ភ្នំពេញ៖ ផ្លូវ​ដើរ​រួមគ្នា​​ដ៏​វែងឆ្ងាយ ដែល​បានជួប​ប្រទះ​គ្រប់​រសជាតិ ​របស់​លោក មាស ចាន់ណា ក្នុង​នាម​ជា​កីឡាករផង គ្រូ​ជំនួយ​ផង និងជា​គ្រូបង្គោល​ផង នៅ​ពេល​លោកបំពេញ​ភារកិច្ច​ នៅ​ក្នុង​ក្លិប​ណាហ្គាវើលដ៏ អស់​រយៈពេល ​២០ ​ឆ្នាំ ​កន្លង​មក​នេះ បាន​ឈាន​មក​ដល់​ផ្លូវ​បែកហើយ នៅពេល​ភាគី​ទាំង​២ បាន​ប្រកាស​រៀងៗ​ខ្លួន ពី​ការ​ចែក​ផ្លូវគ្នា នៅ​ចុង​ខែ​តុលា​នេះ។


ក្លិ​បណាហ្គាវើលដ៏ មិន​បាន​បន្ត​កុង​ត្រាឱ្យ​​លោក​គ្រូ មាស ចាន់ណា ទៀត​នោះ​ទេ បើ​ទោះបីជា​ បុរស​ម្នាក់នេះ ធ្លាប់បានសាងស្នាដៃ​យ៉ាង​ច្រើន ជូន​ដល់​ក្លិបមួយនេះ។ មិនតែ​ប៉ុណ្ណោះ ការ​ផ្តល់​ដំណឹង ពីការ​​មិន​បន្ត​កុង​ត្រា​ថ្មីនេះ ក៏​ត្រូវបាន​ធ្វើ​ឡើង មិន​ស្រប​ទៅនឹង​គោលការណ៍​ និង​ច្បាប់​បាល់​ទាត់ ទៅ​ទៀត ដែលបញ្ហានេះ បាន​ធ្វើ​ឱ្យ លោក មាស ចាន់ណា ប្រតិកម្ម​ខ្លាំងៗ​តប​ទៅ​នឹង​ទង្វើ​នេះ។


«បើ​មិន​បន្ត​កុងត្រា អស់​លោក​គួរ​តែ​ផ្តល់​ដំណឹង​ដល់​គេ​ យ៉ាង​ហោច​ណាស់ ១ ខែ​មុន​ផង មិន​មែន​អស់​លោក ​ផ្តល់​ដំណឹង​តែ​កន្លះ​ខែ​ទេ ​សូម​អស់​លោក​ស្គាល់​អំពី​ច្បាប់​បាល់​ទាត់​ផង ព្រោះ​​​អស់​លោក​សុទ្ធ​តែ​មក​ពី​ប្រទេស ​ដែល​រីក​ចំរើន​ផ្នែក​បាល់​ទាត់ ស្គាល់​អំពី​ច្បាប់​បាល់​ទាត់។ ខ្ញុំ​​មិន​​ដែល​អង្វរ ឬ​ក៏​ទ្រ​អស់​លោក ដើម្បី​បន្ត​កុងត្រា​នោះ​ទេ បើ​ខ្ញុំ​ដឹកនាំ​អន់ ​អស់​លោក ​ដក​ខ្ញុំ​ចេញ​តាំង​ពី​យូរ​មក​ហើយ ( តែ​កុំ​មក​បោក​ប្រាស់)»។


នេះជា​សារស័ព្ទ ដែល​លោក មាស ចាន់ណា បាន​បង្ហោះ នៅលើ​ហ្វេសប៊ុក​ កាលពី​​ថ្ងៃអាទិត្យ ដើម្បីបង្ហាញពី​ការ​មិនពេញ​ចិត្ត ទៅនឹង​បុគ្គល​២​រូប​ នៅ​ក្នុង​ក្លិប​ណាហ្គាវើលដ៍ ដែល​បានរួមគ្នា​​ធ្វើ​បាប​​លោក ហើយ​អ្នក​ទាំង​២​នោះ ​ត្រូវ​បាន​គេទម្លាយ​ថា ម្នាក់​ជាអគ្គលេខាធិការ និង​ម្នាក់​ទៀត ជានាយក​បច្ចេកទេស​របស់ក្លិប​មួយនេះ។



យ៉ាង​ណា​ក៏​ដោយ រឿង​ដ៏រសើប​នេះ បាន​វិល​មក​រកភាព​ស្ងប់​ស្ងាត់វិញ ហើយ​ណាហ្គាវើលដ៍ ក៏បាន​ប្រកាស​ពីការ​ចែក​ផ្លូវគ្នា​នេះ ជា​ផ្លូវ​ការ កាលពី​អង្គារ ដោយបាន​លើក​ឡើង​​ថា៖​ «លោក មាស ចាន់ណា នឹងត្រូវចាកចេញពីក្លិប នៅចុងខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ ផុតកំណត់។ ក្លិប​បាល់ទាត់ណាហ្គាវើលដ៍ សូម​ថ្លែង​អំណរ​គុណ​ចំពោះ​គាត់ ដែល​បាន​បំពេញ​ការងារ​ សម្រាប់​ក្លិប​របស់​យើង កន្លងមក ទាំងជាកីឡាករ និងជាគ្រូបង្វឹកផង។ ​យើង​សូម​ជូនពរ​ឱ្យគាត់​ បន្ត​ទទួល​បាន​ជោគជ័យ ក្នុងអាជីព​ជា​គ្រូ​បង្វឹក​នា​ពេលអនាគត»។

ជាមួយ​គ្នា​នេះ លោក មាស ចាន់ណា ក៏​បាន​បង្ហោះ​សារមួយ ដើម្បី​លា​គ្រប់គ្នា នៅ​ក្នុង​ក្លិបណាហ្គាវើលដ៍ ផងដែរ ជា​ពិសេស​កីឡាករ ដោយ​លោក​បាន​ផ្តាំ​ឱ្យ​ពួក​គេ ត្រូវ​រក្សា​ឱ្យ​បាន​នៅ «ភាព​ស្មោះ​ត្រង់» ជាមួយ​គ្នា និង​ត្រូវ​ព្យាយាម​បន្ត​ទៀត ដើម្បីឈាន​ទៅ​សម្រេច​ក្តីសុបិន​របស់​ខ្លួន។

លោក ចាន់ណា បាន​សរសរ​ថា៖​ «បង​សូម​អរគុណ​ដល់​ប្អូនៗ ដែល​ជា​កីឡាករ ណាហ្គាវើលដ៍​ទាំង​អស់ ​ដែល​យើង​បាន​រួម​រស់​ជាមួយ​គ្នា ហត់​នឿយ​ជាមួយ​គ្នា សប្បាយ​ជាមួយ​គ្នា តែ​ពេល​នេះ ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​បែក​គ្នា។ បាល់​ទាត់​តែ​ប៉ុណ្ណឹង សូម​ប្អូនៗ​ បន្ត​ការ​ហ្វឹក​ហាត់​ឱ្យ​បាន​ល្អ ​ដើម្បី​អាជីព​ និង​ក្តីសុបិន​របស់​យើង ហើយ​បង​សង្ឃឹមថា ថ្ងៃ​ណា​មួយ​យើង​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ម្តង​ទៀត។ សូម​ផ្តាំ​ប្អូនៗ​ថា ភាព​ស្មោះ​ត្រង់ ​គឺ​​សំខាន់​ណាស់​ សម្រាប់​សាង​កេរ្តិ៍​ឈ្មោះ​របស់​យើង ដូច្នេះ​ប្អូនៗ​ត្រូវ​ចេះ​ស្រឡាញ់​គ្នា គោរព​គ្នា ឱ្យ​តម្លៃ​គ្នា និង​កែលម្អ​គ្នា»។

គួរ​រំឭក​ថា លោក មាស ចាន់ណា ធ្លាប់លេង​ឱ្យ​ក្លិបណាហ្គាវើលដ៍ (ពីមុនឈ្មោះ ណាហ្គាខប) អស់​រយៈ​ពេល​១៣​ឆ្នាំ ក្នុង​នាមជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់ មុនពេល​លោក​បាន​វិវឌ្ឍ​ខ្លួន​មក​ធ្វើ​ជា​គ្រូជំនួយ និង​គ្រូ​បង្គោល ដឹកនាំ​ក្លិប​ដដែលនេះ ក្នុង​រយៈពេល​​៧​ឆ្នាំចុង​ក្រោយ​នេះ ហើយ​ក្នុង​រយៈពេល​២០​ឆ្នាំ​នេះ លោក ចាន់ណា ធ្លាប់​ជួយ​ក្លិប​នេះ ឱ្យ​លើក​ពាន​លីគកំពូល​កម្ពុជា ចំនួន​៣ដង កាលពី​ឆ្នាំ​២០០៧ ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៨ រួមទាំង​ដឹកនាំ​ក្រុមនេះ ឱ្យ​ឈ្នះ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ​​កាលពី​ឆ្នាំ​២០១៣ និងឈ្នះ​​ជើងឯក​រង ចំនួន​​៦​លើក៕