ក្រុង​មែលប៊ន៖ អត្តពលិក​វាយ​កូន​បាល់ (តិន្នីស) អាជីព ដែល​មិន​បានចាក់​វ៉ាក់​សាំង ប្រហែល​ជាមិន​អាច​ទទួល​បាន​វីសា (ទិដ្ឋាការ) ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​ដណ្ដើម​ពាន​ Grand Slam ក្នុង​កម្មវិធី Australian Open 2022 នោះ​​ឡើយ​។ នេះ​បើតាម​ការ​ព្រមាន​ពី​មន្ត្រី​នៅ​មូល​ដ្ឋាន​ម្នាក់នា​​ថ្ងៃ​អង្គារ ដែល​នាំ​ឱ្យ​កីឡាករ​ត្រូវ​ការ​ពារ​ជើង​ឯក ​​Novak Djokovic កាន់​តែ​មិន​មាន​ភាព​ច្បាស់​លាស់​អំពី​ការ​ចូល​រួម​របស់​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ នាពេល​ខាង​មុខ​នេះ​។


ប្រមុខ​រដ្ឋ​វិចតូរៀ (Victoria) លោក Dan Andrews បាន​ថ្លែង​ថា លោក​រំពឹង​ថា នឹង​មិន​​មាន​​ការ​លើក​លែង​នូវ​​ច្បាប់​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ ១៩ របស់​ប្រទេស​អូស្ត្រាលីនោះ​ឡើយ ចំពោះ​កីឡាករ​ កីឡាការិនី ដែល​មក​ចូល​រួម​ប្រកួត​ប្រជែង​ ក្នុង​ព្រឹត្តិការណ៍ដណ្ដើម​ពាន Grand Slam ក្នុង​ខែ​មករា​ខាង​មុខ​នេះ​។


លោក Andrews បាន​ថ្លែង​ថា​៖ «ខ្ញុំ​មិន​គិត​ថា អត្តពលិក​វាយកូនបាល់​ ដែល​មិន​ចាក់​វ៉ាក់​សាំង​ណា​ម្នាក់ នឹង​ទទួល​បាន​វីសា ចូល​មក​ក្នុង​ប្រទេស​នេះ​។ វីរុសមិន​ខ្វល់​ថា តើ​ចំណាត់​ថ្នាក់​ក្នុង​វិស័យ​កីឡាតិន្នីស​របស់​អ្នក​ទីប៉ុន្មាន​នោះ​ទេ ឬក៏​ពាន​រង្វាន់​លំដាប់ Grand Slam ដែល​អ្នក​បាន​ឈ្នះ​ចំនួន​ប៉ុន្មាន​នោះ​ឡើយ​»​។​


«​ហើយ​ប្រសិន​បើ​ពួក​គេ ​ទទួល​បាន​វីសា ក៏​ពួក​គ នឹង​ប្រហែល​ជាត្រូវ​ធ្វើ​ចត្តាឡីស័ក ជា​ច្រើន​សប្ដាហ៍​ដែរ​ ខណៈ​ដែលអត្ត​ពលិក​ដទៃ មិន​ចាំ​បាច់​ធ្វើ​បែប​ហ្នឹង ដោយសារ​គេ​បាន​ចាក់​វ៉ាក់​សាំង​រួចរាល់​ហើយ​»​។ នេះ​ជាការ​បន្ថែម​របស់​លោក Andrews​។


ការ​លើក​ឡើង​របស់​លោក Andrew កើត​មាន​ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ស៊ែប៊ី Djokovic បាន​ប្រាប់​បណ្ដាញសារព័ត៌មាន នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ថា រូបគេ​មិន​ប្រាកដ​ទេ​ថា តើ​ត្រៀម​ខ្លួន​ទៅ​ចូល​រួម​ប្រកួត​ប្រជែង ក្នុង​កម្មវិធី Australian Open ឬអត់​?


«​ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​នឹង​ទៅ​ប្រទេស​អូស្រ្តាលី ឬអត់​? ខ្ញុំ​មិន​ដឹង​ថា នឹងមាន​អ្វី​កើត​ឡើង​នោះ​ឡើយ​។ ស្ថាន​ការណ៍​ពេល​នេះ មិន​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ​»។ នេះ​ជាសម្ដី​របស់​កីឡាករ​Djokovic ដែល​បាន​ប្រាប់​ទៅ​កាសែត​ Blic​ នៅ​ប្រទេស​ស៊ែប៊ី ក្នុង​កិច្ចសម្ភាសន៍​មួយ​ នាថ្ងៃ​អង្គារ​។

កីឡាករ​លំដាប់​លេខ ១ ពិភពលោក Djokovic បាន​សម្ដែង​ការ​ជំទាស់​ជា​សាធារណៈ ចំពោះ​ការ​ចាក់​វ៉ាក់សាំង ហើយ​បដិសេធ ក្នុង​ការ​និយាយ​ថា តើ​រូប​គេការ​ពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​យ៉ាង​ដូច​ម្ដេច​?​

កីឡាករ Djokovic ដែល​ឈ្នះ​ពាន​នៅ​ក្រុង​មែលប៊ន​ចំនួន ៩ លើក បាន​និយាយ​ដែរ​ថា រូប​គេ​បាន​គ្រោង​ត្រឡប់​ទៅ​រក​ការ​ប្រកួត​ប្រជែង​​វិញ នៅ​ឯ​កម្មវិធី Paris Masters ដែល​ដំណើរ​ការ​ពី​ថ្ងៃ​ទី ១ ដល់​ទី ៧ ខែ​វិច្ឆិកា និង​ចូល​រួម​ការ​ប្រកួត​កម្មវិធី​ Davis Cup សម្រាប់​ក្រុម​ជម្រើសជាតិ ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ៥ ខែ​ធ្នូ​៕ AFP/VN