ក្រុង​ប៊េរឡាំង​៖ កីឡាករ Robert Lewandowski បាន​ព្រលយ​ពាក្យ​សម្ដី​ថា រូប​គេ​អាច​នឹង​​បញ្ចប់​អាជីព​របស់​ខ្លួនជាមួយ​ក្លិប Bayern Munich ខណៈ​ដែល​ក្រុម​កំពុង​មាន​ពិន្ទុ​នាំ​មុខ​គេ ក្នុង​តារាង​ពិន្ទុ​ក្រប​ខ័ណ្ឌ Bundesliga មួយនេះ ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុមបាត​តារាង GreutherFuerth នៅ​ថ្ងៃ​សុក្រ​។​​


កីឡាករ Lewandowski បាន​ឈ្នះ​ស្បែក​ជើង​មាស​ ប្រចាំ​តំបន់​អឺរ៉ុប កាល​ពី​ថ្ងៃ​អង្គារ ក្នុង​​នាម​ជា​អ្នក​​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ ពី​ការ​ប្រកួត​ប្រជែង​បាល់​ទាត់​អឺរ៉ុប ក្រោយ​បញ្ចប់​រដូវ​កាល Bundesliga រដូវកាល​មុន រូបគេ​រក​បាន​គ្រាប់​បាល់​ជាកំណត់​ត្រា ៤១ ​គ្រាប់​ ក្នុង​ចំណោម​ការ​ចូល​លេង​ ២៩ ​ហ្គេម​។​


ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ រូបនេះ ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បានច្រើន​ជាង​គេ នៅ​លីគ​កំពូល​របស់​អាល្លឺម៉ង់​ នារដូវកាល​នេះ​ផង​ដែរ​ ដោយ​មក​ទល់​ពេល​នេះ បំប៉ោង​សំណាញ់​ទីបាន ៧គ្រាប់​ហើយ ដែល​ចំនួន​រួម​ជាមួយ​​ខ្សែ​ប្រយុទ្ធ Erling Braut Haaland​ របស់​ក្រុម​ Dortmund​ ក្រោយ​បញ្ចប់ ៥ហ្គេម​។


កីឡាករ​វ័យ ៣៣ ​ឆ្នាំ Lewandowski នៅ​មាន​កុងត្រា​ជាមួយ​ក្រុម Bayern រហូត​ដល់​ខែ​មិថុនា ឆ្នាំ ​២០២៣ ហើយ​ទោះ​បី​ជាមាន​​ព័ត៌មាន​ពាក់​ព័ន្ធ​នឹងការ​ផ្លាស់​ទៅ​​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ក៏​ដោយ ក៏​រូបគេ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​គ្មាន​បំណង ក្នុង​ការ​ទៅ​បង្ហាញ​ខ្លួន នៅ​លីគ​ដទៃ​ឡើយ​។


«​ខ្ញុំ​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ល្អ​បំផុត ​មក​ពី​លីគ​ផ្សេង​ទៀត នៅ​ក្របខ័ណ្ឌ Champions League​។ ខ្ញុំ​ផ្ដោត​អារម្មណ៍ ១០០ ភាគ​រយ​ជាមួយ​ក្រុម Bayern Munich​។ ខ្ញុំ​មិន​​គិត​អ្វី​ផ្សេង​ឡើយ ក្រៅ​ពីក្រុម​បច្ចុប្បន្ន​របស់​ខ្ញុំ​»​។ នេះ​ជាការ​ប្រាប់​ឱ្យ​ដឹង​ពី​កីឡាករ Lewandowski​។


កីឡាករ​ Lewandowski បាន​បង្កើត​ឱ្យ​មាន​កម្លាំង​ជំរុញ​ចិត្ត​មួយ​យ៉ាង​ធំ​ធេង នៅ​ពេល​ដែល​គេ​យក​រង្វាន់​ស្បែក​ជើង​មាស​​ថ្មី​ថ្មោង​របស់​គេ ទៅកាន់​កន្លែង​ហ្វឹក​ហាត់​ កាល​ពី​ថ្ងៃ​ពុធ ហើយ​មិត្ត​រួម​ក្រុម​ Bayern របស់​គេ បាន​នាំ​គ្នា​តម្រង់​ជួរ ដើម្បី​ថត​រូប​ជាមួយ​នឹង​ពាន​ជយលាភី​នេះ​​។

ក្រុម​ការពារ​ជើង​ឯក Bayern កាល​ពី​សប្ដាហ៍​មុន បាន​បំបាក់​ក្រុម Bochum យ៉ាង​ចាស់​ដៃ​ជាមួយ​នឹង​លទ្ធផល ៧-០ ខណៈ​ដែល ៨ ហ្គេម​ដំបូង នារដូវកាល​នេះ ពួក​គេ​ស៊ុត​បញ្ចូល​ទី​សរុប ៣៨​គ្រាប់​ហើយ ហើយ​ការ​ប៉ះ​ជាមួយ​ក្រុម​ទើប​ឡើង​មក​ថ្មី ​Fuerth ក៏​ត្រូវ​បាន​គេ​រំពឹង​ថា គ្រាប់​បាល់​ជាច្រើន​គ្រាប់​ នឹង​កើត​មាន​ ក្នុង​ការ​ប្រកួត​ នៅ​ចុង​សប្ដាហ៍​នេះ​៕ AFP/VN