ភ្នំពេញ៖ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា និង ច្រឹង ពលរដ្ឋ ព្រមទាំង​កីឡាករ​វ័យ​ក្មេង​ជាច្រើន​រូបទៀត ត្រូវ​បានកោះហៅឱ្យ​ចូល​រួម​ជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ការ​ប្រកួតវគ្គ​ Play off នៃ​ពានរង្វាន់ AFC ASIAN Cup China 2023 និង​ការ​ជម្រុះពាន​រង្វាន់ AFC U23 ASIAN Cup Uzbekistan 2022 ដែល​នឹង​ចាប់ផ្ដើមពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ នៅ​ប្រទេសបារ៉ែន និងជប៉ុន។


តាមរយៈ​បញ្ជីឈ្មោះក្រុមជម្រើសជាតិ​កម្ពុជា ចំនួន​ ៣៦ នាក់​ ដែល​សហព័ន្ធ​កីឡា​បាល់​ទាត់​​កម្ពុជា ​បាន​ប្រកាស កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​បង្ហាញ​ថា ខ្សែ​ប្រយុទ្ធ​របស់​បឹងកេត ចាន់ វឌ្ឍនាកា ដែល​បានបាត់ឈ្មោះ​ពី​ក្រុមជម្រើសជាតិ​កម្ពុជា អស់​រយៈពេលជា​ច្រើន​ឆ្នាំ មកហើយ​នោះ ត្រូវបាន​អ្នក​ចាត់​ការ​ទូទៅ​លោក Keisuke Honda នឹង​ក្រុមគ្រូ​បង្វឹកក្រុម​ជម្រើសជាតិ​កម្ពុជា សម្រេច​ដាក់​ឱ្យ​ចូល​រួម​ជាមួយ​​ក្រុមកម្ពុជា ជា​ថ្មី។


ការ​មានឈ្មោះ​នៅក្នុងក្រុមជម្រើសជាតិ សារ​ឡើង​វិញ​នេះ ក៏​ព្រោះតែ ចាន់ វឌ្ឍនាកា ពេលនេះ បានបង្ហាញ​ទម្រង់​ល្អ​ឡើង​វិញ និង​បាន​ក្លាយជា​ខ្សែ​ប្រយុទ្ធ​យ៉ាងសំខាន់ ដែល​អាចជួយ​ឱ្យ​​ បឹងកេត ទទួល​បានជ័យជម្នះ ​៨ លើក​ជាប់ៗ​គ្នា មុនពេលពួកគេ មក​ចាញ់ក្រុម​វិសាខា ៥-១ ប៉ុន្តែ បឹងកេត ក៏​បានសង​សឹង​ចំពោះការ​ចាញ់ដ៏ជូរ​ចត់នេះ វិញ​ផងដែរ ដោយការ​យក​ឈ្នះ ២-១ លើ វិសាខា វិញ សម្រាប់ការ​ប្រកួត​ជើង​ទី ​២ នៃ​លីគកំពូល​កម្ពុជា ហើយ ចាន់ វឌ្ឍនាកា ជា​អ្នក​រក​បាន​គ្រាប់បាល់​ទាំង​ ២ នេះ តែ​ម្នាក់ឯង។


ច្រឹង ពលរដ្ឋ (ជួរ​មុខ ​ទី​១ រាប់ពីឆ្វេង) ពេល​បង្ហាញ​ខ្លួន​ជម្រើស​១១នាក់ដំបូង​របស់​កម្ពុជា ជាមួយ ចាន់ វឌ្ឍនាកា, សឿត បារាំង និង​រៀម​មួយ​ចំនួន​ទៀត កាលពី​ឆ្នាំ​២០១៧។ រូប ភ្នំពេញ​ប៉ុស្តិ៍


ការ​សម្រេច​នាំ​យក​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ ​១១ ចាន់ វឌ្ឍនាកា មក​ចូល​រួមជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឡើង​វិញនេះ អាច​ទទួលការ​សាទរ​ខ្លាំង ពី​អ្នក​​គាំ​ទ្រ​ភាគ​ច្រើន ​ព្រោះ​​ពួកគេ មើល​ឃើញ​ថា វឌ្ឍនាកា ពេលនេះ មាន​ទ​ម្រង់​លេងល្អ​ឡើង​វិញ​ហើយ បន្ទាប់ពី​រូបគេ បាន​ធ្លាក់​គុណ​​ភាពលេង ជាមួយការ​មិនសូវបាន​បង្ហាញ​ខ្លួន នៅលើ​ទីលាន​ប្រកួត អស់​រយៈ​ពេល ២ ទៅ​៣​ ឆ្នាំ កន្លងមក​នេះ។


ជាមួយគ្នា​នេះ ខ្សែ​បម្រើកណ្តាល​វ័យក្មេង ច្រឹង ពល​រដ្ឋ របស់​វិសាខា ដែល​ធ្លាប់​ដើរតួនាទី​ជា​អ្នក​ចែក​បាល់​យ៉ាង​ល្អ នៅតំបន់​កណ្តាល ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា នោះ ក៏​ត្រូវបាន​កោះ​ហៅឱ្យ​ចូល​រួម​ជាមួយ​ក្រុម​ ឡើង​វិញ​ផងដែរ តាំង​ពី​រូបគេ ត្រូវ​បាន​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Leonardo Vitorino ប្រកាស​លុប​ឈ្មោះចេញ​ពី​ក្រុមជម្រើសជាតិ​កម្ពុជា ជាមួយ សំអឿន ពិដោរ ក្នុង​អំឡុងការ​​ប្រកួត​ស៊ីហ្គេម ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ ​២០១៧ គឺ​ពេល​ដែល​ក្រុម​កម្ពុជា បានចាញ់​ទាំង​ ៥​ ប្រកួត និង​ឈរ​នៅ​បាត​តារាង ប្រចាំពូល B ដោយ​គ្មាន​១ពិន្ទុ​សោះ។

ចំណែក​កីឡាករ សឿត បារាំង និង ណារ៉ុង កក្កដា ក៏​ត្រូវបាន​កោះ​ហៅ​ឱ្យ​ចូល​រួមជាមួយ​ក្រុម​ជម្រើសជាតិកម្ពុជា ឡើង​វិញ​ផងដែរ ប៉ុន្តែ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​​​ក្រុមជម្រើសជាតិ​កម្ពុជា លើក​នេះ គ្មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​ជើងចាស់ ប្រាក់ មុន្នីឧត្តម និងខ្សែ​ការពារ ធារី ចន្ថាប៊ីន នោះ​ទេ ហើយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម ម៉ាត់ នូរ៉ុណ ដែល​កំពុងមានរបួស ក៏​មិន​ត្រូវបាន​ដាក់បញ្ចូល​នោះ​ដែរ តែ​ គួច សុកុម្ភៈ នៅតែបន្ត​មាន​ឈ្មោះ ក្នុង​នាមជា​​កីឡាករ​ ដែល​មានអាយុ​​ច្រើនជាងគេ នៅ​ក្នុង​ក្រុម​គោព្រៃ​​កម្ពុជា។

បញ្ជី​ឈ្មោះ​ក្រុមកីឡាករ​ជម្រើសជាតិ​កម្ពុជា ទាំ​ង​៣៦នាក់ ដែល​ត្រូវ​បានកោះហៅ លើក​នេះ។ ​ FFC

​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង សម្រាប់ការ​ប្រមូល​ផ្តុំ​ក្រុម​ជម្រើសជាតិ​កម្ពុជា លើក​នេះ គឺ​លោក Keisuke Honda និងក្រុម​គ្រូ​បង្វឹក​នៃ​ក្រុមជម្រើសជាតិ​កម្ពុជា បាន​សម្រេច​កោះ​ហៅ​កីឡាករ​វ័យ​ក្មេង​រហូត​ដល់​១៣​នាក់ ឱ្យ​ចូល​បំពេញ​បេសកកម្ម ជាមួយ​ក្រុមជម្រើសជាតិ លើកនេះ ក្នុង​នោះ​មានកីឡាករ វីរៈ ដារ៉ា, ចាន់ សារ៉ាពេជ្រ, លីម អារុណរ៉េយមិន, គី រីណា, ស៊ិន សុវណ្ណមករា, ជួន ចាន់ចាវ, ឡុង ម៉េងហាវ, មិន រតនៈ, អ៊ាន ពិសី, ជឿន ណាចា, ញាណ សុស៊ីដាន, រដ្ឋ សំណាង និង រ៉េត លីហេង។

ចំណែក កីឡាករ​វ័យ​ក្មេង ញឹម លីហួរ, ឡេង ណូរ៉ា និង ស រតនា ត្រូវបាន​កោះ​ហៅឱ្យ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិ ជា​លើក​ទី​២ ផង​ដែរ។ តែ​ទោះ​បីជា​យ៉ាង​ណា នៅក្នុង​បញ្ជី​ឈ្មោះ​​ក្រុមជម្រើសជាតិ​កម្ពុជា ទាំង​ ៣៦ នាក់នេះ ត្រូវបាន​បែង​ចែក​ជា​ ២​ ផ្នែក គឺ​ក្រុមជម្រើសជាតិ​កម្ពុជាអាយុក្រោម ​២៣ ឆ្នាំ ដែល​ពួក​គេ ត្រៀម​សម្រាប់ ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U23 ASIAN Cup Uzbekistan 2022 ដែល​កម្ពុជា ឈរ​នៅពូល K ជាមួយក្រុមម្ចាស់​ផ្ទះជប៉ុន និងក្រុមហុងកុង។

មួយ​ទៀត គឺ​ក្រុម​ធំជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​ប្រកួតវគ្គ​ Play off ​ពានរង្វាន់ AFC ASIAN Cup China 2023 គឺកម្ពុជា ត្រូវ​ប្រកួតជម្រុះជាមួយ​ក្រុម​កោះហ្គាម នៅ​ទឹក​ដី​កណ្តាល ប្រទេស​បារ៉ែន ដោយ​ជើង​ទី ​១ គ្រោងធ្វើ​​នៅ​ថ្ងៃទី​៩ និង​ជើង​ទី ២ ធ្វើ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ប៉ុន្តែ​តាមគម្រោង ទាំង​ក្រុម ​U23 និងក្រុម​ធំ ជម្រើសជាតិ​កម្ពុជា ត្រូវ​ចេញ​ដំណើរ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​បារ៉ែន ជាមួយ​គ្នា រួច​ទើប​បន្ត​ដំណើរ​ទៅ​ប្រកួត​​ជម្រុះ​ពាន​​រង្វាន់ AFC U23 ASIAN Cup Uzbekistan 2022 នៅប្រទេសជប៉ុន ដោយ​ក្រុម​កម្ពុជា ត្រូវជួបក្រុម​ហុងកុង នៅ​ថ្ងៃទី​ ២៣ មុន​ប៉ះក្រុម​ម្ចាស់​ផ្ទះ ជប៉ុន នៅថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​២០២១៕