ភ្នំពេញៈ ថ្នាក់ដឹកនាំ​ក្លិប​បាល់​ទាត់​វិសាខា លោក ហុក សុចិ​ត្រា បានចាត់ទុក​ការយក​ឈ្នះ​ក្រុម ណាហ្គា​វើ​លដ៍ ត្រឹម ១-០ ថា ជា​ជ័យជម្នះ​យ៉ាងសំខាន់ ដែល​បាន​ជួយ​ឱ្យ វិសាខា មានឱកាស​ពេញ​​លេញ ក្នុងការ​ឈានទៅ​ប្រជែង​យកពាន​នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ ​២០២១ ប៉ុន្តែ​មុននឹង​ឈានទៅដល់​ការសម្រេច​គោលបំណង​ដ៏​ធំ​មួយ​នេះ លោក សុចិ​ត្រា បាន​ទម្លាយ​ថា យើង​ចាំបាច់​ត្រូវ​ឈ្នះ​នៅ​រាល់​ការប្រកួត ដែល​នៅសល់ គឺ​មិនអាច​ចាញ់​បានឡើយ​។​


​លោក ហុក សុចិ​ត្រា បាន​ប្រាប់ ពីថ្ងៃ​អាទិត្យ​ថា​៖ «​ការ​ឈ្នះ​គ្រប់ការ​ប្រកួត​ជា​រឿង​សំខាន់បំផុត សម្រាប់​គ្រប់​ក្រុម ដែល​ចង់​ឈានទៅរក​ការ​ឈ្នះ​ជើងឯក​។ សម្រាប់ វិសាខា ការ​ឈ្នះ​ម្សិលមិញ គឺ​សំខាន់​ណាស់ ដើម្បី​មានឱកាស ទៅរក​ការ​ឈ្នះ​ពាន​។ អ៊ីចឹង​ការ​ប្រកួត​ជាមួយ ណាហ្គា​វើ​លដ៍ យើង​បាន​ត្រៀម និង​រៀបចំ​ក្រុម​បានល្អ ហើយ​កត្តា​ដែល​យើង​ធ្វើ​បានល្អ ក្នុងការ​ប្រកួត​នេះ គឺ​កីឡាករ​របស់​យើង​បាន​សហការគ្នា​ល្អ ទាំង​ឆន្ទៈ​ក្នុង​ការចង់​ឈ្នះ ការរួបរួម​គ្នា ការពារ ប្រយុទ្ធ និយាយ​រួម គឺ​ក្រុម​របស់​យើងធ្វើការ​បានល្អ​»​។​


​តាមរយៈ​ការប្រកួតនៅ​កី​ឡ​ដ្ឋា​ន​ស្តា​ត​ចាស់ កាលពី​ថ្ងៃ​សៅរ៍ កន្លងមកនេះ ក្រុម​ភ្ញៀវ វិសាខា បង្កើតបាន​ឱកាស​មាស​ច្រើនជាង ណាហ្គា​វើ​លដ៍ ហើយ​អ្វីដែល​គួរឱ្យ​សោកស្តាយ​បំផុត​នោះ គឺ​ការ​តែ​តរបស់​ខ្សែការពារ Khan Mohammed Faeez និង​ការ​ស៊ុត​ពេញ​- ទំហឹង​របស់ Christian Alex ទៅ​ប៉ះ​របារ​ទី​ខាងលើ​ដូចគ្នា នៅ មុនពេល​ខ្សែប្រយុទ្ធ Marcio និង Leuca របស់​ណាហ្គា​វើ​លដ៍ បាន​ស៊ុត និង​តែ​ត ពេញទំហឹង និង​កៀក​ទី​ក្រុម​វិសាខា វិញ​នោះ ប៉ុន្តែ​គ្រាប់​បាល់​ទាំង​២​នេះ សុទ្ធតែ​សង្គ្រោះបាន​ដោយ​អ្នកចាំទី កែវ សុខ​សិលា​។​


​យ៉ាងណាក៏ដោយ ការ​ប្រថុយ​នឹង​គ្រោះថ្នាក់​របស់​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ដោយបាន​រត់​កាត់​ពីមុខ រួច​ឱន​តែ​តបាល់ ចេញពី​ការ​ហៀ​ប​ទាត់​របស់ គួច សុ​កុម្ភៈ នោះ បានធ្វើឱ្យ​បាល់​នោះ​ធ្លាក់​ទៅដល់​ជើង ខ្សែប្រយុទ្ធ Haber Marcus ហើយ Marcus ក៏បាន​អូស​បាល់​នោះ បន្ត រួច​ស៊ុត​ទម្លុះ​សំណាញ់​បាន​យ៉ាង​ល្អ នៅ​នាទី​ទី​៨៣ ដើម្បី​ជួយ​ឱ្យ វិសាខា ឈ្នះ ណាហ្គា​វើ​លដ៍ ១-០ យ៉ាង​លំបាក​។


​ជាមួយ​ជ័យជម្នះ​នេះ លោក ហុក សុចិ​ត្រា បាន​បន្ថែមថា​៖ «​សម្រាប់​ ៣ ​ពិន្ទុ​នេះ វា​សំខាន់​ណាស់ ព្រោះ​ក្រុម​ទាំងអស់​កំពុង​តែមាន​ពិន្ទុ​ប្រហែល​គ្នា និង​មិនអាច​ក្រុម​ណា​ប្រហែស​បានទេ អ៊ីចឹង​ហើយ​គ្រប់ការ​ប្រកួត​នៅក្នុង​តំបន់​កំពូល​តារាង ទាំង​ ៨​ នេះ គឺ​ត្រូវការ​ចាំបាច់​ណាស់ សម្រាប់​ការ​ឈ្នះ ជាពិសេស ក្លិប​វិសាខា របស់​យើង​ត្រូវ​រៀបចំ​ក្រុម​ឱ្យ​ល្អ គ្រប់ការ​ប្រកួត ដែល​នៅសល់​ទាំង​៥​លើក ព្រោះ​ជាការ​ប្រកួត​សម្រាប់​ដណ្តើម​ជើងឯក​ក្នុង​ឆ្នាំ​ដ៏​លំបាក​នេះ​»​។​


​នៅពេល​សួរថា តើ​ក្រុម​ណា​ខ្លះ ដែលជា​ឧបសគ្គ​ធំ សម្រាប់​ក្រុម​វិសាខា ក្នុងការ​ប្រជែង​យកពាន​នៅ​ឆ្នាំនេះ លោក សុចិ​ត្រា បញ្ជាក់ថា​៖ «​មកដល់ពេលនេះ ក្រុម​ដែលជា​ឧបសគ្គ និង​ត្រូវ​ដណ្តើម​ជើងឯក​ជាមួយ​យើង រួមមាន ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន និង​បឹងកេត ព្រោះ​ក្រុម​ទាំង​ ៤​ នេះ នៅមាន​ឱកាស​ច្រើន​ដូចគ្នា ហេតុនេះ​គ្រប់ការ​​ប្រកួត ដែល​នៅសល់ គឺ​ត្រូវតែ​ឈ្នះ មិនអាច​ចាញ់​បានទេ​»​។​

​តាមរយៈ​ការយក​ឈ្នះ​ក្រុម​ណាហ្គា​វើ​លដ៍ ១-០ នេះ បាន​ជួយ​ឱ្យ​ការប្រកួត គិត​ត្រឹម​ ១៤​ លើក​ដូចគ្នា រវាង​ក្រុម​វិសាខា ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន មាន​ ៣១​ ពិន្ទុ​ស្មើគ្នា ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក បឹងកេត មាន​ ៣០​ ពិន្ទុ ហើយ​ក្រុម​ទាំង​ ៤​ នេះ ក៏​កំពុងមាន​ភាគរយ​ខ្ពស់ ក្នុងការ​ប្រជែង​យកពាន​ផងដែរ សម្រាប់​ក្រុម​ឈរ​នៅ​តំបន់​កំពូល​តារាង​ទាំង​ ៨ (Top8) នេះ​ផងដែរ ខណៈ​ក្រុម​ណាហ្គា​វើ​លដ៍ ដែលមាន ២៨ ​ពិន្ទុ​ដដែល​នោះ បាន​ថមថយ​ឱកាស​ហើយ ចំណែក​ក្រុម​ទ័ព អង្គ​រថា​យ​ហ្គឺ​រ ពិសេស​ក្រុម​គិរីវង់ គឺ​គេច​មិន​ផុតពី​ការ​ឈរ​នៅ​លេខ​ ៨ ​នោះឡើយ​៕​