ភ្នំពេញ៖ ទោះ​បី​ជា ការ​ដំឡើង​ទម្ងន់ពី ៦០ គីឡូក្រាម មក​ប្រកួតក្នុង​ទម្ងន់ ៦៣,៥ ​គីឡូ​ក្រាម ក្នុង​​ព្រឹត្តិការណ៍ម៉ារ៉ាតុង​ដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ មាន​ភាព​ស្វិតស្វាញ ហើយ​​រំពឹង​ឈ្នះ​តិច ​ប៉ុន្តែ​ទី​បំផុត​​ជើង​ខ្លាំង ​ឃីម ​បូរ៉ា​ នៅ​តែ​ទទួល​បាន​លទ្ធផល​ឈ្នះ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ ​លើ​កីឡាករជើង​ថ្មី អេលីត សម្ភស្ស ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក និង​ប្រាក់រង្វាន់​​ចំនួន ​៣,​៤ ​​លាន​រៀល។


មុន​ពេល​ប្រ​កួត ​ក្នុង​ចំណោម​កីឡាករ ​៤ ​រូប ​ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​ ដែល​ដណ្តើម​ប្រាក់​លាន​នេះ​ ភាគី​ តាញ់​ មករា ​និង ​វេង ​សុភ័ក្រ ​​មាន​ទំនុ​ចិត្ត​ខ្ពស់ ​ក្នុង​ការ​យក​ឈ្នះ ​ខណៈ​ដែល​ ឃីម ​បូរ៉ា ​សង្ឃឹម​តិច​ ចំណែក​ អេលីត​ សម្ភស្ស​ បាន​បង្ហាញ​ការ​តូច​ចិត្ត ទៅនឹង​អ្នកគាំ​ទ្រ​ មួយ​ចំនួន​ ដែល​បានមើល​រំលង​សមត្ថភាព​របស់​​គេ​។


​ប៉ុន្តែ​សម្រាប់​​លទ្ធផល​ពេល​​ប្រ​កួត​ជាក់​ស្តែង​វិញ ​គឺ​វា​ផ្ទុយ​ពី​ការ​អះអាង​មុន​​ការ​ប្រកួត​ ព្រោះ ​ឃីម ​បូរ៉ា បាន​បន្ត​យក​​ឈ្នះ​ វេង ​សុភ័ក្រ​ ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ប្រកួតជម្រុះ​ ៣​ ទឹក ស្របពេល អេលីត សម្ភស្ស បាន​ផ្តួល តាញ់ មករា នៅត្រឹមទឹក​ទី ​១ ដើម្បី​ឡើង​ទៅជួប ឃីម បូរ៉ា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ បូរ៉ា បាន​យក​ឈ្នះ​ដោយ​ពិន្ទុ។


យ៉ាង​ណា​ក៏​ដោយ ក្រោយ​ឈ្នះ​បាន​ប្រាក់រង្វាន់​លេខ ​១ ​ចំនួន ​៣,​៤ ​លាន​​រៀលនេះ ឃីម បូរ៉ា បាន​និយាយថា​៖ «​ខ្ញុំ​ឈ្នះ​លើក​នេះ​ ពិត​ជា​លំបាក​ណាស់ ​ដោយ​សារ ​អេលីត ​សម្ភស្ស​ ចេញ​ស្នៀត​ទាត់​ធ្ងន់់ៗ​ផង ​និង​កណ្តាប់​ដៃ​លឿន​ផង​ ​ព្រោះ​គាត់​ជា​កីឡាករ​អាជីព​ប្រដាល់​សកល​»។


ឃីម ​បូរ៉ា បាន​​បន្ថែម​ថា៖​ «​នៅ​ពេល​ចប់​ទឹក​ទី ​២ ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា ​ខ្ញុំ​មាន​ប្រៀប​ឈ្នះ​នៅ​ឡើយ​ទេ ​ហេតុ​នេះ​ខ្ញុំ​ប្រឹង​វាយ​សម្រុក​ ដណ្តើម​យក​ពិន្ទុ​ឱ្យ​​បាន​ក្នុង​ទឹក​ទី ​៣​ ខណៈ​ដែល​ស្នៀត​ការពារ​ គឺ​ត្រូវ​គេច​ឱ្យ​​ផុត​ ពី​កណ្តាប់​ដៃ​​របស់​គាត់។​ ខ្ញុំ​សរសើរ​ អេលីត ​សម្ភស្ស​ គឺគេ​​ល្អ​ណាស់​ ពិត​ជា​លំបាក​ឈ្នះ​មែន»​។​


អ្នកប្រដាល់​ជើង​ថ្មី ពេជ្រ សម្បត្តិ ឡើង​យកប្រាក់រង្វាន់​បន្ថែម​ ចំពោះ​ការ​ផ្តួល ភួន ឡាំង​កូស៊ីន ឱ្យ​សន្លប់។ រូបថត ថោន

ចំណែកកីឡាករ​ជម្រើសជាតិប្រដាល់​សកល​កម្ពុជា ​អេលីត ​សម្ភស្ស ​ដែល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ​២ ជាមួយ​ប្រាក់​រង្វាន់ ១,៨ លាន​រៀល​នោះ បាន​​និយាយ​ថា​៖ ​«ឃីម បូរ៉ា​ ​ជើង​ចាស់​ពូ​កែ​គេច​។ ​ប្រសិន​បើ​វាយ​ត​ទល់​ មិន​រត់​គេច​ទេ ​ខ្ញុំ​ធានា​ឈ្នះ​គាត់​បាន​។ ​យ៉ាង​ណាក្តី ​បើ​មាន​ឱកាស​ប្រ​កួត​លើក​ក្រោយ​ គឺ​ខ្ញុំ​រំពឹង​សង​សឹក​ យក​ឈ្នះ​​បាន​វិញ»​។​

ចំណែក​គូ​ម៉ាស​ហ្វៃ​ប្រចាំ​សប្តាហ៍ ​ដែល​មាន​រយៈ​ពេល​ចំនួន​ ៩ នាទី នោះ ​​កីឡាករ​ជើង​ថ្មី​ពេជ្រ​ សម្បត្តិ​ កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ មក​ពី​ក្លិប​ចលនា​យុវជន​ ១៥៧ ​បាន​ផ្តួល​កីឡាករ​ជើង​ខ្លាំង​ ភួន ឡាំ​ងកូស៊ីន​ កូន​សិស្ស​របស់​​លោក ​សាន់ ​សៅ​យ៉ាន់ ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឱ្យ​​សន្លប់ ​ត្រឹម​រយៈ​ពេល​ ២ ​នាទី​ប៉ុណ្ណោះ​។​

នៅ​មុនពេល​​ប្រ​កួត​ ពេជ្រ​ សម្បត្តិ​ បាន​និយាយ​ថា នឹង​​វ៉ៃ​ឱ្យ ​ឡាំង​កូស៊ីន ​សន្លប់ ​ហើយ​សម្តី​​នេះ ​អ្នក​បាន​ស្តាប់​ភាគ​ច្រើន​ គេ​នាំ​គ្នា​ថា ​អួត​ពេក​ហើយ​ ព្រោះ​​សូម្បី​តែ​កីឡាករ ភួន ​ឡាំង​កូស៊ីន​ ផ្ទាល់​ ក៏​បាន​​ចេញ​ឃ្លីប​វីដេអូ​ ចំអក​ឆ្លើយ​តប​មក​វិញ​ថា ​មិន​អាច​សន្លប់នោះ​ដែរ​ ប៉ុន្តែ​​លទ្ធផល​ជាក់​ស្តែង​ ពេជ្រ​ សម្បត្តិ ​ធ្វើ​បាន​សម្រេច​មែន ដោយ​​ប្រើ​កណ្តាប់​ដៃ​ដ៏​ធ្ងន់ ​វ៉ៃ​ឱ្យ ​ឡាំង​កូស៊ីន ​បណ្តាល​ឱ្យ​លោក​អាជ្ញា​កណ្តាល​រាប់​ពីរ​លើក​ និង​​ឈាន​ដល់​បញ្ឈប់​តែ​ម្តង​ ក្នុងរយៈពេល​ត្រឹម ​២ នាទី។​

ពេជ្រ ​សម្បត្តិ បាន​និយាយ​​ក្រោយ​ពេល​ឈ្នះ​ថា​​៖ «​ខ្ញុំ​ហាត់​មួយ​ថ្ងៃ​ ៧ ​ម៉ោង​ គឺតាំង​ពី​​ព្រឹក​​ម៉ោង​ ៦​ ដល់​ម៉ោង​ ៩ ​ល្ងាច និង​​​ពី​ម៉ោង ​៣ ​ដល់​ម៉ោង ​៧ ​យប់​ គឺ​​ខ្ញុំ​ពង្រឹង​កម្លាំង​កណ្តាប់​ដៃ ​ព្រោះ​លោក​គ្រូ​ខ្ញុំប្រាប់​​ថា ​ដៃ​គូ​លំបាក​គេច​​ពី​សន្លប់​ណាស់​ ហើយ​ក្រោយ​ឈ្នះ​លើកនេះ ខ្ញុំ​នឹង​បន្ត​ហាត់​ឱ្យ​ខ្លាំងថែម​ទៀត ​ដើម្បី​ប៉ះ​ជើង​ខ្លាំងៗ​បន្ត»​។​

សម្រាប់ការ​ផ្តួល ភួន ឡាំង​កូស៊ីន ឱ្យ​សន្លប់នេះ ពេជ្រ ​សម្បត្តិ ទទួលបានប្រាប់​រង្វាន់​បន្ថែម ពី​ម៉ាស​ហ្វៃ​ចំនួន ​១ ​លាន​ ៦​ សែន​រៀល​ រួមទាំង​​មាន​តម្លៃ​ខ្លួន​ប្រ​កួត​ចំនួន​ ១ លាន​រៀល​ទៀត​ ខណៈ​ការ​បាន​ឡើង​ប្រកួត នៅ​សង្វៀន​ថោន ចំនួន​ ២១ លើកនេះ ​​ពេជ្រ ​សម្បត្តិ ​បាន​​ផ្តួល​​ជើង​ខ្លាំង ​អេលីត ​ឡុង​ឡី​ ឱ្យ​​សន្លប់​ត្រឹម​មួយ​នាទី ​ហើយ​លើក​ទី ​២ ​នេះ ​ផ្តួល​ ភួន ​ឡាំ​ងកូស៊ីន​ ឱ្យ​​សន្លប់​ត្រឹម​ ២ នាទី​ប៉ុណ្ណោះ​ ខណៈ​ដែល​តម្លៃ​ខ្លួន ​និង​ប្រាក់​បន្ថែម​ពីរ​ប្រ​កួត​នេះ​ ទទួល​បាន​សរុប​ជិត​ ២ ០០០​ ដុល្លារ​។​

លោក ​ពេជ្រ​ សុផាន់​ ជា​គ្រូ​បង្វឹក​ បាន​និយាយ​ថា៖ ​«​​តាម​ប្រ​វត្តិ​ប្រ​កួត​របស់ ​ពេជ្រ​ សម្បត្តិ​គេ​ធ្លាប់​ប្រ​កួត ​១៥​ ដង ​គឺ​ចាញ់កីឡាករ ​ឯម ​ភិរុណ តែ​ម្តងគត់ ​ក្រៅ​ពី​នេះ ​ឈ្នះ​ទាំង​អស់ ហើយ​​ក្នុង​នោះ​ ធ្លាប់​វ៉ៃ​គេ​ឱ្យ​​សន្លប់​បាន​ចំនួន ​១០ ​ដង ​​គឺ​ពេជ្រ សម្បត្តិ ​ជា​កីឡាករ​ខ្លាំង​ រលក​ក្រោយ»​៕