ក្រុមរ៉ូម​៖ ក្រុម Napoli បាន​ឡើង​ទៅ​ឈរ​ទី​កំពូល ​នៃ​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ Serie A ក្រោយ​ចប់​ការ​ប្រកួត កាល​ពីថ្ងៃ​អាទិត្យ ដោយ​សារ​បាន​យក​ឈ្នះ​ក្រុម Torino នៅ​ផ្ទះ​ខ្លួន​ឯង​ ជាមួយ​នឹងគ្រាប់​បាល់​តែ​ ១ គ្រាប់​គត់ ​របស់​ខ្សែប្រយុទ្ធ Victor Osimhen​ នៅ​ ៩ នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។


ក្រុម ​AC Milan បាន​ឆក់​យក​តំណែង​លេខ ១ ជាបណ្ដោះ​អាសន្ន ក្រោយ​ពី​អាច​វាយបក​ចំពោះ​ការ​នាំ​មុខ ២ គ្រាប់មុន​របស់​ក្រុម Hellas Verona ហើយ​យក​ឈ្នះ​ ៣-២ វិញ សម្រាប់​ការ​ប្រកួត ក្នុង​កីឡដ្ឋាន San Siro កាល​ពី​ថ្ងៃ​សៅរ៍​។


ប៉ុន្តែ​ក្រុម​ឥត​ខ្ចោះ Napoli បាន​រំកិលត្រឡប់​ទៅ​នៅ​ពី​លើ​ក្រុម​យក្ស​ក្រុង​មីឡាន​វិញ បន្ទាប់​ពីកីឡាករ Osimhen ដែល​រួម​ចំណែក ១ គ្រាប់ដែរ ក្នុង​ជ័យ​ជម្នះ ២-០ របស់​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា លើ​ក្រុម​សា.អាហ្វ្រិក​ក​ណ្ដាល សម្រាប់​ការ​ទាត់​វគ្គ​ជម្រុះ World Cup កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​តែ​ត​បញ្ចូល​ទីគ្រាប់​បាល់​ជ័យ​ជម្នះនៅ​នាទីទី​៨១​។​


ក្រុម​ម្ចាស់​ផ្ទះ Napoli គួរតែ​បាន​គ្រាប់​បាល់​នាំ​មុខ ​តាំង​ពី​វគ្គ​ទី១ ម្ល៉េះ តែ​ការ​ស៊ុត​ប៉េណាល់​ទី​របស់​កីឡាករ ​Lorenzo Insigne ត្រូវបាន​អ្នក​ចាំ​ទី​ចាប់​បាន ហើយនៅ​វគ្គ​ទី២ ​ការ​ស៊ុត​របស់​ខ្សែប្រយុទ្ធ Hirving Lozano បាន​ត្រឹម​តែ​​បុក​បង្គោលទី​ មុន​ពេល​មាន​គ្រាប់​បាល់​របស់​កីឡាករ ​​Osimhen នេះ​។


ក្រោយ​ពី​អាច​ស៊ុត​គ្រាប់​បាល់​ជ័យ​ជម្នះ​ឱ្យ​ក្រុម​ កីឡាករ Osimhen បាន​និយាយ​ថា​៖ «វា​ជា​គ្រាប់​បាល់​ដ៏​សំខាន់​បំផុត ក្នុង​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​រីក​រាយ​ណាស់។ បរិយាកាស​ នៅ​ឯ​កីឡដ្ឋាន ពិត​ជា​ពិសេស​អស្ចារ្យ​ណាស់​។ អ្នក​គាំទ្រ បាន​ជួយ​ជា​កម្លាំង​ចិត្ត​រុញ​ឱ្យ​ពួក​យើង​ឆ្ពោះ​ទៅ​មុខ ហើយ​ពួក​យើង ដណ្ដើម​ ៣ ពិន្ទុ​ បាន​សម្រេច​»​។


ក្រុម Napoli ឥឡូវ​នេះ មាន ២៤​ ពិន្ទុ ពោលគឺ​នាំ​មុខ​ក្រុម Milan ២ពិន្ទុ បន្ទាប់​ពី​តាម​ស្មើ​នឹង​កំណត់​ត្រា​យ៉ាង​ល្អ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ផ្ទាល់ ដែល​ធ្វើ​បាន​បែបបែប​​ហ្នឹង​ដែរ កាល​ពីរដូវកាល ២០១៧-២០១៨ ដោយ​ការ​ឈ្នះ​ទាំង​អស់ ​នៅរាល់​ការ​ប្រកួត ៨ ​ដង​ដំបូង​។

ក្រុម​ការ​ពារ​ជើង​ឯក Inter Milan ដែល​ពេល​នេះ នៅ​លេខ ៣ មាន​ ១៧ ​ពិន្ទុ បន្ទាប់​ពី​ភា្លត់​ចាញ់​ក្រុម Lazio ក្រៅ​ផ្ទះ ៣-១ កាល​ពី​ថ្ងៃ​សៅរ៍​។ ចំណែក​ក្រុម ​​​Juventus បន្ត​ដំណើរ​ឡើង​ចំណាត់​ថ្នាក់​​ជាលំដាប់ បន្ទាប់​ពី​ប្រសើរ​ឡើង ​ពី​ការ​ចាប់​ផ្ដើម​អាក្រក់ ខណៈ​ដែល​ ១ គ្រាប់​ពី​កីឡាករ Moise Kean នៅ​វគ្គ​ទី១ ជួយ​ឱ្យ​មាន​ជ័យ​ជម្នះ ១-០ លើ​ក្រុម Roma របស់​លោក​​​Jose Mourinho​។

«​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ឈ្នះ ១-០ នេះ ព្រោះ​វា​ជា​លទ្ធផល​ល្អ​ ជាពិសេស​នៅ​ពេល​ដែល​យើង​បន្ត​ការ​បិទ​មិន​ឱ្យ​មាន​ការ​ស៊ុត​បញ្ចូល​ទី​បាន​។ Roma ជាក្រុម​ល្អ​ខាង​ទិកនិច។ ពួក​គេ​មាន​កីឡាករ​ ដែល​ពេញ​ដោយ​គុណភាព​ជាច្រើន ហើយ​បង្ក​បញ្ហា​ឱ្យ​ពួក​យើង នៅ​ដើម​ដំបូង​។​ តែ​បន្ទាប់​មក យើង​ស៊ុត​បញ្ចូល​ទី​បាន និង​ធ្វើ​បាន​ល្អ​ឡើង​ៗ ខណៈ​ពេល​វេលា បាន​រំកិល​ទៅ​មុខ»​។ នេះ​ជាការ​លើក​ឡើង​របស់​គ្រូបង្វឹក​ក្រុម​ Juve លោក​ Massimiliano Allegri​៕ AFP/VN