ក្រុងម៉ាឌ្រីដ​៖ កីឡាករ Mohamed Salah នៅ​តែ​បន្ត​នូវ​ទម្រង់​លេង​ដ៏​ស្រួច​ស្រាល់​របស់​ខ្លួន​ឥត​ឈប់​ កាល​ពី​ថ្ងៃ​អង្គារ ដោយ​ការ​ស៊ុត​បញ្ចូល​ទី ២គ្រាប់ ក្នុង​ជ័យ​ជម្នះ​ ៣-២ លើ​ក្រុម​ Atletico Madrid ដែល​សល់​គ្នា​តែ ១០ នាក់ ខណៈដែល​​លទ្ធផលនេះ​ នាំ​​ឱ្យ​ក្រុម​ហង្សក្រហម Liverpool ឈរ​ទី១ ក្នុង​ពូល B សម្រាប់ការ​ប្រកួតនៅ​ក្របខ័ណ្ឌ Champions League​។


កីឡាករ Salah បាន​ជួយ​ឱ្យ​ក្រុម ​Liverpool នាំ​មុខ ជាមួយ​នឹង​គ្រាប់​បាល់​​ដ៏​គួរ​ស្ងើច​ ១ គ្រាប់​ផ្សេង​​ទៀត សម្រាប់​ការ​ប្រកួត នៅ​ឯ​កីឡដ្ឋាន Wanda Metropolitano ​ក្រោយ​​​បណ្ដើរ​បាល់ដោយ​ធ្វើ​ចលនា​ដូច​រាំ​រែកគេច​ពី​ខ្សែ​ការ​ពារ​ ៣ រូប​របស់​ក្រុម ​Atletico ហើយ​​បាញ់ (ស៊ុត​ពេញ​កម្លាំង) ពី​ជើង​ឆ្វេង​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ជោគ​ជ័យ​​ ៩ ​ហ្គេម​បន្ត​បន្ទាប់​គ្នា ដែល​ខ្សែ​ប្រយុទ្ធ​អន្តរជាតិអេហ្ស៊ីប​បាន​ទម្លុះ​សំណាញ់​ទី​។​

តែ​ការ​ប្រកួត​ដ៏​តាន​តឹង​ ក្នុង​ទី​ក្រុង​ម៉ាឌ្រីដ​​នេះ ស្ថានការណ៍ប្រែប្រួល​ស្មុគ​ស្មាញ​​​យ៉ាង​ច្រើន នៅ​តែ​កើត​មាន ដោយ​​ខ្សែ​បម្រើ Naby Keita ស៊ុត​បញ្ចូល​ទី​ ដើម្បី​បន្ថែម​ការ​នាំ​មុខ​ឱ្យ​ក្រុម​ភ្ញៀវ ហើយ​ខ្សែ​ប្រយុទ្ធ Antoine Griezmann ធ្វើ​បាន​សម្រេច​ម្នាក់ ២គ្រាប់ ជួយ​ឱ្យ​ក្រុម Atletico ​​តាម​ស្មើ​វិញ មុន​ចប់​វគ្គ​ទី១ ដែល​ធ្វើ​ឱ្យ​ក្រុម Liverpool ​ចាប់​ផ្ដើម​រាង​ដូច​ជា​បែក​ខ្ញែក​មួយ​ភ្លែត​ដែរ​។


តែ​កីឡាករ Griezmann ​ត្រូវ​បាន​បណ្ដេញ​ចេញ ​នៅ​នាទីទី​៥២ ដោយសារ​បាន​លើក​ជើង​ខ្ពស់​ដល់​ផ្ទៃ​មុខ​របស់​កីឡាករ ​Roberto Firmino ហើយ​ក្រុម ​Liverpool បាន​ផ្ដល់​ឱ្យ​ក្រុម Atletico ពី​លទ្ធផល​នៃ​ការ​ប្រជែង​យក​បាល់​មិន​ទំនង​​របស់​ខ្សែ​ការ​ពារ Mario Hermoso រហូត​​ធ្វើ​ឱ្យ​កីឡាករ Diogo Jota ដួល ក្នុង​តំបន់​គ្រោះ​ថ្នាក់ ខណៈ​ដែល​​កីឡាករ Salah ​ស៊ុតបាន​សម្រេច​​គ្រាប់​ទី ២ ក៏​ដូចជាគ្រាប់​ជ័យ​ជម្នះ​សម្រាប់​ក្រុម ពី​បាល់​ពិន័យ ១១ ម៉ែត្រ​នេះ​។​


«​ការ​បាន ៣ពិន្ទុ​មិន​ទំនង​​ គឺ​តែង​តែមាន​ភាព​សំខាន់​បំផុត​ជាញឹក​ញាប់ ហើយ​ពួក​គេ​មិន​ជាល្អ​ប៉ុន្មាន​ឡើយ នៅ​យប់​នេះ។ នោះ​មិន​មែន​ជាការ​លេង​បាល់​ទាត់​ដ៏​ល្អ​បំផុត​របស់​យើង​នោះ​ទេ តែ​វា​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​មួយ​​​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូបង្វឹក​ក្រុម Liverpool លោក Jurgen Klopp​។


កីឡាករ Salah ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​របស់ Liverpool នៅ Champions League ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣១ ​គ្រាប់ ពី​ការ​ចូល​លេង ៤៨ ​ហ្គេម ដែល​លើសកំណត់​ត្រា​ចាស់ ៣០គ្រាប់​របស់​អតីត​កីឡាករ ​Steven Gerrard​។

ទោះ​មានគ្នា​តែ ១០​នាក់​ក៏​ពិត​មែន ក៏​ក្រុម ​Atletico ហៀប​នឹង​តាម​ស្មើ​ នៅ​ចុង​ម៉ោង​ហើយ ខណៈ​ដែល​កីឡាករ Luis Suarez បាន​ដើរ​ចេញ​ពី​កៅអី​កីឡាករ​បម្រុង ដើម្បី​​ទៅ​ត្រៀម​ខ្លួន ទាត់​បាល់​ពិន័យ ១១ម៉ែត្រ ទល់​នឹង​ក្រុម​ចាស់​របស់​ខ្លួន ជាមួយ​នឹង​ការ​បាន​ប៉ះ​បាល់​ដំបូង ក្នុង​ប្រកួត​នេះ​។​​​

តែ​ផ្ទុយ​ទៅ​វិញ​ អាជ្ញាកណ្ដាល លោក Daniel Siebert បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ​ ក្តៅក្រហាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​គាត់​បាន​សម្រេច​លុប​ចោល​ការផ្ដល់​បាល់​ប៉េណាល់​ទី​នោះ​វិញ ក្រោយ​ពិនិត្យ​ VAR (វីដេអូជំនួយ​ការ​អាជ្ញា​កណ្ដាល​)​ រួច​រាល់​។

​ក្រុម Liverpool កំពុង​នាំ​មុខ​ដាច់ ៥​ ពិន្ទុ​ ក្រោយ​ឈ្នះ​​ទាំង ៣ ហ្គេម ហើយ​មើល​ទៅ​ការ​បាន​​ឆ្លង​ទៅ​វគ្គ​ចាញ់​ធ្លាក់ អាច​និយាយ​បាន​ថា សឹង​តែ​ច្បាស់​ណាស់​ហើយ ខណៈ​ដែល​ក្រុមលេខ ២ Atletico ដើម្បី​ឆ្លង​ឱ្យ​ផុតវគ្គ​សន្សំពិន្ទុ​តាម​ពូល​នេះ ត្រូវ​តស៊ូ​ប្រជែង​ជាមួយ​ក្រុម​​លេខ ៣ Porto​ ដែល​មាន ៤ ពិន្ទុ​ស្មើ​គ្នា ក្រោយ​​ឈ្នះ​ក្រុម​ AC Milan ១-០៕ AFP/VN