ភ្នំពេញ៖ គណៈ​កម្មការ​ CAMSOC បាន​ប្រជុំ​អនុម័ត​សម្រេច ​កាល​ពី​ព្រឹក​ថ្ងៃអង្គារ ​​ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ ថោង ​ខុន ​ប្រធាន ​NOCC ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​ដើម្បី​ ​ពិនិត្យ​សម្រេច​ទៅ​លើ​ប្រធាន​​បទ​​ធំៗ​​ចំនួន​៣ ​គឺ​ទី​ ១ ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ទីលាន​ប្រ​កួត​កីឡា​ស៊ី​ហ្គេម ​ឆ្នាំ​២០២៣​ ​ទី ​២ ​រៀប​ចំ​សម្ពោធ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ នៅ​ខែ​វិច្ឆិកា ​និង​ទី ​៣​ រៀប​ចំ​ការ​ប្រ​កួត​កីឡាទូក​ក្តោង​អាស៊ី​គ្នេយ៍​ នៅ​ខេត្ត​ព្រះ​សីហនុ​។​


ក្រោយ​កិច្ច​ប្រ​ជុំ​​បាន​បញ្ចប់ ​លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​ CAMSOC បានប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ថា​៖​«​គណៈ​កម្មការ​ CAMSOC ​បាន​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ ទៅ​លើ​គណៈ​កម្មការ​ទីលាន​ ដែល​ក្នុង​នោះ​ ឯក​ឧត្តម ​ជា ​បូរ៉ា ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ទេស​ចរណ៍​ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទីលាន​ បាន​ធ្វើ​បទ​បង្ហាញ​ នូវ​សក្តានុពល​ទីលាន ​សម្រាប់​រៀប​ចំ​ការ​​ប្រកួត ​មាន​ចំនួន ​៦​ តំបន់​ធំៗ ​​ក្នុង​នោះ​មាន​រាជ​ធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ ​សៀម​រាប​ ​កំពត ​កែប​ និង​ខេត្ត​កំពង់​ស្ពឺ ​ដែល​នឹង​មាន​ចែក​ជា​ផ្នែក​ៗ​បន្ត​ទៀត ​ដូច​ជា​ទីលាន​ប្រណាំង​សេះ ​នៅ​តំបន់​ទេសចរណ៍​គីរី​រម្យ​ ផង​ដែរ»​។


លោក​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា ​ទីលាន​ ដែល​ច្រើន​ចំផុត ​គឺ​រាជ​ធានី​ភ្នំពេញ ​ដែល​ត្រូវ​បម្រើ​ការ​ប្រ​កួត​ ជាង ​៣០ ​ប្រភេត​កីឡា​ ចំណែក​តាម​បណ្តា​​ខេត្ត ​មាន​ត្រឹម​ ១​ ឬ ២ ​ប្រភេទកីឡា​​ប៉ុណ្ណោះ។ សម្រាប់​បញ្ហា​ទី​លាន​នេះ​ ​យើង​​សម្រេច​គ្រោង​នឹង​បញ្ចប់​ត្រឹម​ឆ​មាស​ទី ២​ នេះ ​ហើយ​ត្រូវ​បាន​លម្អិត ​ដោយ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​សរុប ​ដើម្បី​លើក​គម្រោង​ចំណាយ​ថា​តើ ​ធ្វើ​អ្វី​មុន ​ធ្វើ​អ្វី​បន្ទាប់​និង​ធ្វើ​អ្វី​បញ្ចប់​ ពោល​គឺ​សម្រាប់​ឆ្នាំ​​២០២១ ​កំណត់​ទីលាន​រួច​ជា​ស្រេច​ តាម​ផែន​ការ​តែ​ម្តង​។​


អង្គ​ប្រជុំ បាន​ពិនិត្យ​ទៅ​លើ​គម្រោង​ផែនការ ដែលបាន​អនុម័ត កាលពី​ថ្ងៃអង្គារ។ រូប CAMSOC


ចំណែក​ខ្លឹម​សារ​ទី​២ ​លោត វ៉ាត់ ចំរើន ថា CAMSOC ​នឹង​រៀប​ចំ​ពិធី​សម្ពោធ​ពហុកីឡ​ដ្ឋាន​​មរតក​តេជោ ​នៅ​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​ដោយ​ក្នុង​នោះ ​នឹង​មាន​រៀប​ចំ​ការ​ប្រ​កួត​ប្រភេទ​កីឡា​ណា ​ដែល​ជាការ​​ឆ្លុះ​បញ្ចាំង​ នូវ​មិត្ត​ភាព​កម្ពុជា-​ចិន ​ព្រមទាំង​មាន​ការ​សម្តែង​ជា​សិល្បៈ​វប្បធម៌​ ប្រពៃ​ណី​កម្ពុជា​-ចិន ​ផង​ដែរ​ ហើយ​នេះ​ជា​កិច្ច​ការ​មមាញឹក ​និង​បន្ទាន់ ​ដែល​ត្រូវ​អនុម័ត​​។​


ចំណែក​ខ្លឹម​សារ​ទី​៣​ CAMSOC ​លើក​ទឹក​ចិត្ត ​និង​បង្ក​​ឱ្យ​មាន​ការ​ប្រ​កួត​កីឡា​ទូក​ក្តោង​កម្រិត​អាស៊ី​អាគ្នេយ៍ ​នៅ​ខេត្ត​ព្រះ​សីហនុ​ ចាប់​ពី​ថ្ងៃ ​១២​ ដល់ថ្ងៃទី ​១៧ ​ខែ​ធ្នូ ​ឆ្នាំ ​២០២១​ ដើម្បី​ពង្រឹង​សមត្ថភាព​ និង​តេស្ត​សមត្ថភាព​របស់​កីឡាករ​កម្ពុជា ​ដែល​មាន​ប្រទេស​ចំនួន ​៧ ​ហើយ នឹង​​ចូល​រួម​ប្រ​កួត ​ខណៈ​ព្រឹត្តិការណ៍នេះ ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រទេស​សិង្ហ​បុរី​។​

ចំណែក លោក​ ថោង​ ខុន ​​បាន​ថ្លែង​​ថា​៖ «​សកម្មភាព​របស់​គណៈ​អចិន្ត្រៃយ៍​ ​CAMSOC​សហការ​ជាមួយ​គណៈ​កម្មការ​ជំនាញ​ ដើម្បី​ធ្វើឱ្យ​ការងារ​រលូន ​តាម​ផែន​ការ​មេ ​ដែល​រាជ​រដ្ឋា​ភិបាល​អនុម័ត ​តាំង​ពី​ឆ្នាំ​២០១៦ ​មក​ម៉្លេះ ហើយ​​ទោះ​បី​ស្ថាន​ភាព​បញ្ហា​​កូវីដ​១៩ ​មក​រា​រាំង ​ជា​ឧបសគ្គ​ក៏​ដោយ​ គឺ​យើង​​នៅ​តែ​បន្តសកម្មភាព​បាន​ល្អ​ប្រសើរ»​។​

លោក​​បាន​បន្ថែម​ថា​៖ «​សកម្មភាព​របស់ CAMSOC ​នៅ​តែ​បន្ត​បាន​យ៉ាង​រលូន ​ហើយ​ចុង​ឆ្នាំ​២០២២​ អ្វីៗ​នឹង​រួច​ស្រេច​ជា​ស្ថាពរ ​ដោយ​រង់​ចាំ​តែ​គណៈ​កម្មការ​ស៊ីហ្គេម ​អញ្ជើញ​មក​បើក​ការ​ប្រ​កួត​តែ​ម្តង​។ ​សកម្មភាព​របស់​គណៈ​កម្មការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ និង ​ ​CAMSOC នេះ​ធ្វើ​ឱ្យ​​មាន​ការ​កោត​សរសើរ ​ពី​ក្រុម​ប្រឹក្សា​កីឡាអាស៊ី​អាគ្នេយ៍​ នៃ​សកម្មភាព​រៀប​ចំ​ត្រៀម​បាន​ល្អ ​ជា​ពិសេស​ថ្មីៗ​នេះ​ បាន​សម្រិត​សម្រាំង​នូវ​ពុហុកីឡាដ្ឋាន​ទំនើប​មរតក​តេជោ​ ដើម្បី​បម្រើ​​ការ​ប្រ​កួត​លំដាប់​អន្តរជាតិ​ ស៊ី​ហ្គេម​ខាង​មុខ​»៕​