ក្រុងមេនឆេស្ទ័រ៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer អត់មានពាក្យកែខ្លួនអ្វីទាំងអស់ សម្រាប់ការប្រឹងប្រែងរបស់គាត់ ក្នុងការធ្វើយ៉ាងណាបញ្ចប់ភាពខ្សត់ពានរង្វាន់អស់រយៈពេល ៤ ឆ្នាំ របស់ក្លិប ក្នុងខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo នៅលើទំព័រមុខរបស់សារព័ត៌មាន ក្នុងនាមជាតារាលេចធ្លោនៃទីផ្សារដោះដូរកីឡាករ។
តែបុរសសញ្ជាតិន័រវែស លោក Solskjaer មិនអាចបំពេញតាមក្ដីរំពឹងនានាបាននោះឡើយ ហើយការបរាជ័យ ៤-២ នៅផ្ទះរបស់ក្រុម Leicester បានធ្វើឱ្យក្រុម United មានគម្លាត ៥ ពិន្ទុ ក្នុងការប្រជែងពានក្របខ័ណ្ឌ Premier League ខណៈដែលនៅឯកម្មវិធីលីគខាប់ បានធ្លាក់រួចរាល់ហើយ។
ការតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះលោក Solskjaer កំពុងតែមានការកើនឡើង នៅមុនការមកសួរសុខទុក្ខពីសំណាក់ក្រុម Atalanta របស់ប្រទេសអ៊ីតាលី ក្នុងជំនួបនៅក្របខ័ណ្ឌ Champions League នាយប់ថ្ងៃពុធ ដោយការធ្វើដំណើរទៅវគ្គ ១៦ ក្រុមចុងក្រោយ នៃការប្រកួតប្រជែងដ៏ធំរបស់អឺរ៉ុបនេះ មិនទាន់មានភាពប្រកដប្រជានោះឡើយ។
ការស៊ុតបញ្ចូលទី នៅវិនាទីចុងក្រោយរបស់កីឡាករ Ronaldo ដើម្បីបានឈ្នះទាំងប្រផិតប្រផើយលើក្រុម Villarreal កាលពី ៣ សប្ដាហ៍កន្លងទៅ គឺជាអ្វីដែលក្រុម United ត្រូវការយ៉ាងខ្លាំង ដោយសារចាញ់ការប្រកួតបើកឆាក ក្នុងពូល F នៅផ្ទះរបស់ក្រុមស្វីស Young Boys ។
លោក Solskjaer ធ្លាប់បានធ្លាក់ចេញត្រឹមវគ្គសន្សំពិន្ទុតាមពូល (Group Stage) នេះរួចហើយ ក្នុង CV (ប្រវត្តិរូបសង្ខេប) របស់គាត់។ កាលពីរដូវកាលមុន ក្រុមបិសាចក្រហម បានធ្វើឱ្យការចាប់ផ្ដើមដ៏ឥតខ្ចោះរបស់ខ្លួនទៅជាឥតន័យ បន្ទាប់ពីធ្លាក់ចេញពីការប្រកួតប្រជែងនេះ ក្រោយទៅមិនអាចជាមួយក្រុម Paris Saint-Germain និង RB Leipzig។
ការមិនអាចឡើងឱ្យផុតពីវគ្គ Group Stage ម្ដងទៀត អាចជាផលមិនល្អចុងក្រោយ ចំពោះការមានទំនុកចិត្តពីសំណាក់អ្នកគាំទ្រលើ លោក Solskjaer ដែលមានកេរ្តិ៍ឈ្មោះល្បី ដោយសារស៊ុតគ្រាប់បាល់ ក្នុងម៉ោងបន្ថែមបង្គ្រប់ ជួយឱ្យក្រុម United លើកពាន Champions League ពេលប៉ះក្រុម Bayern Munich ក្នុងឆ្នាំ១៩៩៩។
ក្រុម United បានចំណាយប្រាក់ ៧៣ លានផោន ($១០០,៧លាន) ដើម្បីនាំយក Jadon Sancho ពីក្រុម Borussia Dortmund ក្នុងខែកក្កដា ហើយតាមមកដោយការចុះហត្ថលេខាយកកីឡាករជយលាភីពាន Champions League ៤ សម័យកាល គឺខ្សែការពារ Raphael Varane របស់ក្រុមអធិរាជស Real Madrid។
តែការវិលត្រឡប់របស់កីឡាករ Ronaldo បានមកបាំងជិតកុងត្រាដ៏ធំរបស់របស់ Sancho ដែលពេលនេះហាក់រងនូវផលប៉ះពាល់ពីការធ្លាក់ទម្រង់របស់ក្រុមជាងកីឡាករណាទាំងអស់។ Sancho ជាអ្នករកគ្រាប់បាល់ និងបង្កើតឱកាសដ៏មានប្រសិទ្ធភាព សម្រាប់រយៈពេល ៤ ឆ្នាំ ក្នុងទឹកដីអាល្លឺម៉ង់ ដែលនៅទីនោះ រូបគេបានក្លាយជាមា្នក់ ក្នុងចំណោមកីឡាករមានទេពកោសល្យខាងប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតរបស់អឺរ៉ុប។
តែការធ្វើដំណើរមកប្រកបអាជីពជាមួយក្រុម នៅប្រទេសកំណើតរបស់ខ្លួននេះ កីឡាករវ័យ ២១ ឆ្នាំរូបនេះ នៅមិនទាន់បានបង្ហាញឱ្យឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួននៅឡើយទេ សម្រាប់ការចូលលេងចំនួន ១០ ហ្គេម ឱ្យក្រុម United កុំថា សូម្បីរកគ្រាប់បាល់ដោយខ្លួនឯង ឬក៏រួមចំណែកបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៕ AFP/VN