ចាន់​ទិវា ​ជឿ​ថា នឹង​រក​ឃើញ​ជ័យជម្នះធំ​លើការ​​​​​​រត់​ ៤០០ ​ម៉ែត្រ

Content image - Phnom Penh Post
ចាន់ទិវា រត់វ៉ាដាច់គូ​ប្រជែង ពេល​ប្រកួតនៅពហុកីឡដ្ឋានជាតិ​​។ ឈន ណន

ភ្នំពេញៈ ​កីឡាករ​ជា​យុវជន​វ័យ​ក្មេង​អាយុ​ ២១​ ឆ្នាំ​ ​យ៉ាតពិទូ ចាន់ទិវា ​ដែល​បាន​ជាប់​ជា​ក្រុមជម្រើស​ជាតិ​ តាំង​ពី​ឆ្នាំ ២០១៧ ​ក្នុង​​ក្រុម​ថ្នាល ដោយ​​ធ្លាប់​លេង​ក្នុង​វិញ្ញាសា​ចំនួន​ ៣​ មាន​រត់​ល្បឿន​​ ១០០ ​ម៉ែត្រ ​២០០ ម៉ែត្រ​ និង ​៤០០ ម៉ែត្រ​​នោះ បច្ចុប្បន្ន​បាន​ហ្វឹក​ហាត់​សម្រួច​តែ​លើ​ជំនាញ​​រត់​ល្បឿន ​៤០០ ម៉ែ​ត្រទេ បន្ទាប់ពី​រូបគេបាន​ដាក់​ឱ្យ​ចូល​នៅ​ក្នុង​ក្រុម​ធំ​ជម្រើសជាតិ នៃ​ប្រភេទ​​កីឡា​អត្តពលកម្ម។

យ៉ាតពិទូ ចាន់ទិវា ​បាន​និង​កំពុង​ហ្វឹកហាត់​យក​ជំនាញ​រត់ល្បឿន ៤០០​ ម៉ែត្រនេះ ​ដើម្បី​សម្រួច​សម្រាំង​​បច្ចេកទេស​ឱ្យ​​បាន​ល្អ ​ត្រៀម​ព្រឹត្តិ​ការណ៍​អន្តរជាតិ​នានា ជា​ពិសេស​​ការ​ប្រកួត​ស៊ី​ហ្គេម ​​លើក​ទី​៣១​ ឆ្នាំ​ ២០២១ នៅ​វៀត​ណាម ដែល​បាន​លើក​ពេលទៅ​ធ្វើ​នៅ​ឆ្នាំ ២០២២ និង​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​ ២០២៣ ពេល​កម្ពុជាធ្វើម្ចាស់​ផ្ទះ ខណៈ យ៉ាតពិទូ ចាន់ទិវា ជាបេក្ខភាព​មួយ​ដ៏​ល្អ​ មាន​សក្តានុពល ​ព្រម​ទាំង​ឆ្លង​កាត់​ការ​ប្រ​កួត​ថ្នាក់​ជាតិ ​និង​អន្តរជាតិ​ផង​ដែរ​។

ជាមួយគ្នា​នេះ ចាន់ទិវា ក៏ជា​បេក្ខភាព​ម្នាក់ ក្នុង​ចំណោម​បេក្ខភាពទាំង​​ ១៥ នាក់ ដែល​សហព័ន្ធខ្មែរ​អត្តពលកម្មស្ម័គ្រចិត្ត សម្រិត​សម្រាំង​រួច​ហើយ សម្រាប់ការ​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​នៅ​សាធារណ​រដ្ឋប្រជា​មានិត​ចិនផងដែរ ​ដោយ​រូបគេបាន​ជ្រើស​យក​វិញ្ញាសា ​៤០០ ​ម៉ែត្រ​នេះ​តែម្តង​។​

កញ្ញា​ កែវ​ មនោរម្យ ​ជា​អគ្គលេខា​ធិ​ការសហព័ន្ធ​ខ្មែរ​អត្តពល​កម្មស្ម័គ្រ​ចិត្ត ​​​​បាននិយាយ​ថា​៖​«អត្តពលិក​រត់​ចម្ងាយ ​ យ៉ាតពិទូ ចាន់ទិវា ជា​បេក្ខភាព​​វ័យ​ក្មេង​ឆ្នើម ​ធ្លាប់​ទទួល​បាន​ជយ​លាភី ​ចំនួន​ ៣ ​វិញ្ញាសា​មាន​ ១០០​ ម៉ែត្រ ​២០០ ម៉ែត្រ​ និង​​ ៤០០​ ម៉ែត្រ ​ដោយ​រូបគេបាន​ជាប់​ជយ​លាភី​លេខ ​១​ ​ថ្នាក់​ជាតិ ​តាំង​ពី​ឆ្នាំ​ ២០១៧​ រៀង​មក​រហូត​ ហើយ​បន្ថែម​ពី​លើ​នេះ​ ចាន់ទិវា ​ក៏ ធ្លាប់​ចេញ​ទៅ​ប្រ​កួត​លក្ខណៈ​អន្តរជាតិនៅ​ក្រៅ​ប្រ​ទេស​ចំនួន​ ៣​ ព្រឹត្តិការណ៍​ផង​ដែរ»​។

​កញ្ញា​ មនោរម្យ បាន​​បន្ថែម​ថា​៖ «​សម្រាប់ការ​​ជ្រើស​រើស​វិញ្ញា​សា​ជា​ជំនាញ​ឯក​ទេស ​គឺ​សហព័ន្ធបាន​ផ្តល់​ឱកាស​ឱ្យ យ៉ាតពិទូ ចាន់ទិវា ​ចាប់​យក​ជំនាញ​ចម្ងាយ ​៤០០ ម៉ែត្រ​តែម្តង ​ដើម្បី​ចេញ​ទៅ​ហ្វឹក​ហាត់​តាម​កម្ម​វិធី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​មហា​មិត្ត​ចិន ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ព្រោះ​អត្តពលិក​ម្នាក់​ត្រូវ​ចាប់​យក​ជំនាញតែ ​​១ ​វិញ្ញាសា​ ហើយ​ក្រៅ​ពី​នេះ​ អាច​លេង​វិញ្ញាសា​ផ្សេងៗ​បន្ថែម​ទៅ​តាម​កម្ម​វិធី​របស់​គេ»​។​

ចំណែក​លោក​ សំហេង​ បុរស ​ប្រធាន​សហព័ន្ធ​​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត បាន​ប្រាប់​ថា​៖ «​យើង​មាន​ផែន​ការ​យុទ្ធ​សាស្ត្រ​ ​និង​​ទស្សនៈ​វែង​ឆ្ងាយ ក្នុង​ការ​​ជំរុញ​​លើក​ទឹក​ចិត្ត ​ដោយផ្តោត​ទៅ​លើ​អត្ត​ពលិក​វ័យ​ក្មេង ​សម្រាប់​ព្រឹត្តិ​ការណ៍​ខាង​មុខ គឺ​យើង​​​មាន​ការហ្វឹកហាត់​អភិវឌ្ឍ​សមត្ថភាព​ឈាន​ទៅ​ប្រជែង​ដណ្តើម​មេដាយជូន​កម្ពុជា ​ដូច​ជា​ការ​ប្រ​កួត​កីឡាជាតិ លើក​ទី៣ ​ឆ្នាំ ​២០២២​, ការ​ប្រកួត​ស៊ីហ្គេមនៅ​វៀត​ណាម ឆ្នាំ ២០២២ និង​ស៊ី​ហ្គេម ​លើក​៣២ ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ»​។

Content image - Phnom Penh Post
យ៉ាតពិទូ ចាន់ទិវា (រូប​អង្គុយ​ទី៣ រាប់ពីឆ្វេង) ពេល​ថតជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និងមិត្ត​រួមក្រុម​។ សហ​ការី

ចំណែក យ៉ាតពិទូ ចាន់ទិវា ​​បាន​និយាយ​​ថា​៖«​សម្រាប់​ការប្រ​កួត​ថ្នាក់​ជាតិ ​ខ្ញុំ​ទទួល​បាន​មេដាយ​មាស​រាល់​ឆ្នាំ​ តាំង​ពី​ឆ្នាំ ​២០១៧​ ហើយ​កន្លង​មក ខ្ញុំ​ធ្លាប់​បាន​ចូលរួម​ប្រកួត​ នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​បានចំនួន​​ ៣​ លើក​​ហើយ ដោយ​ទទួល​បាន​ចំណាត់​លេខ ៦​ និង​លេខ​ ​៧ ​ ក្នុង​វគ្គ​ជម្រុះ​ផងដែរ»។

«ការ​ប្រកួត​លើក​ទី​១ ​នៅ​ប្រទេស​ជប៉ុន​ ឆ្នាំ​ ២០១៨​ ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​យុវជន ​​លើ​​វិញ្ញាសា​ ២០០ ​ម៉ែត្រ ​ដែល​មាន ​៤៥ ​ប្រទេស​ចូល​រួម​នោះ ​ខ្ញុំ​បាន​បំបែក​ឯតទគ្គកម្ម ខ្លួន​ឯង ​ដោយ​ប្រើ​ពេល ​២៣​:​៣១ ​វិនាទី​ ចំណែក​​លើក​​ទី​២​ ​នៅក្នុង​ព្រឹត្តការណ៍​សិស្ស​និស្សិត​អាស៊ាន នៅ​ប្រ​ទេស​ម៉ាឡេ​ស៊ី​ ចុង​ឆ្នាំ ​២០១៨ គឺ​ខ្ញុំ​​​បាន​​លេង​​ទាំង​​៣០០ម៉ែត្រ​ និង​ ៤០០​ ម៉ែត្រ​ ហើយ​លើក​ទី​៣ ខ្ញុំ​បាន​ចូល​រួមការ​ប្រកួត​លក្ខណៈបើក​ទូលាយ ​នៅប្រទេស​ថៃ គឺ​លទ្ធផល​ដែល​ខ្ញុំ​ទទួលបាន គឺ​មាន​ការ​រីក​ចម្រើន​ជាង​ពេល​មុនៗ»។ កីឡាករ យ៉ាតពិទូ ចាន់ទិវា បាន​បន្ថែម។

កីឡាករ​ យ៉ាតពិទូ ចាន់ទិវា ​ដែល​ជា​ពន្លក​នៃ​ក្តី​សង្ឃឹមក្នុង​វិញ្ញាសា​ចម្ងាយ​ ៤០០​ ម៉ែត្រ​មាន​ស្រុក​កំណើត​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​មា​ន​ឪពុក​ម្តាយ​ជា​អ្នកបោក​គក់​ខោអាវ ហើយ​ប្អូន​ស្រី​​​របស់គេ​ យ៉ាតពិទូ សិរិវឌ្ឍនា និង យ៉ាតពិទូ សុខសិរិលក្ខិណា ក៏​ជា​អ្នក​​លេង​កីឡា​ដែរ​ ​ក្នុង​នោះ សិរិវឌ្ឍនា ធ្លាប់​បាន​លេខ​ ១ ក្នុងការ​ប្រកួត​កីឡាដើរ នាង​លេងឱ្យ​​មន្ទីរអប់​រំ ​យុវជន ​និង​កីឡា​រាជ​ធានី​ភ្នំពេញ​​។​

យ៉ាតពិទូ ចាន់ទិវា ​​បញ្ជាក់​ថា៖ ​«ពេលនេះ ខ្ញុំ​កំពុងប្រមូល​ផ្តុំហ្វឹក​ហាត់​នៅ​​ពហុ​កីឡដ្ឋានជាតិមរតក​តេជោ ​និង​​ត្រៀម​​ចេញ​ទៅ​ហ្វឹកហាត់​ នៅ​ចិន​ទៀត ហើយ​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ហាត់ ​ដើម្បី​ប្រជែង​ដណ្តើម​មេដាយ​ជូន​សហព័ន្ធ​ឱ្យ​បាន​។ ​ខ្ញុំ​​រំពឹង​ជឿ​ជាក់ថា​ ការ​ជួយ​ជំរុញ​​ពី​គ្រូបង្វឹក និង​ការផ្តល់​កម្លាំង​ចិត្ត​គាំ​ទ្រ​ពីថ្នាក់​ដឹកនាំ ​ជាពិសេស​ឯកឧត្តម ​សំហេង ​បុរស​ នឹង ជួយ​ឱ្យ​ពួក​ខ្ញុំទទួល​បានជោគជ័យ​ពីការប្រកួត​នានានៅ​​លើឆាក​អន្តរ​ជាតិ ​សម្រាប់ជាកិត្តិយស​​​ជូនខ្លួនឯង​ និង​ក្រុមគ្រួសារ ​ជាពិសេស​ជូន​ប្រទេស​ជាតិ​កម្ពុជា​ទាំង​មូល»​៕​

ព័ត៌មានថ្មីៗ