ក្រុងមុយនិច៖ ខ្សែការពារ​ Dayot Upamecano របស់​ក្រុម Bayern Munich បាន​និយាយ​ថា មិត្ត​រួម​ក្រុម​របស់​ខ្លួន Robert Lewandowski និង​ខ្សែប្រយុទ្ធ Karim Benzema របស់​ក្រុម​អធិរាជស ​Real Madrid របស់​ប្រទេស​អេស្ប៉ាញ ស័ក្ដិ​សមនឹង​ឈ្នះ​ពាន​រង្វាន់ Ballon d''Or នា​ឆ្នាំ​នេះ ជាង​គេ​។​


កីឡាករ Lewandowski និង Benzema ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខភាព​ ដែល​ត្រូវ​ប្រជែង​ពាន​រង្វាន់​លក្ខណៈ​ឯក​ត្តជន​ដ៏មាន​តម្លៃ​បំផុត​ ក្នុង​​វិស័យ​បាល់​ទាត់ ដោយបញ្ជី​ឈ្មោះ​កីឡាករ​ទាំង ៣០ ​នាក់ នឹង​ត្រូវ​ជ្រើស​រើស​តែ ៣នាក់​ប៉ុណ្ណោះ​។​


កីឡាករ Upamecano លេង​ជាមួយ​ខ្សែប្រយុទ្ធ​សញ្ជាតិប៉ូឡូញ Lewandowski នៅ​ឯក្រុម​ជើង​ឯក​ក្របខ័ណ្ឌ Bundesliga ខណៈ​ដែល​រូប​គេ​ក៏​បង្ហាញខ្លួន​ជាមួយ​កីឡាករ Benzema ឱ្យ​ក្រុម​បារាំង​ ដែល​ជាជើង​ឯក World Cup និង​ Nations League ផងដែរ​។


នៅ​ពេល​ត្រូវបាន​សួរ​ពី Lewandowski និង​ Benzema នៅ​មុន​ការ​ប្រកួត​របស់​ក្រុម​​Bayern ទល់​នឹង​ក្រុម Benfica នៅ​ក្របខ័ណ្ឌ Champions League នាយប់​ថ្ងៃ​ពុធ​ កីឡាករ​Upamecano បាន​តប​ថា​៖ «​សំណួរ​ល្អ​ណាស់​!​»​។


«​មិន​ថា Lewandowski ឬ Benzema​ ទេ ទាំង​ ២ នាក់ សម​នឹង​ឈ្នះ​ពាន​នោះ (Ballon d''Or)​។ ពួក​គេ ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត ក្នុង​លោក​។ ពួក​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ​។ ប្រសិន​បើ Lewandowski ឈ្នះ ខ្ញុំ​នឹង​រីក​រាយ​ជាមួយ​គេ ព្រោះ​គេ​ជាមិត្ត​ដ៏​ល្អ​របស់​ខ្ញុំ នៅ​ក្រុម Bayern​ ហើយ​ប្រសិន​បើ Benzema ឈ្នះ ខ្ញុំ​ក៏​នឹង​រីក​រាយ​ដូច​គ្នា​ដែរ​»​។ នេះ​ជាការ​លើក​ឡើង​របស់​កីឡាករ Upamecano​។


Benzema របស់ Real បញ្ចេញ​​កាយ​វិការ​ត្រេកអរ ក្រោយ Serhiy Kryvtsov របស់ Shakhtar ធ្វើចូល​ទីខ្លួន​ឯង​។​​ AFP

ក្នុង​​ការ​ប្រកួតនៅ Champions League ដែល​ក្រុម​ Real ទៅបំបាក់​ក្រុម​ម្ចាស់​ផ្ទះ Shakhtar Donetsk ៥-០ កាល​ពី​ថ្ងៃ​អង្គារ កីឡាករ Benzema មាន​ចំណែករួម ១គ្រាប់​ដែរ​ ដែល​បញ្ជាក់​ថា គេ​នៅ​តែ​កីឡាករមាន​ស្មារតីខ្ពស់​ ក្នុង​ការ​ជួយ​ក្រុម ទោះ​រូប​គេ​ ត្រូវ​ប្រឈម​នឹង​ការ​ជំនុំ​ជម្រះ​ក្ដី​ ពាក់​ព័ន្ធនឹង​រឿង​អាស្រូវ​វីដេអូសិច​របស់អតីត​មិត្ត​ជាតិ ​Mathieu Valbuena ក៏​ដោយ​។

ជាមួយ​គ្នា​នេះ កីឡាករ Lewandowski ស៊ុត​បញ្ចូល​ទី​បាន ៤ គ្រាប់​ ក្នុង​ចំណោម​ការ​ចូល​លេង ៦ ដង នៅChampions League ទល់​នឹង​ក្រុម​នៅព័រទុយហ្គាល់ ដោយ​ក្នុង​នោះ​ ៣ គ្រាប់​ គឺ​ស៊ុត​ក្រុម Benfica ដែល​មិន​មាន​កីឡាករ​ណា អាច​បំប៉ោង​សំណាញ់​ទី​បាន​បែប​ហ្នឹង​ឡើយ ទល់​នឹង​ក្រុម​មក​ពី​ប្រទេស​ព័រទុយ​ហ្គាល់​ ក្នុង​ការ​ប្រកួត​ប្រកជែង​នេះ​។

ក្រុម​ Bayern កំពុង​មាន​កំណត់​ត្រា ​មិន​ចាញ់​សោះដល់​ទៅ ១៩​ ហ្គេម នៅ​ក្រៅ​ផ្ទះ (ឈ្នះ ១៥ និងស្មើ ៤) នៅ​អឺរ៉ុប​នេះ ដោយ​ទម្លុះសំណាញ់​ទី​ក្រុម​គូបដិបក្ខបាន​ ៥៤ គ្រាប់ ហើយ គិត​តាំ​ង​ពី​ចាញ់​ក្រុម Paris Saint-Germain ៣-០ កាល​ពី​ខែកញ្ញា ឆ្នាំ​ ២០១៧​ មក​។ គ្រាប់​បាល់​ពី​ការ​ប្រកួត​មិន​ចាញ់​ជាប់​ៗគ្នា​នោះកីឡាករ Lewandowski មាន​ចំណែក​រួម​​ចំនួន​ ១៩ គ្រាប់​ បើ​គិត​ជាភាគ​រយ គឺ​ ៣៥ ភាគ​រយ៕VN