ក្រុង​វែរសីយ៍៖ ខ្សែប្រយុទ្ធ Karim Benzema របស់​ក្រុម Real Madrid ត្រូវ​ឡើង​ជំនុំជម្រះ​ក្ដី​ ក្នុង​ប្រទេស​បារាំង នៅ​ថ្ងៃ​ពុធ​នេះ ពី​បទ​​ចោទ​ប្រកាន់មាន​រួម​គំនិត​ ក្នុង​ការ​ប៉ុន​ប៉ង​គំរាម​ទារប្រាក់ ពី​អតី​ត​មិត្ត​​រួម​ក្រុម​ជម្រើស​ជាតិ​ Mathieu Valbuena ពាក់​ព័ន្ធ​នឹង​​ករណី ដែល​ត្រូវ​បានគេ​​ដឹង​ថា​ ជា​រឿង​អាស្រូវ​វីដេអូ​សិច​​។


កីឡាករ Benzema វ័យ ៣៣ ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ជួយ​ក្រុម​ជន​ខិល​ខូចទាក់​ទង​ទៅ​កីឡាករ ​Valbuena ដែល​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្រុម Olympiacos របស់​ប្រទេស​ក្រិក​ ក្នុង​គោល​បំណង​គំរាម​ទារ​ប្រាក់​។ បុរស ៤ នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ទទួល​ការ​កាត់​ក្ដី​ផង​ដែរ​។


ករណី​រឿង​អាស្រូវ​នោះ ​ធ្វើ​ឱ្យ​កីឡាករទាំង ២ Benzema និង Valbuena វ័យ ៣៧​ ឆ្នាំ​ បាត់​បង់​តំណែង​របស់​ខ្លួន ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង តែពី​​​ស៊ុបភើ​ស្តារ​របស់​ក្រុម Real បាន​ស្ដារ​ឡើង​វិញ​នូវ​ជំនឿ​ចិត្ត​របស់​គ្រូបង្វឹក ដោយ​ការ​បញ្ចូល​ឈ្មោះ​រូប​គេ ទៅ​ក្នុង​ក្រុម​ សម្រាប់​ការ​ប្រកួត​ប្រជែង​ជើង​ឯក​អឺរ៉ុប នា​ឆ្នាំ​នេះ​។


សំណុំ​រឿង​នេះ ផ្ដោត​លើ​តួនាទី​ ដែល​កីឡាករ Benzema ត្រូវ​បាន​សង្ស័យ​ពី​ការ​ដើរ​តួ​ក្នុង​រឿង​អាស្រូវ​ដ៏​អាប់​អួ កាល​ពី​ ៦ ឆ្នាំ​ កន្លង​ទៅ​នោះ​ ដែល​បានចាប់​ផ្ដើម ពេល​កីឡាករ Valbuena ឱ្យ​ស្មាតហ្វូន​របស់​ខ្លួន ទៅ​ឈ្មោះ Axel Angot ជាបុរស​ម្នាក់ ដែល​មាន​ទំនាក់​ទំនង​នឹងក្រុមភ្នាល់​បាល់​ទាត់ នៅ​ផែភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ម៉ាកសីយ៍​ ដោយ​មាន​បំណង​ចង់ឱ្យ​ជួយ​ផ្ទេរ​កម្មវិធី​ ទៅ​ទូរស័ព្ទថ្មី​។


លោក Angot ដែល​ឥឡូវ​នេះ ត្រូវ​បាន​តុលាការ​ធ្វើ​ការ​កាត់​ក្ដី​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត បាន​ប្រទះ​ឃើញ​រីដូអូ​ខុស​ច្បាប់​ខាង​ផ្លូវ​ភេទ​នោះ​ ក្នុង​ទូរស័ព្ទ​ ដែល​មាន​ពាក់​ព័ន្ធ​នឹង​កីឡាករ Valbuena​។ រដ្ឋអាជ្ញា បាន​ឱ្យ​ដឹង​ថា បន្ទាប់​មក​ គាត់ (Angot) បាន​រិះ​រក​វិធី រួម​ជាមួយ​មិត្ត​ម្នាក់​​ឈ្មោះ Mustapha Zouaoui ដើម្បី​ទាក់​ទង​ទៅ​កីឡាករ ​Valbuena ហើយ​គំរាម​នឹង​ចែក​រំលែក​វីដេអូ​នេះសាធារណៈ ប្រសិន​បើ​មិន​ឱ្យ​ប្រាក់​ពួក​គេ​ទេ​។


កីឡាករ ​Valbuena ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​លើក​ច្រើន​សា កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០១៥ ដែល​គំរាមបញ្ចេញ​វីដេអូ​នោះ ហើយ​គេ​បាន​រាយ​ការណ៍​ពី​ករណី​នេះ ទៅ​ប៉ូលិស​។

ថ្ងៃ​ទី ៦ ខែ ​តុលា ឆ្នាំ​ ២០១៥ កីឡាករ ​Benzema បាន​ទៅ​ជួប​កីឡាករ Valbuena ដល់​បន្ទប់ នៅ​ឯ​កន្លែង​ហ្វឹក​ហាត់​របស់​ក្រុម​ជម្រើស​ជាតិ ហើយ​ប្រាប់​ថា គេអាច​ណែ​នាំ​មិត្ត​រួម​ក្រុម​ (Valbuena) ឱ្យ​ស្គាល់​មនុស្ស​ម្នាក់ ដែល​​អាច​ទុក​ចិត្ត​បាន​ ដើម្បី​​ជួយ​ចាត់​ការ​ដោះ​ស្រាយសម្រប​សម្រួល​ ចំពោះ​ការ​បញ្ចេញ​ជា​សាធារណៈ​នៃ​វី​ដេអូនោះ។

អ្វីដែល​កីឡាករ Benzema បាន​អះអាងក្រោយ​មក​​ថា មាន​បំណង​ចង់​ជួយ​មិត្ត​រួម​ក្រុម​ឱ្យ​រួច​ផុត​ពី​ស្ថាន​ការណ៍​ដ៏​លំបាក​ ដោយ​គេ​បាន​ប្រាប់ Valbuena ថា​៖ «ប្រយ័ត្ន​ណា Math (Valbuena) មាន​ពួក​ឧក្រិដ្ឋ​ជន​ច្រើន​ណាស់​»​។

កីឡាករ Benzema បន្ទាប់​មក​បានទូរស័ព្ទ​ទៅ​មិត្ត​កាលនៅ​វ័យ​កុមារ​​ឈ្មោះ Karim Zenati ដែលក្រោយ​មក​ដើរ​តួរ​ជា​អន្តរការី សម្រាប់​ក្រុម​អ្នក​គំរាម​ទារ​ប្រាក់ ហើយ​បាន​និយាយ​ប្រាប់​មិត្ត​រូប​នោះ ក្នុង​​ការ​ជជែក​គ្នា ដែល​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ ​ដោយ​ប៉ូលិស​។

«​ប្រសិន​បើ​គាត់ ​មិន​ចង់ឱ្យ​ពួក​យើង​ជួយ​ដោះ​ស្រាយ​រឿង​នេះ​ទេ អ៊ីចឹង​ គេ​ត្រូវ​តែ​ដោះ​ស្រាយ​ជាមួយ​ត្រី​កំពត​ហើយ​»​។ នេះ​ជាកាជជែក​គ្នារវាង​កីឡាករ Benzema និងមិត្ត ​Zenati ដែល​អះ​អាងថា គ្រប់​យ៉ាង​ គឺគ្រាន់​តែ​ចង់​ក្រើន​រំលឹកដល់​កីឡាករ Valbuena ពាក់​ព័ន្ធ​នឹង​វីដេអូនោះ​ប៉ុណ្ណោះ​។

សម្រាប់​​ការ​កាត់​ក្ដី​ពាក់​ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​គំរាម​ទារ​ប្រាក់​នេះ ទោស​ធ្ងន់​បំផុត គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ ៥ ឆ្នាំ និង​ពិន័យ​ជាប្រាក់ ៧០ ០០០ អឺរ៉ូ ($៨១ ០០០)៕ AFP/VN