ភ្នំពេញ៖ ក្រុម​ជម្រើសជាតិ​កម្ពុជាអាយុ​ក្រោម​ ២៣ ​ឆ្នាំ នឹង​ត្រូវ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ​ប្រចាំ​ពូល ​K នៃ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នៅ​កីឡដ្ឋាន J-Village, Fukushima នា​ព្រឹក​ម៉ោង ១១ ថ្ងៃ​អង្គារ​នេះ ហើយ​វាជាជំនួប​ដ៏​សំខាន់ និងលំបាក ដោយ​សារ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ U23 ជប៉ុន ដែល​មាន​កម្រិត​ខ្ពស់ជាង​ខ្លួន។


បើទោះបីជា​ក្រុម​ U23 កម្ពុជា បាន​យក​ឈ្នះ​ក្រុមហុងកុង ៤-២ សម្រាប់ការ​ប្រកួត​បើក​ឆាក​​ប្រចាំពូល​នេះ ប៉ុន្តែ​ការ​ស្វែង​រក​​ពិន្ទុ​បន្ថែម សម្រាប់​ការ​ជួប​ក្រុម​ម្ចាស់​ផ្ទះជប៉ុន លើក​នេះ ដើម្បី​អាច​មានឱកាស បាន​ឡើង​ទៅ​វគ្គ​បន្ត ​​របស់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​មានការ​លំបាក​ខ្លាំង ហើយជា​មួយ​គ្នា​នេះ ​គ្រូ​បង្វឹក​របស់ជប៉ុន បាន​អះអាង​ថា នឹង​លេង​តាម​លក្ខណៈពិសេស ដើម្បី​វាយ​ប្រហារ​ក្រុម​កម្ពុជា។


​លោក Togashi Koichi គ្រូ​បង្វឹក​ក្រុម ​U23 ជប៉ុន បាន​និយាយ​ថា៖ ​«កម្ពុជាមាន​កីឡាករ ដែល​មាន​បច្ចេកទេស​ល្អ​ច្រើន ហើយ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ គឺ​កម្ពុជា ជា​ក្រុម​ល្អ​មួយ។ តែ​ទោះបីជា​យ៉ាង ក្រុម​យើង នឹង​លេង​តាមលក្ខណៈ​ពិសេស​របស់​យើង ដែល​យើង​អាច​ប្រយុទ្ធ​ជា​ក្រុមតែ​មួយ ក្នុងការ​លេង​វាយ​ប្រហារ និង​លេង​ការពារ។ យើង​នឹង​លេងជាមួយ​ភាព​រីក​រាយ សម្រាប់ការ​ប្រកួត​កម្រិត​អន្តរជាតិនេះ ទោះបីជា​ការ​ប្រកួតនេះ ត្រូវ​លេង​នៅ​ក្នុងស្ថាន​ភាព​លំបាកនៃ​វិបត្តិ​កូវីដ​ ១៩ ក៏ដោយ»។



ទាំង​គ្រូបង្គោល និង​គ្រូជំនាញ​ក្រុម​ជម្រើសជាតិ​កម្ពុជា សុទ្ធតែ​បាន​ទទួល​ស្គាល់​ថា ក្រុម​ U23 ជប៉ុន មាន​កម្រិត​លេង ខ្ពស់ជាង​កម្ពុជា ប៉ុន្តែ​សម្រាប់ការ​ប្រកួត​នេះ កម្ពុជា មិនបាន​បង្ហាញ​ការ​ខ្លាច​រអា ក្នុងការ​តទល់​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ​នោះ​ទេ ដោយ​គ្រូ​បង្វឹកទាំង ​២ ​នេះ បាន​អះអាង​ថា កម្ពុជានឹង​លេង​ទៅ​តាម​របៀប​របស់​ខ្លួន ហើយ​ក៏​ចង់​ជម្នះ​ខ្លួន ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​របស់ម្ចាស់​ផ្ទះ​ផងដែរ។


តាម​រយៈ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បុរសជនជាតិជប៉ុន លោក Ryu Hirose ដែល​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិកម្ពុជាបាននិយាយ​ថា៖ ​«​ទោះបីជា​ ក្រុម​ជប៉ុន មានកម្រិត​លើ​យើង យើងនៅតែ​ឈរលើ​គោលការណ៍លេងបាល់​តាម​របៀប​របស់​យើង​។ លើស​ពីនេះ យើង​ចង់​ជម្នះ​ខ្លួន​ឯង ដូច​អ្វី​ដែល​ដែល​យើ​ង​បាន​លើក​ឡើង​ខាង​លើ ទោះ​បីជា​គូ​ប្រកួត​របស់​យើង មាន​ជំនាញ និ​ង​សមត្ថភាពខ្លាំង​យ៉ាងណា​ក៏​ដោយ»។

ចំណែក​លោក ភា សុភ័ក្ត្រា ជា​គ្រូជំនួយ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ បន្ថែម​​ថា៖​ «ចំពោះ​ផែនការ​នៃ​ការ​លេង គឺ​យើង​​អាច​​ទម្លាក់ មកការ​ពារ​ខ្លាំង​ជាងមុន​បន្តិច ប៉ុន្តែ​ការអភិវឌ្ឍ​គោល​គំនិត​នៃការ​លេង និងស្មារតី​កីឡាករ យើង​អត់​ត្រូវ​ប្រើ​របៀប​លេង ទាត់បាល់​ចោល​នោះ​ទេ គឺ​យើង​នៅ​តែ​បន្តការ​ហ៊ាន​លេង ដោយការ​លេង​ពី​ខាង​ក្រោម ទៅ​លើ តាម​​របៀប​លេង​​របស់​យើង»។

លោក ភា សុភ័ក្រ្តា ដែល​ជា​អ្នក​ឈរ​ស្រែក​បញ្ជា​កូន​ក្រុម នៅលើ​ទី​លាន ពេលក្រុម​​កម្ពុជា ឈ្នះ​ក្រុម​ U23 ហុងកុង ៤-២ នោះ បាន​ប្រាប់បន្ថែម​ថា៖ ​«​ជា​ពិសេស​យើង​ត្រូវ​រក្សា​ចង្វាក់​នៃ​ការ​ប្រយុទ្ធ ដោយសារ​កីឡាករ​របស់​យើង​ជួរ​ខាង​លើ (តំបន់ប្រយុទ្ធ) ហ្នឹង លេង​បាន​ស៊ីចង្វាក់គ្នា ទាំង​ចលនា​បាល់ និង​ចលនា​​មនុស្ស អ៊ីចឹង​ខ្ញុំ​គិត​ថា សម្រាប់ជំនួប​នេះ យើងអាច​​ត្រៀម​ខ្លួន​បាន​ល្អ ក្នុងការ​លេងឱ្យ​អស់​សមត្ថ​ភាព ដើម្បី​មើល​ឃើញ​ទៅ​លើ​ការ​អភិវឌ្ឍគុណ​ផល នៃ​ការ​លេង​របស់​ក្រុម​យើង»៕