡា​ថ្នាក់ជាតិ ឬហៅថា National Games លើក​ទី​៣ ឆ្នាំ​ ២០២២​។​

​លោក​បាន​បន្ថែមថា​៖ «​ព្រឹត្តិ​​ការណ៍​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​ ២០១៦ ដែលជា​ការរៀបចំ​ជា​លើកដំបូង យើង​មាន​កីឡា​ចំនួន​ ១៥​ ប្រភេទ​ចូលរួម​។ ចំណែក​កីឡា National Games លើក​ទី​២ ​ធ្វើ​នៅ​ឆ្នាំ​ ២០១៨ យើង​រៀប​ចំ​មាន​កីឡា​ចំនួន ២៧ ​ប្រភេទ​ចូលរួម ហើយ​សម្រាប់​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​ ២០២២​ នេះ យើង​ត្រៀម​កីឡា​ចំនួន​ ៣៩ ​ប្រភេទ និង​បូក​បន្ថែម​កីឡា​ជនពិការ​ប៉ា​រ៉ា​ហ្គេម​ចំនួន​ ៧ ​ប្រភេទ​ទៀត គឺ​សរុប​មាន​ចំនួន​ដល់​ទៅ ​៤៧ ​ប្រភេទ​ឯណោះ​»​។​

«​ចំពោះ​ប្រភេទ​កីឡា និង​អ្នក​ចូលរួម ក្នុងការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​ ២០២២ នេះ គឺ​អនុវត្ត​ទៅតាម​កម្មវិធី​នៃ​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ របស់​គណៈកម្មការ CAMSOC ដោយ​លើកកម្ពស់ និង​ជំរុញការ​អភិ​​វ​ឌ្ឍ​វិស័យ​កីឡា​ជាតិ ស្របតាម​ផែនការមេ​នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣ នៅ​កម្ពុជា​»​។ លោក សេង​ទ្រី បញ្ជាក់​។​

​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ តាម​ប្រព័ន្ធ​អន​ឡាញ (Zoom) កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា បាន​ថ្លែងថា កិច្ចប្រជុំ​នេះ​រៀបចំឡើង ដើម្បី​ផ្ដល់ព័ត៌មាន​ឱ្យបាន​មុនពេល​វេលា ដល់​សហព័ន្ធ​កីឡា​ជាតិ និង​មន្ទីរ​គ្រប់​រាជធានី​-​ខេត្ត បានដឹង​ពី​គោលបំណង​នៃការរៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ ២០២២ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​ ១៩ ធូរស្រាល ដើម្បីឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​ត្រៀម​ផែនការ និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ត្រៀមខ្លួន ចូលរួម​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​នេះ​។​

​លោកបាន​បន្ថែមថា​៖ «​យើង​យល់ច្បាស់​អំពី​ស្ថានភាព​កូ​វីដ​ ១៩ ហើយ​យើង​ក៏​មិនអាច​ឆ្លើយថា ១០០​ ភាគរយ​បានដែរ​។ យើង​នឹង​រៀបចំ​កីឡា​ជាតិ តែ​ត្រូវ​ត្រៀមលក្ខណៈ និង​ត្រៀម​ខ្លួន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ក្នុង​ដើមឆ្នាំ ​២០២២ ទៅ ហើយ​ពេល​បរិយាកាស​អំណោយផល គឺ​យើង​នឹងធ្វើ តែបើ​យើង​អត់​ត្រៀម យើង​អត់​មាន​ផែនការ​ទេ គឺ​យើង​នឹង​គ្មាន​លទ្ធភាព​ធ្វើឱ្យ​វា​មាន​ប្រសិទ្ធភាពនោះឡើយ​។ កីឡា​ជាតិ​ឆ្នាំ​ ២០២២ គឺជាពេលវេលា​សំខាន់ សម្រាប់​ឆ្ពោះ​​ទៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ដែល​យើង​ធ្វើ​ម្ចាស់ផ្ទះ​»៕

ព័ត៌មានថ្មីៗ