ក្រុង​ឡុងដ៍៖ លោក Patrick Vieira ប៊ិះ​នឹង​ទទួល​បាន​ភាព​​រីក​រាយ​ សម្រាប់​ការ​​វិល​មក​កាន់​ទីលាន​របស់​អតីត​ក្រុមខ្លួន គឺ Arsenal តែ​គ្រាប់​បាល់​នៅ​នាទីទី៩០+៥ ដែល​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ Alexandre Lacazette បាន​ជួយ​ឱ្យ​ក្រុម​កាំភ្លើង​ធំ តាម​ស្មើ ២-២ ជាមួយ​ក្រុម​​Crystal Palace អំឡុង​ការ​ប្រកួត​ នៅ​ក្របខ័ណ្ឌ Premier League កាល​ពីថ្ងៃចន្ទ​។


ការ​ស៊ុត​បាន​សម្រេច​ នៅនាទីទី៨ ពី​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាន​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ ​Arsenal ចាប់ផ្ដើម​ហ្គេម​យ៉ាង​ឥត​ខ្ចោះ តែ​ការ​លេង​​អត់​ចាញ់​ ៥ លើក ដែលបាន​ និង​កំពុង​​ជួយ​ឱ្យ​បរិយាកាស​ជុំវិញ​កីឡដ្ឋាន Emirates ពេញ​ដោយ​ភាព​ស្រស់​ស្រាយ​​នោះ ទំនង​ជា​ត្រូវ​បាន​បង្អាក់ ដោយ​សារ​តែ​គ្រាប់​បាល់​របស់​ខែ្សប្រយុទ្ធ Christian Benteke នៅ Odsonne Edouard នៅ​វគ្គ​ទី២ បាន​នាំ​ឱ្យ​ក្រុម Crystal នាំមុខ​វិញ​ម្ដង​។​​


តែ​យ៉ាង​ណា​ ជារឿង​គួរ​ឱ្យ​ស្ដាយ​សម្រាប់​លោក Vieira ដែល​កូន​ក្រុម​របស់​លោក មិន​អាច​ទប់​ឱ្យ​ជាប់​សម្រាប់​គ្រាប់​បាល់​នាំមុខ​នេះ ដោយ​នៅ​សល់​តែ​ប៉ុន្មាន​វិនាទី​ទៀត​ប៉ុណ្ណោះ បាន​បណ្ដោយ​ឱ្យ​កីឡាករ​សញ្ជាតិបារាំង Lacazette មាន​ឱកាសផ្ដួល​ខ្លួន​កាប់​បាល់​បញ្ចូល​ទី​បានសម្រេច​​។


«​វា​កៀក​​ណាស់​ តែយើង​បាន​ និង​កំពុង​និយាយ​ថា​ វា​ញឹកញាប់​បន្តិច​​ហើយ​។ ខ្ញុំ​ពិត​ជាមាន​ការ​ខក​ចិត្ត ព្រោះ​តាម​វិធី ដែល​ក្រុម​លេង​តប​ត​វិញ ក្នុង​វគ្គទី ២ ​សម​នឹង​ទទួល​បាន​ជ័យ​ជម្នះ​ណាស់ ក្នុង​ហ្គេម​នេះ»​។ នេះ​ជា​ការ​លើក​ឡើង​ពី​គ្រូបង្វឹក​របស់​ក្រុម Crystal លោក Vieira ដែល​ក្រុម​របស់​លោក​ បាន​ស្មើ​ដល់​ទៅ ៥​ដង ក្នុង​ចំណោម ៨ហ្គេម​លីគ នា​រដូវកាល​នេះ និង​ឈរ​នៅ​លេខ ១៤ ជាមួយ​នឹង ៨ ពិន្ទុ​។


ការ​បែង​ចែក​ពិន្ទុ​នេះ បាន​ជួយ​ឱ្យ​​​ក្រុម Arsenal រំកិលឡើង​ដល់លំដាប់​ទី ១២ ក្នុង​តារាង​ពិន្ទុ​លីគ​កំពូល​អង់គ្លេស តែ​ទម្រង់​លេងនេះ មាន​ផល​តិច​តួច​ណាស់​ ដើម្បី​បង្ហាញ​ថា ពួក​គេ​នឹង​បង្កើត​ជាឧបសគ្គ​ដល់​ក្រុម​គូ​បដិបក្ខ ក្នុង​ការ​ប្រជែង​យក​​តំណែង សម្រាប់​ទៅ​លេង​នៅ​ក្រប​ខ័ណ្ឌ Champions League នៅ​បញ្ចប់​រដូវកាល​នោះ​។


តែ​យ៉ាង​ណា​ក្ដី ការ​ដណ្ដើម​បាន​ ១០ ពិន្ទុ ពីការ​ប្រកួត ដែល​គួរ​ណាស់​តែ​បាន ១២​ ពិន្ទុ​ ធ្វើ​ឱ្យ​វិបត្តិ​ នាដើម​រដូវកាលស្រាល​បានខ្លះ​ សម្រាប់​ក្លិប Arsenal បន្ទាប់​ពី​មាន​នូវការ​​ចាប់​ផ្ដើម​ដ៏​អាក្រក់​បំផុត ជាលើក​ដំបូង ក្នុង​រយៈ​ពេល ៦៧​ឆ្នាំ។​

«​បន្ទាប់​ពីរក​គ្រាប់​បាល់បាន យើង​មិន​បានគ្រប់​គ្រង​ហ្គេម​ឱ្យ​ល្អ​គ្រប់​គ្រាន់​នោះ​ឡើយ​។ យើង​មិន​មាន​ភាព​នឹង​នរ ឬក៏​ការ​គ្រប់​គ្រង​។ រឿង​ល្អ​បំផុត​នោះ គឺថា ពួក​យើង​បន្ត​ប្រយុទ្ធ​។ ពួក​គេ​រក្សា​ការ​​ជឿ​ជាក់​ រហូត​ដល់​វិនាទី​ចុង​ក្រោយ​។ នោះ​គឺ​ថា តើ​ពួក​យើង​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បី​ដណ្ដើមពិន្ទុ​ឱ្យ​បាន​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការ​ក្រុម ​Arsenal លោក Mikel Arteta​។

លោក ​Vieira ដែល​ធ្លាប់​ឈ្នះ​ពាន Premier League ៣ ដង​ កាល​នៅ​ជា​ប្រធាន​ក្រុម​​Arsenal កំពុង​ត្រូវ​បាន​ក្លិប​ចាស់​របស់​ខ្លួន​មើល​រំលង សម្រាប់​តំណែង​ជាគ្រូបង្វឹក តែ​បុរស​សញ្ជាតិ​បារាំង រូបនេះ បាន​រង​បរាជ័យ​​តែ ២ ដង​ប៉ុណ្ណោះ ពី​ការ​ដឹក​នាំក្រុម Crystal​ ៨ ​ប្រកួត​បើក​ឆាក នៅ​លីគ ដោយ​ចាញ់​ក្រុម​ Chelsea និង Liverpool នៅ​ក្រៅ​ផ្ទះ​៕ AFP/VN