ភ្នំពេញៈ ការ​តែ​ត​បញ្ចូល​ទី​ត្រឹម ​១​ គ្រាប់ របស់​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា បាន​ក្លាយជា​ជ័យជម្នះ​យ៉ាងសំខាន់​បំផុត សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក បឹងកេត ដើម្បី​បន្ត​ក្តី​​រំពឹង​កាន់តែ​ខ្ពស់ ក្នុងការ​ឆ្ពោះទៅ​ប្រជែង​យកពាន លី​គ​កំពូល​កម្ពុជា ឆ្នាំ​ ២០២១ ព្រោះ​ការ​ដណ្តើមបាន​ ៣ ​ពិន្ទុ ​ពី​ក្រុម​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) កាលពី​ម្សិលមិញ​នេះ វា​បាន​ជួយ​ឱ្យ​ពួកគេ តាម​កាន់តែ​កៀក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន ដែល​កំពុង​កាន់កាប់ លេខ​រៀង​ទី​១ និង​ទី​២ ដោយមាន​ ៣១ ​ពិន្ទុ​ស្មើគ្នា​។​


​តាមរយៈ​ការប្រកួត​យ៉ាង​តានតឹង នៅ​កីឡដ្ឋាន​ស្តា​តចាស់ ដែល​ទើប​បំពាក់​ស្មៅ​ថ្មី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នោះ ក្រុម​ម្ចាស់ផ្ទះ​របស់លោក Lee Tae Hoon និង​ក្រុម​របស់​គ្រូ​បង្គោល លោក គឹម ភក្តី បាន​វាយបក​គ្នា​ទៅវិញ​ទៅមក ដោយ​បង្កើតបាន នៅ​ការប្រកួត​ដ៏​ទាក់ទាញ​មួយ សម្រាប់​អ្នកទស្សនា​។​

​ប៉ុន្តែ​អ្នកគាំទ្រ​របស់​ក្រុម​ទាំង​ ២ បាន​រង់ចាំ​រហូតដល់​នាទី​ទី​៧០ ទើប​មានការ​គ្រាប់​បាល់​កើតឡើង គឺ​នៅពេល​កីឡាករ ឱ ភា​រុណ បាន​លើក​បាល់​ពី​ចម្ងាយ​ចូល​តំបន់​គ្រោះថ្នាក់ ផ្តល់ឱកាស​ឱ្យ សៀង ច​ន្ធា ដែល​ឈរ​ក្បែរ​រៀមច្បង ចាន់ វឌ្ឍនាកា លោត​តែ​តបាល់​នោះ​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ដែល​បាន​ជួយ​ឱ្យ​បឹងកេត បន្ត​ឈ្នះ​ក្រុម​ទ័ព ១-០ បន្ថែម​ទៅលើ​ការ​ឈ្នះ ២-០ កាលពី​ជើង​ទី​១ ផងដែរ​។​


​ក្រុម​បឹងកេត បានបង្ហាញ​ភាព​រីករាយ​ខ្លាំង សម្រាប់​ការ​ទទួលបាន​ជ័យជម្នះ​យ៉ាងសំខាន់​នេះ ហើយ​ការ​ដណ្តើមបាន ​៣ ​ពិន្ទុ​នេះ បាន​ជួយ​ឱ្យ​ពួក​គេឡើងទៅ​ឈរនៅ​លេខ​ ៣ ជា​បណ្តោះអាសន្ន ដោយមាន ​៣០​ ពិន្ទុ គឺ​តិចជាង​ក្រុមព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​​ក្រោ​ន ត្រឹម​ ១ ​ពិន្ទុ​ប៉ុណ្ណោះ ព្រោះ​កាលពី​ថ្ងៃ​ពុធ ស្វាយរៀង បាន​យកឈ្នះ​ក្រុម​ណាហ្គា​វើ​លដ៍ ២-១ ហើយ ភ្នំពេញ​ក្រោ​ន ឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ៣-១ ស្របពេល​ក្រុម​នគរបាលជាតិ បាន​រកឃើញ​ជ័យជម្នះ ជា​លើកដំបូង ក្នុង​រដូវ​កាល​នេះ ក្រោយ​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤-៣​។​


​តាមរយៈ​លទ្ធផល​នៃ​ការ​ប្រកួត កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ក្រុម​ស្វាយរៀង បាន​ឡើងទៅ​ឈរ​នៅ​លេខ​ ១ ជា​បណ្តោះអាសន្ន និង​តាម​ពីក្រោយ ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែលមាន​ ៣១ ​ពិន្ទុ​ដូចគ្នា ហើយ​បឹងកេត ដែល​ឈរ​នៅ​លេខ ​៣ មាន ​៣០ ​ពិន្ទុ បាន​រុញ​ក្រុម​វិសាខា និង​ណាហ្គា​វើ​លដ៍ ដែលមាន​ ២៨​ ពិន្ទុ​ដូចគ្នា ឱ្យទៅ​ឈរ​នៅ​លេខ ​៤ និង​លេខ​ ៥ ខណៈ​ក្រុម​ទ័ព ឈរ​នៅ​លេខ​ ៦ ​ដដែល មាន ​២២​ ពិន្ទុ និង​គិរីវង់ ឈរ​នៅ​លេខ ​៨ ​ចុងក្រោយ​គេ នៅក្នុង​តំបន់ Top8 នេះ​។​


​យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ នៅ​តំបន់ Top8 នេះ អាច​នឹងមាន​ការប្រែប្រួលសម្រាប់ការប្រកួតនៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នេះ ហើយ​បឹងកេត ត្រូវបាន​គេ​មើលឃើញថា អាចមាន​ភាគរយ​ច្រើន ក្នុងការ​ឈ្នះ​ ៣​ ពិន្ទុបន្ថែម ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​ជួបក្រុម​គិរីវង់ នៅ​ថ្ងៃអាទិត្យ ស្របពេល​ទ័ព ត្រូវ​ស្វាគមន៍​ក្រុម​ស្វាយរៀង ម៉ោង ៣:៣០ ដូចគ្នា ហើយ​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​ល្ងាច​ម៉ោង​ ៦ ចំណែក​ក្រុម​ណាហ្គា​វើ​លដ៍ ត្រូវ​ប៉ះ​ក្រុម​ខ្លាំង វិសាខា នៅ​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៣:៣០៕​