ភ្នំពេញ៖ អគ្គ​លេខា​ធិ​ការ​រង​​​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ លោក ជា ពៅ ​បាន​ប្រាប់ថា ​ក្រុម​វាយកូនបាល់​របស់អ៊ីរ៉ង់ បាន​ក្លាយ​ជា​ឧបសគ្គ​​ធំ សម្រាប់កម្ពុជា ក្នុង​ការ​ប្រកួតវាយកូន​បាល់នៃ​ព្រឹត្តិការណ៍​ DAVS CUP ASIA /OCEANIA ZONE GROUP IV 2021 ​នៅ​ទីក្រុង​ ISA ​ប្រទេស​បារ៉ែន ដែល​នឹងចាប់​ផ្តើម​​ប្រកួត​ជម្រុះតាមពូល​ទាំង ៣ ​នៅ​ថ្ងៃចន្ទ​នេះ នឹង​គ្រោង​បញ្ចប់ នៅ​​ថ្ងៃ​ទី ២៩ ​ខែ​ តុលា ​ឆ្នាំ​ ២០២១​។​


សម្រាប់ការ​ប្រកួតនេះ ក្រុមជម្រើសជាតិ​វាយកូនបាល់​កម្ពុជា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​បារ៉ែន តាំង​ពី​ថ្ងៃទី ​១២ ​ខែ​ តុលា​​ ឆ្នាំ​ ២០២១ នោះ បាន​ឈរ​នៅ​ពូល​ C ជាមួយ​អឺរ៉ុង​ គីជីស្ថាន និង​ប្រទេស​យេម៉ែន ហើយនៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ៤ នេះ អ៊ីរ៉ង់មាន​កម្រិត​លេង​ខ្ពស់ជាង​គេ។


លោក​ ជា ​ពៅ​ ដែលជា​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិកម្ពុជាផង​នោះ បាន​បន្ថែម​​ថា​៖ «​កីឡាករ​កម្ពុជា​ មាន​សមត្ថភាព​ អាច​ប្រ​កួត​ប្រជែង​បាន ក្នុង​លក្ខណៈ​​ប្រហាក់​ប្រហែល​គ្នា ​ជា​មួយ​ប្រទេស​​គីជីស្ថាន​ និង​ប្រទេស​យេម៉ែន​ ​ប៉ុន្តែ​​កម្ពុជា​យើង នៅ​​មាន​បច្ចេកទេស​ ​ក្រោម​​ប្រទេស​អ៊ីរ៉ង់ ​នៅ​ឡើយ​ទេ»​។​


គួរបញ្ជាក់ កម្ពុជាបាន​បញ្ជូន​​កីឡាករ​ជម្រើសជាតិ​ចំនួន ៣ នាក់ ទៅ​ចូល​រួម​ការ​ប្រកួត​ DAVS CUP ASIA /OCEANIA ZONE GROUP IV 2021 នេះ ក្រោមដឹកនាំ​របស់​​លោក ទេព រិទ្ធីវិទ្ធ និង​គ្រូ​បង្វឹក​បរទេស លោក Braen Aneiros ក្នុង​នោះ​មាន​​កីឡាករ ឡុង ​សំនៀង, ​​ប៊ុន ​កេន្នី និង ឃ្លាំង ពន្លក ហើយ​អ្នក​ទាំង​ ៣​ នេះ ត្រូវ​ប្រកួត​វិញ្ញាសា​វាយ​ទោល ១ នាក់ ទល់ ​១ ​នាក់ និង​ប្រកួត​វាយ​គូដូច​គ្នា៕