ភ្នំពេញៈ ខ្សែប្រយុទ្ធ​ ថា ​គ្រី​យ៉ា និង វិច្ឆិការ ពៅ សុទ្ធតែ​រកបាន​គ្រាប់​បាល់​ច្រើន លើសពី​ ៣ ​គ្រាប់ ក្នុងពេល​ពួកគេ បាន​ជួយ​ឱ្យ​ក្រុម​ខេត្តបាត់ដំបង និង​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី ឆ្លង​ផុត​វគ្គ​ជម្រុះ​ ៨​ ក្រុម​ចុងក្រោយ នៃ​ការប្រកួត​ថ្នាក់​ខេត្ត​ពានរង្វាន់​សម្តេច​ ហ៊ុន សែន លើក​ទី​១៥ ប្រចាំឆ្នាំ ​២០២១​។ ចំណែក​ក្រុម​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តបន្ទាយមានជ័យ ក៏​ទទួលបាន​ឱកាស ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដូចគ្នា​។​


​តាមរយៈ​ការប្រកួត​ជម្រុះ​ ៨ ​ក្រុម​ចុងក្រោយ នៅលើ​ទីលាន​ខុសៗ​គ្នា កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ កន្លងមកនេះ ក្រុម​ខេត្តបាត់ដំបង ធ្វើបាន​យ៉ាង​ល្អ​បំផុត ដើម្បី​ទម្លាក់​ក្រុម​ខេត្តកណ្ដាល ជាមួយ​ការយក​ឈ្នះ​រហូតដល់ ៧-១ នៅ​កីឡដ្ឋាន 7NG ហើយ​កីឡាករ​ពាក់​លេខ​ ៣៣ ថា គ្រី​យ៉ា អាច​រកបាន​ដល់ ​៤ ​គ្រាប់​តែម្នាក់ឯង ហើយ​បន្ថែម​ដោយ វុ​ធ ដេវីត ចំនួន​ ២ ​គ្រាប់ និង ហា​លីម រ៉​គីម ចំនួន​ ១ ​គ្រាប់ ខណៈ​ ១ ​គ្រាប់​របស់ខេត្តកណ្តាល រកបាន​ដោយ ធឿន ដា​វីត​។​


​ចំណែក​ខ្សែប្រយុទ្ធ វិច្ឆិការ ពៅ របស់​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី ក៏​អាច​រកបាន ​៤ ​គ្រាប់​តែម្នាក់ឯងផងដែរ ដើម្បី​ជួយ​ឱ្យ​ក្រុម​មកពី​ដែនសមុទ្រ​មួយ​នេះ លត់​ក្រុម​ខេត្តកំពង់ឆ្នាំង ៩-១ នៅ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ចំណែក​ ៥ ​គ្រាប់​ទៀត រកបាន​ដោយ សាន បូរ៉ា ចំនួន​ ២ ​គ្រាប់ និង ប៉ែន បញ្ញា​វុ​ឌ្ឍ​, វិសាល ជៀន និង សើ រ៉ូ​ហ្ស ម្នាក់ ​១ ​គ្រាប់ ហើយ​ ១ ​គ្រាប់​របស់​ខេត្តកំពង់ឆ្នាំង រកបាន​ដោយ​កីឡាករ យូ ទេះ​។​



​ជាមួយគ្នា​នោះ កីឡាករ មីន សែត​សេន និង កើ ហ្វី​ន បានរួម​គ្នា​ជួយ​ឱ្យ​ក្រុម​ខេត្ត​ត្បូងឃ្មុំ យកឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ២-០ តាមរយៈ​ការរកបាន​ម្នាក់​ ១ ​គ្រាប់ ​របស់​ពួកគេនៅនាទី​ទី​៣១ និង​ទី​៥៦ សម្រាប់ការប្រកួត​នៅ​កីឡដ្ឋាន AEU Sport Park​។ រីឯ ឈឿន គីម​ហ៊ុន បានក្លាយ​ជា​វីរ​បុស ដែល​បាន​ជួយ​ឱ្យ​ក្រុម​ខេត្ត​បន្ទាយមានជ័យ យកឈ្នះ​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ី ក្នុង​លទ្ធផល ១-០ តាមរយៈ​ការរកបាន​ត្រឹម​ ១ ​គ្រាប់ ដ៏​មានន័យ​របស់គេនៅ​នាទី​ទី​៧៤​។


​តាមរយៈ​លទ្ធផល​នៃ​ការ​​ប្រកួត​នេះ បាន​ជួយ​ឱ្យ​ក្រុម​ទាំង ​៤ ឡើងទៅ​ជួបគ្នា នៅ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ក្នុងនោះ ក្រុម​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ជួបជាមួយ​ក្រុម​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ពុធ ទី​២០ ហើយ​ក្រុម​ខេត្តបន្ទាយមានជ័យ ត្រូវ​ប្រឈម​ជាមួយ ក្រុម​កោះកុង​អេ​ហ្វ​ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​២១ ខែតុលា ខាងមុខនេះ​៕