ក្រុង​មីឡាន​៖ ក្រុម AC Milan បាន​រំកិល​ឡើងទៅ​​មាន​ពិន្ទុ​រួម​ជាមួយ​ក្រុម​គូប្រជែង​រួម​ក្រុង Inter Milan ដែល​នៅ​ទី​កំពូល​ ក្នុងតារាង​ពិន្ទុនៃ​ក្របខ័ណ្ឌ Serie A បន្ទាប់​ពី​កីឡាករ​បម្រុង Theo Hernandez ​បាន​រួមចំណែក​​​យ៉ាង​ធំ​ធេង ក្នុង​ការ​​ជួយ​​ធានា​ឱ្យ​មាន​​ជ័យ​ជម្នះ ២-០ លើ​ក្រុម Venezia កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម Juventus អាចដណ្ដើម​បាន​ ៣ពិន្ទុ​ជា​លើក​ដំបូង​ហើយ ក្នុង​រដូវកាល​នេះ ក្រោយ​ឈ្នះ Spezia ៣-២​។


កីឡាករ​អន្តរជាតិ​បារាំង Hernandez រួមចំណែក​ឱ្យមាន​គ្រាប់​បាល់​ដំបូង​ សម្រាប់​ក្រុម​ Milan ដោយការ​បញ្ជូន​បាល់​កាត់​ចូល​មក​ឱ្យ​ខ្សែ​បម្រើ Brahim Diaz ស៊ុត​បញ្ចូល​ទី នៅ​នាទីទី​៦៨ មុន​នឹង​ខ្លួន​ឯង​ មាន​ឱកាស​ស៊ុត​ ១ ជើង​ យ៉ាង​ពេញ​កម្លាំង​ទម្លុះ​សំណាញ់​ទី​យ៉ាង​អស្ចារ្យ ដើម្បី​ធានានូវ​ជ័យ​ជម្នះ ១០០ ភាគ​រយឱ្យ​ក្រុម​ម្ចាស់​ផ្ទះ នៅ​នាទីទី៨២​។


«​យើង​ដឹង​ច្បាស់​ថា Venezia ជា​ក្រុមដ៏​ពិបាក ក្នុង​ការ​តទល់​ជាមួយ​។ យើង​ត្រូវការ​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំងអស់ ហើយ​ពេល​នេះ យើង​ត្រូវ​តែ​ឈ្នះ​នៅ​ថ្ងៃ​សៅរ៍ (នៅ​ផ្ទះ​របស់​ក្រុម Spezia) ផង​ដែរ​​។ គោល​ដៅ​របស់​យើង​ គឺ​ឈ្នះ​ជើងឯក ហើយ​នោះ​ គឺ​ជា​ការ​កំណត់​គោល​ដៅ​របស់​យើង​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Hernandez ដែល​បាន​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ DAZN​។


ដូច្នេះ ក្រោយបញ្ចប់​ហ្គេម​ទី៥ របស់​ខ្លួន ជាមួយ​នឹង​ជ័យ​ជម្នះ​នេះ ក្រុម​ Milan ឈរ​នៅ​លេខ ២ ក្នុង​តារាង​ពិន្ទុ​លីគ​កំពូល​អ៊ីតាលី ដោយ​មាន ១៣​ ពិន្ទុ ​ស្មើ​ក្រុមទី​១ Inter ដែល​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Fiorentina ៣-១ ពីការ​ប្រកួត កាល​ពី​ថ្ងៃអង្គារ​។


ងាក​ទៅ​កាន់ក្រុម Juve ដែល​ពេល​នេះ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៣ វិញ ឃើញ​ថា ក្រុម​ ដែល​ធ្លាប់​គ្រង​ជើង​ឯក​លីគកំពូល​ដល់​ទៅ ៣៦​ សម័យ មួយនេះ​ ទើប​តែ​អាច​រក​ជ័យ​ជម្នះ​បាន​​ជាលើក​ដំបូង​ ក្រោយ​សំណាង​ល្អ​ ដែល​យក​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ​លើក្រុម​ម្ចាស់​ផ្ទះ Spezia ៣-២​។


កីឡាក Emmanuel Gyasi និង Janis Antiste រួម​សហការ​គ្នា​ជួយ​ឱ្យ​ Spezia នាំ​មុខ​ភ្លាម​ៗ ពេល​ហ្គេម​ នៅ​វគ្គ​ទី ២ ចាប់​ផ្ដើម​ប្រមាណ​ជា ២-៣ នាទី បន្ទាប់​ពី​វគ្គ​ទី ១ ក្រុម​ទាំង ២ ស្មើ​គ្នា​ ១-១ ដោយ​ក្រុម​ Juve ជា​អ្នក​មាន​គ្រាប់​បាល់​នាំ​មុខ​មុន ដែល​ស៊ុត​ដោយ ​​Moise Kean ហើយ​ក្រុម​ម្ចាស់​ផ្ទះតាម​ស្មើ​វិញ តាម​រយៈ​កីឡាករ ​Emmanuel Gyasi​។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ Federico Chiesa ជួយ​ឱ្យ​ក្រុម​សេះ​បង្កង់​តាម​ស្មើ ២-២ នៅ​នាទីទី៦៦ មុន​ពេល​ខ្សែ​ការ​ពារ ​Matthijs de Ligt មាន​ឱកាស​ស៊ុត​បាន​សម្រេច ១ គ្រាប់ នៅនាទីទី​៧២ ដែលនោះ​​ជា​​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​​​ក្រុម​របស់លោក ​Massimiliano Allegri តែ​ម្ដង​។

កីឡាករ De Ligt និយាយ​ថា​៖ «​វា​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​ ១ យើង​លេង​បាន​ល្អ នៅ​វគ្គ​ទី១ តែ​ពួក​គេ​​បាន​រៀប​ចំ​ទប់​ទល់ ក្នុង​​ការ​តប​ត​ជាមួយ​យើង​វិញ បាន​យ៉ាង​ប្រសើរ​។ យើង​កំពុង​ស្ថិត​ក្នុង​រយៈ​ពេល ដែល​គ្រប់​យ៉ាង​ប្រព្រឹត្តិ​ទៅ​ផ្ទុយ​ទាំង​អស់​។ គ្រាប់​បាល់​ទាំង ២គ្រាប់​នោះ កើត​ឡើង​ពី​ការ​ស៊ុត​បុក ហើយ​ប្លាត​ចូល​ទី​។ សង្ឃឹម​ថា យើង​អាច​មាន​សំណាង​ខ្លះ​ៗ​ នាពេល​ខាង​មុខទៅ​ចុះ​​»​។

ក្រោយបញ្ចប់​ការប្រកួត​នេះ ឃើញ​ថា ក្រុម Juve ឥឡូវ​នេះ យ៉ាង​ហោច​ណាស់ គ៏​របូត​គ្រាប់បាល់ ១គ្រាប់​ដែរ ពី​ការ​ប្រកួត​ក្នុង​លីគ​ចំនួន ១៩​ដង​បន្ត​បន្ទាប់​ ដែល​បញ្ហាហ្នឹង ត្រូវ​តែ​កែប្រែ​​ឱ្យ​បាន ពេល​ក្រុម​តោខៀវ ​Chelsea ធ្វើ​ដំណើរ​មក​កាន់​ក្រុង​ទូរីន ក្នុង​ជំនួប​នៅ​ក្រប​ខ័ណ្ឌ Champions League​ នាកណ្ដាល​សប្ដាហ៍​ក្រោយ​៕ AFP/VN