ក្រុង​ញូ​វ​ខា​សលៈ ការចាប់ផ្ដើម​ថ្មី​របស់​ក្រុម Newcastle United ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុម​អ្នកវិនិយោគ​ជាមួយនឹង​ទ្រព្យ​មហាសាល ដែល​មកពី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បានចេញ​ដំណើរ​ជាមួយនឹង​ការ​ខក​​ចិត្ត ខណៈដែល​ក្រុម Tottenham Hotspur (Spurs) ធ្វើឱ្យ​អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ ក្នុង​កីឡដ្ឋាន St James'' Park ស្ងាត់​មាត់​ច្រៀប ដោយ​ការយក​ឈ្នះ ៣-២ កាលពី​ថ្ងៃ​សៅរ៍​។​


​ការបរាជ័យ​នេះ នាំឱ្យ​ក្រុម Newcastle នៅតែ​ស្ថិតក្នុង​រង្វង់​នៃ​ក្រុម ដែល​ត្រូវ​កាត់​ចេញពី Premier League ហើយ​ក្រោយ​ឆ្លងកាត់​ការប្រកួត ៨ ​សប្ដាហ៍ មិនទាន់​ដែល​ឈ្នះ​សូម្បី ១ ​លើក នា​រដូវ​កាល​ថ្មី​នេះ​។​


​ក្ដី​រំពឹង​អ្នក នៅ​តំបន់ Tyneside កំពុងមាន​កាន់តែ​ខ្ពស់​ឡើងៗ ក្រោយ​មានការ​គាំទ្រ​នូវ​ទឹកប្រាក់​ដ៏​ច្រើន​មហាសាល ពី​សំណាក់​អ្នកវិនិយោគ​របស់​ក្រុមហ៊ុន Public Investment Fund (PIF) ​ថា​ នឹង​អាច​មកជួយ​កែប្រែ​ជោគវាសនា​របស់​ក្រុម Newcastle នៅលើ​ទីលាន​បាន​ហើយ​ប្រធាន​ក្រុមហ៊ុន PIF លោក Yassir Al-Rumayyan ទទួលបាន​ការស្វាគមន៍​យ៉ាង​ពេញចិត្ត​ជាមួយនឹង​សំឡេង​ទះដៃ​ពី​អ្នក​​គាំទ្រ​ចំនួន ៥៥ ០០០​ នាក់ នៅពេល​គេ​ធ្វើការ​បង្ហាញខ្លួនមុនការប្រកួត​ចាប់ផ្ដើម​ដំណើរការ​។​


​បរិយាកាស​ដ៏​រីករាយ ចាប់ផ្ដើម​ដោយ​សម​ឥតខ្ចោះ សម្រាប់​ក្រុម​​ម្ចាស់ផ្ទះ នៅពេលដែល​ខែ​ប្រយុទ្ធ Callum Wilson តែ​ត​ទម្លុះ​សំណាញ់​ទី​ពី​ការលើក​បាល់​ចូល​តំបន់​គ្រោះថ្នាក់​របស់​ខ្សែការពារ Javier Manquillo​។​


​លោក Al-Rumayyan បាន​អបអរ​ចំពោះ​គ្រាប់​បាល់​នោះ ជាមួយនឹង​សម្រែក​ខ្លាំងៗ​ពី​កន្លែង​អង្គុយ​នៃ​កីឡដ្ឋាន ក្បែរៗ​សហ​​ម្ចាស់ អ្នកស្រី Amanda Staveley ដែលមាន​ភាគហ៊ុន​ ១០ ​ភាគ​រយ ក្នុង​ក្លិប និង​ដែលជា​អ្នក​មានមុខ ក្នុង​ការចរចា​ដេញថ្លៃ​ទិញ​ក្លិប អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ​។


​អ្នកស្រី Staveley បានចេញ​សម្ដី នៅ​សប្ដាហ៍​នេះ​ថា មហិច្ឆតា​របស់គាត់ គឺ​ការធ្វើឱ្យ​ក្រុម​សារិកា​​ព្រៃ កា្ល​យ​ជា​ជើងឯក​លី​គ​កំពូល​របស់​ប្រទេស​អង់គ្លេស នៅ ១០ ​ឆ្នាំ​ខាងមុខ​។

​ក្រុម Spurs ដែល​ពេលនេះ ឈរ​នៅ​លេខ ៥ បាន​នៅ​ឆ្ងាយ​ណាស់ ពី​ការចាប់ផ្ដើម​រដូវ​កាល​ថ្មី​ដ៏​ល្អ ក្រោម​ការដឹកនាំ​របស់អ្នកចាត់ការ​ថ្មី លោក Nuno Espirito Santo តែ​ការរួម​ចំណែក​របស់​ខ្សែប្រយុទ្ធ Harry Kane និង Son Heung-min បានបង្ហាញ​ឱ្យឃើញ​នូវ​គុណភាព​របស់​កីឡាករ ដែល​ក្រុម Newcastle សង្ឃឹមថា នឹងមាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

​ងាក​មក​ការប្រកួត​វិញ ខ្សែបម្រើ​ Tanguy Ndombele បាន​បំប៉ោង​សំណាញ់​ទី​ឱ្យ​ក្រុម Spurs តាម​ស្មើ​នៅ​នាទី​ទី១៧ ហើយ​បន្ទាប់មក កីឡាករ Kane នៅ​ទីបំផុត​បាន​បញ្ច​ប់ការរ​ង់​ចាំ​គ្រាប់​ដំបូង​របស់ខ្លួន នៅ Premier League នា​រដូវ​កាល​នេះ ជាមួយនឹង​ការ​ឆ្កឹះ​បាល់​រំលង​ដៃ​អ្នកចាំទី Karl Darlow របស់ Newcastle ដើម្បី​ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​នាំមុខ​វិញ​នៅ ៥ នាទី​បន្ទាប់មក​។​

«​ខ្ញុំ​ដឹងថា មានការ​ជជែក និង​សំឡេង​ខ្សឹបខ្សៀវ​ជាច្រើន​ជុំវិញខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​ដឹងថា នោះ​តែង​​តែ​ជា​ករណី​ជានិច្ច ដែល​អ្នក​ធ្លាប់​ស៊ុត​បញ្ចូល​ទី ហើយ​បាល់​អត់​រមៀល​មករក​អ្នក នៅពេល​ខ្លះ​។ ខ្ញុំ​តែងតែ​គាំទ្រ​ខ្លួនឯង​ជានិច្ច ក្នុងការ​រង់ចាំ​ឱកាស​នាពេល​ខាង​មុខ​»​។ នេះ​ជាស​ម្ដី Kane​។​

​ក្រោយមក​ហ្គេម ត្រូវ​ពន្យារពេល ២០ ​នាទី ដោយសារ​មានការ​ជួយសង្គ្រោះ​បន្ទាន់​ដល់​អ្នកគាំទ្រ​របស់​ក្រុម Newcastle ដែល​ដួលសន្លប់ ខណៈ​កីឡាករ Reguilon និង Eric Dier របស់​ក្រុម Spurs បាន​ប្រាប់​ពី​ការចង់​ឱ្យមាន​គ្រឿង​ជួយ​ធ្វើ​ចលនា​បេះដូង​ត្រៀម​ទុក ហើយ​កីឡា​ករទាំង​ ២ ​ក្រុម ត្រូវ​អាជ្ញាកណ្ដាល Andre Marriner នាំ​ចេញពី​ទីលាន​សិន​។​

​ក្រោយ​ហ្គេម​ចាប់ផ្ដើម​ឡើងវិញ កីឡាករ Son ស៊ុត​ឱ្យ​ក្រុម ​Spurs នាំមុខ ៣-១ មុនពេល​កីឡាករ Dier ធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង នៅ​នាទី​ទី​៨៩ នាំឱ្យ​ម្ចាស់ផ្ទះចាញ់ ៣-២៕ AFP/VN